ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ អង្គជំនុំជម្រះតុលាការកំពូល បានចេញសេចក្តីសម្រេចរបស់ខ្លួនលើសំណុំ រឿងប្រឆាំងនឹង មាស មុត។ សេចក្តីសម្រេចនេះបានបញ្ចប់នូវរាល់ឱកាសក្នុងការជំនុំជម្រះអំពីការទទួលខុសត្រូវ ព្រហ្មទណ្ឌរបស់ជនជាប់ចោទ នៅក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ការសម្រេចរបស់អង្គជំនុំជម្រះ តុលាការកំពូលនេះ ធ្វើឲ្យមានការលើកឡើងពីគ្រួសាររបស់ មាស មុត ថាមិនសមស្រប និងមិនត្រឹមត្រូវ។
ដោយគ្មានមន្ទិល អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដំណើរការទៅយឺតយ៉ាវ និងអប្រសិទ្ធភាព ដែលបង្កជាការឈឺចាប់ដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងក្រុមគ្រួសារ។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា មិនបានបំពេញស្របទៅតាមការរំពឹងទុក ដែលបានធ្វើឲ្យអាប់ឱនដល់កេរដំណែលរបស់ស្ថាប័ននេះ ព្រមទាំងចោទជាសំណួរអំពីផលប៉ះពាល់នៃអង្គជំនុំជម្រះនេះចំពោះបច្ចុប្បន្ន និងអនាគត។ ការរិះគន់ខាងលើ និងមតិដទៃទៀត គឺពិតជាសមហេតុសមផល។
ប៉ុន្តែនាពេលថ្មីៗនេះ គ្រួសាររបស់មាស មុត បានលើកឡើងថា “[ការបន្ត]សំណុំរឿង [ប្រឆាំងនឹងជនជាប់ចោទ] គឺឥតប្រយោជន៍ទេ [. . .] ការនាំខ្លួនអ្នកទាំងនេះមកកាត់ទោសគឺឥតប្រយោជន៍ ពីព្រោះថា [ជនជាប់ចោទទាំងឡាយ] មានវ័យចំណាស់ ហើយខ្លះបានបាត់បង់ជីវិតទៅហើយ។
យុត្តិធម៌មិនមែនឥតប្រយោជន៍ទេ។ កាលពី៤០ឆ្នាំកន្លងទៅជនរងគ្រោះកម្ពុជាប្រមាណជាងពីរលាននាក់បានបាត់បង់សិទ្ធិការពារខ្លួន ឬសូម្បីតែសិទ្ធរៀបរាប់រឿងរ៉ាវរបស់ខ្លួន។ ប្រជាជនកម្ពុជាប្រមាណជាងពីរលាននាក់ បានបាត់បង់សិទ្ធិក្នុងការប្តឹងតបតចំពោះការកាត់ទោសប្រហារជីវិតរបស់ខ្លួន ភាពអត់ឃ្លាន ការធ្វើការហួសកម្លាំង និងជំងឺ ដែលបង្កឡើងដោយសារតែការគ្រប់គ្រងនៃរបបខ្មែរក្រហម ឬការចាប់ខ្លួន ការធ្វើទារុណកម្ម និងការប្រហារជីវិតដែលបញ្ជាដោយរបបខ្មែរក្រហមនេះផ្ទាល់។ ពុំមានវត្តមាននៃអង្គជំនុំជម្រះតុលាការកំពូល អង្គជំនុំជម្រះសាលាដំបូង ឬមេធាវីការពារក្តី ដើម្បីការពារសិទ្ធិរបស់ជនរងគ្រោះដែលបានស្លាប់ភាគច្រើនដោយឯកោ ដោយសារការកម្ទេច និងការបំផ្លិចបំផ្លាញដ៏ឃោរឃៅរបស់ខ្មែរក្រហម។ ខ្មែរក្រហមគ្មានការអាណិតអាសូរចំពោះមនុស្សគ្រប់វ័យ ជនពិការ ឬ លក្ខណៈវិនិច្ឆ័យផ្សេងទៀតដែលលើកឡើងដោយគ្រួសាររបស់ មាស មុត។
មាស មុត ក៏ដូចជាជនជាប់ចោទទាំងអស់ដែរ បានទទួលសិទ្ធិច្រើនលើសពីជនរងគ្រោះក្នុងរបបខ្មែរក្រហម។ ពិតជាមានការពិបាកក្នុងការកំណត់ថា បុគ្គលម្នាក់ស្អាតស្អំគ្មានទោស ដោយមិនឆ្លងកាត់ដំណើរការផ្លូវច្បាប់ ដែលជាសិទ្ធិជនជាប់ចោទត្រូវទទួលបាន ហើយយើងក៏មិនអាចមិនរវីរវល់នឹងជនរងគ្រោះនៃបទឧក្រិដ្ឋដែលចោទ លើបុគ្គលរូបនោះ។ ការមានទោស ឬភាពស្អាតស្អំរបស់ជនជាប់ចោទនឹងមិនសាបរលាបទៅតាមអាយុទេ ហើយយុត្តិធម៌ក៏មិនបាត់បង់សារសំខាន់របស់ខ្លួនទៅតាមសេចក្តីស្លាប់ដែរ។
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមានវ័យចំណាស់ដូចជនជាប់ចោទដែរ។ សព្វថ្ងៃនេះ នៅមានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណជាង ៥ លាននាក់ ដែលជាសាក្សីរស់នៃអ្វីដែលបានកើតឡើងក្នុងរបបខ្មែរក្រហម។ ភាគច្រើននៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងនោះ គឺជាសាក្សីនៃឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើង និងឧក្រិដ្ឋកម្មដែលចោទទៅលើជនជាប់ចោទ។ អ្នករស់រានមានជីវិតជាច្រើន ទន្ទឹងចង់បាននូវយុត្តិធម៌ ដែលពួកគេមិនអាចទទួលបានតាមដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ អ្នករស់រានមានជីវិតមួយភាគធំបានបោះបង់ក្តីសង្ឃឹមរបស់ខ្លួនតាំងពីយូរលង់ណាស់ទៅហើយ។
អ្នករស់រានមានជីវិតមួយចំនួនធំទៀត បានលើកលែងទោសដល់ឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមដែរ។ ការលើកលែងទោសដ៏លើសលប់ (អាចនិយាយបានថាលើសលប់ជ្រុល) ត្រូវបានផ្តល់រួចហើយ ដូច្នេះសូមកុំបង្ខំឲ្យអ្នករស់រានមានជីវិតទាំងអស់បន្តលើកលែងទោសទៀត។ រឿងរ៉ាវរបស់អ្នកទាំងនេះ (មិនមែនតាមរយៈការរៀបរាប់របស់ មាស មុត តែងមានភាពលម្អៀងជាមូលដ្ឋាន ហើយកត្តានេះគឺជាការចំអកដ៏ធ្ងន់ធ្ងរ) ត្រូវទទួលស្គាល់ដោយមនុស្សជំនាន់ក្រោយ ដែលជាអ្នកទទួលខុសត្រូវក្នុងការធានាថាប្រវត្តិសាស្ត្រនេះនឹងមិនត្រូវបានបំភ្លេចចោលជារៀងរហូត។
——-
លោក ឆាំង យុ គឺជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាអ្នករស់រានមានជីវិតម្នាក់ពីវាលពិឃាដខ្មែរក្រហម។ មជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាស្ថាប័នស្រាវជ្រាវឯករាជ្យរបស់កម្ពុជា ដែលតម្កល់ទុកបណ្ណសារបន្សល់ពីរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ធំបំផុតនៅលើពិភពលោក។ អ៊ីម៉ែល៖ dccam@online.com.kh