នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ អង្គការនារីដើម្បីសន្តិភាព បានរៀបចំវគ្គបណ្ដុះបណ្ដាលមួយ ស្ដីពី «ព្រឹត្តិការណ៍សហគមន៍ លើកកម្ពស់ការយល់ដឹងស្តីពីការចិញ្ចឹមបីបាច់កូន ដោយឆ្លើយតបនឹងតម្រូវការយេនឌ័រ» ដោយមានសមាសភាពអ្នកភូមិចូលរួមសរុបចំនួន៤៥នាក់ ស្ថិតនៅទីតាំងអគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាលខាងលើ គឺដើម្បីឱ្យឪពុកម្តាយបានយល់ដឹងពីកូន និងគាំទ្រសមភាពយេនឌ័រ ក្មេងប្រុស និងស្រី្តវ័យក្មេង អាចឈានឆ្ពោះទៅសម្រេចសក្តានុពលរបស់ខ្លួនបាន។
វគ្គបណ្ដុះបណ្ដាល បានជួយក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីទស្សនទានយេនឌ័រ តាមរយៈសកម្មភាពសួរ និងឆ្លើយ ដែលជួយឱ្យអ្នកចូលរួមអាចបែងចែកបានយ៉ាងច្បាស់រវាង «ភេទ» និង «យេនឌ័រ» ព្រមទាំងចូលរួមលុបបំបាត់ផ្នត់គំនិតអវិជ្ជមាន ការរឹតត្បិត សម្ពាធសង្គម និងការរើសអើង ផ្សេងៗ ដែលធ្លាប់កើតមាននៅក្នុងសហគមន៍កន្លងមក។ ជាមួយគ្នានេះ ព្រឹត្តិការណ៍ក្នុងវគ្គបណ្តុះបណ្តាលក៏បានលើកទឹកចិត្តឱ្យឪពុកម្តាយ និងអាណាព្យាបាល ក្លាយជាប្រព័ន្ធគាំទ្រដ៏រឹងមាំសម្រាប់កូនៗ ក្នុងការទទួលបានឱកាសបន្តការសិក្សា និងការជ្រើសរើសមុខជំនាញដែលកូនៗពេញចិត្ត រួមទាំងបង្កើតបរិយា កាសបើកចំហរក្នុងការសន្ទនារវាងឪពុកម្តាយនិងកូនៗ ទៅលើប្រធានបទសិទ្ធិ សុខភាពផ្លូវភេទ និងសុខភាពបន្តពូជឱ្យកាន់តែមានប្រសិទ្ធភាព និងជិតស្និទ្ធបន្ថែមទៀត។
អត្ថបទ ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា














