អនុសញ្ញាស្តីពីការបង្ការនិងការផ្តន្ទាទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ តែងតែស្ថិតនៅអមគ្នាជាមួយនឹងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ក្នុងនាមជាសសរស្តម្ភដ៏សំខាន់មួយនៃច្បាប់ស្តីពីសិទ្ធិមនុស្ស។ ឆ្លៀតក្នុងឱកាសនៃទិវាសិទ្ធិមនុស្សនាឆ្នាំ២០២២នេះ ខ្ញុំចង់រំលេចអំពីសារសំខាន់ដ៏ចាំបាច់នៃកាតព្វកិច្ចក្នុងការបង្ការឧក្រិដ្ឋកម្មឃោរឃៅនានា ដោយរួមបញ្ចូលទាំងអំពើប្រល័យពូជសាសន៍។ នៅពេលដែលឧក្រិដ្ឋកម្មឃោរឃៅកើតមានឡើង វត្តមាននៃប្រតិកម្មភ្លាមៗដើម្បីបញ្ឈប់អំពើឃោរឃៅត្រូវបានទាមទារឲ្យប្រព្រឹត្តទៅ និងបន្ទាប់មកចងក្រងទុក, ស៊ើបអង្កេត និងជាចុងក្រោយកាត់ទោសលើជនដៃដល់។ ទោះបីជាយ៉ាងណាក្តី ចាប់តាំងពីឆ្នាំ១៩៤៨រហូតមកទល់នឹងសព្វថ្ងៃ យើងមិនទាន់បានផ្តោតការយកចិត្តទុកដាក់គ្រប់គ្រាន់ដើម្បីធ្វើការបង្ការយ៉ាងពិតប្រាកដមួយនៅឡើយទេ។
ឧក្រិដ្ឋកម្មឃោរឃៅពុំអាចកើតមានឡើងដោយឯកឯងបានឡើយ។ ព្រឹត្តិការណ៍និងកាលៈទេសៈផ្សេងៗ អាចជំរុញឲ្យមានឧក្រិដ្ឋកម្មឃោរឃៅ។ ទោះបីជាមិនមែនទាំងស្រុង ប៉ុន្តែភាគច្រើន ការផ្តាច់ខ្លួន, ការបែងចែក និងការរើសអើង តែងរុញច្រានឲ្យឧក្រិដ្ឋកម្មឃោរឃៅប្រឆាំងនឹងក្រុមមនុស្សជាក់លាក់ ក្លាយទៅជាភាពសមហេតុសមផល។ នៅមុនពេលដែលមនុស្សម្នាក់ត្រូវទទួលរងការរើសអើង បុគ្គលនោះប្រាកដជាត្រូវលុបបំបាត់ចោលភាពជាមនុស្សរបស់ខ្លួន។ ដំណើរប្រព្រឹត្តទៅនៃការលុបបំបាត់ចោលភាពជាមនុស្ស ពឹងផ្អែកទៅលើការធ្វើឲ្យភាពស្អប់ខ្ពើមនិងការមិនជឿទុកចិត្តគ្នា ក្លាយទៅជាភាពសមហេតុសមផល។ ដំណើរការនេះ មានដើមចមចេញពីព័ត៌មានមិនពិត ដែលផ្ទុកទៅដោយភាពលម្អៀង, ការវិនិច្ឆ័យជារួម, និងការកេងប្រវ័ញ្ច។ ឧក្រិដ្ឋកម្មឃោរឃៅ ក៏តែងតែអាចកើតឡើងចេញពី ការមិនរួបរួម, អំពើពុករលួយ ឬកង្វះខាតនៃការបង្កើតជាស្ថាប័នចាំបាច់នានា ជាពិសេសស្ថាប័នដែលប្តេជ្ញាលើកកម្ពស់ការសន្ទនានិងការអប់រំ។ អាស្រ័យហេតុនេះហើយ ទើបយើងត្រូវតែផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើបញ្ហានេះ។
ចាប់តាំងពីឆ្នាំ១៩៤៨មក យើងបានបោះជំហានទៅមុខយ៉ាងសំខាន់ដោយធ្វើសកម្មភាពតប ដើម្បីបង្អាក់, បញ្ចៀស និងយ៉ាងហោចណាស់ ផ្តន្ទាទោសចំពោះជនដៃដល់ដែលទទួលខុសត្រូវខ្ពស់បំផុតលើឧក្រិដ្ឋកម្មឃោរឃៅផ្សេងៗ។ ទោះបីជាយ៉ាងណាក្តី សកម្មភាពទាំងអស់នេះ មិនមែនជាសកម្មភាពរារាំងទេ ក៏ប៉ុន្តែជាសកម្មភាពប្រតិកម្មតបទៅវិញទេ។ ពុំមានតុលាការកាត់ទោសឧក្រិដ្ឋកម្មឃោរឃៅណាមួយ អាចបង្ការអំពើប្រល័យពូជសាសន៍ដែលអាចកើតឡើងនាពេលខាងមុខនេះទេ ហើយក៏ពុំមានទណ្ឌកម្មឬការផ្តន្ទាទោសណាមួយ ដែលអាចប្រោសជីវិតដែលបាត់បង់ឲ្យរស់រានឡើងវិញ ឬបំបាត់ភាពភ័យខ្លាចដែលបន្សល់ទុកបន្តជំនាន់ទៅមុខបានដែរ។ ជារួម ភាពភ័យខ្លាចដែលបង្កឡើងដោយឧក្រិដ្ឋកម្មឃោរឃៅកាលពីអតីតកាល តែងតែជាគ្រាប់ពូជដែលត្រូវគេបំភ្លេចចោល ហើយចេញជាពន្លកនៃអំពើហិង្សានិងអំពើអមនុស្សធម៌នាពេលអនាគត។
ប្រសិនបើយើងអនុវត្តយុទ្ធសាស្ត្រត្រឹមត្រូវ ដែលមានប្រសិទ្ធភាព, ទូលំទូលាយ និងនៅពេលវេលាសមស្របក្នុងការបង្ការឧក្រិដ្ឋកម្មឃោរឃៅនានា នោះអាទិភាពរបស់យើង គឺត្រូវកំណត់ឡើងសាជាថ្មី ដោយពិចារណាអំពីចុងម្ខាងទៀតនៃវិសាលគមន៍ ដែលគ្រាប់ពូជនៃអំពើប្រល័យពូជសាសន៍នាពេលអនាគតអាចដុះដាលបាន។ ការទទួលខុសត្រូវរបស់យើងស្របទៅតាមឯកសារស្តីអំពីសិទ្ធិមនុស្សជាមូលដ្ឋាន មិនគួរវាស់វែងដោយផ្អែកតែទៅលើជោគជ័យរបស់យើងក្នុងការឆ្លើយតប, ការស៊ើបអង្កេត និងការកាត់ទោសចំពោះឧក្រិដ្ឋកម្មឃោរឃៅតែប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការគាំពារដល់ស្ថាប័ន, កិច្ចផ្តួចផ្តើម និងសកម្មភាពនានា ដែលបង្កើតបានឥទ្ធិពលវិជ្ជមាន ដើម្បីបង្ការអំពើអមនុស្សធម៌គ្រប់សណ្ឋាន។ យុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតដើម្បីបង្ការអំពើប្រល័យពូជសាសន៍នាពេលអនាគត គឺការផ្តោតទៅលើសកម្មភាពនិងគោលនយោបាយដែលបង្អាក់និងកាត់បន្ថយហានិភ័យនៃការចម្រើនទៅមុខ នៅដំណាក់កាលដំបូងបង្អស់នៃអំពើអមនុស្សធម៌។
ថ្មីៗនេះ ប្រទេសកម្ពុជាបានសម្រេចលុបទិវាសិទ្ធិមនុស្សចេញពីប្រតិទិនឈប់សម្រាកប្រចាំឆ្នាំ។ ខ្ញុំយល់ឃើញថា យើងគួរតែពិចារណាលើសេចក្តីសម្រេចជាសមូហភាពនេះឡើងវិញ។ ប្រទេសកម្ពុជា សម្រេចបានជោគជ័យដ៏វិសេសវិសាលលើកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍ ដែលជាសមាសធាតុផ្សំដ៏សំខាន់មួយក្នុងការបង្ការឧក្រិដ្ឋកម្មឃោរឃៅ។ អាស្រ័យហេតុនេះ ដើម្បីបង្កើនជោគជ័យខាងលើ និងភាពជាអ្នកដឹកនាំរបស់កម្ពុជានៅក្នុងតំបន់និងសកលលោកលើផ្នែកនេះ យើងត្រូវតែប្រារព្ធការសន្ទនាប្រចាំឆ្នាំ អំពីអនុសញ្ញាស្តីពីការបង្ការនិងការផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ ខណៈពេលដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ឬ សាលាក្តីខ្មែរក្រហម) កំពុងបិទបញ្ចប់ប្រតិបត្តិការរបស់ខ្លួន ពុំមានពេលវេលាណាដែលសក្តិសមជាងពេលបច្ចុប្បន្ននេះទេ ក្នុងការរក្សាភាពជាអ្នកដឹកនាំរបស់កម្ពុជា និងក្តោបយកឱកាសដើម្បីសម្រេចបានកម្មវត្ថុស្នូលនៃអនុសញ្ញាស្តីពីការបង្ការនិងការផ្តន្ទាទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
មជ្ឈមណ្ឌលឯកសារកម្ពុជា មានមោទកភាពចំពោះការគាំទ្រដែលខ្លួនបានផ្តល់ទៅកាន់ការងាររបស់សាលាក្តីខ្មែរក្រហម ដែលពិតជាមានសារសំខាន់ក្នុងការផ្តល់ជូនជនរងគ្រោះនូវឱកាសចូលរួមនៅក្នុងដំណើរការយុត្តិធម៌ និងឈានទៅសម្រេចបានភាពសះស្បើយផ្លូវចិត្តពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមក្នុងកម្រិតមួយ។ មជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងពេលជាមួយគ្នានេះ ក៏មានឆន្ទៈមោះមុតក្នុងការគាំទ្រចំពោះកិច្ចប្រជុំប្រចាំឆ្នាំ អំពីអនុសញ្ញាស្តីពីការបង្ការនិងការផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ ខណៈពេលដែលយើងប្រារព្ធទិវាសិទ្ធិមនុស្ស យើងគួរតែប្រកាន់ខ្ជាប់ការយល់ឃើញថាការទទួលស្គាល់ឯកសារស្តីពីសិទ្ធិមនុស្សជាមូលដ្ឋាន មិនមែនត្រឹមតែប្រព្រឹត្តទៅក្នុងនាមជាការប្តេជ្ញាជាសកលតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបទដ្ឋានសម្រាប់ការវាយតម្លៃថាតើយើងចង់បន្សល់ទុកពិភពលោកមួយបែបណាសម្រាប់មនុស្សជំនាន់ក្រោយ។
ឆាំង យុ គឺជាអគ្គនាយកមជ្ឈមណ្ឌលឯកសារកម្ពុជា។ មជ្ឈមណ្ឌលឯកសារកម្ពុជា ប្តេជ្ញាចំពោះយុត្តិធម៌, ការចងចាំ និងការធ្វើឲ្យសះស្បើយផ្លូវចិត្ត សម្រាប់អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។