វេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)៖ ការជម្លៀសប្រជាជនដោយបង្ខំ ចេញពីទីក្រុង និងទីប្រជុំជន និងក្រុមប្រជាជនដែលត្រូវបានខ្មែរក្រហមបែងចែក

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ សិស្សានុសិស្សមកពីវិទ្យាល័យ ឈីន លាន ហាន់ជ័យ ថ្នាក់វិទ្យាសាស្រ្តសង្គម ចំនួន៤០នាក់ បានចូលរួមវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិ​សាស្ត្រ​កម្ពុជា​ប្រជា​ធិបតេយ្យ (១៩៧៥-១៩៧៩) ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណមជ្ឈ​មណ្ឌ​ល​​​​ឯកសារខេត្តកំពង់ចាម។ វេទិកាថ្នាក់រៀននេះធ្វើឡើងក្នុងគោលបំណងបង្កើន ចំណេះដឹងដល់​សិស្សានុសិស្សស្តី​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ ​និង​ការទប់​ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​នា​ពេល​អនាគត​។​

ជាកិច្ចចាប់ផ្ដើម លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជ​សា សន៍នៅកម្ពុជា ចាប់ផ្ដើមធ្វើបទបង្ហាញរបស់ខ្លួនស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិប​តេយ្យ (១៩៧៥-១៩៧៩) ដោយបានផ្ដោតទៅលើព្រឹត្តិការណ៍ដែលបានកើតឡើង​ក្នុងរបបខ្មែរ ក្រហម រួមមាន ៖ ការចូលកាន់កាប់ទីក្រុងភ្នំពេញ, ការជម្លៀស ប្រជាជន​ដោយបង្ខំចេញ ពីទីក្រុង និងទីប្រជុំជន, ការកាប់សម្លាប់ទៅលើប្រជាជន និងជាចុង​ក្រោយ​ ដំណើរការនៃ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬហៅថា សាលាក្តីខ្មែរក្រហម។ លោក ផេង ពង្សរ៉ាស៊ី ក៏បានពន្យល់បន្ថែមទៅលើនិយមន័យ និងវិធី​សាស្រ្តទប់ស្កាត់ ឧក្រិដ្ឋកម្មឃោរឃៅ និងអំពើប្រល័យពូជសាសន៍។

បន្ទាប់ពីបទបង្ហាញរបស់លោក ផេង ពង្សរ៉ាស៊ី បានបញ្ចប់, លោក ស៊ាង ចិន្ដា នា​យកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បន្តដឹកនាំសិស្សានុសិស្សពិភាក្សាទៅលើ​ព្រឹត្តិ ការណ៍ ការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុង និងទីប្រជុំជន និង ក្រុម​ប្រជាជន ដែលត្រូវបានខ្មែរក្រហមបែងចែក។ មិនយូរប៉ុន្មានបន្ទាប់ពីរដ្ឋប្រហាររបស់ លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សង្រ្គាមរវាងទាហាន លន់ នល់ និងកង​ទ័ព​រំដោះខ្មែរ ក្រហមបានផ្ទុះឡើង។

ចាប់តាំងពីពាក់កណ្ដាលឆ្នាំ១៩៧០ កងទ័ពរំដោះ​ខ្មែរ​ក្រហមបាន វាយរំដោះភូមិ សាស្រ្តជាច្រើននៅក្នុងខេត្តកំពង់ចាម។ ប្រជាជនរស់​នៅ​តំបន់​រំដោះនៅ ពេលនោះ ត្រូវ បានចាត់ទុកថា ប្រជាជនចាស់ (ឬហៅថា ប្រជា​ជន​៧០) ដែល​ត្រូវបាន កងទ័ពរំដោះខ្មែរ ក្រហមរំដោះចាប់តាំងពីឆ្នាំ១៩៧០។

នៅចន្លោះ​ឆ្នាំ១៩៧២ និងឆ្នាំ ១៩៧៣ សង្គ្រាមរវាងទាហាន លន់ នល់ និងកងទ័ព រំដោះខ្មែរ​ក្រហមផ្ទុះកាន់តែ​ខ្លាំងឡើង ស្របពេលដែលកងទ័ពរំដោះខ្មែរក្រហមបន្តវាយ រំដោះ​កន្លែងជាច្រើនទៀត។ នៅពាក់កណ្ដាលឆ្នាំ១៩៧៣ កងទ័ពរំដោះខ្មែរក្រហមបាន​វាយ​ចូលដល់ទីរួមខេត្តកំពង់​ចាម និងបានរំដោះពាក់កណ្តាលនៃទីរួមខេត្ត។ កងទ័ព​រំដោះ ខ្មែរក្រហម បាន​ជម្លៀស​ប្រជាជន ទាំងនេះ​ចេញពីផ្ទះសម្បែងរបស់ខ្លួនឲ្យទៅ​នៅ​ទីជន បទនានា ឬទៅរស់នៅភូមិ​កំណើត​របស់​ខ្លួន។ ប្រជាជនដែលកងទ័ពរំដោះ​ខ្មែរក្រហម ចូលមករំដោះបាននៅឆ្នាំ​១៩៧៣ ត្រូវបានចាត់ទុកថា ប្រជាជនកណ្ដាល (ឬហៅថា ប្រជា ជន៧៣)។

បន្ទាប់ពីកង​ទ័ព​​រំដោះ​ខ្មែរក្រហមវាយរំដោះទីក្រុងភ្នំពេញ និងទីរួមខេត្តកំពង់ចាម បានទាំងស្រុងនៅ​ថ្ងៃទី១៧ ខែមេសា​ ឆ្នាំ១៩៧៥ ខ្មែរក្រហម​បានហៅប្រជាជនទាំងនោះ ថា ប្រជាជន​៧៥ ឬ ប្រជាជន ១៧ មេសា។ ប្រជាជនថ្មី​ទាំងនោះត្រូវបានខ្មែរក្រហម ជម្លៀសចេញ​ពីទីក្រុង និងទីរួមខេត្ត មកកាន់ភូមិនានា។ ប្រជាជនថ្មីទទួលរងការកាប់ សម្លាប់ច្រើន​ជាងគេ។

ជាកិច្ចបន្ត សិស្សានុសិស្សទាំងអស់បានចូលទស្សនាបណ្ណាល័យខ្មែរក្រហម​ដែល​មានតម្កល់សៀវភៅទាក់ទងប្រវត្តិសាស្រ្តខ្មែរក្រហមរាប់ពាន់ក្បាលសម្រាប់អាន និង សម្ភារឧបទេសសម្រាប់សិស្សានុសិស្សសិក្សាស្រាវជ្រាវ។

ចុងបញ្ចប់នៃវេទិកាថ្នាក់រៀននេះ គឺការចុះទស្សនាកិច្ចសិក្សានៅចេតិយរំឭក​សម្រា​ប់សហគមន៍ និងការជួបសន្ទនាដោយផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបប​ខ្មែរ​ក្រហម។ សិស្សានុសិស្ស បានមកដល់ទីតាំងចេតិយរំឭកសម្រាប់សហគមន៍ដែល​ស្ថិតនៅ​វាលស្រែក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម និងឈ្វេងយល់​បន្ថែម​អំពីទីតាំង​សម្លាប់ចំនួន៣នៅក្នុងនៅឃុំគគរ រួមមាន ៖ ទំនប់គគរ, វត្តគគរ និង​ឡដុត​ថ្នាំជក់។ ម៉ម ស្រឿន ដែលធ្លាប់ដឹកជញ្ជូនអ្នកទោសយកទៅសម្លាប់នៅការដ្ឋាន​ទំនប់គគរ និងដឹក​សម្ភារមកទុកនៅមន្ទីរ សន្តិសុខគគរ ចែករំលែកហេតុការណ៍នៃការ​ដឹកប្រជាជន​ខ្មែរ និងចាមក្នុងមូលដ្ឋានឃុំគគរ និងបទពិសោធន៍ជីវិតក្នុងរបប​ខ្មែរក្រហម​ទៅកាន់​សិស្សា​នុសិស្សចូលរួមទាំងអស់។

បន្ទាប់ពីចូលរួមវេទិកាថ្នាក់រៀន យុវសិស្សបានបញ្ចេញចំណាប់អារម្មណ៍របស់​ខ្លួន​ដូច​ខាង​ក្រោម៖

សិស្ស ស្រ៊ាន ស្រីមុំ រៀនថ្នាក់ទី១២-C ផ្នែកវិទ្យាសាស្រ្តសង្គម នៃវិទ្យា​ល័យ​ឈីន លាន ហាន់ជ័យ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា «ខ្ញុំទទួលបាន​ចំណេះ​ដឹងថ្មីអំពីប្រវត្តិសាស្រ្តខ្មែរក្រហម។ រឿងរ៉ាវនៃការជម្លៀសប្រជាជនធ្វើឲ្យខ្ញុំនឹក​ដល់រឿង​រ៉ាវ​ដែលអ៊ំស្រីរបស់ខ្ញុំធ្លាប់បាននិយាយ។ អ៊ំស្រីខ្ញុំឈ្មោះ សៃ យាន អាយុ៥៧ឆ្នាំ ធ្លាប់​ប្រាប់​ខ្ញុំ​ពីការរត់គេចពីគ្រាប់ផ្លោង ការរស់នៅក្នុងតំបន់រំដោះ ការ​ធ្វើការងារលំបាកវេទនា និងការហូបចុកមិនគ្រប់គ្រាន់។ បន្ទាប់ពីចូលរួមវេទិកាថ្នាក់រៀន​នេះ ខ្ញុំនឹងយកអ្វីដែលខ្ញុំ​ទទួល​​បានទៅសួរអ៊ំស្រី យាន បន្ថែម»។

សិស្ស ហែម រដ្ឋា រៀនថ្នាក់ទី១២-C ផ្នែកវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យ​ឈីន លាន ហាន់ជ័យ បានរៀបរាប់ថា «ខ្ញុំទទួលបានចំណេះដឹងលើសពីអ្វីដែលខ្ញុំ​រំពឹង​​ទុក​ចេញពីការធ្វើបទបង្ហាញរបស់លោកគ្រូៗ និងការស្ដាប់សាច់រឿងរបស់អ៊ំ​ប្រុស​ដែលរស់​រាន​មានជីវិតពីរបបខ្មែរក្រហម។ នៅពេលដែលខ្ញុំស្ដាប់ឮអំពីការ​ជម្លៀស​ប្រជាជនក្នុង​របប​ខ្មែរក្រហម ខ្ញុំនឹកឃើញដល់យាយរបស់ខ្ញុំឈ្មោះ អ៊ឹម យឿន អាយុ៧៥ ដែល​ធ្លាប់​និយាយប្រាប់ខ្ញុំអំពីការរត់គេចក្នុងអំឡុងពេលសង្រ្គាម និង​ការឃើញប្រជាជន​ជម្លៀស​មក​ពីទីរួមខេត្តកំពង់ចាម និងទីក្រុងភ្នំពេញ។ ខ្ញុំមាន​ការ​អាណិតអាសូរដល់ប្រជា​ជន​ដែលរងទុក្ខវេទនាពីសង្រ្គាម និងបាត់បង់ជីវិត​ក្នុង​របបខ្មែរក្រហម»។

សិស្ស ហ៊ាង លីស៊ីង រៀនថ្នាក់ទី១២-C ផ្នែកវិទ្យាសាស្រ្តសង្គម នៃវិទ្យា​ល័យ ​ឈីន លាន ហាន់ ជ័យ បង្ហាញទស្សនយល់ឃើញរបស់ខ្លួនចំពោះវេទិកា​ថ្នាក់រៀននេះថា «ខ្ញុំទទួលបានចំណេះដឹងថ្មីៗអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ​ ពីការធ្វើបទបង្ហាញ​របស់​​វាគ្មិន និងការទស្សនារូបភាពប្រវត្តិសាស្រ្តជាច្រើន។ ខ្ញុំធ្លាប់​ស្ដាប់​ការនិយាយប្រាប់​ពីយាយរបស់ខ្ញុំឈ្មោះ ធាង យេត អាយុ៧៧ឆ្នាំ ដែលរស់នៅភូមិកោះពីរ ឃុំកោះពីរ ស្រុក​​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ យាយរបស់ខ្ញុំរៀប​រាប់ពីការជម្លៀសក្រុមគ្រួសារទៅខេត្ត​បាត់​​ដំបង។ នៅពេលនោះ គាត់បានបែកបាក់​គ្រួសារបងប្អូន និងស្លាប់អស់កូនចំនួន៦​នាក់ ដោយសារតែគ្មានអាហារហូបចុក​គ្រប់គ្រាន់។ ក្នុងនាមជាយុវជនជំនាន់ក្រោយ ខ្ញុំ​នឹងខិត​ខំរៀនសូត្រ និងចូលរួមទប់ស្កាត់កុំឲ្យរបបនេះវិលមកវិញម្ដងទៀត»។

អត្ថបទ ៖ លី ដេវីត និង ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖