អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនជាតិដើមភាគតិចស្ទៀង ចំនួន៤០រូបនិងយុវជនជំនាន់ក្រោយ ចំនួន២២រូបនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានមកចូលរួមវេទិកាអប់រំសហគមន៍ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ស្ថិតនៅភូមិចង្គំកណ្តាល ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ វេទិកាសហគមន៍ មានគោលបំណងផ្តល់ឱកាសដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងរបបខ្មែរក្រហម ទៅកាន់ក្មេងជំនាន់ក្រោយ ជំរុញឲ្យមានការពិភាក្សាអន្តរជំនាន់និងបណ្តុះការត្រិះរិះពិចារណាក៏ដូចជាជំនាញស្វ័យសិក្សា។
វេទិកានេះត្រូវបានដឹកនាំដោយ បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ ជាកិច្ចចាប់ផ្តើម បណ្ឌិត លី សុខឃាង បានចែករំលែកព័ត៌មានទូទៅអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ដោយផ្តោតសំខាន់លើតំបន់ប្រវត្តិសាស្រ្តអន្លង់វែង, ការងាររបស់សាលាក្តីខ្មែរក្រហម និងតថភាពទូទៅនៃរបបនេះ។ បន្ទាប់មក បណ្ឌិត លី សុខឃាង បានបំផុសការពិភាក្សាដោយផ្តើមចេញពីការចោទជាសំណួរទៅកាន់អ្នកភូមិដែលបានចូលរួមអំពីបទពិសោធន៍ឆ្លងកាត់របបខ្មែរក្រហមរបស់គាត់រៀងៗខ្លួន។ អ្នកភូមិម្នាក់ៗបានចែករំលែករឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហមរបស់ខ្លួនយ៉ាងក្បោះក្បាយ អំឡុងពេលវេទិកាប្រព្រឹត្តទៅ។ ចំណែកយុវជនជំនាន់ក្រោយដែលបានចូលរួមក្នុងវេទិកានេះបានស្តាប់យ៉ាងយកចិត្តទុកដាក់។
តមក បណ្ឌិត លី សុខឃាង បានបែងចែកអ្នកដែលចូលរួមក្នុងវេទិកាអប់រំសហគមន៍ជា៥ក្រុម ដោយផ្គូរផ្គងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនជាតិដើមភាគតិចស្ទៀង និងយុវជនជំនាន់ក្រោយឲ្យស្ថិតនៅក្នុងក្រុមទាំង៥។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរៀបរាប់សាច់រឿងរបស់ខ្លួនម្តងម្នាក់ៗប្រាប់ទៅកាន់យុវជននៅក្នុងក្រុមរបស់គាត់។ ក្រោយពីស្តាប់រឿងរ៉ាវយ៉ាងយកចិត្តទុកដាក់ យុវជនបានចោទសួរជាច្រើនដោយសំណួរទាំងនោះត្រូវបានបកស្រាយម្តងមួយៗដោយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
ក្រុមទី១) លើកឡើងពីរបបប្រល័យពូជសាសន៍ធ្វើបាបប្រជាជនខ្មែរ ប្រើប្រជាជនឲ្យធ្វើការជាទាសករគ្រប់បែបយ៉ាងដោយមិនឲ្យបាយហូបគ្រប់គ្រាន់ ហូបតែបបរ មើមក្ដួច យកប្រជាជនធ្វើជាកម្លាំងគោក្របី សម្រាប់អូសទាញនង្គ័ល និងភ្ជួរដីធ្វើស្រែ។ ប្រសិនបើអូសទាញនង្គ័លមិនរួចអង្គការយកទៅដាក់ទោសឬសម្លាប់ចោលគ្មានការពិចារណាអ្វីទាំងអស់ ឬប្រើឲ្យទៅលើកទំនប់នៅម្ដុំភូមិក្ដុលក្រោមទាំងយប់ទាំងថ្ងៃ។
ក្រុមទី២) លើកឡើងពីរឿងរ៉ាវរបស់លោកតាម្នាក់ «ឆ្នាំ១៩៧៧ អង្គការបានជម្លៀសខ្ញុំទៅស្រែទូលាយ បន្ទាប់មកទៅនៅម្លិច ស្រុកស្នួល ខេត្តក្រចេះ។ ខ្មែរក្រហមប្រើខ្ញុំឲ្យកាប់គាស់ដី ដោយទទួលបានអង្ករកន្លះកំប៉ុងយកមកហូបគ្នា៣នាក់។ នៅពេលយប់ ខ្មែរក្រហមប្រើខ្ញុំឲ្យរែកដី ហាលភ្លៀងរហូតដល់ព្រឹក ទើបបញ្ជូនទៅទំនប់បាក់នឹម។ បន្ទាប់មកប្រធានកងបានចាត់តាំងខ្ញុំឲ្យច្រូតស្រូវ ខ្ញុំច្រូតបានរយៈពេល៣ថ្ងៃ ស្រាប់តែមានយន្តហោះ មកទម្លាក់គ្រាប់បែកត្រូវចំអ្នកភូមិផ្សេងកំពុងច្រូតស្រូវបណ្ដាលឲ្យស្លាប់ និងរងរបួសជាច្រើននាក់។
ក្រុមទី៣) ជំនាន់នោះខ្មែរក្រហមឲ្យក្មេងៗសិក្សារៀនសូត្រដែរ ប៉ុន្តែក្មេងៗរៀនពេលយប់ ហើយ ពេលថ្ងៃធ្វើការព្រោះមានការងារច្រើន ដូច្នេះក្នុងមួយថ្ងៃក្មេងៗរៀនបានរយៈពេល១ទៅ២ម៉ោងប៉ុណ្ណោះ។ ប្រសិនបើប្រជាជនធ្វើខុស ខ្មែរក្រហមនឹងចាប់យកទៅធ្វើទារុណកម្ម និងសម្លាប់ចោលមិនខាន។ នៅឆ្នាំ១៩៧៨ ពេលដែលខ្មែរក្រហមជម្លៀសគឺក្មេងៗមិនបានជួបជុំក្រុមគ្រួសារទេ។ ខ្មែរក្រហមប្រើកុមារកាប់គាស់រានដីលើកទំនប់លើកភ្លឺស្រែ និងមិនឲ្យហូបចុកគ្រប់គ្រាន់ឡើយគឺ ហូបតែបបរ លាយមើមក្ដួច ទំពាំង និងស្លឹកឈើ។ ខ្មែរក្រហមបានជម្លៀសប្រជាជនដែលជាជនជាតិដើមភាគតិចស្ទៀងចេញពីស្រែទូលាយ ឃុំទន្លូង ស្រុកត្រមូង ខេត្តកំពង់ចាម ទៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ នៅក្រោយថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទើបប្រជាជនត្រឡប់មកផ្ទះវិញ។
ក្រុមទី៤) ប្រជាជនធ្វើការងារចាប់ពីម៉ោង៦:០០ព្រឹក រហូតដល់ម៉ោង១១:០០យប់ ក្នុងមួយថ្ងៃ។ នៅក្នុងគ្រួសារនីមួយៗមិនបានរស់នៅជួបជុំគ្នាឡើយ។ ប្រសិនបើមានឪពុកម្ដាយឈឺឬស្លាប់កូនចៅក៏មិនទទួលបានព័ត៌មានដែរ។ កុមារតូចៗខ្មែរក្រហមប្រើឲ្យរើសអាចម៍គោ ស្លឹកឈើដើម្បីយកមកធ្វើជីសម្រាប់ដាក់ស្រែ និងដំណាំ។ មនុស្សពេញវ័យមុនចេញទៅធ្វើការត្រូវតម្រង់ជួរ ហើយហៅលេខរៀងមុនចេញទៅធ្វើការងារ។
ក្រុមទី៥) នៅក្នុងសម័យខ្មែរក្រហមស្រ្តីដែលមានផ្ទៃពោះខ្មែរក្រហមមិនឲ្យសម្រាកទេគឺត្រូវបង្ខំ ឲ្យធ្វើការងារ។ ប្រជាជនដែលធ្វើអ្វីខុសនឹងវិន័យរបស់អង្គការ គឺត្រូវបានកម្មាភិបាលខ្មែរក្រហមដាក់ទោសដោយប្រើទារុណកម្មដូចជា វាយនឹងខ្សែភ្លើង ឬដំបង។ នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ គឺប្រជាជនគ្មានការហូបចុកគ្រប់គ្រាន់ ការធ្វើការងារហួសកម្លាំងលើកទំនប់ ជីកប្រឡាយ ធ្វើស្រែ ហើយក្មេងជំទង់ចាប់ពីអាយុ១៤ឆ្នាំឡើងត្រូវរស់នៅឆ្ងាយពីគ្រួសារ ទៅធ្វើជាកងចល័ត យោធា និង ពេទ្យ។ ជនជាតិដើមភាគតិចស្ទៀងនៅក្នុងភូមិចង្គំកណ្ដាលភាគច្រើនត្រូវខ្មែរក្រហមជម្លៀសទៅខេត្តក្រចេះ ហើយបានស្លាប់អស់ជាច្រើននៅក្នុងភូមិម្លិច ស្រុកស្នួល។ ពេលត្រឡប់មកភូមិវិញនៅឆ្នាំ១៩៧៩ ប្រជាជនត្រូវសម្រាកនៅក្នុងបរិវេណវត្តក្តុល (វត្តចាស់) បណ្តោះអាសន្នរយៈពេល១៥ថ្ងៃទើបហ៊ានចូលមករស់នៅក្នុងភូមិវិញ ។
នៅមុនពេលវេទិកាបញ្ចប់ អ្នកចូលរួម និងបណ្ឌិត បានថតរូបជាក្រុម ហើយក្រុមការងារបានប្រគល់ប្រអប់អនុស្សាវរីយ៍ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ យុវជនជំនាន់ក្រោយបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលទទួលបានឱកាសចូលរួមក្នុងវេទិកាសហគមន៍ដើម្បីបង្កើនចំណេះដឹងបន្ថែមក្រៅថ្នាក់រៀន និងបានស្តាប់បទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដោយផ្ទាល់ ព្រមទាំងស្នើសុំក្រុមការងារឲ្យផ្តល់ឱកាសបែបនេះដល់ខ្លួនប្រសិនបើមានវេទិកានេះនៅថ្ងៃក្រោយៗទៀត។
អត្ថបទ ៖ ឈុំ រ៉ា និង វី ស៊ីថា ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា