ប្រតិភូមកពីក្រសួងការពារជាតិ ទស្សនកិច្ចពិព័រណ៍ «សុបិនកម្ពុជា»

នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមប្រតិភូប្រវត្តិសាស្រ្តយោធាចំនួន២០រូប មកពីក្រសួងការពារជាតិ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សា​ពិសេស​​សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ និងជាអគ្គនាយក អគ្គនាយក​ដ្ឋាន​នយោបាយ​ និង​កិច្ចការ​បរទេស​ ក្រសួង​ការពារជាតិ ​និ​ង​ជា​ប្រធាន​ក្រុម​ការងារ​សិក្សា​ស្រាវ​ជ្រាវ​សង​សង់​វិមាន​ឈ្នះ ឈ្នះ មកទស្សនកិច្ច «ពិព័រណ៍សុបិនកម្ពុជា» ដែលរៀបចំឡើងដោយបណ្ណាល័យសម្តេចម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីឧទ្ទិសថ្វាយព្រះបរមរាជវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋគម្រប់ខួបព្រះប្រសូត្រ ១០០ ព្រះវស្សា នាសាលមហោស្រពចតុមុខ។

បណ្ណាល័យសម្ដេចម៉ែនៃវិទ្យាស្ថានស្លឹករឹត ដែលបានបង្កើតឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា មានកិត្តិយសសូមធ្វើការរំឭកគម្រប់ខួបមួយរយព្រះវស្សារបស់ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្ដម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ (ឆ្នាំ១៩២២-២០២២) ដែលព្រះអង្គបានបូជាអស់ព្រះកម្លាំងកាយចិត្តក្នុងអំឡុងពេលដែលព្រះអង្គគង់នៅមានព្រះជន្ម ដើម្បីសម្រេចនូវ ក្ដីសុបិនកម្ពុជា។

ក្ដីសុបិនកម្ពុជា គឺមិនមែនជាកម្មសិទ្ធិ ឬការបង្កើតឡើងរបស់បុគ្គលណាម្នាក់នោះទេ ប៉ុន្តែផ្ទុយទៅវិញ នេះគឺជាក្ដីសង្ឃឹម ការបួងសួង និងចក្ខុវិស័យដ៏ថ្លៃថ្លារួមគ្នារបស់ប្រជាជនកម្ពុជា ដែលបានបង្កើតដួងព្រលឹងជាតិនាអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។ ក្នុងនាមជាអ្នកតំណាង និងជាអ្នកមើលថែរក្សាប្រជាជាតិកម្ពុជា ព្រះរាជវង្សានុវង្សបានអមដំណើរប្រជាជនកម្ពុជា ក្នុងដំណើរឆ្ពោះទៅកាន់ ក្តីសុបិន ដែលបន្តចម្រើនទៅមុខនេះ។

បណ្ណាល័យសម្ដេចម៉ែ មានកិត្តិយសសូមរំឭកអំពីដំណើរនេះ តាមរយៈពិព័រណ៌រូបថត ពីព្រោះថាអនាគតរបស់កម្ពុជា គឺមិនត្រឹមតែពឹងផ្អែកទៅលើការបន្តជំនឿទៅលើក្ដីសុបិនកម្ពុជាប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ពឹងផ្អែកទៅលើការយល់ដឹងអំពីប្រវត្តិសាស្ត្ររបស់មនុស្សជំនាន់មុន ដែលពលីជីវិតរបស់ខ្លួនដើម្បីសម្រេចក្ដីសុបិន។

ឯកអគ្គរាជទូតបណ្ឌិត​ ហូលីយ៉ូ ជែលដ្រេស អតីតលេខាផ្ទាល់ និងជាអ្នកសរសេរប្រវត្តិរបស់ សម្ដេចព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តមសីហនុ ទទួលស្វាគមន៍ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ និងក្រុមប្រតិភូ ដោយមានបណ្ឌិត លី សុខឃាង នា​យកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ជាអ្នកសម្របសម្រួលនិងបកប្រែ។ នៅក្នុងឱកាសនោះ ឯក​អគ្គរាជទូតបណ្ឌិត​ ហូលីយ៉ូ ជែលដ្រេស បង្ហាញដល់ប្រភូអំពីខ្លឹមសារនៃពិព័រណ៍ដែលបែងចែកទៅតាមផ្នែកដូចខាងក្រោម ៖

ទស្សនីយភាពទី ១ — គឺជាពិព័រណ៍នៃរូបភាពចំនួន ១៨ ផ្ទាំង ឆ្លុះបញ្ចាំងអំពីព្រឹត្តិការណ៍សំខាន់ៗ សមិទ្ធផល និងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលកំណត់នូវសាវតារនៃរាជវង្សានុវង្ស ចាប់តាំងពីការឡើងគ្រងរាជ្យសម្បត្តិរបស់សម្ដេចព្រះបរមរតនកោដ្ឋកាលពីឆ្នាំ១៩៤១ រហូតដល់ការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះបរមនាថ ព្រះបាទ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០០៤។ ពិព័រណ៍នេះ រួមបញ្ចូលរូបថតដែលមិនអាចកាត់ថ្លៃបាន ដោយភ្ជាប់មកនូវចំណងជើងពិពណ៌នាជាភាសាខ្មែរ និងភាសាអង់គ្លេស ព្រមទាំងវីដេអូឯកសាររយៈពេលដប់បួននាទី ដែលឆ្លុះបញ្ចាំងអំពីប្រវត្តិសាស្ត្រនេះ រួមជាមួយនឹងសេចក្តីអធិប្បាយជាភាសាខ្មែរ និងភាសាអង់គ្លេស។

ទស្សនីយភាពទី២ — គឺជាពិព័រណ៍ពហុសណ្ឋាន បង្ហាញនៅលើតុឈើចំនួនប្រាំ និងក្ដារខៀនមួយ ដែលសំយោគគំនិតចេញពីក្ដារឆ្នួន និងតុរបស់សិស្សសាលាបឋមសិក្សាកាលពីទសវត្សរ៍ឆ្នាំ១៩៦០។ ពិព័រណ៍នេះ គឺជាការតំណាងបែបសិល្បៈនៃការប្តេជ្ញាចិត្តរបស់ព្រះរាជវង្សានុវង្សនិងប្រជាជនកម្ពុជាចំពោះវិស័យអប់រំ និងជាការតាំងបង្ហាញលើឧបករណ៍ពហុមុខងារដែលផ្តល់ឱកាសឲ្យទស្សនិកជនធ្វើអន្តរកម្ម ក្នុងគោលបំណងជំរុញទឹកចិត្តដល់យុវជនកម្ពុជាឲ្យមានក្ដីស្រមៃមុតមាំនៅក្នុងការបន្តការសិក្សាកម្រិតឧត្តមសិក្សា។ ពិព័រណ៍នេះ មានតាំងបង្ហាញឯកសារជាប្រភេទរូបភាពនិងសោតទស្សន៍ ដែលរួមមានដូចជា តន្ត្រី, សំឡេង, និងឈុតភាពយន្តខ្លីៗ, ព្រមទាំងទស្សនាវដ្ដី និងសៀវភៅបន្សល់ទុកពីទសវត្សរ៍ឆ្នាំ១៩៦០។ ការតាំងបង្ហាញនេះ គឺជាពិព័រណ៍ចល័ត ដែលនឹងត្រូវដាក់តាំងនៅតាមសាលារៀនដែលបានជ្រើសរើស នៅក្នុងខេត្តទាំងអស់ទូទាំងប្រទេសកម្ពុជា។

ទស្សនីយភាពទី ៣ — គឺជាការតាំងបង្ហាញរូបថតចម្រុះដ៏ប្រណីតចំនួន ២៥ ផ្ទាំង ដែលបង្ហាញឲ្យឃើញពីព្រះរាជដំណើររបស់សម្ដេចឪ និងសម្ដេចម៉ែ ក្នុងផ្នែកប្រវត្តិសាស្ត្រ និងផ្នែកនយោបាយ។

នៅចុងបញ្ចប់នៃទស្សនកិច្ច ឯកអគ្គរាជទូតបណ្ឌិត​ ហូលីយ៉ូ ជែលដ្រេស (Julio A. Jeldres) ជូនសៀវភៅដែលមានចំណងថា «នរោត្តម សីហនុ និង ជូ អេនឡាយ៖ មិត្តភាពដ៏កម្រនៅក្នុងអំឡុងនៃការរីកសាយភាយរបស់សង្គ្រាមត្រជាក់» ដល់ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ សម្តែងនូវការអរគុណ និងបង្ហាញនូវការពេញចិត្តជាមួយនឹងអត្ថន័យនៃពិព័រណ៍ «សុបិនកម្ពុជា» ជាពិសេសគឺការរៀបចំព័រណ៍ដែលមានភាពទាក់ទាញ។

អត្ថបទ ៖ សោម ប៊ុនថន អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត

រូបថត ៖ លី ដេវីដ/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖