ខ្ញុំឈ្មោះ ថ្លាង ហេវ អាយុ៨០ឆ្នាំ សព្វថ្ងៃរស់នៅភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ ឡូយ និងម្ដាយឈ្មោះ អូន ប៉ុន្តែអ្នកទាំងពីរបានស្លាប់អស់ហើយ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ គឺប្រុសចំនួន២នាក់ និងស្រីចំនួន៥នាក់។ បច្ចុប្បន្ន បងប្អូនខ្ញុំនៅមានជីវិតតែ៤នាក់តែប៉ុណ្ណោះរួមទាំងខ្ញុំ។ ខ្ញុំមានប្ដីឈ្មោះ សុត សឹង និងមានកូនចំនួន៨នាក់ គឺកូនប្រុសចំនួន៣នាក់ និងកូនស្រីចំនួន៥នាក់ ក្នុងចំណោមនោះមានកូនប្រុសម្នាក់បានស្លាប់។
នៅចន្លោះពីឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៥ ប្រទេសកម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់ លន់ នល់ ពេលនោះនៅក្នុងភូមិរបស់ខ្ញុំរស់នៅពុំមានការទម្លាក់គ្រាប់បែកទេ។ ប៉ុន្តែខ្ញុំឮព័ត៌មានថា មានការទម្លាក់គ្រាប់បែកនៅភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ដូច្នេះ គ្រួសារខ្ញុំបាននាំគ្នាជីកលេណដ្ឋានដើម្បីទុកការពារខ្លួនពីការទម្លាក់គ្រាប់បែក។ ខ្ញុំរស់នៅក្នុងភូមិរហូតដល់របបខ្មែរក្រហមឡើងគ្រប់គ្រងប្រទេស នៅឆ្នាំ១៩៧៥។
នៅឆ្នាំ១៩៧៦ ខ្មែរក្រហមបានបែងចែកវណ្ណៈប្រជាជន ដោយខ្ញុំនៅក្នុងក្រុម ប្រជាជនត្រៀម គឺត្រូវធ្វើការងារឱ្យខ្លាំងក្លា លើសពីប្រជាជនពេញសិទ្ធិ រហូតដល់ឆ្នាំ១៩៧៨។ នៅរដូវវស្សា កម្មាភិបាលខ្មែរក្រហម បានបញ្ជូនខ្ញុំទៅក្នុងកងចល័តលេខ១ ដោយប្រើឱ្យធ្វើស្រែ និងដកស្ទូង។ កងចល័តលេខ១ គឺខ្មែរក្រហមកំណត់ឱ្យមានសមាជិកចំនួន១៥នាក់។ ក្នុងចំណោមសមាជិក១៥នាក់ គឺមានមនុស្សប្រុសចំនួន៣នាក់សម្រាប់ភ្ជួរស្រែ។ កម្មាភិបាលខ្មែរក្រហមកំណត់ឱ្យកងចល័តលេខ១ស្ទូងស្រែទំហំដី១ហិកតា និងដកសំណាបឱ្យបាន២ផ្លូនសម្រាប់មនុស្សម្នាក់ ត្រឹមរយៈពេលមួយព្រឹក។ កងរបស់ខ្ញុំស្ទូងលឿនស្រុះដៃគ្នាល្អណាស់ ដូចនេះយើងបានឈប់សម្រាកត្រឹមម៉ោង៤រសៀល។ នៅអំឡុងពេលនោះ ខ្ញុំស្ទូងរហូតដល់បាក់ក្រចកដៃស្ទើរតែគ្រប់ម្រាមទាំងអស់។ ចូលដល់រដូវប្រាំង កម្មាភិបាលខ្មែរក្រហមបានបញ្ជូនខ្ញុំទៅច្រូតស្រូវ និងលើកប្រព័ន្ធភ្លឺស្រែនៅវត្តក្អែក ដោយកំណត់ក្នុងមួយថ្ងៃឱ្យបានប្រវែង៥ម៉ែត្រ។ អំឡុងពេលធ្វើការ ប្រធានកងបានស្រែកបញ្ជាតាមមេក្រូជានិច្ច។ នៅតាមកងនីមួយៗ គឺមានគ្រូពេទ្យស្ពាយកាតាបដាក់ថ្នាំតាមខ្លួនទុកព្យាបាលសមាជិកកងដែលឈឺ។ ពេលនោះ ខ្ញុំឃើញមានថ្នាំបន្ទះៗ ដូចជាថ្នាំប៉ារ៉ាបច្ចុប្បន្នដែរ។ ចំណែកអ្នកចែកថ្នាំមានឈ្មោះ តាង៉ុន គឺជាប្រធានភូមិ និង តាយ៉េង គឺជាអនុប្រធានភូមិ។
បន្ទាប់មក កម្មាភិបាលខ្មែរក្រហម បានបញ្ជូនខ្ញុំទៅជីករំលើងគល់ឈើនៅភូមិត្រពាំងខ្លូត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីរានដីធ្វើស្រែ។ ដោយសារខ្ញុំធ្វើការងារបានល្អ និងធ្វើគ្រប់តាមផែនការកំណត់ ហេតុនេះកម្មាភិបាលខ្មែរក្រហម មិនដែលធ្វើបាបខ្ញុំទេ។ ខ្ញុំធ្វើការមិនមានពេលវេលាឈប់សម្រាកឡើយ គឺធ្វើរហូតដល់មេកងវាយជួង ទើបខ្ញុំអាចឡើងមកហូបបាយ។ ខ្ញុំ និងប្ដីរបស់ខ្ញុំ មិនបានរស់នៅជួបជុំគ្នាទេ ព្រោះគាត់ត្រូវបានកម្មាភិបាលខ្មែរក្រហមបញ្ជូនឱ្យទៅធ្វើការនៅតាមកងឡើងត្នោត នៅភូមិអង្គរនាប ឃុំត្រាំកក់។ រយៈពេលកន្លះខែឬមួយខែ ទើបគាត់អាចសុំប្រធានកងមកលេងផ្ទះម្ដង។ ពេលប្ដីរបស់ខ្ញុំមកលេងផ្ទះ គឺបានត្រឹមរយៈពេល១ម៉ោង គឺត្រូវត្រឡប់ទៅកងរបស់គាត់វិញ។ នៅភូមិត្រពាំងខ្លូតដែលខ្ញុំធ្វើការ កម្មាភិបាលខ្មែរក្រហមបានបង្កើតជាសហករណ៍ ហើយឱ្យប្រជាជនទាំងអស់រស់នៅរួមគ្នា ហូបចុករួមគ្នា និងចែករំលែកការកម្សាន្ដរួមគ្នា។ របបអាហារដែលខ្ញុំទទួលបាន គឺបាយចំនួនមួយវែក សម្រាប់មនុស្សម្នាក់ ហូបជាមួយសម្លត្រកួន និងព្រលិត។ នៅរោងបាយសហករណ៍ គឺមានតុបាយមួយ និងឆ្នាំងសម្លមួយដាក់ចំពាក់កណ្ដាលតុបាយ។ ចុងភៅបានរៀបចំឱ្យកងចល័តអង្គុយហូបជុំគ្នាដោយក្នុងមួយក្រុមមានចំនួន៤នាក់។ សំណាងល្អរបស់ខ្ញុំដែលមានប្រធានកងស្លូត បានរៀបចំអាហារមានជាតិសាច់ និងបង្អែម ក្នុងមួយសប្ដាហ៍ម្ដង។
ក្នុងរបបខ្មែរក្រហម កូនរបស់ខ្ញុំចំនួន២នាក់ ត្រូវកម្មាភិបាលខ្មែរក្រហមបញ្ជូនទៅដាក់ក្នុងកងកុមារ និងប្រើឱ្យដើររើសអាចម៍គោ និងដើរកាប់ដើមទន្ទ្រានខែត្រនៅតាមភូមិ។ ប៉ុន្តែកូនរបស់ខ្ញុំមិនបានរៀនសូត្រទេ ព្រោះមិនមានសាលារៀន មិនមានវត្តអារាម និងប្រពៃណីទំនៀមទម្លាប់ទាំងអស់។ កម្មាភិបាលខ្មែរក្រហមផ្ដោតសំខាន់លើការធ្វើស្រែតែមួយមុខតែប៉ុណ្ណោះ។ កាលនោះ ការធ្វើស្រែទទួលបានផលច្រើនណាស់។ កម្មាភិបាលខ្មែរក្រហមកំណត់ឱ្យប្រជាជនធ្វើស្រែឱ្យបានចំនួន៣តោនក្នុង១ហិកតា។ ប្រជាជនទាំងអស់ ត្រូវបានកម្មាភិបាលខ្មែរក្រហមដកហូតទ្រព្យសម្បត្តិឯកជន និងរស់នៅគ្មានសិទ្ធិសេរីភាពឡើយ។ ព្រះសង្ឃត្រូវខ្មែរក្រហមចាប់ផ្សឹក ឬសឹកដោយខ្លួនឯង រួចហើយបញ្ជូនឱ្យទៅធ្វើការនៅតាមការដ្ឋានដូចប្រជាជនទូទៅដែរ។ នៅក្នុងរបបខ្មែរក្រហមខ្ញុំបាត់បង់ប្អូនប្រុសម្នាក់ឈ្មោះ មី។ ប្អូនប្រុសរបស់ខ្ញុំត្រូវបានកម្មាភិបាលខ្មែរក្រហមបញ្ជូនឱ្យទៅធ្វើការក្នុងកងយុវជន នៅតំបន់កំពង់ឈូក និងបាត់ខ្លួនរហូត។ ខ្ញុំធ្លាប់ឃើញកម្មាភិបាលខ្មែរក្រហមបញ្ជូនបុរសចំនួន២នាក់ឈ្មោះ តាអ៊ួក និង តាញឿន រស់នៅភូមិត្រពាំងខ្លូត ទៅសម្លាប់នៅភូមិបឹងម្កាក់។ ខ្ញុំមិនដឹងថាអ្នកទាំងពីរប្រព្រឹត្តអី្វខុសទេ។
នៅដើមឆ្នាំ១៩៧៩ ពេលរបបខ្មែរក្រហមដួលរលំ ខ្ញុំ និងក្រុមគ្រួសារបានរត់ភៀសខ្លួនទៅដល់ភូមិខ្លាជល់ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ក្រោយមក ទើបខ្ញុំត្រឡប់មកស្នាក់នៅភូមិថ្មកែវ និងភូមិស្រែជា បានមួយរយៈខ្លី ទើបជួបកងទ័ពស្ម័គ្រចិត្តវៀតណាម ហើយកងទ័ពវៀតណាមប្រាប់ខ្ញុំឱ្យនាំក្រុមគ្រួសារត្រឡប់មកខេត្តតាកែវវិញ។ ដំបូងខ្ញុំមិនហ៊ានត្រឡប់ចូលក្នុងភូមិទេ។ រយៈពេលកន្លះខែក្រោយមកពេលសភាពការណ៍ស្ងប់ស្ងាត់ ទើបខ្ញុំចូលមករស់នៅជួបជុំជាមួយក្រុមគ្រួសារក្នុងភូមិកំណើតវិញ។
បច្ចុប្បន្ននេះ ខ្ញុំមានជំងឺឈឺភ្នែក ជំងឺខ្សោយបេះដូង និងឈឺក្បាលជង្គង់។ ជំងឺទាំងអស់នេះកើតមានរយៈពេល១០ឆ្នាំមកហើយ។ កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំធ្លាប់បានទៅព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត នៅទីក្រុងភ្នំពេញ។ ក្រោយមក ដោយសារពេទ្យនៅឆ្ងាយ និងពិបាកធ្វើដំណើរ ដូច្នេះខ្ញុំហៅគ្រូពេទ្យក្នុងភូមិមកព្យាបាលជំងឺខ្ញុំនៅផ្ទះ។
អត្ថបទ ៖ ជីម សុខគា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



