នៅក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ព្រះរាជបណ្ណាល័យហ្លួងម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានចូលរួមដាក់តាំងបង្ហាញស្នាដៃស្រាវជ្រាវ និងសៀវភៅដែលទើបបោះពុម្ពផ្សាយថ្មីៗ នៅស្តង់ពិព័រណ៍របស់ខ្លួន ក្នុងកម្មវិធី «ភូមិហ្វ្រង់កូហ្វូនី» ស្ថិតនៅសួនច្បារខាងមុខវត្តបទុមវតី ក្រុងភ្នំពេញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
គំនិតនៃការបង្កើត «ភូមិហ្វ្រង់កូហ្វូនី» ទន្ទឹមនឹងកិច្ចប្រជុំផ្លូវការរបស់ថ្នាក់ដឹកនាំកំពូល «ហ្វ្រង់កូហ្វូនី» លើកទី២០ ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺ៖ ១) ដើម្បីជាការផ្លាស់ប្តូរវប្បធម៌ និងភាពចម្រុះ ដែលបណ្តាប្រទេសជាសមាជិក ស្ថាប័នអប់រំ គ្រឹះស្ថានបោះពុម្ពផ្សាយ និងអង្គការសង្គមស៊ីវិល អាចបង្ហាញពីអត្តសញ្ញាណវប្បធម៌ សិល្បៈ ម្ហូបអាហារ សៀវភៅ និងស្នាដៃច្នៃប្រឌិតផ្សេងៗរបស់ខ្លួន។ ២) ការភ្ជាប់ទំនាក់ទំនងជាមួយប្រជាពលរដ្ឋ និងយុវជន ព្រោះព្រឹត្តិការណ៍នេះធ្វើឱ្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីមិនមែនគ្រាន់តែជាកិច្ចប្រជុំរបស់អ្នកការទូតតែប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍វប្បធម៌ដែលបើកឱ្យសិស្ស និស្សិត និងប្រជាជនទូទៅអាចចូលរួមទស្សនា ស្វែងយល់ និងទទួលបានបទពិសោធន៍ដោយផ្ទាល់។ ៣) គឺវេទិកាចែករំលែកចំណេះដឹង និងនវានុវត្តន៍ ដែលនៅក្នុងភូមិហ្វ្រង់កូហ្វូនីនេះមានការរៀបចំកិច្ចពិភាក្សា ការតាំងពិព័រណ៍សៀវភៅ ការបង្ហាញបច្ចេកវិទ្យា និងសកម្មភាពសិល្បៈ ដើម្បីជំរុញការប្រើប្រាស់ភាសាបារាំងជាស្ពានតភ្ជាប់កិច្ចការទូត ចំណេះដឹង ការអប់រំ និងការស្វែងយល់គ្នាទៅវិញទៅមករវាងប្រជាជាតិនានា។
ព្រះរាជបណ្ណាល័យហ្លួងម៉ែ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ក្រោមគំនិតផ្តួចផ្តើមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដោយទទួលបានព្រះរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដើម្បីថ្វាយព្រះកិត្តិយស និងរំឭកដល់ព្រះមហាករុណាទិគុណរបស់ព្រះអង្គចំពោះវិស័យអប់រំ វប្បធម៌ និងមនុស្សធម៌។ បណ្ណាល័យនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សឯកសារប្រវត្តិសាស្ត្រ ជាពិសេសកម្រងឯកសារព្រះរាជសកម្មភាពរបស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ព្រះវរបិតាជាតិខ្មែរ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម័យសង្គមរាស្ត្រនិយម និងឯកសារស្តីពីរបបខ្មែរក្រហម។
ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ មក សម្តេចព្រះ នរោត្តម សីហនុ បានផ្តួចផ្តើមគំនិត និងគាំទ្រយ៉ាងសកម្មក្នុងការប្រមូលផ្តុំបណ្តាប្រទេសនិយាយភាសាបារាំង ដើម្បីបង្កើតជាសហគមន៍មួយដែលមានគោលដៅជំរុញសាមគ្គីភាព កិច្ចសហប្រតិបត្តិការវប្បធម៌ និងការអភិវឌ្ឍន៍រួមគ្នា។ ព្រះអង្គបានលើកឡើងពីទស្សនវិស័យនេះនៅលើវេទិកាអន្តរជាតិជាបន្តបន្ទាប់ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំឈានទៅដល់ការបង្កើត «ទីភ្នាក់ងារសហប្រតិបត្តិការវប្បធម៌ និងបច្ចេកទេស» (ACCT) ដែលជាឈ្មោះដើមនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បច្ចុប្បន្ន។
យ៉ាងណាមិញ នៅពេលពិធីចុះហត្ថលេខាជាផ្លូវការលើធម្មនុញ្ញបង្កើត «ទីភ្នាក់ងារសហប្រតិបត្តិការវប្បធម៌ និងបច្ចេកទេស» ត្រូវបានប្រារព្ធឡើងនៅទីក្រុងនីយ៉ាមេ ប្រទេសនីហ្សេ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ សម្តេចព្រះ នរោត្តម សីហនុ ពុំបានយាងចូលរួមចុះព្រះហស្តលេខាជាសហស្ថាបនិកផ្លូវការឡើយ។ មូលហេតុគឺដោយសារតែ ២ ថ្ងៃមុនពិធីចុះហត្ថលេខា ពោលគឺនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ របបសង្គមរាស្ត្រនិយមរបស់ព្រះអង្គត្រូវបានផ្តួលរំលំដោយរដ្ឋប្រហារដឹកនាំដោយសេនាប្រមុខ លន់ នល់ ខណៈព្រះអង្គកំពុងបំពេញព្រះរាជទស្សនកិច្ចនៅក្រៅប្រទេស។
ទោះបីរដ្ឋប្រហារ បានរារាំងព្រះអង្គមិនឱ្យមានព្រះនាមផ្លូវការជាសហស្ថាបនិក «អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី» នាថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ ក៏សហគមន៍ហ្វ្រង់កូហ្វូនីពិភពលោកនៅតែចងចាំ និងផ្តល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់ចំពោះស្នាព្រះហស្ត និងតួនាទីត្រួសត្រាយផ្លូវរបស់សម្តេចព្រះ នរោត្តម សីហនុ ក្នុងនាមជាស្ថាបនិកដ៏សំខាន់មួយរូប ក្នុងចំណោមសហស្ថាបនិក លោក ឡេអូប៉ូល សេដា សេងហ្គ័រ (ប្រធានាធិបតីសេណេហ្គាល់) លោក ហាប៊ីប បួគីបា (ប្រធានាធិបតីទុយនេស៊ី) និងលោក ហាម៉ានី ឌីយ៉ូរី (ប្រធានាធិបតីនីហ្សេ) រហូតមកដល់សព្វថ្ងៃ។
ការចូលរួមក្នុងកម្មវិធីភូមិហ្វ្រង់កូហ្វូនីនេះ គឺជាឱកាសដ៏ពិសេសមួយសម្រាប់ព្រះរាជបណ្ណាល័យហ្លួងម៉ែ ក្នុងការផ្សព្វផ្សាយនូវស្នាដៃបោះពុម្ពថ្មីៗ និងចែករំលែកចំណេះដឹងប្រវត្តិសាស្ត្រកម្ពុជា ជូនដល់ភ្ញៀវជាតិ អន្តរជាតិ និងប្រតិភូមកពីបណ្តាប្រទេសនិយាយភាសាបារាំងដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០២៦ នេះ។ តាមរយៈស្តង់ពិព័រណ៍នេះ អ្នកទស្សនាមិនត្រឹមតែអាចស្វែងយល់ពីស្នាដៃសៀវភៅថ្មីៗតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឈ្វេងយល់បន្ថែមអំពីបេសកកម្មថែរក្សាការចងចាំប្រវត្តិសាស្រ្ត ការអប់រំ និងការលើកកម្ពស់សន្តិភាពរបស់ព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។
អត្ថបទ ៖ សោម ប៊ុនថន ប្រធានក្រុមទស្សនាវដ្តីស្វែងរកការពិត
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា


















