យុវជនស្រុកបាទី ខេត្តតាកែវ ផ្តល់ក្តីគោរពដ៏ជ្រាលជ្រៅ ដល់អ្នកស្លាប់ពីរបបខ្មែរក្រហម

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ មានយុវជនក្មេងៗក្រោមអាយុ១៨ឆ្នាំដែលត្រូវជាចៅ ចៅទួតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៣០នាក់ បានផ្តល់ក្តីគោរពដ៏ជ្រាលជ្រៅដល់វិញ្ញាណក្ខ័ន្ធអ្នកស្លាប់ក្នុងរបបខ្មែរក្រហម នៅពីមុខមន្ទីរបូជនីយដ្ឋានវត្តសុរភី ហៅវត្តកកោះ ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អង្គុយបត់ជើងនៅពីមុខលលាដ៏ក្បាលសាកសពរាប់ពាន់ដែលដាក់តម្កល់នៅក្នុងមន្ទីរបូជនីយដ្ឋានវត្តសុរភី យុវជនម្នាក់ៗកាន់ធូបមួយសរសៃលើកដៃសំពះ ភ្នែកសម្លឹងទៅរកលលាដ៏ក្បាលទាំងនោះដោយស្ងៀមស្ងាត់ ជាមួយនឹងទឹកមុខស្រពាប់ស្រពោន និង សញ្ជឹងគិត។

ការផ្តល់នូវសេចក្តីគោរពនេះ កើតឡើងបន្ទាប់ពីយុវជនទាំងនោះបានចូលរួមស្តាប់ការធ្វើបទបង្ហាញពីប្រវត្តិសាស្ត្រខ្មែរក្រហម នៅក្នុងកម្មវិធីវេទិកាថ្នាក់រៀនមួយ រៀបចំដោយមជ្ឈមណ្ឌលឯកសារខេត្តតាកែវ កាលពីវេលាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។ តាមរយៈការស្នើសុំរបស់លោកនាយកវិទ្យាល័យ ហ៊ុន សែន បាទី ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវ បាននាំក្រុមយុវជនទាំងអស់មកកាន់ទីតាំងតម្កល់អដ្ឋិធាតុវត្តសុរភី ហៅ វត្តកកោះ ដើម្បីបង្ហាញពីភ័ស្តុតាងជាក់ស្តែងទាក់ទងនឹងការនៃការបាត់បង់ជីវិតមនុស្សជាងមួយម៉ឺននាក់ដ៏អយុត្តិធម៌ ក្រោមការដឹកនាំរបស់ខ្មែរក្រហម។

នៅឆ្នាំ២០០០ មជ្ឈមណ្ឌលឯកសារកម្ពុជា បានចាត់ឲ្យក្រុមស្រាវជ្រាវទាក់ទងនឹងការធ្វើផែនទីរណ្តៅសាកសព និងមន្ទីរសន្តិសុខរបស់ខ្មែរក្រហម មកធ្វើការស្រាវជ្រាវទីតាំងផ្ទុកសាកសពនៅវត្តសុរភីនេះ។ ក្រុមស្រាវជ្រាវបានជួបសម្ភាសន៍អ្នករស់រានមានជីវិតមួយចំនួន រួមទាំងព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្តសុរភីផង ដើម្បីសួរនាំពីចំនួន និងមូលហេតុដែលនាំឲ្យការប្រើប្រាស់បរិវេណវត្តធ្វើជាទីតាំងផ្ទុកសាកសពអ្នកជម្លៀសនៅក្នុងខែមេសា ឆ្នាំ១៩៧៥។ លទ្ធផលនៃការស្រាវជ្រាវ បង្ហាញថាប្រជាជនដែលត្រូវបានបង្ខំឲ្យចាកចេញពីទីក្រុងភ្នំពេញរាប់ម៉ឺននាក់ ត្រូវបានសម្លាប់នៅក្នុងស្រះទឹកមួយចំនួនដែលមានទំហំ៥០ម៉ែត្របួនជ្រុង និងជម្រៅប្រហែល៤ម៉ែត្រ ស្ថិតនៅជុំវិញវត្តសុរភី។ លោក ប៊ុន ហ៊ីង គឺជាអនិកជនរស់នៅសហរដ្ឋអាមេរិក បានធ្វើរបាយការណ៍ជាភាសាអង់គ្លេសចំនួនពីរទំព័រ ផ្ញើតាមប្រព័ន្ធអ៊ីមែលកាលពីឆ្នាំ២០០០ មកកាន់មជ្ឈមណ្ឌលឯកសារកម្ពុជាថា ចាប់តាំងពីថ្ងៃទី១៨ដល់២៥ ខែមេសា ឆ្នាំ១៩៧៥ ប្រជាជនភាគច្រើនដែលបានជម្លៀសចេញពីទីក្រុងភ្នំពេញ ត្រូវខ្មែរក្រហមបង្ខំឲ្យចូលមកកាន់បរិវេណវត្តសុរភី បន្ទាប់មកអ្នកទាំងនោះត្រូវបានសម្លាប់ចោលទាំងអស់។ បើតាម ប៊ុន ហ៊ីង​ ឈ្មោះ អ៊ុយ គឺជាមេបញ្ជាការរងភូមិភាគនីរតី គឺជាអ្នកសម្លាប់មនុស្សច្រើនជាងគេ។ ក្រៅពីសាកសពដែលត្រូវបានសម្លាប់ នៅមានសាកសពជាច្រើននាក់ទៀត គឺជាសាកសពមនុស្សចាស់ ក្មេង ប្រុស ស្រី ដែលបានស្លាប់ដោយសារការជម្លៀសនៅតាមចិញ្ចើមថ្នល់ ហើយត្រូវសែងមកដាក់នៅក្នុងស្រះទឹកទាំងនោះដែរ។ មានសាក្សីពីរនាក់ទៀតគឺ ទឹម គុន និង មុយ ចក់ បានប្រាប់ឲ្យដឹងថា ខ្មែរក្រហមបានបន្តសម្លាប់មនុស្សដាក់នៅក្នុងស្រះទឹកនេះរហូតដល់ចុងឆ្នាំ១៩៧៨។

តាមរយៈការសាកសួរពីអារម្មណ៍ និងទឹកចិត្តរបស់យុវជនក្នុងពេលដែលអ្នកទាំងនោះ បាននិងកំពុងស្ថិតនៅក្នុងបរិវេណជាអតីតកន្លែងសម្លាប់មនុស្ស និងផ្ទុកសាកសពមនុស្សកាលពីរបបខ្មែរក្រហម បានឲ្យដឹងថា ក្មេងៗទាំងនោះពេញចិត្តនឹងជីវិតនាពេលបច្ចុប្បន្នរបស់ខ្លួន ហើយក៏មិនភ្លេចដែរពីរឿងរ៉ាវដែលបានកើតឡើងពីអតីតកាលក្នុងរបបខ្មែរក្រហម ជាពិសេសការស្លាប់បាត់បង់ជីវិតរបស់ប្រជាជនកម្ពុជាអស់រាប់លាននាក់។ ចម្លើយភាគច្រើនរបស់យុវជន បង្ហាញពីអារម្មណ៍គិតគូរដល់ជាតិខាងមុខរបស់អ្នកស្លាប់ សោកស្តាយពីបទពិសោធន៍អាក្រក់ៗដែលបានកើតឡើង និងបានសម្តែងចិត្តអាណិតអាសូរដល់អ្នកស្លាប់ទាំងអស់។ លើសពីនេះទៀត ក្មេងៗជំនាន់ក្រោយ នៅតែចាត់ទុកព្រលឹងអ្នកដែលបានស្លាប់ទៅថា ជាវត្ថុសាកសិទ្ធិដែលអាចជួយឲ្យអ្នកទាំងនោះបានសេចក្តីសុខ និងចម្រុងចម្រើន។

សិស្ស លួត ស្រីយី អាយុ១៧ឆ្នាំ បានបង្ហាញពីអារម្មណ៍របស់ខ្លួនក្នុងពេលដែលកំពុងកាន់ធូបឧទ្ទិសដល់វិញ្ញាណសាកសព ដោយនិយាយដូច្នេះថា «ខ្ញុំគិតថា ខ្ញុំឥឡូវនេះរស់នៅបានសុខស្រួលណាស់ ប៉ុន្តែបើក្រឡេកមើល និងរំឮកដល់អ្នកដែលស្លាប់ក្នុងរបបខ្មែរក្រហមវិញ គឺថាពួកគាត់វេទនាណាស់ ហើយការស្លាប់របស់ពួកគាត់ទៀតគឺគ្មានបានយុត្តិធម៌ទេ និងគ្មានការធ្វើបុណ្យតាមប្រពៃណីទេ។ ខ្ញុំបានបួងសួងដល់ព្រលឹងគាត់ឲ្យបានចាប់ជាតិណាៗកុំឲ្យ ដូចពេលដែលគាត់រស់នៅក្នុងរបបខ្មែរក្រហម។ ខ្ញុំក៏សូមឲ្យរូបខ្ញុំ និងគ្រួសារបានសុខសប្បាយរហូតទៅ កុំឲ្យជួបប្រទះដូចរបបខ្មែរក្រហមទៀត»។

ចំណែកយុវជន សុខ ប៊ុនលាភ វិញនិយាយថា «ខ្ញុំបិទភ្នែកគិតដល់គាត់! តើគាត់ពិបាកយ៉ាងណា? ខ្ញុំសូមបួងសួងឲ្យវិញ្ញាណក្ខ័ន្តគាត់កើតជាតិណាៗឲ្យបានសុខសប្បាយរហូត។ ខ្ញុំក៏បួងសួងដែរថា សុំឲ្យព្រលឹងគាត់ជួយថែរក្សាខ្ញុំ និងសូមឲ្យគាត់ជួយយើងទាំងអស់គ្នាឲ្យសុខសប្បាយរហូតទៅ»។ ផានិត ក៏ជាយុវជនម្នាក់ទៀតនៃវិទ្យាល័យ ហ៊ុន សែន បាទី ដែរ បាននិយាយស្រដៀងគ្នានឹង ស្រីយី ដែរថា «ខ្ញុំអាណិតពួកគាត់ ព្រោះពួកគាត់ស្លាប់ដោយអយុត្តិធម៌ហើយ ហើយមិនបានធ្វើបុណ្យតាមប្រពៃណីទៀត»។

ដោយឡែក ម៉ាណែត វិញនិយាយថា «ខ្ញុំអុជធូបអម្បាញ់មិញនេះ គឺបួងសួងសូមសេចក្តីសុខដល់ខ្ញុំក្នុងជាតិនេះ ហើយខ្ញុំក៏រំឭកឡើងវិញពីជីវិតរបស់អ្នកដែលបានស្លាប់នៅតាមដងផ្លូវក្នុងពេលដែលគាត់ត្រូវខ្មែរក្រហមជម្លៀសចេញពីទីក្រុង។ អ៊ីចឹង! ខ្ញុំគិតដល់ពួកគាត់ថា សូមឲ្យគាត់ចាប់ជាតិខាងមុខសូមឲ្យជៀសផុតពីសេចក្តីទុកលំបាក ទុក្ខវេទនាដែលបានជួបប្រទះក្នុងរបបខ្មែរក្រហម ហើយក៏សង្ឃឹមថា អ្វីដែលខ្ញុំបានបន់ស្រន់នេះ ប្រសិនជាអាចឧទ្ទិសដល់វិញ្ញាណក្ខ័ន្តពួកគាត់បាន ខ្ញុំសូមឲ្យគាត់បានដល់សុគតិភព និងសូមបួងសួងឲ្យជីវិតខ្ញុំនាពេលនេះ បានសុខចម្រើនតទៅ»។ ប៉េងសុង បាននិយាយថា «ខ្ញុំបានបួងសួងថា សូមឲ្យព្រលឹងពួកគាត់កើតជាតិណាៗ សូមឲ្យបានសុខ កុំឲ្យអភ័ព្វដូចជាតិមុន និងសូមឲ្យពួកខ្ញុំទាំងអស់គ្នាមានសុភមង្គល និងមានសេចក្តីសុខ»។

រូបថត និង អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា

អត្ថបទផ្សេងទៀត៖