យើងទាំងអស់គ្នាកំពុងរស់នៅលើ «ចំណុចពណ៌ខៀវស្លេក» តែមួយ តើហេតុអ្វីបានជាយើងនៅតែជ្រើសរើសសង្គ្រាម?

នៅខែកុម្ភៈ ឆ្នាំ១៩៩០ យានអវកាស Voyager 1 របស់ NASA បានបង្វែរកាមេរ៉ារបស់ខ្លួនត្រឡប់មកថតផែនដីពីចម្ងាយប្រមាណ ៦,៤ ពាន់លានគីឡូម៉ែត្រ។ ផែនដីបានបង្ហាញខ្លួនជាចំណុចពន្លឺតូចមួយ ដែលអណ្តែតនៅក្នុងភាពងងឹតនៃលំហអាកាស។ លោក Carl Sagan បានហៅថា «ចំណុចពណ៌ខៀវស្លេក» (Pale Blue Dot)។ ពីចម្ងាយបែបនោះ គឺ​មិនមានព្រំដែនប្រទេស​របស់​មនុស្សលោកយើងទេ។ គ្មានកម្ពុជា ឬថៃ រុស្ស៊ី ឬអ៊ុយក្រែន អ៊ីស្រាអែល ឬប៉ាឡេស្ទីន ឡើយ។ គ្មានកងទ័ព ទង់ជាតិ ឬមនោគមវិជ្ជានយោបាយទេ​ គឺមានតែដុំតូចមួយប៉ុណ្ណោះ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី មនុស្សជាតិនៅតែបន្តធ្វើសង្គ្រាម។ សង្គ្រាមនៅអ៊ុយក្រែននៅតែបន្ត។ តំបន់ហ្គាហ្សានៅតែរងការបំផ្លិចបំផ្លាញ។ ប្រទេសស៊ូដង់នៅតែជាប់គាំងក្នុងសង្គ្រាម។ មីយ៉ាន់ម៉ានៅតែទទួលរងការប្រយុទ្ធប្រដាប់អាវុធផ្ទៃក្នុង​ប្រទេស។ កម្ពុជា និងថៃបានប៉ះទង្គិច​ក្នុងសង្រ្គាមជម្លោះព្រំដែនធ្ងន់ធ្ងរក្នុងឆ្នាំ២០២៥ ហើយភាពតានតឹងនេះនៅតែមានតាមបណ្តោយព្រំដែន។ ជម្លោះពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបង្ហាញថា ការប្រឈមមុខផ្នែកយោធាអាចរីករាលដាលយ៉ាងឆាប់រហ័ស ខណៈភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់នៅតែជាបញ្ហាគួរឱ្យព្រួយបារម្ភ។ ក្នុងពេលជាមួយគ្នានេះ ការចំណាយយោធាទូទាំងពិភពលោកបានកើនដល់កម្រិតខ្ពស់​រហូតដល់ ២,៨៨៧ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥។ គ្រោះថ្នាក់មិនមែនមានត្រឹមតែការដែលសង្គ្រាមនៅតែមាននោះទេ ប៉ុន្តែគ្រោះថ្នាក់ដែលពិភពលោកកំពុងប្រឈមគឺ យោធានិយមកំពុងក្លាយជារឿងធម្មតាឡើងវិញ។

ដើម្បីយល់ពីបញ្ហានេះ យើងត្រូវមើលថា តើព្រំដែន និងអត្តសញ្ញាណបានក្លាយជាអំណាចនយោបាយយ៉ាងដូចម្តេច។ អាណានិគមនិយមបានកំណត់ឥទ្ធិពលលើព្រំដែន ស្ថាប័ន និងប្រព័ន្ធចំណេះដឹងជាច្រើននៅសម័យទំនើប។ ឧទាហរណ៍ ព្រំដែនកម្ពុជា–ថៃ ត្រូវបានប៉ះពាល់ដោយកិច្ចព្រមព្រៀងរវាងបារាំង និងសៀម។ នៅឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ ប៉ុន្តែប្រវត្តិសាស្ត្រមិនបានបញ្ចប់ត្រឹមសាលក្រមនោះទេ។ ព្រំដែនបានភ្ជាប់ជាមួយជាតិនិយម អធិបតេយ្យភាព និងការចងចាំអំពីប្រវត្តិសាស្ត្រ។ ខ្សែបន្ទាត់មួយនៅលើផែនទីអាចក្លាយជានិមិត្តសញ្ញានៃមោទនភាពជាតិ។ មោទនភាពអាចបង្កើតសម្ពាធនយោបាយ ហើយសម្ពាធនយោ​បាយអាចនាំទៅរកការចល័តកម្លាំងយោធា និងទីបំផុតនាំទៅរកសង្គ្រាម។

ទស្សន «ការប៉ះទង្គិចរវាងអរិយធម៌» (Clash of Civilizations) របស់ Samuel Huntington ផ្តល់នូវទស្សនមួយផ្សេងទៀត។ មនុស្សកំណត់អត្តសញ្ញាណខ្លួនថាជាខ្មែរ ថៃ អ៊ុយក្រែន រុស្ស៊ី ចិន តៃវ៉ាន់ អ៊ីស្រាអែល ប៉ាឡេស្ទីន ឬអ៊ីរ៉ង់។ អត្តសញ្ញាណផ្តល់ឱ្យយើងនូវអារម្មណ៍ថា យើងជាសមាជិកនៃសហគមន៍មួយ ប៉ុន្តែវាអាចបង្កើតការបែងចែកជា «យើង» និង «ពួកគេ»។ ភាពខុសគ្នាអាចក្លាយជាការសង្ស័យ ការសង្ស័យអាចក្លាយជាការភ័យខ្លាច ហើយការភ័យខ្លាចអាចក្លាយជាការស្អប់។ ទោះជាយ៉ាងណា Huntington មិនអាចពន្យល់អំពីជម្លោះទាំងអស់បាននោះទេ។ អ្នកប្រាជ្ញនៅបន្ទាប់ពីអាណានិគម ដូចជា Edward Said រំឭកឱ្យយើងសួរថា តើអ្នកណាមានអំណាចក្នុងការកំណត់ថា «អ្នកដទៃ» ជានរណា ហើយតើចំណេះដឹង និងអំណាចរបស់អ្នកណាត្រូវបានទទួលស្គាល់។ អាណានិគមនិយម ជាតិនិយម និងអំណាច នៅតែបន្តមានឥទ្ធិពលលើរបៀបដែលសង្គមនានាយល់ពីខ្លួនឯង និងអ្នកដទៃ។

អ៊ុយក្រែន ហ្គាហ្សា និង ស៊ូដង់ បង្ហាញថា សង្គ្រាមមិនអាចត្រូវបានកាត់បន្ថយឱ្យនៅត្រឹមការប៉ះទង្គិចរវាងអរិយធម៌នោះទេ។ អ៊ុយក្រែនឆ្លុះបញ្ចាំងពីការប៉ះទង្គិចរវាងអត្តសញ្ញាណជាតិ ទឹកដី ប្រវត្តិសាស្ត្រ និងអំណាចយោធា។ ហ្គាហ្សា ឆ្លុះបញ្ចាំងពីការប្រសព្វគ្នារវាងទឹកដី អត្តសញ្ញាណ សន្តិសុខ ការបង្ខំឱ្យផ្លាស់ទីលំនៅ និងរបួសផ្លូវចិត្ត​ខាងប្រវត្តិសាស្ត្រ។ ស៊ូដង់ បង្ហាញថា សង្គ្រាមដ៏សាហាវអាចកើតឡើងជាចម្បងបណ្តាលមកពីការតស៊ូដើម្បីអំណាចនយោបាយ និងយោធា។ មនុស្សមិនចាំបាច់មានអរិយធម៌ខុសគ្នាទេ ដើម្បីបង្កើតសត្រូវ។ យើងអាចធ្វើសង្គ្រាមជាមួយមនុស្សមកពីប្រទេសផ្សេង ជាមួយមនុស្សក្នុងប្រទេសតែមួយ ឬសូម្បីតែជាមួយមនុស្សដែលនិយាយភាសាដូចគ្នា និងកាន់សាសនាដូចគ្នា។

ច្រកសមុទ្រ Hormuz ផ្តល់នូវការព្រមានមួយទៀត។ ផ្លូវទឹកតូចចង្អៀតនេះ គឺជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការដឹកជញ្ជូនតាមសមុទ្រអន្តរជាតិ ហើយថាមពលសកលមួយភាគដ៏សំខាន់ត្រូវឆ្លងកាត់ទីនេះ។ ខ្ញុំមានអារម្មណ៍រន្ធត់​ នៅពេលខ្ញុំបានអានសេចក្តីថ្លែងការណ៍ថ្មីៗរបស់ Donald Trump ដែលថា លោកនឹងប្រកាសឱ្យច្រកសមុទ្រ Hormuz ក្លាយជាទឹកដីរបស់សហរដ្ឋអាមេរិកក្នុងពេលឆាប់ៗ។ សម្តីនេះមិនថាវាជាវោហារសាស្ត្រនយោបាយ ឬជាសំណើជាក់ស្តែងក៏ដោយ ប៉ុន្តែសេចក្តីថ្លែងការណ៍នេះបានធ្វើឱ្យខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង។ វាធ្វើឱ្យខ្ញុំគិតថា បញ្ហាអធិបតេយ្យភាព និងការគ្រប់គ្រងទឹកដីអាចប្រែក្លាយយ៉ាងឆាប់រហ័សទៅជាដើមហេតុនៃការប្រឈមមុខគ្នា​ ដូចដែលប្រទេសមហាអំណាច​បាន​ដើរ​វាយដណ្តើម​យក​ប្រទេស​តូចគ្មានអំណាច​ដើម្បីគ្រប់គ្រង នៅក្នុង​គោលបំណងពង្រីកពង្រឹងសេដ្ឋកិច្ច​របស់ខ្លួននៅអំឡុងសករាជ​វាតទីអាណានិគម។ នៅពេលមេដឹកនាំដែលមានអំណាចនិយាយដូចជាទឹកដីអាចត្រូវបានរំលោភបំពាន​ដើម្បីកាន់កាប់ ឬរៀបចំឡើងវិញតាមអំពើចិត្ត គំនិតនេះនឹង​អាច​ធ្វើ​ទៅបានដូចជាធម្មតា ប៉ុន្តែវាជាអ្វីដែលយើងគួរព្រួយបារម្ភយ៉ាងខ្លាំង។

ច្រកសមុទ្រតៃវ៉ាន់បង្ហាញពីបញ្ហាសន្តិសុខស្រដៀងគ្នានេះដែរ។ ចិនចាត់ទុកតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន និងមិនបានបោះបង់ជម្រើសប្រើកម្លាំង ខណៈតៃវ៉ាន់កំពុងពង្រឹងសមត្ថភាពការពារខ្លួន ហើយសហរដ្ឋអាមេរិកនៅតែមានតួនាទីយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងតំបន់។ ភាគីនីមួយៗអាចចាត់ទុកសកម្មភាពរបស់ភាគីម្ខាងទៀតថាជាការគំរាមកំហែង។ ចិនពង្រឹងកងទ័ព តៃវ៉ាន់ពង្រឹងការការពារ ហើយសហរដ្ឋអាមេរិកពង្រឹងវត្តមានយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងតំបន់។ ការទប់ស្កាត់អាចជួយការពារសង្គ្រាម ប៉ុន្តែវាអាចបង្កើតអសន្តិសុខជាអចិន្ត្រៃយ៍។ គ្រោះថ្នាក់មិនមែនមានត្រឹមការឈ្លានពានទេ។ វាអាចជាការវាយតម្លៃខុស ដូចជា សមយុទ្ធយោធាត្រូវបានយល់ច្រឡំ ការតាម​ស្ទាក់​យន្តហោះចម្បាំង ជាដើម ឬសេចក្តីថ្លែងការណ៍នយោបាយមួយត្រូវបានបកស្រាយថាជាការបង្កហេតុ។ ទាំងអស់នេះសុទ្ធតែជាកង្វល់​ដែលជាហេតុនៃភាពតានតឹង និង​ការប៉ះទង្គិច​។​

ការផ្លាស់ប្តូររបស់ប្រទេសជប៉ុនពីសន្តិភាពនិយម និងការកើនឡើងនៃសមត្ថភាពយោធារបស់ពិភពលោក រួមជាមួយការបន្តមានអាវុធនុយក្លេអ៊ែរ បង្ហាញពីភាពផ្ទុយគ្នាដ៏គួរឱ្យព្រួយបារម្ភមួយទៀត។ ប្រសិនបើគ្រប់ប្រទេសឆ្លើយតបនឹងអសន្តិសុខដោយបង្កើនការបំពាក់អាវុធឱ្យកាន់តែច្រើន ពិភពលោកអាចនឹងកាន់តែមិនមានសុវត្ថិភាព។ SIPRI ប៉ាន់ប្រមាណថា នៅដើមឆ្នាំ២០២៦ រដ្ឋចំនួន ៩ មានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ ១២​,១៨៧ គ្រាប់។ ការទប់ស្កាត់ដោយប្រើ​អាវុធនុយក្លេអ៊ែរ នៅទីបំផុតពឹងផ្អែកលើការវិនិច្ឆ័យរបស់មនុស្ស​ ហើយមនុស្សអាចធ្វើការវាយតម្លៃខុស។

ប្រហែលជាអាវុធដែលគ្រោះថ្នាក់បំផុត មិនមែនជាមីស៊ីល ឬនុយក្លេអ៊ែរទេ  ប៉ុន្តែជាគំនិតអំពី «សត្រូវ»។ អាវុធមិនចេះស្អប់ទេ។ មនុស្សជាអ្នកបង្កើតគំនិតថា តើអ្នកណាគួរត្រូវបានការពារ និងអ្នកណាគួរត្រូវបានចាត់ថា​ជាក្រុមគ្រោះថ្នាក់សម្រាប់ក្រុមខ្លួន។ ប្រវត្តិសាស្ត្ររំឭកយើងអំពីរបៀបដែលអំណាចអាចកំណត់ព្រំដែន និងអត្តសញ្ញាណ​របស់មនុស្ស។ Huntington រំឭកយើងថា អត្តសញ្ញាណអាចបែងចែកមនុស្ស។ ចំណែក Sagan រំឭកយើងថា ការបែងចែកទាំងអស់នេះកើតឡើងនៅលើភពតូច និងងាយរងគ្រោះតែមួយនេះ។

សូមស្រមៃថា Voyager 1 កំពុងសម្លឹងមើលផែនដីពីចម្ងាយនៅថ្ងៃនេះ ដែល​នឹងមិនឃើញ អ៊ុយក្រែន ហ្គាហ្សា ស៊ូដង់ ព្រំដែនកម្ពុជា–ថៃ តៃវ៉ាន់ អ៊ីរ៉ង់ ឬឃ្លាំងអាវុធនុយក្លេអ៊ែរទេ។ វានឹងឃើញតែពិភពពណ៌ខៀវតូចមួយដដែល។

នេះមិនមានន័យថា ព្រំដែន អធិបតេយ្យភាព ឬ សន្តិសុខជាតិមិនសំខាន់នោះទេ។ វាសំខាន់។ ប៉ុន្តែខ្សែព្រំដែនគ្រប់ប្រទេស និងកងទ័ពទាំងអស់​ សុទ្ធតែមានទីតាំងនៅលើភពតែមួយ។ គ្រប់សង្គ្រាមកើតឡើងនៅទីនេះ។ ជនភៀសខ្លួនគ្រប់រូបត្រូវបានបង្ខំឱ្យចាកចេញពីកន្លែងមួយទៅកន្លែងមួយនៅលើភពនេះ។ ទីក្រុងដែលត្រូវបានបំផ្លាញគ្រប់ទីកន្លែង សុទ្ធតែជាផ្នែកមួយនៃភពនេះ។ កុមារគ្រប់រូបដែលកើតក្នុងសង្គ្រាម កើតនៅទីនេះដែរ។ យើងគ្មានកន្លែងផ្សេងទៀតឡើយ។

Sagan បានពិពណ៌នាផែនដីថា ជា «ដុំដ៏តូចមួយនៅក្នុងលំហអាកាសដ៏ធំធេង»។ លោកបានព្រមានអំពីទន្លេឈាមដែលត្រូវបានបង្ហូរដោយមេទ័ព និងអធិរាជ ដើម្បីស្វែងរកការគ្រប់គ្រងជាបណ្តោះអាសន្នលើផ្នែកតូចមួយនៃពិភពលោកដ៏តូចនេះ។ ទស្សនរបស់លោកនៅតែមានភាពពាក់ព័ន្ធយ៉ាងឈឺចាប់ជាមួយពិភពលោកសព្វថ្ងៃ។

យើងបានរៀនពីរបៀបធ្វើដំណើរទៅកាន់លំហអាកាស បំបែកអាតូម បង្កើតអាវុធដែលអាចបំផ្លាញទីក្រុង និងបញ្ជូនម៉ាស៊ីនទៅឆ្ងាយហួសពីភពផែនដីរបស់យើង។ ប៉ុន្តែ តើយើងបានរៀនពីរបៀបរស់នៅជាមួយគ្នាដែរឬទេ?

អង្គការសហប្រជាជាតិអំពាវនាវឱ្យយើងជ្រើសរើសសន្តិភាព ការចរចា និងច្បាប់អន្តរជាតិ។ យើងគ្មានផែនដីទីពីរ គ្មានផ្ទះទីពីរ និងគ្មានឱកាសទីពីរឡើយ។

យើងទាំងអស់គ្នាកំពុងរស់នៅលើ​ផែនដីដែលជា​ចំណុចពណ៌ខៀវតូចស្លេកតែមួយ។ ប្រហែលជាដល់ពេលហើយ ដែលយើងគួរគិតឡើង​វិញថា ប្រសិន​បើ​យើង​មិនអាច​រស់​នៅជាមួយគ្នា​បាន​ តើ​មានកន្លែង​ណាទៀតដែល​យើង​អាចរស់នៅបាន?​

អត្ថបទ ៖ ព្រំ ផល្លា អនុបណ្ឌិតផ្នែកសន្តិភាព និងការផ្សះផ្សាពីសាកលវិទ្យាល័យ Coventry ចក្រភពអង់គ្លេស

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖