លាតត្រដាងការបំភ័ន្ត៖ ភាពចាំបាច់នៃការអនុញ្ញាតឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន ចូលអង្កេតដោយគ្មានការរឹត ត្បិត ក្នុងតំបន់ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន បានចុះទៅអង្កេតទីតាំងដែលពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ និងតំបន់ប្រជាជនរស់នៅដែលរងការបំផ្លិចបំផ្លាញដោយសារជម្លោះរវាងកម្ពុជានិងថៃ។ ដូចជាអ្វីដែលគេអាចរំពឹងទុកជាមុនថា ប្រទេសថៃគឺមានបំណងយ៉ាងខ្លាំង ចង់បង្ហាញប្រាប់អំពីទីតាំងទាំងឡាយណាដែលពាក់ព័ន្ធទៅនឹងសកម្មភាពឧក្រិដ្ឋកម្មដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ពីព្រោះប្រទេសថៃអាចប្រើប្រាស់រាល់ទីតាំងទាំងនោះជាឈ្នាន់ដើម្បីផ្តល់ភាពស្រប​ច្បាប់​ដល់ការវាយប្រហារពីសំណាក់ទាហានប្រដាប់អាវុធរបស់ខ្លួនទៅលើតំបន់ទាំងនោះ ដោយភ្ជាប់ជាមួយនូវអំណះអំណាង ឬការចោទប្រកាន់បន្ថែមថា ទីនោះគឺមានកងទ័ពកម្ពុជាប្រដាប់អាវុធស្ថិតនៅក្នុងតំបន់នោះដែរ។

ផ្ទុយទៅវិញ រដ្ឋាភិបាលថៃហាក់មានការស្ទាក់ស្ទើរក្នុងការបើកឱ្យមានការត្រួតពិនិត្យតំបន់ប្រជាជនរស់នៅ ដែលរងការបំផ្លិចបំផ្លាញ ព្រោះការបង្ហាញតំបន់ទាំងនេះគឺអាចធ្វើឱ្យបាត់បង់ភាពស្របច្បាប់ ចំពោះសកម្មភាពទាហានប្រដាប់​​អាវុធ​របស់ខ្លួន។ ជារួម ប្រទេសថៃនិងកម្ពុជា ត្រូវតែអនុញ្ញាតឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ចូលទៅកាន់គ្រប់តំបន់ទាំងអស់ដែលទទួលរងផលប៉ះពាល់ដោយសារជម្លោះដោយគ្មានការរឹត​ត្បិតណាមួយ​។ ទន្ទឹម​នឹងនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិគឺមានកាតព្វកិច្ចចុះអង្កេតតំបន់ទាំងអស់នោះ។ ការធ្វើបែបនេះគឺ​មិនត្រឹមតែជួយធានាតម្លាភាពអំពីព្រឹត្តិការណ៍ដែលបានកើតឡើងតែប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងអាចបង្ហាញឱ្យឃើញអំពីស្ថានភាពដែលកំពុងបន្តកើតមានជាក់ស្តែងនៅក្នុងតំបន់ជម្លោះ​ ទៀតផង។

ប្រទេសថៃកំពុងប្រឈមការលំបាកក្នុងការបង្ហាញហេតុផលសមស្រប ដើម្បីអះអាងភាពស្របច្បាប់នៃការបន្តកាន់កាប់ទឹកដីកម្ពុជា ដោយទាហានប្រដាប់អាវុធរបស់ខ្លួន ជាពិសេសនៅក្នុងតំបន់ប្រជាជនរស់នៅ ដែលគ្មានកំហុសអ្វីទាល់តែសោះ។ ក្នុងបំណងដើម្បីសម្រេចគោលដៅនេះភាគីថៃគឺកំពុងតែព្យាយាមដោយចេតនាក្នុងការបំភ័ន្តឬ បិទបាំងរូបភាពទាំងស្រុងនៃជម្លោះ ដោយផ្តល់សិទ្ធិឱ្យក្រុមសង្កេតការណ៍អាស៊ានចូលអង្កេតបានត្រឹមតែមួយផ្នែកស្ថិតនៅក្រោមការរឹតបន្តឹង និងត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ពីសំណាក់ទាហានប្រដាប់អាវុធថៃ ដែលកំពុងគ្រប់​គ្រងតំបន់នោះ។

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖