នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានដឹកនាំសិស្សចំនួន៣នាក់ នៃវិទ្យាល័យអន្លង់វែង ចុះទស្សនកិច្ចសិក្សានៅសារមន្ទីរផ្ទះតាម៉ុក។ សារមន្ទីរផ្ទះតាម៉ុក ឬអតីតផ្ទះតាម៉ុក ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សារមន្ទីរផ្ទះតាម៉ុក គឺជាទីតាំងស្នាក់នៅ និងជាកន្លែងប្រជុំមេបញ្ជាការយោធារបស់ ឈិត ជឿន ហៅ តាម៉ុក អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។ ក្រោយសមាហរណកម្ម ទីតាំងនេះត្រូវបានអភិរក្ស និងរៀបចំឡើងដើម្បីទុកជាភស្តុតាងប្រវត្តិសាស្រ្ត និងកន្លែងសិក្សាស្វែងយល់ពីតំបន់ចុងក្រោយនៃរបបខ្មែរក្រហម។
គោលបំណងនៃការទស្សនកិច្ចសិក្សារបស់សិស្សនាថ្ងៃនេះ គឺជាឆន្ទៈចង់ចេះ ចង់ដឹងពីប្រវត្តិសាស្ត្រខ្មែរក្រហម និងសង្គ្រាមស៊ីវិលនៅកម្ពុជាចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៩ និងក្រោយរបបខ្មែរក្រហមដួលរលំ។
ដំណើរទស្សនកិច្ចសិក្សានេះ ផ្ដោតសំខាន់ទៅលើការទស្សនាសំណង់អគារដ៏អស្ចារ្យ សង់អំពីឈើប្រណិតមានទំហំធំៗ ដែលបានបង្ហាញពីធនធានធម្មជាតិ និងព្រៃឈើនៅក្នុងស្រុកអន្លង់វែងកាលពីអតីតកាល។ ទីតាំងនៃអគារអមជាមួយពិព័រណ៍រូបថតដែលត្រូវបានរៀបចំដោយមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង សហការជាមួយមន្ទីរទេសចរណ៍ខេត្ដឧត្ដរមានជ័យ បង្ហាញពីទិដ្ឋភាពសង្គ្រាមស៊ីវិលនៅកម្ពុជា, ការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហមជាមួយទាហាន លន់ នល់ និងរូបគំនូរប្រាសាទអង្គរវត្ដ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ចំណែករូបថតសខ្មៅជាច្រើនសន្លឹក បានបង្ហាញពីសោកនាដកម្មនៃសង្គ្រាមស៊ីវិល ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ការទម្លាក់គ្រាប់បែកពីលើយន្ដហោះដោយទាហាន លន់ នល់ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក ការប្រេះស្រាំផ្ទៃក្នុងជាតិ និងសង្គ្រាមរ៉ាំរ៉ៃជិត៣០ឆ្នាំកន្លងមក។ យុវជនទាំងអស់បានផ្ចង់អារម្មណ៍ និងសម្តែងនូវការសោកស្តាយនៅពេលឃើញរូបភាពទាំងអស់នេះ ជាពិសេសគឺទិដ្ឋភាពប្រជាជនកម្ពុជារត់ភៀសខ្លួនទៅរកទីតាំងដែលមានសុវត្ថិភាព នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលបណ្ដាលឱ្យមានការបាត់បង់ជីវិតជាបន្ដបន្ទាប់។
ចំណែកឯពិព័រណ៍ជាច្រើនផ្សេងទៀត បានបង្ហាញអំពីការផ្លាស់ប្តូររបបនយោបាយ និងសង្គ្រាមអស់រយៈកាលយ៉ាងយូរ រវាងកងទ័ពរាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពខ្មែរក្រហមនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រហូតដល់ការបញ្ចប់សង្គ្រាមទាំងស្រុង។ តំបន់អន្លង់វែងត្រូវបានមើលឃើញថា ជាទីតាំងចាប់ផ្តើមនៃសន្ដិភាពចាប់ពីចុងឆ្នាំ១៩៩៨មក។
នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ច សិស្សទាំង៣នាក់យល់ឃើញដូចគ្នាថា ការសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ខ្លួន មិនមែនជាការចងកំហឹង ឬការគុំកួនគ្នាឡើយ ប៉ុន្ដែគឺជាដំណើរការរៀនសូត្រអំពីកំហុសអតីតរបស់ខ្លួន ការកសាង និងថែរក្សាសន្តិភាព ការបង្រួបបង្រួមជាតិ ដែលយុវជនជំនាន់ក្រោយត្រូវតែរួមគ្នា តាមរយៈការចូលរួមក្នុងការផ្សព្វផ្សាយ ការចែករំលែកចំណេះដឹងគ្នាទៅវិញទៅមក ជាពិសេសប្រវត្តិសាស្រ្តរបស់សហគមន៍ខ្លួនកំពុងរស់នៅ។
អត្ថបទ ៖ មេក វិន បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង










