នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានទទួលស្វាគមន៍សិស្សានុសិស្សចំនួន១៥នាក់ (ស្រី៨នាក់ និងប្រុស៧នាក់) មកពីវិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ នៃស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ ដើម្បីចូលរួមក្នុងវេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)»។
វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទ្រឹស្ដីមួយចំនួនទាក់ទងនឹងការទប់ស្កាត់អំពើប្រល័យពូជសាសន៍។
សិស្សានុសិស្សមានចំណេះដឹងជាមូលដ្ឋានទៅលើផ្នែកប្រវត្ដិសាស្រ្ដនៅក្នុងប្រទេសកម្ពុជាទាក់ទងនឹងរបបខ្មែរក្រហម ភាពផ្ដាច់ការរបស់ថ្នាក់ដឹកនាំខ្មែរក្រហម ការធ្វើទារុណកម្មទៅលើប្រជាជនស្លូតត្រង់ ការជំរុញប្រជាជនឲ្យធ្វើការងាររួម ការហូបរួម និងការរស់នៅរួម ក្រោមការបំបិទសិទ្ធិសេរីភាព និងការបញ្ចេញមតិ ផ្សេងៗនៅក្នុងវណ្ណៈជាកសិករ។
បន្ទាប់មកទៀត បទបង្ហាញអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ និងការបង្រៀនបែបសហការ ទៅលើជំពូកសំខាន់ៗទាក់នឹងសៀវភៅ «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ព្រមទាំងនិយមន័យទាក់ទងនឹងអំពើប្រល័យពូជសាសន៍ និងការទប់ស្កាត់នៃអំពើនេះ ក៏ត្រូវបានចាប់ផ្ដើមឡើងដោយ បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង។ សិស្សានុសិស្សបានចោទសំណួរជាច្រើនទាក់ទងនឹងប្រធានបទថា ហេតុអ្វីបានជារបបខ្មែរក្រហមត្រូវបានបង្កើតឡើង? តើ ប៉ុល ពត និង ខៀវ សំផន ជាអ្នកណា? ហើយរបបខ្មែរក្រហមមានគោលបំណងសម្លាប់អ្នកចេះដឹង និងបំបិទសិទ្ធិសេរីភាពរបស់ប្រជាជនឬយ៉ាងណា? ហេតុអ្វីបានជាប្រជាជនមិនទទួលបានការបរិភោគអាហារគ្រប់គ្រាន់?
បន្ទាប់ពីបានចូលក្នុងវេទិកានេះ សិស្សានុសិស្សចំនួន២នាក់ បានមានចំណាប់អារម្មណ៍ និងការយល់ឃើញដូចខាងក្រោម៖
អ៊ូ ម៉ីអឺ ភេទប្រុស អាយុ១៥ឆ្នាំ យល់ឃើញថា « ប្រសិនបើកើតមានអំពើប្រល័យសាសន៍ម្ដងទៀត នោះប្រទេសរបស់យើងនឹងបំផ្លិចបំផ្លាញទាំងស្រុង ដោយសារអំពើនេះបានបង្ហាញពីការចាប់បង្ខំមនុស្ស គ្រប់ៗគ្នាមិនឲ្យទទួលបានសេចក្ដីសុខក្នុងការរស់នៅ មានតែភាពឈឺចាប់ ការបាត់បង់មនុស្សជាទីស្រឡាញ់ ជាពិសេស គឺរស់នៅក្រោមអ្នកមានអំណាច។ លើសពីនេះ ខ្មែរក្រហមបានប្រកាន់ខ្ជាប់នូវភាពផ្ដាច់ការ មិនមានមនោសញ្ចេតនាចំពោះគ្នានឹងគ្នា កុមារៗមិនទទួលបានការអប់រំជ្រៅជ្រះ។ ក្នុងនាមខ្ញុំជាយុវជនជំនាន់ក្រោយ ខ្ញុំនឹងចូលរួមទប់ស្កាត់ការកកើតឧក្រិដ្ឋកម្មឃោរឃៅនាពេលអនាគតតាមរយៈ ការលុបបំបាត់អំពើហិង្សាចំពោះកុមារ និងស្រ្ដីភេទ ចូលរួមសកម្មភាពការងារនៅក្នុងសង្គម ស្វែងរកយុត្ដិធម៌ដល់ជនរងគ្រោះ ការបង្រៀន និងអប់រំទៅដល់ក្មេងៗពីផលលំបាកនៃអំពើប្រល័យពូជសាសន៍ រួបរួមសាមគ្គីគ្នា និងសម្រុះសម្រួលជម្លោះ ដោយប្រើសន្ដិវិធី»។
ឆាយ សុធន ភេទប្រុស អាយុ១៧ឆ្នាំ បានមានចំណាប់អារម្មណ៍ថា « បន្ទាប់ពីបានចូលរួមនៅក្នុងវេទិកានេះរួចមក ខ្ញុំបានស្វែងយល់អំពីរបបខ្មែរក្រហម (១៩៧៥-១៩៧៩) និងគុណវិបត្ដិនៃរបបនេះ។ ប្រសិនបើមានឧក្រិដ្ឋកម្មឃោរឃៅកើតឡើងពិតប្រាកដមែន ខ្ញុំគិតថា ឧក្រិដ្ឋកម្មនោះនឹងបំផ្លិចបំផ្លាញទៅលើក្រុមសាសនា ជាតិពន្ធុ បាត់បង់ធនធានមនុស្ស ខូចខាតរចនាសម្ព័ន្ធប្រទេសជាតិ សេដ្ឋកិច្ច ការអប់រំ និងវិស័យដទៃផ្សេងទៀតធ្លាក់ចុះ។ ក្នុងនាមខ្ញុំជាយុវជន ដើម្បីទប់ស្កាត់កុំឲ្យរបបប្រល័យពូជសាសន៍កើតឡើងនាពេលអនាគត យើងគួរតែស្វែងយល់ពីផលវិបាក និងចែករំលែកចំណេះដឹងទាំងនោះទៅកាន់យុវជនជំនាន់ក្រោយៗបន្ដទៀត»។
អត្ថបទ ៖ សួត វិចិត្រ អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង