វេទិកាអ្នកស្ម័គ្រចិត្តកម្ពុជា ប្រចាំខេត្តកំពង់ចាម និងដំណើរទស្សនកិច្ចសិក្សា ទៅកាន់ចេតិយរំឭកសម្រាប់សហគមន៍

នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំវេទិកាអ្នកស្ម័គ្រចិត្តកម្ពុជា ប្រចាំខេត្តកំពង់ចាម និងដំណើរទស្សនកិច្ចសិក្សាទៅកាន់ចេតិយរំឭក សម្រាប់សហគមន៍ ដោយមានការចូលរួមពីអ្នកស្ម័គ្រចិត្តកម្ពុជា ប្រចាំខេត្តកំពង់ចាម ចំនួន១០០នាក់ មកពីស្រុកកំពង់សៀម និងស្រុកកោះសូទិន។ វេទិកាអ្នកស្ម័គ្រចិត្តកម្ពុជាប្រចាំខេត្តកំពង់ចាមនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹង ដល់អ្នកស្ម័គ្រចិត្តដែលជាក្មេងជំនាន់ក្រោយអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដំណើរការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬតុលាការខ្មែរក្រហម និងការងារចុះជួបជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

ជាកិច្ចចាប់ផ្ដើមនៃវេទិកានេះ ទូច វណ្ណេត គឺជាបុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានដឹកនាំអ្នកស្ម័គ្រចិត្តកម្ពុជាប្រចាំខេត្តកំពង់ចាម ទៅទស្សនាពិព័រណ៍អចិន្ត្រៃយ៍ដែលបង្ហាញអំពីប្រវត្តិមេដឹកនាំខ្មែរក្រហម, ការជម្លៀសប្រជាជន, ការធ្វើការងារនៅការដ្ឋានទំនប់ និងរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តកំពង់ចាម។ បន្ទាប់មក អ្នកស្ម័គ្រចិត្តទាំងអស់ បានបន្តទៅទស្សនាពិព័រណ៍ព្រះឆាយាល័ក្ខណ៍ចំនួន១៨ផ្ទាំង ដែលជាផ្នែកមួយនៃពិព័រណ៍ «ក្តីសុបិនកម្ពុជា» រៀបចំដោយ «បណ្ណាល័យសម្តេចម៉ែ» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងបណ្ណាល័យខ្មែរក្រហមដែលមានតម្កល់សៀវភៅទាក់ទងប្រវត្តិសាស្រ្តខ្មែរក្រហមជាច្រើន។

កម្មវិធីបន្ទាប់គឺបទបង្ហាញអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដោយលោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។ លោក ស៊ាង ចិន្តា ចាប់ផ្ដើមធ្វើបទបង្ហាញរបស់ខ្លួនអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលបានផ្ដោតទៅលើការកំណត់ក្រុមប្រជាជនក្នុងរបបខ្មែរក្រហម, ការជម្លៀសប្រជាជនដោយបង្ខំចេញពីទីប្រជុំជន, ការបង្ខំប្រជាជនឲ្យធ្វើការងារហួសកម្លាំងនៅតាមការដ្ឋានទំនប់ និងការសម្លាប់រង្គាលទៅលើប្រជាជន។ បន្ទាប់មក លោក ស៊ាង ចិន្ដា បន្តដឹកនាំការពិភាក្សាដោយផ្ដោតសំខាន់ទៅលើការបង្ខំប្រជាជនឲ្យធ្វើការហួសកម្លាំងក្នុងរបបខ្មែរក្រហម និងសារសំខាន់នៃការដឹងអំពីស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ឆ្លៀតក្នុងឱកាសនេះដែរ លោក សាំង ចាន់ធូ បុគ្គលិកទទួលបន្ទុកអ្នកស្ម័គ្រចិត្តកម្ពុជា ប្រចាំខេត្តកំពង់ចាម បាននិយាយចែករំលែកដល់អ្នកស្ម័គ្រចិត្តចូលរួមទាំងអស់អំពី សារសំខាន់នៃការចុះជួប និងសួរសុខទុក្ខអ៊ំប្រុសអ៊ំស្រី លោកតាលោកយាយ ដែលរស់រានមានជីវិតពីរបបខ្មែរក្រហម។ បន្ថែមលើនេះទៀត អ្នកស្ម័គ្រចិត្តអាចមានឱកាសស្ដាប់បទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងមូលដ្ឋានរបស់ខ្លួន រួមទាំងអ្វីដែលគាត់ចាំមិនភ្លេច និងអ្វីដែលគាត់ចង់អោយក្មេងជំនាន់ក្រោយចងចាំអំពីរបបខ្មែរក្រហម។ ជាកិច្ចបញ្ចប់ អ្នកស្ម័គ្រចិត្តទស្សនាវីដេអូខ្លីអំពីអ្នកស្ម័គ្រចិត្តកម្ពុជា ប្រចាំខេត្តកំពង់ចាម ជំនាន់១ និងជំនាន់៦ ដែលបាននិយាយចែករំលែកបទពិសោធន៍របស់ខ្លួន។

ជាកិច្ចបន្ត លោក ព្រំ ផល្លា បុគ្គលិកសម្របសម្រួលគម្រោងសុខភាពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ចូលរួមផ្ដល់បទបង្ហាញរបស់ខ្លួនទៅកាន់អ្នកស្ម័គ្រចិត្តអំពីដំណើរការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬតុលាការខ្មែរក្រហម ដែលបានកាត់ទោសទៅលើមេដឹកនាំខ្មែរក្រហម ឬអ្នកទទួលខុសត្រូវខ្ពស់បំផុតក្នុងរបបខ្មែរក្រហម។ លោក ព្រំ ផល្លា បានលើកឡើងអំពីការចាប់ផ្ដើម និងដំណើរការតុលាការខ្មែរក្រហមក្នុងការស្វែងយុតិ្តធម៌ជូនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតពីរបបខ្មែរក្រហម និងសំណងសមូហភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

កម្មវិធីពេលរសៀលនៃវេទិកានេះ គឺការចុះផ្ទាល់ទៅកាន់ចេតិយរំឭកសម្រាប់សហគមន៍ និងជួបផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅពេលទៅដល់ទីតាំងចេតិយរំឭកសម្រាប់សហគមន៍ លោក តុង សុភា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទទួលស្វាគមន៍អ្នកស្ម័គ្រចិត្តទាំងអស់ និងនិយាយចែករំលែកអំពីបទពិសោធន៍ជីវិតរបស់ខ្លួន និងការបាត់បង់ជីវិតឪពុករបស់ខ្លួនដែលកងឈ្លបខ្មែរក្រហមបានចាប់យកទៅសម្លាប់ចោល។ ខណៈពេលកំពុងនិយាយអំពីបទពិសោធន៍របស់ខ្លួន លោក តុង សុភា បាននាំអ្នកស្ម័គ្រចិត្តទាំងអស់ទៅកាន់ចេតិយរំឭកសម្រាប់សហគមន៍ស្ថិតនៅកណ្ដាលវាលស្រែ។ លោក តុង សុភា បានបញ្ជាក់ថា ចេតិយរំឭកនេះគឺសម្រាប់សហគមន៍គគរ ដែលប្រជាជនអាចធ្វើការរំឭកដល់ជនរងគ្រោះស្លាប់ក្នុងរបបខ្មែរក្រហម និងផ្ដល់ជាទីតាំងសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមអាចនិយាយចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងរបបខ្មែរក្រហមទៅកាន់ក្មេងៗជំនាន់ក្រោយ។

សុទី អាស៊ីរ៉ស់ អ្នកស្ម័គ្រចិត្តកម្ពុជា ប្រចាំខេត្តកំពង់ចាម មកពីស្រុកកោះសូទិន បង្ហាញទស្សនយល់ឃើញថា ខ្ញុំយល់ថា ការចូលរួមការងារស្ម័គ្រចិត្តគឺពិតជាមានសារសំខាន់សម្រាប់រូបខ្ញុំ និងយុវជនផ្សេងទៀត ពីព្រោះការងារស្ម័គ្រចិត្តនឹងផ្ដល់ទាំងបទពិសោធន៍ ក្នុងការប្រាស្រ័យទាក់ទងក្នុងសហគមន៍ និងចំណេះដឹងប្រវត្តិសាស្រ្តចេញពីការស្ដាប់បទពិសោធន៍ជីវិតរបស់អ៊ំៗ លោកតាលោកយាយដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម»។

សៀង អ៊ី អ្នកស្ម័គ្រចិត្តកម្ពុជា ប្រចាំខេត្តកំពង់ចាម មកពីស្រុកកំពង់សៀម និយាយថា «វេទិកាអ្នកស្ម័គ្រចិត្តកម្ពុជានេះបានផ្ដល់ការយល់ដឹងបន្ថែមអំពីប្រវត្តិសាស្រ្ត ការកាត់ទោសមេដឹកនាំខ្មែរក្រហម និងអ្នកទទួលខុសត្រូវខ្ពស់បំផុតក្នុងតុលាការខ្មែរក្រហម ដែលខ្ញុំមិនបានដឹងពីមុនមក និងការស្ដាប់អំពីរឿងរ៉ាវរបស់អ៊ំប្រុស សុភា ដែលបានរួចផុតពីសេចក្ដីស្លាប់ ប៉ុន្តែគាត់បានបាត់បង់ឪពុក។ អ្វីដែលខ្ញុំទទួលបានថ្ងៃនេះ គឺបានធ្វើឲ្យខ្ញុំមានទំនុកចិត្តជាងមុនក្នុងការចុះជួបជាមួយអ៊ំៗយាយតាក្នុងសហគមន៍របស់ខ្ញុំដើម្បីសួរសុខទុក្ខ និងសួរនាំអ្វីដែលគាត់ចាំមិនភ្លេច និងបទពីសោធន៍ក្នុងរបបខ្មែរក្រហម»។

អត្ថបទ ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖