នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានរៀបចំវេទិកាថ្នាក់រៀន ស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់សិស្សានុសិស្សថ្នាក់ទី១១ និងទី៩ សរុបចំនួន៨នាក់ មកពីអនុវិទ្យាល័យ និងវិទ្យាល័យ ជា ស៊ីម តាកែវ។ គោលបំណងនៃវេទិកាថ្នាក់គឺចង់ឱ្យសិស្សយល់ដឹងពីផែនការបួនឆ្នាំ (១៩៧៧-១៩៨០) របស់ខ្មែរក្រហម ដែលជាមូលហេតុចម្បងធ្វើឱ្យប្រជាជនទូទាំងប្រទេសជួបប្រទះភាពអត់ឃ្លានពេញមួយរបបខ្មែរក្រហម។
ជាកិច្ចស្វាគមន៍ដល់សិស្សានុសិស្ស បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ ជឹម សុខគា បានធ្វើការណែនាំសិស្សអំពីផ្ទាំងពិព័រណ៍រូបថតអចិន្ត្រៃយ៍ដែលដាក់តាំងបង្ហាញនៅបរិវេណការិយាល័យ និងបង្ហាញពីឯកសារខ្មែរក្រហមដ៏ច្រើនសម្បូរបែបសម្រាប់អ្នកសិក្សាស្រាវជ្រាវ។ បន្ទាប់មក សិស្សានុសិស្សបានធ្វើដំណើរទៅកាន់បន្ទប់រៀនដើម្បីស្តាប់ការធ្វើបទបង្ហាញ។
នៅក្នុងឱកាសនោះ ជឹម សុខគា សួរសំណួរដើម្បីវាស់ស្ទង់ចំណេះដឹងរបស់សិស្សអំពីរបបខ្មែរក្រហម និងបានចាប់ផ្តើមពន្យល់ត្រួសៗពីមូលហេតុដែលនាំឱ្យកើតមានការអត់ឃ្លានក្នុងរបបខ្មែរក្រហម ហើយប្រជាជនជាច្រើននាក់បានបាត់បង់ជីវិត។ បន្តមកទៀត សិស្សម្នាក់ឡើងអានមេរៀនក្នុងជំពូកទី៧ «ផែនការបួនឆ្នាំ (១៩៧៧-១៩៨០) របស់ខ្មែរក្រហម» រយៈពេល៣០នាទី ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីមូលហេតុនៃការបង្កើតផែនការបួនឆ្នាំក្នុងរបបខ្មែរក្រហម។ សិស្សានុសិស្សបានចំណាយពេលប្រមាណ២០នាទីបន្ថែមទៀត ដើម្បីកត់ត្រាចំណុចសំខាន់ៗនៅក្នុងមេរៀនទុកពិភាក្សានៅក្នុងក្រុម។
ក្រោយពេលបញ្ចប់ការពិភាក្សា សិស្សានុសិស្សបានបង្ហាញចំណេះដឹងរបស់ខ្លួនក្រោយការអានដូចខាងក្រោម ៖
ព្រាប សម្ផស្ស រៀបរាប់ថា ការរស់នៅក្នុងរបបខ្មែរក្រហម ពិតជាលំបាកខ្លាំងណាស់ ហើយប្រជាជនត្រូវទទួលរងទុក្ខវេទនាអស់រយៈពេល៣ឆ្នាំ៨ខែនឹង២០ថ្ងៃ។ ប្រជាជនត្រូវរស់នៅបែកបាក់ក្រុមគ្រួសារ និងធ្វើការងារហួសកម្លាំង ហើយហូបចុកពុំបានគ្រប់គ្រាន់។ ចំណែកឯសម្លៀកបំពាក់មានត្រឹមមួយសម្រាប់ និងត្រូវស្លៀកពាក់ជាប់ខ្លួនជានិច្ច។ នៅពេលមានជំងឺ ប្រជាជនពុំមានថ្នាំសង្កូវសម្រាប់ព្យាបាលឡើយ។ ខ្មែរក្រហមកំណត់ឱ្យប្រជាជនធ្វើស្រែឱ្យបាន៣តោនក្នុងមួយហិកតា និងបានបែងចែកស្បៀងជា៤ផ្នែកខុសៗគ្នាគឺ ទី១) ស្បៀងទុកសម្រាប់ផ្គត់ផ្គង់ដល់ប្រជាជន, ទី២) ស្រូវសម្រាប់ទុកធ្វើពូជ, ទី៣) ស្បៀងសម្រាប់ផ្គត់ផ្គង់ទៅលើកងទ័ព និងថ្នាក់ដឹកនាំ និង ទី៤) ស្បៀងនាំចេញទៅក្រៅប្រទេស ជាពិសេសប្រទេសចិនដើម្បីដោះដូរយករូបិយប័ណ្ណបរទេសសម្រាប់យកទៅទិញសម្ភារ ដើម្បីជំនួយដល់ការងារកសិកម្ម និងដូរយកគ្រឿងសព្វាវុធទុកពេលកើតមានសង្រ្គាម។ ប៉ុន្តែផែនការ៤ឆ្នាំរបស់របបខ្មែរក្រហម ត្រូវ បរាជ័យដោយសារខ្វះឧបករណ៍ទំនើបៗ ហើយមួយវិញទៀត ការងារភាគច្រើនប្រើដោយកម្លាំងមនុស្សសុទ្ធសាធ។ សូម្បីតែ សត្វគោ ក្របី នៅមានការខ្វះខាត ដូច្នេះតំបន់ខ្លះ ខ្មែរក្រហមប្រើកម្លាំងមនុស្សឱ្យកាប់ដីដោយប្រើចបដើម្បីធ្វើស្រែ។ កន្លងមក ខ្ញុំធ្លាប់បានអានឯកសារ និងទស្សនាភាពយន្ដ ឃើញខ្មែរក្រហមយកមនុស្សមកទឹម និងអូសទាញនង្គ័ល ដូចសត្វគោ ក្របី។ ខ្មែរក្រហមប្រើប្រជាជនឱ្យធ្វើការងារសព្វគ្រប់ ថែមទាំងបំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង។
សី ហេង បានលើកឡើងថា មេរៀនដែលខ្ញុំរៀនរយៈពេលមួយព្រឹកនេះ គឺពិតជាថ្មីសម្រាប់ខ្ញុំ។ របបខ្មែរក្រហមបានបង្អត់អាហារ និងប្រើប្រជាជនឱ្យធ្វើការងារហួសកម្លាំង ដូចជា រែកដី និងជីកដី។ ប្រជាជន នៅក្នុងរបបខ្មែរក្រហមត្រូវរស់នៅបែកបាក់ក្រុមគ្រួសារ កូនចៅ ឪពុកម្ដាយ និងគ្មានភាពកក់ក្តៅ។ នៅពេលខ្ញុំអានសៀវភៅ, ឯកសារ និងទស្សនាខ្សែភាពយន្ដ ខ្ញុំឃើញអំពីទិដ្ឋភាពខ្មែរក្រហមធ្វើទារុណកម្ម បង្អត់បាយប្រជាជន និងសម្លាប់មនុស្សដោយគ្មានរើសមុខឡើយ។ ខ្ញុំអាណិតអ្នកដែលកើតក្នុងរបបខ្មែរក្រហមណាស់ ដូច្នេះដើម្បីទប់ស្កាត់កុំឱ្យរបបខ្មែរក្រហមកើតឡើងវិញ យើងត្រូវចេះរួបរួមសាមគ្គីគ្នា ខិតខំរៀនសូត្រ លុបបំបាត់ការរើសអើង និងលុបបំបាត់អំពើហិង្សានៅក្នុងសង្គម។
ម៉េត រចនា និយាយថា ការសិក្សារយៈពេលមួយព្រឹកនេះ ខ្ញុំបានដឹងអំពីទុក្ខលំបាករបស់ប្រជាជនដែលរស់នៅបែកបាក់ក្រុមគ្រួសារ ធ្វើឱ្យកូនចៅពុំទទួលបានភាពកក់ក្ដៅ។ ខ្មែរក្រហមបានប្រើឱ្យប្រជាជនធ្វើការងារហួសកម្លាំង និងមិនឱ្យហូបគ្រប់គ្រាន់។ ខ្មែរក្រហមបានប្រើប្រជាជនឱ្យធ្វើការងារ១២ម៉ោង ក្នុងមួយថ្ងៃ។ ប្រជាជនរស់នៅពុំមានសិទ្ធិសេរីភាព និងត្រូវទទួលរងការគាបសង្កត់ពីខ្មែរក្រហម។ ខ្មែរក្រហមបានប្រើប្រជាជនឱ្យធ្វើស្រែ រែកដី ជីកប្រឡាយ និងកាប់ឆ្ការព្រៃ។ របបខ្មែរក្រហមផ្ដោតសំខាន់លើការងារកសិកម្មជាចម្បង ដោយកំណត់ឱ្យប្រជាជនធ្វើស្រែក្នុងមួយហិកតាឱ្យបាន៣តោន សម្រាប់ដីស្រែធម្មតា។ រីឯដីស្រែលេខ១ គឺក្នុងមួយហិកតាត្រូវធ្វើឱ្យបានចាប់ពី៦ទៅ៧តោន។ ដូច្នេះផែនការរយៈពេល៤ឆ្នាំ ដែលផ្ដោតលើការងារកសិកម្មរបស់ខ្មែរក្រហមពុំទទួលបានជោគជ័យឡើយ។ មូលហេតុខ្វះខាតកម្លាំងពលកម្ម និងឧបករណ៍ដែលជួយសម្រួលដល់ការងារកសិកម្ម ទើបធ្វើឱ្យទិន្នផលស្រូវពុំសូវទទួលបានផលច្រើន។
នៅចុងបញ្ចប់នៃវេទិកាថ្នាក់រៀន គឺសិស្សានុសិស្សបានទស្សនាខ្សែភាពយន្ដឯកសារខ្លីរឿង «នៅក្រោយជញ្ជាំងនៃមន្ទីរ ស២១» រយៈពេល២៩នាទី។
អត្ថបទ ៖ ជឹម សុខគា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា









