វេទិកាថ្នាក់រៀនស្ដីអំពី៖ «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នៅខេត្តកំពង់ចាម

នៅរសៀលថ្ងៃអាទិត្យ ទី៦ ខែមីនា ឆ្នាំ២០២២ មជ្ឈមណ្ឌល​ឯកសារខេត្តកំពង់ចាម រៀបចំវេទិកាថ្នាក់រៀនស្ដីពី៖ « ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-​១៩៧៩)»  ដោយមានការចូលរួមពីសិស្សា​នុសិស្សសរុបចំនួន២០នាក់ (ស្រី១១នាក់ និងប្រុស៩នាក់) មកពីវិទ្យាល័យតាមាង វិទ្យាល័យ​ពាមជីគង និងវិទ្យាល័យព្រះសីហនុ។ វេទិកាថ្នាក់រៀននេះ ប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម វេលាម៉ោង១:៣០រសៀល រដល់ម៉ោង៤:៣០រសៀល ដោយអនុវត្តតាមវិធានការការពារ រួមមាន ការវាស់កម្ដៅ ការពាក់ម៉ាស់ ការសម្អាតដៃឲ្យបានស្អាតជាមួយអាកុល ការរក្សាគម្លាតសុវត្ថិភាព និងការបើកទ្វារបង្អួចឲ្យមានខ្យល់ចេញចូលគ្រប់គ្រាន់។

លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា ធ្វើបទបង្ហាញស្តីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់សិស្សានុសិស្ស។ (អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តកំពង់ចាម)

វេទិកាថ្នាក់រៀននេះ ធ្វើឡើង​ក្នុងគោលបំណងដើម្បីឲ្យ​សិស្សា​នុសិស្ស​ទទួលបានចំណេះដឹងអំពីប្រវត្តិ​សាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងផ្ដល់ឱកាសក្នុងការពិភាក្សា និងការជជែកវែកញ៉ែកពិចារណានូវអ្វីដែលខ្លួនបានដឹង និងធ្លាប់បានរៀនអំពីប្រវត្តិសាស្រ្តខ្មែរក្រហមកន្លង​មក។ ដើម្បីសម្រេចគោល​បំណងនេះ ក្រុមការងារ និងអ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំកម្មវិធីមួយ​ចំនួនបន្ថែមទៀត រួមមាន ការបង្ហាញពិព័រណ៍អចិន្រ្តៃយ៍អំពីមេដឹកនាំខ្មែរក្រហម និងការជម្លៀសប្រជាជនពីទីក្រុងភ្នំពេញ និងពិព័រណ៍រូបថតអំពីរឿងរ៉ាវអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសកម្មភាព​ការងារ​របស់​ស្ម័គ្រចិត្ត​កម្ពុជា​ចុះ​ជួប​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​នៅ​​មូលដ្ឋាន ការធ្វើបទបង្ហាញទៅលើប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ការចាក់បញ្ចាំងវីដេអូឯកសារ​អំពីរបបខ្មែរក្រហម និងការចែកសៀវភៅស្តី​អំពីប្រវត្តិ​សាស្រ្ត​កម្ពុជា​ប្រជាធិប​តេយ្យ (១៩៧៥-១៩៧៩)បោះពុម្ពលើកទី២។

សិស្សានុសិស្សមកពីវិទ្យាល័យតាមាង វិទ្យាល័យពាមជីគង និងវិទ្យាល័យព្រះសីហនុ ចូលរួមវេទិកាថ្នាក់រៀនស្ដីពី៖ «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។ (អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តកំពង់ចាម)

ជាកិច្ចចាប់ផ្ដើម លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ស្វាគមន៍ដល់វាគ្មិននិងសិស្សានុសិស្ស ដែលចូលរួមវេទិកាថ្នាក់រៀននេះ និងអំពីសារសំខាន់នៃការសិក្សាអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ព្រមទាំងការបង្កើតឡើងនូវមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលមានតម្កល់ឯកសារយ៉ាងសម្បូរបែបទាក់ទងរបបខ្មែរក្រហម និងផ្ដល់កម្មវិធីអប់រំប្រវត្តិសាស្រ្តខ្មែរក្រហម។

បន្ទាប់មក លោកគ្រូ ផេង ពង្ស​រ៉ាស៊ី នាយក​កម្មវិធី​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​ បានចាប់ផ្ដើមធ្វើបទបង្ហាញទៅលើប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងលើកសំណួរចំនួន៣ដើម្បីបញ្ជ្រាប​កម្រិត​នៃ​ការយល់ដឹង​របស់​សិស្ស​អំពី​របប​ខ្មែរក្រហម​។ បន្ទាប់ពីទទួលបានចម្លើយផ្សេងៗពីសិស្ស លោកគ្រូ ​រ៉ាស៊ី ​ពន្យល់​អំពី​រចនាសម្ព័ន្ធ​របស់​ខ្មែរក្រហម និង​គោលនយោបាយ​ដែលមានស្រាប់នៅក្នុងបទបង្ហាញ និងឯកសាររូបថត នៅលើផ្ទាំងស្លាយ។ សិស្សានិសិស្សទាំងអស់ ​ស្តាប់និងកត់ត្រា​យ៉ាង​យកចិត្តទុកដាក់​លើបទបង្ហាញរបស់វាគ្មិន។ តមក លោកគ្រូ រ៉ាស៊ី ចាក់​បញ្ចាំង​វីដេអូ​ឯកសារដែលមាន​ចំណងជើង​ថា «​កុមារ​កម្ពុជា​»​។ វីដេអូ​ឯកសារ​នេះ​ត្រូវបាន​ថត​ភ្លាមៗ​បន្ទាប់ពី​ឆ្នាំ​១៩៧៩ ដែល​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាពកុមារ​ក្នុងប្រទេស​កម្ពុជា​បន្ទាប់​ពី​របប​ខ្មែរក្រហម​ដួលរលំ​។

បន្ទាប់ពីបទបង្ហាញបានបញ្ចប់ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ចែក​សៀវភៅ ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជា​ធិ​ប​តយ្យ (​ពី​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៧៩) បោះពុម្ពលើកទី២ ដល់សិស្សានុ​សិស្ស​ដើម្បីអាន និងសិក្សាឈ្វេងយល់បន្ថែមទៀត​។

ហុក លក្ខិណា ភេទស្រី សិស្សថ្នាក់ទី១២នៃវិទ្យាល័យតាមាង។ (អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តកំពង់ចាម)

ហុក លក្ខិណា ភេទស្រី គឺជាសិស្សថ្នាក់ទី១២​នៃវិទ្យាល័យតាមាង បានរៀបរាប់ថា ខ្លួនបានដឹងខ្លះៗអំពីរបបខ្មែរក្រហមតាមរយៈការសិក្សានៅសាលា។ បន្ទាប់ពីការចូលរួមវេទិកាថ្នាក់រៀននេះ លក្ខិណា ទទួលបានចំណេះដឹងជាច្រើនអំពីប្រវត្តិសាស្រ្តកម្ពុជាប្រធិបតេយ្យ និងការបញ្ឈប់ការរើសអើងពូជសាសន៍។ ជាចុងក្រោយ លក្ខិណា បានបញ្ជាក់ទៀតថា «ការការពារកុំឲ្យកើតឡើងអំពើហឹង្សា និងអំពើប្រល័យពូជសាសន៍គឺមានសារសំខាន់ណាស់ដើម្បីរក្សាសន្តិភាពសង្គម និងប្រទេស»។

អាន ស្រីជូ ភេទស្រី សិស្សថ្នាក់ទី១២នៃវិទ្យាល័យតាមាង។ (អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តកំពង់ចាម)

អាន​ ស្រីជូ​ ភេទស្រី គឺជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យ​តាមាង បានបង្ហាញចំណាប់អារម្មណ៍ថា​ «ខ្ញុំយល់ដឹងបន្ថែមអំពីរបបកម្ពុជាប្រជាធិបតេយ្យ​ និងកាន់តែយល់ច្បាស់ពីនិយមន័យរបស់​អំពើប្រល័យពូជសាសន៍។ របបប្រល័យពូជសាសន៍ បំផ្លិចបំផ្លាញសង្គមជាតិខ្មែរឲ្យធ្លាក់ដុនដាប។ បន្ទាប់​ពីស្ដាប់បទបង្ហាញរបស់លោកគ្រូ រ៉ាស៊ី ខ្ញុំយល់ថាការការពារអំពើប្រល័យពូជសាសន៍​កុំឲ្យកើតឡើង​គឺ​ពិតជាមានសំខាន់ខ្លាំងណាស់។​ យើងត្រូវបញ្ឈប់ការរើសអើងពូជសាសន៍ និងការបញ្ឈប់អំពើហិង្សាគ្រប់រូបភាព»។

ហែល លាងហុង ភេទប្រុស គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រះសីហនុ បានចែករំលែកអំពីចំណេះដឹងដែលខ្លួនទទួលបាននៅក្នុងវេទិកាថ្នាក់រៀននេះថា៖

ទី១)     ខ្ញុំបានយល់ដឹងបន្ថែមអំពីរបបខ្មែរក្រហម និងមិនចង់ឲ្យប្រទេសកម្ពុជាមានស្ថានភាពដូចពេលនោះទៀតទ្បើយ។

ទី២)    ខ្ញុំបានឃើញអំពីរាល់សកម្មភាពនៃការលប់បំបាត់វណ្ណៈ ភាពគ្មានសិទ្ធិសេរីភាព ការហូបបាយរួម ការកាប់សម្លាប់ នៅក្នុងរបបខ្មែរក្រហម ចេញពីការធ្វើបទបង្ហាញអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងការដាក់តាំងពិព័រណ៍រូបថតអំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

ទី៣)    ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងភ្លើងសង្រ្គាម និងអំពើប្រល័យពូជសាសន៍។ ខ្ញុំពេញចិត្តចំពោះសន្តិភាពនាពេលបច្ចុប្បន្ន និងមិនចង់ឃើញសង្គ្រាម។ ខ្ញុំនឹងខិតខំរៀនសូត្រដើម្បីចូលរួមចំណែកការអភិវឌ្ឍន៍ប្រទេសជាតិ។

សិស្សានុសិស្សមកពីវិទ្យាល័យតាមាង វិទ្យាល័យពាមជីគង និងវិទ្យាល័យព្រះសីហនុ ចូលរួមវេទិកាថ្នាក់រៀនស្ដីពី៖ «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។ (អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តកំពង់ចាម)

ម៉ន សុចិត្រា ភេទប្រុស គឺជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យ​ ហ៊ុន សែន ពាមជីកង បានបង្ហាញអំពីចំណាប់អារម្មណ៍របស់ខ្លួនបន្ទាប់ពីចូលរួមវេទិកាថ្នាក់រៀននេះថា៖

  • ខ្ញុំទទួលបានចំណេះបន្ថែមអំពីប្រវត្តិសាស្រ្តខ្មែរក្រហម និងយល់ច្បាស់ពីផលប៉ះពាល់ដល់គ្រួសារ​ និងសង្គមជាតិ​ ដែលត្រូវបានបំផ្លិចបំផ្លាញដោយរបបនេះ។
  • ខ្ញុំយល់ដឹងអំពីវិធីសាស្រ្តក្នុងការការពារកុំឲ្យអំពើប្រល័យពូជសាសន៍​កើតឡើង តាមរយៈការបញ្ឈប់ការរើសអើង និងការទប់ស្កាត់អំពើហិង្សា។
  • ខ្ញុំនឹងចែករំលែកចំណេះដឹងអំពីប្រវត្តិសាស្រ្តខ្មែរក្រហម និងចូលរួមផ្សព្វផ្សាយ​បន្ថែមទៀតនៅ​ក្នុងថ្នាក់រៀន និងភូមិរបស់ខ្ញុំ។

អត្ថបទ ៖ ទូច វណ្ណេត និង មេន នឿន បុគ្គលិកស្រាវជ្រាវនៃមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

អត្ថបទផ្សេងទៀត៖