ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ចុះសួរសុខទុក្ខ និងស្ដាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាស្រ្តីមេម៉ាយ នៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់

នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង និងព្រះអង្គម្ចាស់ក្សត្រី នរោត្តម កែវប៉ូនីតា រស្មី បានចុះជួបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាស្រ្តីមេម៉ាយក្រោយរបបខ្មែរក្រហមដួលរលំ រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ស្រ្តីមេម៉ាយទាំងនោះបានធ្វើដំណើរមកកាន់ការិយាល័យមជ្ឈ​មណ្ឌលផ្សះផ្សាវាលវែង ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់  ដើម្បីជួបជាមួយក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង និង ព្រះអង្គម្ចាស់ក្សត្រី នរោត្តម កែវប៉ូនីតា រស្មី។

​​​ជាកិច្ចចាប់ផ្តើមលោក ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានណែនាំខ្លួន និងជម្រាបជូនយាយ តា អ៊ំ មីង ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហមថា «ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងជួបជាមួយយាយ អ៊ំ ពូ មីង ក្នុងគោលបំណង ១)ចង់សួរសុខទុក្ខ ចង់ដឹងពីស្ថានភាពរស់នៅ និងបញ្ហាសុខភាពលោកយាយ លោកតា អ៊ំ ពូ មីង នាពេលបច្ចុប្បន្ន, ទី២)ចង់ស្តាប់រឿងរ៉ាវជីវិតដែលយាយតាអ៊ំ ពូ មីង ធ្លាប់បានជួបប្រទះនៅក្នុងអំឡុងពេលសង្រ្គាមនិងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។

ជាចុងក្រោយ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម កែវប៉ូនីតា រស្មី មានព្រះរាជបន្ទូលទៅកាន់យាយ តា អ៊ំ  ពូ មីង ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហមអំពីប្រធានបទដែលព្រះអង្គកំពុងធ្វើការស្រាវជ្រាវគឺស្រី្តមេ​ម៉ាយ ការប្រកបរបរកសិកម្មដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងបម្រែបម្រួលអាកាសធាតុ បន្ទាប់មកបានចុះទៅផ្ទះរបស់ប្រជាពលរដ្ឋផ្ទាល់។ ស្ដ្រីម៉េម៉ាយដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានចែករំលែករឿងរ៉ាវធ្លាប់ឆ្លងកាត់ពីរបបខ្មែរក្រហមដូចខាងក្រោម ៖

១) នៅ មឿន

ខ្ញុំឈ្មោះ នៅ មឿន ភេទស្រី អាយុ៦៦ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំមានប្តីឈ្មោះ  អ៊ុក ចាន់ បានស្លាប់និងមានកូនចំនួន៤នាក់។ ខ្ញុំគឺជាកសិករ។ ខ្ញុំមានស្រុកកំណើតនៅភូមិចុងអូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ខ្ញុំមានឪពុកឈ្មោះ នៅ យ៉ាន  និងម្តាយឈ្មោះ ឌឹម គង់។ ឪពុកម្តាយខ្ញុំស្លាប់អស់ហើយ។ ខ្ញុំមានបងប្អូនចំនួន៤នាក់។ ខ្ញុំគឺជាកូនពៅនៅក្នុងគ្រួសារ។ កាលពីក្មេងខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ គឺរៀនរយៈពេល៣ឆ្នាំនៅសាលាវត្ត ចុងអូរ ដោយមានព្រះសង្ឃគឺជាអ្នកបង្រៀន។

នៅពេលមានរដ្ឋប្រហារទម្លាក់សម្តេចឪនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ប្រទេសកម្ពុជាកើតមានសង្រ្គាមនិងការទម្លាក់គ្រាប់បែក។ ខ្ញុំបានឈប់រៀននិងរត់ចោលភូមិស្រុកអស់រយៈពេលមួយឆ្នាំទើបខ្ញុំ និងក្រុមគ្រួសារវិលត្រឡប់មកភូមិកំណើតវិញ។ នៅឆ្នាំ១៩៧១ខ្ញុំឃើញទាហានធៀវគីឬវៀតណាមខាងត្បូងចូលមកដល់ភូមិរបស់ខ្ញុំប្រមូលយក ស្រូវ គោ ក្របី របស់អ្នកភូមិ។ អ្នកភូមិ និង គ្រួសារខ្ញុំមានការភ័យខ្លាច និងភៀសខ្លួនមករស់នៅក្នុងស្រុកក្រូចឆ្មារ។ នៅក្នុងឆ្នាំ១៩៧២ ឬ ១៩៧៣ ខ្ញុំចូលកងចល័តនារី។ នៅឆ្នាំ១៩៧៤ ទាហាន លន់ នល់ វាយបណ្តេញអង្គភាពខ្ញុំពីត្បូងឃ្មុំរហូតដល់ខេត្តក្រចេះ។ នៅដើមឆ្នាំ១៩៧៥ ខណៈពេលកងទ័ពខ្មែរក្រហមវាយសម្រុកចូលទីក្រុងភ្នំពេញ ខ្ញុំមានអាយុ១៦ឆ្នាំ ហើយត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យចូលហ្វឹកហ្វាត់កងទ័ពនារី។ បន្ទាប់មក ខ្មែរក្រហមបញ្ជូនចូលទៅខ្សែត្រៀមដើម្បីសែងកងទ័ពខ្មែរក្រហមដែលរងរបួស។ ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំនៅក្នុងអង្គភាពកងទ័ពដដែល។ នៅឆ្នាំ១៩៧៦ ខ្មែរក្រហមចាត់តាំងឲ្យធ្វើជាកម្មករនៅរោងចក្រ ម្តុំទួលគោក រហូតដល់ឆ្នាំ១៩៧៩។ ពេលកងទ័ពវៀតណាមចូលមក ខ្ញុំរត់ចេញពីទីក្រុងភ្នំពេញចូលក្នុងព្រៃជាមួយកម្មករ និងកងទ័ពខ្មែរក្រហមដទៃទៀត។ បន្ទាប់មកដើរសំដៅទៅព្រំដែនភាគខាងលិច។ ចន្លោះឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៤ ខ្ញុំរស់នៅតំបន់សំឡូត។ ខ្ញុំរៀបការជាមួយប្តីរបស់ខ្ញុំនៅក្នុងទឹកដីថៃ។ ឆ្នាំ១៩៩៦ គ្រួសារខ្ញុំផ្លាស់ចេញពីសំឡូតមករស់នៅវាលវែងជាមួយអង្គភាពរបស់ គឹម ពៅ។

២) ធូ ហេន

ខ្ញុំឈ្មោះ ធូ ហេន ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំមានប្តី ឈ្មោះ ង៉ែត ចន គាត់បានស្លាប់និងមានកូនចំនួន៦នាក់។ ខ្ញុំមានមុខរបរធ្វើស្រែចម្ការ។ ខ្ញុំមានស្រុកកំណើតនៅភូមិក្រាំងលាវ ឃុំអង្គរមាស ស្រុកឈូក ខេត្តកំពត។ ខ្ញុំមានឪពុកឈ្មោះ ស៊ុក ស្លាប់ដោយសារខ្មែរក្រហមយកទៅសម្លាប់។ ម្តាយខ្ញុំឈ្មោះ យន់ ស្លាប់។ ខ្ញុំមានបងប្អូនទាំងឪពុកមុននិងក្រោយចំនួន៦នាក់។ ខ្ញុំគឺជាកូនទី២ក្នុងគ្រួសារ។ កាលពីក្មេងខ្ញុំមិនបានរៀនសូត្រឡើយព្រោះស្រុកកើតមានសង្រ្គាមមិនមានសាលារៀនទេ។ នៅក្នុងរបបខ្មែរក្រហមពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ខ្ញុំត្រូវខ្មែរក្រហមចាត់តាំងឲ្យនៅកងកុមារ។ នៅពេលនោះខ្មែរក្រហមឲ្យកុមាររៀនបានតិចតួចនៅពេលព្រឹកបន្ទាប់មកប្រធានកងកុមារចាត់ឲ្យកើបអាចម៍គោ និងរែកអាចម៍គោទៅដាក់ក្នុងស្រែ។ ពេលរសៀលប្រធានកងចាត់តាំងឲ្យដើរកាប់ដើមទន្ទ្រានខែត្រយកមកចិញ្ច្រាំធ្វើជីដាក់ស្រែ។ ការហូបចុកគឺមិនគ្រប់គ្រាន់ទេ ក្នុងមួយថ្ងៃហូបពីរពេលគឺពេលថ្ងៃត្រង់និងពេលល្ងាច។ នៅឆ្នាំ១៩៧៧ ខ្មែរក្រហមចាត់តាំងខ្ញុំឲ្យចូលក្នុងកងចល័តកុមារធ្វើការរែកអាចម៍គោ រែកដីលើកទំនប់ ជម្រះស្មៅ ការហូបចុកនៅតាមវាល និងសម្រាកនៅតាមការដ្ឋានធ្វើការតែម្ដង។ នៅឆ្នាំ១៩៧៨ ខ្ញុំនិងកុមារមួយចំនួនត្រូវខ្មែរក្រហមជ្រើសរើសមកជួយយាយៗមើលកុមារតូចៗ ដូចជាជួយយាយៗយោលអង្រឹង ជួយពរក្មេងៗ ពេលកូនក្មេងយំនិងជួយងូតទឹកឲ្យក្មេងជាដើម។ នៅពេលជួយមើលកូនក្មេងខ្ញុំបានរបបអាហារបីពេលក្នុងមួយថ្ងៃ គឺហូបបបរពេលព្រឹក ហូបបាយពេលថ្ងៃត្រង់ និងពេលល្ងាច។ ឪពុកនិងជីតារបស់ខ្ញុំត្រូវខ្មែរក្រហមចងបិតមុខបណ្តើរយកទៅសម្លាប់នៅខាងក្រោយភូមិ។ បន្ទាប់មក ម្តាយខ្ញុំត្រូវបានអ្នកភូមិនាំទៅមើលទីតាំងសាកសពឪពុកនិងជីតាខ្ញុំ។ ពេលកងទ័ពវៀតណាមចូលមកនៅឆ្នាំ១៩៧៩ ខ្ញុំរស់នៅជាមួយក្រុមគ្រួសារនៅភូមិកំណើត។ ចំណែកម្តាយខ្ញុំគាត់បានយកគ្រួសារថ្មីទៀត។ នៅអំឡុងដើមឆ្នាំ១៩៨០ កងទ័ពវៀតណាមចាប់ឪពុកចុងខ្ញុំយកទៅដាក់គុកនៅខេត្តកំពត បន្ទាប់មក កងទ័ពវៀតណាមបានមករកចាប់ខ្ញុំនិងគ្រួសារខ្ញុំទៀតដោយសារភ័យខ្លាចខ្ញុំបានផ្តាំឲ្យបងប្រុសខ្ញុំដែលជាកងទ័ពខ្មែរក្រហមមកយកខ្ញុំទៅក្នុងព្រៃជាមួយគាត់។ ខ្ញុំ,បងប្រុស និងខ្មែរក្រហមដទៃទៀតបានដើរកាត់ព្រៃរហូតដល់ព្រំដែនកម្ពុជា-ថៃ។ បន្ទាប់មក ខ្មែរក្រហមបានចាត់តាំងខ្ញុំចូលក្នុងកងនារីដឹកជញ្ជូនគ្រាប់។ ខ្ញុំស្ពាយគ្រាប់ពីព្រំដែនថៃមកឲ្យកងទ័ពខ្មែរក្រហមនៅខាងផ្លូវជាតិលេខ៤ក្នុងខេត្តកំពង់ស្ពី ខេត្តកំពត និងខេត្តតាកែវ។ ខ្ញុំរៀបការជាមួយប្តីខ្ញុំក្នុងឆ្នាំ១៩៨៨ ហើយពួកយើងបានរស់នៅតំបន់សំឡូត។ នៅឆ្នាំ១៩៩៦ ទើបផ្លាស់មកជាមួយអង្គភាពតា គឹម ពៅ និងបានរស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតមកដល់សព្វថ្ងៃ។

៣) វ៉ែន សុខនីន

ខ្ញុំឈ្មោះ វ៉ែន សុខនីន ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំមានប្តីពីរនាក់ ប្តីទី១ឈ្មោះ វ៉ាន់ វៀត គាត់បានស្លាប់។ ប្តីទី២ឈ្មោះ ពែល សុខា ក៏បានស្លាប់ដែរ។ ខ្ញុំមានកូនចំនួន៤នាក់។ ខ្ញុំមានស្រុកកំណើតនៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ខ្ញុំមានឪពុកឈ្មោះ ខឹម ចាន់ទី និងម្តាយឈ្មោះ ទៀង មាន គាត់ទាំងពីរនាក់ក៏បានស្លាប់ដែរ។ ខ្ញុំមានបងប្អូនចំនួន៥នាក់។ ខ្ញុំគឺជាកូនទី២នៅក្នុងគ្រួសារ កាលពីនៅក្មេងខ្ញុំចូលរៀនបានតែមួយសប្តាហ៍ក៏ឈប់មកជួយធ្វើការងារម្តាយវិញ ពីព្រោះម្តាយគឺខ្ញុំជាស្ត្រីមេម៉ាយទីទាល់ក្រ។ នៅឆ្នាំ១៩៧១ មានសង្រ្គាមប្រយុទ្ធគ្នារវាងខ្មែរក្រហម និងទាហាន លន់ នល់ គ្រួសារខ្ញុំនិងអ្នកភូមិក្បាលដំរីផ្សេងទៀតភៀសខ្លួនមករស់នៅភូមិក្រឡាញ់ ស្រុកក្រគរដែរ។ នៅឆ្នាំ១៩៧៥ ខ្ញុំមានអាយុប្រហែលជា១០ឆ្នាំ ខ្មែរក្រហមចាត់តាំងឲ្យនៅក្នុងកងកុមារកាប់ដើមទន្ទ្រានខែត្រ បើកុមារណាកាប់មិនបានចំនួន៥គីឡូគ្រាមក្នុងមួយថ្ងៃ ប្រធានកងកុមារមិនឲ្យកុមារនោះហូបអាហារឡើយ។

នៅក្នុងឆ្នាំ១៩៧៥ ខ្ញុំឃើញឪពុកមារបស់ខ្ញុំដែលជាទាហាន លន់ នល់ ត្រូវខ្មែរក្រហមចាប់ចងអូសតាមរថយន្តរហូតដល់ធ្លាយពោះចេញពោះវៀន និងបានស្លាប់នៅពេលនោះ។ នៅថ្ងៃមួយក្មេងប្រុសម្នាក់នៅក្នុងកងកុមារជាមួយខ្ញុំបានយកត្រីមកអាំងនៅក្រោមផ្ទះ ប៉ុន្តែខ្មែរក្រហមបានយល់ច្រឡំថាខ្ញុំគឺជាអ្នកអាំងត្រីនោះ ហើយបានវាយខ្ញុំរហូតទាល់តែខ្ញុំរាកនោមដាក់ខោ។ ខ្ញុំនៅចងចាំថា មានពេលមួយនោះខ្មែរក្រហមបានជ្រើសរើសខ្ញុំរួមជាមួយកុមារាចំនួន១០នាក់ និងកុមារីចំនួន១០នាក់ ទៅហ្វឹកហាត់ដើម្បីទទួលភ្ញៀវចិនដែលមកទស្សនកិច្ចនៅស្រុកក្រគរ។ ក្នុងអំឡុងពេលហ្វឹកហាត់និងទទួលភ្ញៀវចិននោះគឺពួកខ្ញុំបានហូបចុកគ្រប់គ្រាន់។ ចំណែកកុមាដទៃទៀត គឺមិនបានហូបចុកគ្រប់គ្រាន់ទេ និងធ្វើការងារពលកម្មធ្ងន់ៗទៀតផង។ នៅក្នុងរបបខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ខ្ញុំមិនដែលបានជួបមុខម្តាយខ្ញុំសូម្បីតែម្តង។ បន្ទាប់ពីកងទ័ពវៀតណាមចូលមកដល់ប្រទេសកម្ពុជានៅឆ្នាំ១៩៧៩ ទើបខ្ញុំបានជួបជាមួយម្តាយខ្ញុំវិញ។ ខ្ញុំរៀបការជាមួយប្តីទី១ នៅឆ្នាំ១៩៩៤។ ខ្ញុំបានផ្លាស់មករបស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅឆ្នាំ២០១០។

៤) កឹម ស៊ន

ខ្ញុំឈ្មោះ កឹម ស៊ន ភេទស្រី អាយុ៦៥ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំមានប្តីឈ្មោះ ហម សី គាត់បានស្លាប់ហើយគាត់គឺជាអតីតមេភូមិស្ទឹងថ្មី និងមានកូនចំនួន៣នាក់។ ខ្ញុំមានស្រុកកំណើតនៅភូមិតាអេង ស្ថិតនៅជាប់ផ្សារអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត។ ឪពុកឈ្មោះ កឹម ចែម ស្លាប់។ ខ្ញុំធ្លាប់ធ្វើកាប៉ូរ៉ាល(អ្នកគ្រប់គ្រង)ស្រែអំបិលឲ្យថៅកែ ហេង។ ម្តាយខ្ញុំឈ្មោះ ឡាន យ៉េន។ ខ្ញុំមានបងប្អូនចំនួន៨នាក់។ ខ្ញុំគឺជាកូនទី២ នៅក្នុងគ្រួសារកាលពីក្មេងៗខ្ញុំរស់នៅជាមួយក្រុមគ្រួសារធ្វើស្រែអំបិលស្ថិតនៅឆ្ងាយពីសាលារៀនដូច្នេះខ្ញុំមិនបានចូលរៀនឡើយ។ បន្ទាប់ពី រដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្ដម សីហនុ ឆ្នាំ១៩៧០ ប្រទេសធ្លាក់ក្នុងសង្រ្គាមស៊ីវិល ក្រុមគ្រួសារខ្ញុំបានត្រឡប់មករស់នៅស្រុកកំណើតវិញ។ នៅពេលនោះខ្ញុំរៀនអក្សរជាមួយកម្មាភិបាលខ្មែររំដោះ ដោយមានគ្រូគឺជាអ្នកស័្មគ្រចិត្តបង្រៀននៅតាមក្រោមផ្ទះប្រជាជន ហើយឪពុកនិងបងប្រុសខ្ញុំបានជួយបង្រៀនបន្ថែមទៀត ទើបខ្ញុំរៀនចេះអាន និងសរសេរបាន។ នៅឆ្នាំ១៩៧២ មានការវឹកវរខ្លាំង ដោយយួនធៀវគីឬវៀតណាមខាងត្បូងចូលមកដល់ភូមិ។ ក្រុមគ្រួសារខ្ញុំនិងអ្នកភូមិបានរត់ទៅនៅខាងត្រពាំងអណ្តើក ត្រពាំងក្អែក និងខាងភ្នំដំរីរមៀល។ នៅពេលនោះស្ត្រីក្រមុំភាគច្រើនបានយកធ្យូងមកលាបមុខឲ្យខ្មៅកុំឲ្យឃើញស្អាតខ្លាចក្រែងយួនធៀវគីឬវៀតណាមខាងត្បូងឃើញចាប់រំលោភ។ នៅឆ្នាំ១៩៧៤ ខ្មែរក្រហមជ្រើសរើសខ្ញុំឲ្យចូលក្នុងកងនារីលើកទំនប់នៅខ្ពបត្របែក។ ពេលលើកទំនប់នោះមានការលំបាក ហូបមិនឆ្អែត ហូបតែបបរលាយព្រលិត។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមជ្រើសរើសខ្ញុំទៅធ្វើស្រែអំបិលនៅកែប។ នៅឆ្នាំ១៩៧៦ ខ្មែរក្រហមផ្លាស់អង្គភាពខ្ញុំមកធ្វើស្រែនៅកំពង់ពិល ក្នុងខេត្តតាកែវ។ ពេលមួយនោះខ្មែរក្រហមចាប់បានខ្មែរសម្នាក់សម្លាប់វះពោះយកថ្លើមមកធ្វើម្ហូប ដោយឃើញដូច្នេះខ្ញុំខ្លាចហូបបាយមិនកើតរហូតឈឺត្រូវបញ្ជូនមកដេកពេទ្យនៅក្បាលពោធិ៍រយៈពេល៤ទៅ៥ថ្ងៃទើបចេញមកអង្គភាពនៅកំពង់អំពិលវិញ។ នៅដើមឆ្នាំ១៩៧៧ ខ្មែរក្រហមជ្រើសរើសខ្ញុំនិងខ្មែរក្រហមដទៃទៀតឲ្យមកគ្រប់គ្រងប្រជាជននៅខេត្តបាត់ដំបង។ ពេលមកដល់បាត់ដំបងខ្ញុំត្រូវខ្មែរក្រហមឲ្យនៅអន្លង់វិលតំបន់៤ ដោយសារខ្ញុំមាឌតូចល្អិត ខ្ញុំមិនត្រូវបានជ្រើសរើសឲ្យដឹកនាំប្រជាជនឡើយគឺធ្វើការងារពលកម្មដូចប្រជាជនដទៃទៀត។ នៅក្នុងឆ្នាំ១៩៧៨ ខ្ញុំមានជំងឺក្អក ក៏សូមអ្នកគ្រប់គ្រងមកដេកពេទ្យតំបន់៤។ បន្ទាប់មកពេទ្យតំបន់បានបញ្ជូនខ្ញុំមកដេកពេទ្យព១ គឺជាពេទ្យភូមិភាគពាយព្យបន្តទៀត។ ពេលសម្រាកនៅពេទ្យព១ ខ្ញុំជួបជាមួយ បងណេងគឺជាអ្នកគ្រប់គ្រងពេទ្យព១ និងជាអតីតប្រធានអង្គភាពរបស់ខ្ញុំកាលពីនៅស្រែអំបិល។ បងណេង ប្រាប់ខ្ញុំថា«នៅជាមួយគាត់ក្នុងពេទ្យព១នេះហើយ មិនចាំបាច់ទៅអន្លង់វិលវិញទេ»។ ខ្ញុំបាននៅជាមួយ បងណេង នៅពេទ្យព១ រហូតដល់កងទ័ពវៀតណាមចូលមកដល់បាត់ដំបងក្នុងឆ្នាំ១៩៧៩។ ពេលនៅក្នុងព្រៃខ្ញុំបន្តជួយព្យាបាលកងទ័ពខ្មែរក្រហមដែលត្រូវរបួសរហូតដល់ឆ្នាំ១៩៨០។ បន្ទាប់មក ខ្ញុំស្នាក់នៅជាមួយអង្គភាពនៅព្រំដែនកម្ពុជា-ថៃម្តុំ បង្គោលឡាក់(ហ្លាក់) លេខ៦៩ ក្នុងតំបន់សំឡូត។ នៅឆ្នាំ១៩៨៨ ពេលខ្ញុំមានអាយុ២៨ឆ្នាំ ខ្ញុំរៀបការជាមួយប្តីរបស់ខ្ញុំនៅម្តុំឡាក់(ហ្លាក់) លេខ៧០ និងបានបន្តរស់នៅក្នុងតំបន់សំឡូតរហូតដល់ឆ្នាំ១៩៩៦។ ដោយសារប្តីរបស់ខ្ញុំជាកងទ័ពស្ថិតនៅក្នុងអង្គភាពតា គឹម ពៅ ត្រូវមកបោះទីតាំងនៅស្រុកវាលវែង ដូច្នេះក្រុមគ្រួសារខ្ញុំបានផ្លាស់មកជាមួយប្តីនិងរស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតមកដល់សព្វថ្ងៃ។

៥) អ៊ុន ផាន

ខ្ញុំឈ្មោះ អ៊ុន ផាន ភេទស្រី អាយុ៦៦ឆ្នាំ គឺជាជនជាតិដើមភាគតិចស្ទៀងកាត់ឡាវ រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំមានប្តីឈ្មោះ សឿន រ៉ៃ អាយុ៧៤ឆ្នាំ និងមានកូនចំនួន៥នាក់។ ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ។ ខ្ញុំមានស្រុកកំណើតនៅភូមិកាត់ដៃ ឃុំកាត់ដៃ(បច្ចុប្បន្នឃុំស្នួល) ស្រុកស្នួល ខេត្តក្រចេះ។ ខ្ញុំមានឪពុកឈ្មោះ មូន ស៊ីន  និងម្តាយឈ្មោះ ទួន ពួកគាត់បានស្លាប់។ ឪពុកខ្ញុំធ្លាប់ធ្វើតំណាងរាស្រ្តប្រចាំនៅខេត្តក្រចេះ។ កាលពីក្មេងខ្ញុំរៀនសូត្រត្រឹមថ្នាក់ទី១០។ នៅពេលនោះខ្ញុំត្រូវដើរទៅរៀនដោយឆ្លងកាត់ពីភូមិកាត់ដៃទៅភូមិឆ្លូង ដោយមានចម្ងាយ៤ទៅ៥គីឡូម៉ែត្រ។ នៅពេលឈប់សម្រាកពីការសិក្សា ខ្ញុំជួយឪពុកម្តាយធ្វើស្រែចម្ការនិងចៀរជ័រកៅស៊ូ។ នៅឆ្នាំ១៩៧០ ខ្ញុំឈប់រៀនពីព្រោះទាហានសហរដ្ឋអាមេរិកនិងវៀតណាមខាងជើងចូលមកដល់ស្រុកភូមិខ្ញុំ។ ខ្ញុំពិតជាភ័យខ្លាចខ្លាំងណាស់ព្រោះឮតែសំឡេងគ្រាប់កាំភ្លើងស្ទើររាល់ថ្ងៃ។ ផ្ទះរបស់អ្នកភូមិនីមួយៗមានជីករណ្តៅត្រង់សេឬលេណដ្ឋានដើម្បីចូលទៅពួននៅពេលមានទម្លាក់គ្រាប់បែកមកលើកងទ័ពវៀតខាងជើងម្តងៗ ហើយគ្រាប់បែកមួយចំនួនធ្លាក់នៅក្នុងភូមិរបស់ខ្ញុំ។ បន្ទាប់មក ខ្មែរក្រហមចូលមកនៅក្នុងភូមិខ្ញុំនិងបានដើរប្រមូលក្មេងជំទង់ៗចាប់ពីអាយុ១០ឆ្នាំឡើងទៅចូលហាត់រៀនសម្ដែងសិល្បៈ ដើម្បីសម្ដែងរឿងឲ្យប្រជាជនទស្សនា។ ចំណែក ខ្ញុំត្រូវខ្មែរក្រហមជ្រើសរើសហាត់រៀនរាំនិងក្លាយជាអ្នករាំ។ បន្ទាប់ពី ខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ ខ្មែរក្រហមបញ្ជូនខ្ញុំមកធ្វើការងារនៅក្នុងមន្ទីរសិល្បៈតំបន់ក្រចេះឬតំបន់៥០៥។ នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបញ្ជូនខ្ញុំមកលើកភ្លឺស្រែនៅភូមិប៉ោ ស្រុកស្នួល ខេត្តក្រចេះ។ នៅពេលកងទ័ព វៀតណាម និងកងកម្លាំងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាចូលមកដល់ប្រទេសកម្ពុជានៅឆ្នាំ១៩៧៩ ខ្មែរក្រហមបានផ្អើលរត់ ខ្ញុំក៏រត់ជាមួយខ្មែរក្រហមរហូតដល់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបាត់ដំបង ម្តុំបារាំងធ្លាក់ ស្រុកភ្នំព្រឹកសព្វថ្ងៃ។ បន្ទាប់មក ខ្ញុំជួបជាមួយបងស្រីជីដូនមួយខ្ញុំ ហើយគាត់ក៏យកខ្ញុំចូលនៅក្នុងកងនារីដឹកជញ្ជូនជាមួយគាត់។ នៅពេលនោះខ្ញុំពិតជាពិបាកខ្លាំងណាស់ ពីព្រោះត្រូវដេកតាមព្រៃ និងខ្វះអាហារបរិភោគ។ បន្ទាប់មក ខ្មែរក្រហមបាននាំកងនារីរបស់ខ្ញុំមកជំរំនៅតំបន់សំឡូត។ ខ្មែរក្រហមបានចាត់តាំងកងនារីជញ្ជូនគ្រាប់រំសេវឲ្យកងទ័ពខ្មែរក្រហម។ នៅឆ្នាំ១៩៨៥ ឬឆ្នាំ១៩៨៦ ខ្ញុំរៀបការជាមួយប្តីខ្ញុំនិងរស់នៅតំបន់សំឡូតរហូតដល់ឆ្នាំ១៩៩៦។ ដោយសារប្តីរបស់ខ្ញុំស្ថិតនៅក្នុងអង្គភាពរបស់តា គឹម ពៅ ត្រូវផ្លាស់មកបោះទីតាំងនៅស្រុកវាលវែង ដូច្នេះក្រុមគ្រួសារខ្ញុំបានផ្លាស់មកជាមួយប្តី និងរស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់រហូតមកដល់សព្វថ្ងៃ។

អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖