ជំពូកថ្មី ឬគ្រាន់តែជាព្រឹត្តិការណ៍មួយគ្រា?

ទស្សនៈរបស់លោក ឆាំង យុ ជុំវិញដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង

១) តើដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង មកកាន់កម្ពុជា មានសារសំខាន់យ៉ាងណាខ្លះចំពោះកិច្ចការការទូតកម្ពុជា?

នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយពីសំណាក់មហាអំណាចលោកខាងលិច ដែលបន្តរក្សាទំនាក់ទំនងយ៉ាងរឹងមាំជាមួយកម្ពុជា ផ្អែកលើហេតុផលប្រវត្តិសាស្ត្រ និងនយោបាយ ព្រមទាំងកិច្ចការសេដ្ឋកិច្ច និងការទូត។ ដំណើរទស្សនកិច្ចនេះ ត្រូវពិនិត្យមើលក្នុងបរិបទនៃទំនាក់ទំនងប្រវត្តិសាស្ត្រ ដែលមានន័យថា គឺមានតែពេលវេលាប៉ុណ្ណោះ ទើបអាចបញ្ជាក់បានថាតើដំណើរទស្សនកិច្ចនេះពិតជាមានសារៈសំខាន់កម្រិតណា។

២) តើនេះជាជំពូកថ្មីមួយរវាងប្រទេសទាំងពីរឬទេ? ហេតុអ្វី?

មិនមានអ្វីចង្អុលបង្ហាញថាដំណើរទស្សនកិច្ចនេះគឺជាការចាប់ផ្តើមជំពូកថ្មីនោះទេ ប៉ុន្តែគេតែងតែមើលឃើញឱកាសថ្មីៗជានិច្ច សម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការ។

៣) នេះជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយដែលប្រធានាធិបតីបារាំងបានមកបំពេញទស្សនកិច្ចនៅកម្ពុជា តើនេះមានន័យថាបច្ចុប្បន្នបារាំងកំពុងយកចិត្តទុកដាក់ខ្លាំងជាងមុនលើកម្ពុជាមែនទេ?

ដំណើរទស្សនកិច្ចនេះ យេិងត្រូវពិនិត្យមើលក្នុងបរិបទនៃទំនាក់ទំនងជាប្រវត្តិសាស្ត្រ ដែលអាចមានការប្រែប្រួលឡើងចុះ មិនត្រឹមតែអាស្រ័យលើព្រឹត្តិការណ៍បច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាស្រ័យលើបុគ្គលិកលក្ខណៈរបស់ថ្នាក់ដឹកនាំ។

៤) តើជំនួបរវាងមន្ត្រីរដ្ឋាភិបាលជួយពង្រឹងកិច្ចការនយោបាយ ការទូត និងអ្វីផ្សេងទៀត?

កិច្ចប្រជុំរវាងថ្នាក់ដឹកនាំសំខាន់ៗ គឺជាឱកាសមួយដើម្បីមើលឃើញពីរបៀបដែលថ្នាក់ដឹកនាំអាចកសាងទំនាក់ទំនងល្អជាមួយគ្នា ដោយផ្អែកលើបុគ្គលិកលក្ខណៈ ក៏ដូចជាទស្សនៈ និងតម្រូវការរបស់រដ្ឋបាលរៀងៗខ្លួន។ ជួនកាល ភាពខុសគ្នារវាងប្រទេសទាំងពីរដែលមើលឃើញជាក់ស្តែង អាចត្រូវបានបិទបាំងដោយភាពស្និទ្ធស្នាលរបស់ថ្នាក់ដឹកនាំ។ ផ្ទុយមកវិញ ភាពជាដៃគូប្រវត្តិសាស្ត្រអាចនឹងមិនសូវមានភាពកក់ក្តៅ ប្រសិនបើថ្នាក់ដឹកនាំមិនអាចបង្កើតទំនាក់ទំនងដ៏រឹងមាំ និងមានភាពស៊ីជម្រៅជាមួយគ្នាបាន។ មានតែពេលវេលាប៉ុណ្ណោះទេ ដែលនឹងអាចបញ្ជាក់បានថាតើដំណើរទស្សនកិច្ចនេះ និងទំនាក់ទំនងរវាងថ្នាក់ដឹកនាំកម្ពុជា និងបារាំង មានសារៈសំខាន់កម្រិតណា នៅក្នុងប្រវត្តិទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖