នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានរៀបចំវេទិកាអប់រំសហគមន៍ ស្តីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩) នៅសហគមន៍ជនជាតិដើមភាគតិចព័រ ក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ដោយមានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនជាតិដើមភាគតិចព័រ និងកូនចៅជំនាន់ក្រោយចំនួន៤១នាក់ ក្នុងចំណោមនោះមានស្រី២៤នាក់ មកចូលរួម។
ចាប់ផ្តើមកម្មវិធី លោក ខៀវ ហ៊ឹម អាយុ៦៧ឆ្នាំ អនុភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់មានប្រសាសន៍ថា ភូមិស្ទឹងថ្មី ឬចំណុចទួលកកោះ នេះប្រជាជនភាគច្រើនគឺជាជនជាតិដើមភាគតិចព័រ ដែលមានស្រុកកំណើតនៅភូមិទួលគ្រួស ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ (បច្ចុប្បន្នចំណុចទួលគ្រួស និងទួលកកោះ ស្ថិតក្នុងភូមិស្ទឹងថ្មីឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់)។ នៅក្នុងរបបកម្ពុជាធិបតេយ្យ (១៩៧៥-១៩៧៩) ជនជាតិដើមភាគតិចព័រនៅភូមិទួលគ្រួសត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅក្នុងឃុំព្រែក និងឃុំលាច ស្រុកភ្នំក្រវ៉ាញ តំបន់២ ភូមិភាគពាយ័ព្យ។
បន្ទាប់ពីខ្មែរក្រហមបានដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ភូមិទួលគ្រួសបានធ្លាក់ក្នុងតំបន់សង្រ្គាមរវាងកងទ័ពខ្មែក្រហម និងកងទ័ពវៀតណាមសហការជាមួយកងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលបានប្រយុទ្ធគ្នានៅតាមបណ្តោយផ្លូវជាតិលេខ៥៦ រួមទាំងចំណុចភូមិទួលគ្រោះ។
នៅអំឡុងឆ្នាំ២០០០ ទើបជនជាតិដើមភាគតិចព័រចំនួន១៥៧គ្រួសារបានផ្លាស់មករស់នៅក្នុងភូមិស្ទឹងថ្មី ចំណុចទួលកកោះវិញ។ ប៉ុន្តែក្រោយមកមានប្រជាជនដែលជាជនជាតិដើមភាគតិចព័រមួយចំនួនបានវិលត្រឡប់ទៅរស់ឃុំព្រែក និងឃុំលាច នៃស្រុកភ្នំក្រវ៉ាញវិញ ដោយសារប្រឈមនឹងការលំបាកផ្នែកជីវភាព។ សព្វថ្ងៃនេះ មានប្រជាជនដែលជាជនជាតិដើមភាគតិចព័រសរុបចំនួន២៧២នាក់ (ក្នុងនោះមានស្រីចំនួន១៣៦នាក់) ស្មើនឹង៦៤គ្រួសារប៉ុណ្ណោះ កំពុងរស់នៅក្នុងភូមិស្ទឹងថ្មីចំណុចទួលកកោះនេះ។
បន្ទាប់មកលោក ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានជម្រាបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសិស្សានុសិស្សដែលបានចូលរួមក្នុងវេទិកាសហគមន៍ថា មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានបើកដំណើរការជាសាធារណនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ដោយមានគោលបំណងដូចខាងក្រោម៖
១) ធ្វើការស្រាវជ្រាវ និងចងក្រងប្រវត្តិសាស្ត្រសង្រ្គាមនៅប្រទេសកម្ពុជាចាប់ផ្តើមនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៩០ ។
២) ពង្រឹងការកសាងសន្តិភាព និងការការពារជម្លោះតាមរយៈកម្មវិធីអប់រំដែលនឹងផ្តល់ឱកាសសម្រាប់យុវជននៅតំបន់ជនបទ និងតំបន់ដាច់ស្រយាលបានចូលរួមរៀនសូត្រ។
៣) លើកទឹកចិត្តឲ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចែករំលែកពីបទពិសោធន៍របស់គាត់ក្នុងរបបខ្មែរក្រហមដល់យុវជនជំនាន់ក្រោយ។
៤) ប្រមូលរឿងរ៉ាវ និងបទពិសោធន៍ពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងទីតាំងឧក្រិដ្ឋកម្មដែលបានកើតឡើងក្នុងរបបខ្មែរក្រហម។
នៅក្នុងឱកាសនោះ លោក ឡុង ដានី ក៏បានធ្វើបទបង្ហាញជាសង្ខេបអំពីរបបខ្មែរក្រហមដូចជា ៖ ១) ការឡើងកាន់អំណាចរបស់ខ្មែរក្រហមនៅថ្ងៃ១៧ មេសា ១៩៧៥ ២) ការជម្លៀសប្រជាជនចេញពីទីក្រុង និងទីប្រជុំជន ៣) ការបំបាត់ផ្សារ និងរូបិយវត្ថុ ៤) ការផ្សឹកព្រះសង្ឃ និងកម្ទេចវត្តអារ៉ាម ៥)ការបិទសាលារៀន ៦)ការបង្កើតសហករណ៍ ៧) ការបំបែកក្រុមគ្រួសារ និងការផ្តាច់ទំនាក់ទំនងក្នុងគ្រួសារ ៨) ការសម្លាប់បញ្ញវន្ត មន្ត្រីរដ្ឋការ និងប្រជាជនស្លូតត្រង់ ព្រមទាំងផលប៉ះពាល់មកលើប្រជាជននិងសង្គមកម្ពុជា បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩។
បន្ទាប់ពីការធ្វើបទបង្ហាញ លោក ឡុង ដានី ក៏បានការបែងចែកអ្នកចូលរួមក្នុងវេទិកាអប់រំសហគមន៍ជា៥ក្រុម ដោយក្នុងក្រុមនីមួយៗមានសមាសភាពទាំងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងយុវជនជំនាន់ក្រោយ ដើម្បីសន្ទនាអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ជាពិសេសគឺរឿងរ៉ាវអ្នករស់រានមានជីវិតនៅក្នុងរបបខ្មែរក្រហមម្នាក់ៗ។
ចំណាប់អារម្មណ៍អ្នកចូលរួម
យាន ឌឿន អាយុ៧៤ឆ្នាំ គឺជាជនជាតិដើមភាគតិចព័រ កើតនៅភូមិទួលគ្រួស ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ សព្វថ្ងៃរស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានរៀបរាប់ថា ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលបានមកជួបជុំជាមួយបងប្អូនដែលនៅរស់រានមានជីវិតក្រោយពីរបបខ្មែរ ជាពិសេសបងប្អូនជាជនជាតិដើមភាគតិចព័រនៅចំណុចភូមិស្ទឹងថ្មី ឬទួលកកោះនេះ។ ខ្ញុំសប្បាយចិត្តនៅពេលដែលខ្ញុំនិយាយរឿងរ៉ាវជីវិតលំបាកវេទនាក្នុងរបប៣ឆ្នាំ៨ខែ២០ ប្រាប់បងប្អូន និងចៅៗដែលកំពុងសិក្សារៀនសូត្រ។ នៅសម័យនោះខ្ញុំមិនមានបាយហូបគ្រប់គ្រាន់ទេ និងត្រូវបង្ខំឲ្យធ្វើការងារច្រើនម៉ោង។ ខ្ញុំរស់នៅទាំងលំបាកវេទនា។ ជាចុងក្រោយខ្ញុំចង់ឲ្យក្មេងជំនាន់ក្រោយខិតខំសិក្សារៀនសូត្រទប់ស្កាត់កុំឲ្យរបបនេះវិលត្រឡប់មកម្តងទៀត។
ង៉ែន ង៉ារ៉ា រៀនថ្នាក់ទី៩ក នៅអនុវិទ្យាល័យតាំងយ៉ ស្ថិតនៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានលើកឡើងថា ខ្ញុំសប្បាយរីករាយខ្លាំងណាស់ពេលដែលបានចូលរួមវេទិកាសហគមន៍ និងបានស្តាប់ការចែករំលែករឿងរ៉ាវពិតរបស់តាយាយដែលបានឆ្លងកាត់របបខ្មែរក្រហម។ ខ្ញុំធ្លាប់តែរៀនប្រវត្តិសាស្រ្តខ្មែរក្រហមតាមសៀវភៅ និងលោកគ្រូអ្នកគ្រូបង្រៀននៅសាលា។ នៅពេលនេះខ្ញុំបានជួបតាយាយផ្ទាល់ ទើបខ្ញុំដឹងកាន់តែច្បាស់ថាគាត់រស់នៅលំបាកវេទនាខ្លាំងណាស់នៅក្នុងរបបខ្មែរក្រហម។ ខ្មែរក្រហមមិនឲ្យប្រជាជនហូបអាហារបានគ្រប់គ្រាន់ និងវាយដំដូចសត្វធាតុ។ ខ្ញុំមិនចង់ឲ្យរបបនេះត្រឡប់មកវិញទៀតទេ។
អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា