វីរកងទ័ព ដុញ ដឿប ៖ ទោះបីត្រូវលះបង់ជីវិត នៅតែគិតគូដល់ឪពុកម្តាយ

នៅពេលទទួលបានប្រាក់ខែលើកដំបូង វីរកងទ័ព ដុញ ដឿប បានទូរសព្ទប្រាប់ឪពុកថា ខ្ញុំមិនទាន់ផ្ញើប្រាក់ខែមកផ្ទះទេ ចាំពេលកូនបានច្បាប់ឈប់សម្រាកទៅលេងផ្ទះ កូននឹងយកប្រាក់ខែប្រគល់ជូនពុកម៉ែដោយផ្ទាល់តែម្តង។ ឪពុករបស់វីរកងទ័ពវ័យក្មេង ដុញ ដឿប ដែលបានពលីនៅសមរភូមិតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បានរៀបរាប់រឿងរ៉ាវក្រុមគ្រួសារ និងកូនប្រុសជាទីស្រឡាញ់របស់ខ្លួនដូចខាងក្រោម៖

ខ្ញុំបាទឈ្មោះ ហឿន ដុញ អាយុ៥១ឆ្នាំ មានប្រពន្ធឈ្មោះ កិ ដឿម អាយុ៥០ឆ្នាំ ប្រកបរបរធ្វើស្រែចម្ការ និងរស់នៅក្នុងភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ប្តីប្រពន្ធខ្ញុំមានកូនចំនួន៣នាក់ គឺប្រុស២នាក់ និងស្រី១នាក់ ក្នុងនោះកូនប្រុសច្បងមានឈ្មោះ ដុញ ដឿប កូនប្រុសទីពីរឈ្មោះ ដុញ ណាលីន និងកូនស្រីទីបីឈ្មោះ ដុញ វាសនា។ កូនៗរបស់ខ្ញុំ ជាពិសេសកូនប្រុស ដុញ ដឿប មានអត្តចរិតស្លូតបូត ឧស្សាហ៍ព្យាយាម ដឹងខុសត្រូវ និងតែងតែជួយឪពុកម្តាយធ្វើស្រែចម្ការ។

កូនប្រុសរបស់ខ្ញុំឈ្មោះ ដុញ ដឿប មានអាយុ២២ឆ្នាំ និងបានរៀនចប់ថ្នាក់ទី១២ នៅវិទ្យាល័យបន្ទាយអំពិល ស្ថិតនៅក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្នុងឆ្នាំ២០២៤។

នៅចុងខែមិថុនា ឆ្នាំ២០២៥ កូនប្រុសខ្ញុំបានស្ម័គ្រចិត្តចូលបម្រើកងទ័ពនៅផ្នែកសឹករងស្រុកថ្មពួក តំបន់ប្រតិបត្តិការសឹកខេត្តបន្ទាយមានជ័យ ចំណុះយោធភូមិភាគទី៤។ បន្ទាប់មក កូនប្រុសខ្ញុំត្រូវបានថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទបញ្ជូនទៅហ្វឹកហាត់នៅសាលាពលទាហានទី៤ (តាកុះ) ចំណុះយោធភូមិទី៤ ក្របខណ្ឌកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប រយៈពេលបីខែ។

នៅពេលប៉ះទង្គិចប្រដាប់អាវុធរវាងកម្ពុជា និងថៃ លើកទីមួយ ក្នុងខែកក្កដា ឆ្នាំ២០២៥ កូនប្រុសរបស់ខ្ញុំមិនទាន់បានចេញទៅសមរភូមិផ្ទាល់នោះទេ ពីព្រោះនៅកំពុងហ្វឹកហ្វឺនក្នុងសាលាពលទាហានទី៤នៅឡើយ។

ក្រោយពីបានបញ្ចប់វគ្គហ្វឹកហ្វឺនដោយជោគជ័យនៅចុងខែតុលា ឆ្នាំ២០២៥ កូនប្រុសរបស់ខ្ញុំត្រូវបានថ្នាក់ដឹកនាំចាត់តាំងឱ្យទៅបំពេញភារកិច្ច និងប្រចាំការនៅតំបន់បឹងត្រកួន ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ចាប់តាំងពីពេលចេញទៅបំពេញបេសកកម្ម កូនប្រុសរបស់ខ្ញុំមិនទាន់បានច្បាប់ឈប់សម្រាកមកលេងផ្ទះឡើយ ប៉ុន្តែខ្ញុំនិងភរិយាតែងតែធ្វើដំណើរទៅសួរសុខទុក្ខកូនជាញឹកញាប់ ដោយបានយកម្ហូបអាហារ និងសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗទៅឱ្យកូន និងផ្ដល់កម្លាំងចិត្តដល់កូនប្រុសដែលកំពុងបំពេញភារកិច្ចការពារជាតិ។

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ខ្ញុំបានទូរសព្ទទៅសួរសុខទុក្ខកូនប្រុសដូចរាល់ដង។ នៅថ្ងៃនោះ យើងទាំងពីរនាក់ឪពុក និងកូនមិនបានជជែកគ្នាច្រើនទេ ខ្ញុំគ្រាន់តែសួរនាំកូនថា៖ «កូននៅទីនោះសុខសប្បាយទេ? មានអី្វប្រែប្រួលទេកូន?» ភ្លាមនោះ កូនប្រុសខ្ញុំបានឆ្លើយតបមកវិញថា៖ «មិនអីទេពុក ពុកកុំបារម្ភ កូននៅទីនេះមិនអីទេ»។  ខ្ញុំមិននឹកស្មានទាល់តែសោះថា ពាក្យសម្តីប៉ុន្មានម៉ាត់របស់កូន បានក្លាយទៅជាសម្ដីចុងក្រោយបង្អស់ដែលខ្ញុំបានឮពីកូនប្រុសរបស់ខ្ញុំ។ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ គ្រួសាររបស់ខ្ញុំបានទទួលដំណឹងដ៏តក់ស្លុតបំផុតពីថ្នាក់លើរបស់កូនប្រុសខ្ញុំ ដែលបានទំនាក់ទំនងឱ្យអាជ្ញាធរភូមិ-ឃុំមកប្រាប់ខ្ញុំថា៖ «កូនប្រុសរបស់ខ្ញុំបានពលីជីវិតនៅក្នុងសមរភូមិហើយ»។ នៅពេលទទួលដំណឹងដ៏អកុសលនេះភ្លាម ខ្ញុំនិងសមាជិកគ្រួសារទាំងមូល ពិតជាមានអារម្មណ៍វិលវល់ ខ្លោចផ្សា និងមិនអាចទទួលយកការពិតនេះបានឡើយ។ អ្វីដែលធ្វើឱ្យគ្រួសារខ្ញុំស្ថិតក្នុងស្ថានភាពលំបាកទ្វេដងនោះ គឺដំណឹងនៃការបាត់បង់កូនប្រុសដ៏រន្ធត់នេះស្របពេលដែលក្រុមគ្រួសារខ្ញុំកំពុងតែរត់ភៀសខ្លួនពីផ្ទះ ទៅស្នាក់នៅមណ្ឌលជនភៀសសឹកក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

ខណៈពេលសភាពការណ៍នៅសមរភូមិបឹងត្រកួនមានភាពតានតឹងខ្លាំង កងកម្លាំងកម្ពុជាមិនអាចចូលទៅយកសពកូនប្រុសរបស់ខ្ញុំបានភ្លាមៗទេ លុះត្រាតែក្រោយ «បទឈប់បាញ់» រយៈពេលមួយសប្តាហ៍ ទើបកងទ័ពកម្ពុជាចូលទៅយកសាកសពកូនប្រុសរបស់ខ្ញុំចេញពីតំបន់បឹងត្រកួនយកមកតម្កល់នៅវត្តចម្ការខ្នុរ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីថ្នាក់ដឹកនាំ និងរដ្ឋបាលខេត្តបន្ទាយមានជ័យរៀបចំប្រារព្ធពិធីបុណ្យសពតាមប្រពៃណីសាសនា ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធកូនប្រុសរបស់ខ្ញុំឱ្យបានសមរម្យ។

ទោះបីជាស្ថិតក្នុងស្ថានភាពដ៏តានតឹងយ៉ាងណា កូនខ្ញុំតែងតែប្រាប់ឪពុកម្តាយថាមិនអី ដើម្បីកុំឱ្យខ្ញុំ និងក្រុមគ្រួសារមានការព្រួយបារម្ភ។ កូនប្រុសខ្ញុំបានបំពេញភារកិច្ចជាកូនកតញ្ញូ ហើយអ្វីដែលធ្វើឱ្យយើងជាឪពុកម្តាយមានក្តីរំភើបក្នុងចិត្ត និងអាណិតកូនជាពន់ពេក គឺនៅពេលដែលកូនបើកប្រាក់ខែលើកដំបូងនៅចុងខែវិច្ឆិកា ឆ្នាំ២០២៥ ពេលកូនប្រុសខ្ញុំបានទូរសព្ទមកប្រាប់ខ្ញុំថា ខ្ញុំមិនទាន់ផ្ញើលុយប្រាក់ខែមកផ្ទះទេ ចាំពេលកូនបានច្បាប់ឈប់សម្រាកមកលេងផ្ទះ កូននឹងយកប្រាក់ខែមកប្រគល់ជូនពុកម៉ែដោយផ្ទាល់តែម្តង។ ចាប់តាំងពីពេលបើកប្រាក់ខែនោះ រហូតដល់ថ្ងៃដែលកូនខ្ញុំបានពលីជីវិត កូនខ្ញុំបានចំណាយអស់តែប្រមាណ៣០ម៉ឺនរៀលតែប៉ុណ្ណោះ។ ចំណែកប្រាក់ខែដែលនៅសេសសល់ទាំងអស់ចំនួន៩០ម៉ឺនរៀល ត្រូវបានកងកម្លាំងនគរបាល ត្រួតពិនិត្យរកឃើញនៅក្នុងកាបូបលុយរបស់កូនខ្ញុំ និងបាននាំយកមកប្រគល់ជូនខ្ញុំដែលជាឪពុកម្តាយវិញទាំងអស់។ នេះសបញ្ជាក់ឱ្យឃើញថា ទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណា កូនខ្ញុំនៅតែសន្សំសំចៃ និងគិតគូរដល់ពុកម៉ែជានិច្ច។

កូនប្រុសខ្ញុំ គឺជាកូនដ៏ល្អនៅក្នុងគ្រួសារ និងជាវីរកុលបុត្រខ្មែរអង់អាចក្លាហានម្នាក់ ដែលបានបំពេញភារកិច្ចការពារជាតិមាតុភូមិរហូតដល់ដង្ហើមចុងក្រោយ។

អត្ថបទ ៖ កែវ សុភី បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖