«រឿងរ៉ាវលំបាកវេទនានៃការធ្វើការងារហួសកម្លាំង របបអាហារលាយដើមល្ហុងមិនឆ្អែតក្រពះ និងការបាត់បង់មិត្តរួមក្រុមចល័តជិត២០នាក់ ដែលត្រូវខ្មែរក្រហមដឹកយកទៅសម្លាប់ក្នុងព្រៃ គឺជាស្រមោលអតីតកាលដ៏ឈឺចាប់ដែលខ្ញុំមិនអាចបំភ្លេចបាន។ ប៉ុន្តែភាពត្រជាក់ត្រជុំ និងការស្ដារឡើងវិញនូវសណ្ដាប់ធ្នាប់ភូមិឃុំក្រោយថ្ងៃរំដោះ បានប្រែក្លាយទំព័រជីវិតថ្មីនៅលើទឹកដីបុរីអូរស្វាយសែនជ័យរបស់ខ្ញុំ» ។
ខ្ញុំឈ្មោះ ដួង សាម៉ន អាយុ៧៦ឆ្នាំ កើតនៅភូមិកាំងដីសរ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ បច្ចុប្បន្នខ្ញុំមករស់នៅភូមិអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។ ឪពុករបស់ខ្ញុំឈ្មោះ ដួង ញ្ញាណ (ស្លាប់) និងម្ដាយឈ្មោះ ម៉ែន ធា (ស្លាប់)។ ខ្ញុំមានបងប្អូនបង្កើតចំនួន៣នាក់ ក្នុងនោះមានប្រុសម្នាក់។ កាលពីក្មេង រៀនបានត្រឹមថ្នាក់ទី៩ ពីសង្គមចាស់។ ខ្ញុំបានរៀបការនៅក្នុងឆ្នាំ១៩៧៧ ជាមួយប្ដីឈ្មោះ ម៉ាន់ លីហ៊ គឺជាយោធាខ្មែរក្រហម ចំណែកខ្ញុំគឺជាប្រធានកងចល័ត មើលការខុសត្រូវសមាជិកចំនួន១០០នាក់។ ក្រោយរៀបការ ប្ដីប្រពន្ធខ្ញុំមានកូនប្រុសចំនួន៣នាក់។
ខ្ញុំគឺជាអ្នកចំណូលថ្មីមកពីខាងភូមិកាំងដីសរ ចំណែកប្ដីរបស់ខ្ញុំមានស្រុកកំណើតដើមនៅអូរស្វាយ ឃុំអូរស្វាយ នេះតែម្តង។ ខ្ញុំធ្លាប់ឮប្ដីនិយាយថា កាលសម័យសង្គមរាស្ត្រនិយម ព្រះករុណា សម្ដេចព្រះ នរោត្តម សីហនុ ព្រះអង្គបានរៀបចំបង្កើតភូមិអូរស្វាយ និងកសាងផ្ទះកាឡុងជាច្រើនខ្នង ដើម្បីចែកជូនប្រជាជនរស់នៅ ដោយក្នុងនោះឪពុកក្មេករបស់ខ្ញុំបានទទួលផ្ទះមួយខ្នងពីព្រះអង្គ។
សម្ដេចព្រះ នរោត្តម សីហនុ បានកសាងតំបន់នេះឡើងក្នុងគោលបំណងការពារទឹកដីមាតុភូមិ កុំឱ្យមានប្រទេសជិតខាងមកឈ្លានពាន និងបៀតបៀន។ ព្រះអង្គបានកសាងទាំងស្តូបអនុស្សាវរីយ៍ មន្ទីរពេទ្យ រោងតម្បាញ និងរចនាសម្ព័ន្ធផ្លូវខ្វាត់ខ្វែង។
នៅពេលដែលរបបខ្មែរក្រហមចូលមកដំបូង ខ្មែរក្រហមបានជម្លៀសប្រជាជននៅឃុំអូរស្វាយទាំងអស់ឱ្យទៅរស់នៅតំបន់ញើន។ កាលនោះប្រជាជនត្រូវជម្លៀសដោយថ្មើរជើង។ ខ្មែរក្រហមបានគំរាម និងបំភ័យប្រជាជនថា៖ «ប្រសិនបើអ្នកណាមិនព្រមចាកចេញ នោះអាមេរិកាំងនឹងមកទម្លាំងគ្រាប់បែក»។ ពេលទៅដល់តំបន់ញើន ខ្មែរក្រហមបានបង្ខំប្រជាជនឱ្យធ្វើស្រែចម្ការ និងលើកទំនប់ រួមទាំងរៀបចំប្រជាជនឱ្យហូបរួមគ្នា ដោយមួយថ្ងៃហូប៣ពេល ប៉ុន្តែក្នុងមួយពេលៗ គឺប្រជាជនទទួលបានបបរតែមួយកូនចានចង្កឹះតែប៉ុណ្ណោះ ដែលធ្វើឱ្យប្រជាជនជួបប្រទះការអត់ឃ្លាន និងលំបាកវេទនាយ៉ាងខ្លាំង។ ដោយឡែក ពេលខ្មែរក្រហមឡើងកាន់អំណាច នៅខែមេសា ឆ្នាំ១៩៧៥ ខ្ញុំកំពុងរស់នៅភូមិកាំងដីសរនៅឡើយ។ ដំបូងខ្មែរក្រហមមិនទាន់រឹតបន្តឹងខ្លាំងទេ ប៉ុន្តែយូរៗទៅការគ្រប់គ្រងរបស់ខ្មែរក្រហមកាន់តែសាហាវឃោរឃៅ និងបង្ខំឱ្យប្រជាជនធ្វើការងារធ្ងន់ ព្រមទាំងផ្តល់អាហារឱ្យប្រជាជនតែបន្តិចបន្តួចតែប៉ុណ្ណោះ។ ខ្មែរក្រហមបានរៀបចំតុវែងៗឱ្យប្រជាជនអង្គុយហូបអាហាររួមគ្នា ដោយបែងចែកអាហារក្នុងមនុស្សម្នាក់បបរមួយកូនចានតូចតែប៉ុណ្ណោះ។ កាលនោះ ខ្ញុំមានតួនាទីជាគ្រូបង្រៀនថ្នាក់ទី៣ ដោយអង្គការតម្រូវឱ្យខ្ញុំបង្រៀនក្មេងៗនៅពេលព្រឹក ហើយពេលរសៀលខ្ញុំត្រូវចុះទៅធ្វើការងារស្រែចម្ការជាមួយប្រជាជនដទៃទៀត។ ខ្ញុំខំប្រឹងប្រែងធ្វើស្ទើរគ្មានពេលសម្រាក។ ចំពោះប្រជាជនពេលព្រឹកធ្វើការនៅវាលស្រែដោយអង្គការយកដំឡូងស្ងោរមកឱ្យហូបនៅការដ្ឋាន រហូតដល់ថ្ងៃត្រង់ទើបឡើងទៅបាយហូបនៅរោងសហករណ៍រួម។ នៅវេលាម៉ោង៦ល្ងាច ប្រជាជនហូបបាយម្ដងទៀត រួចហើយត្រូវចុះទៅធ្វើស្រែបន្តទាំងយប់ ដោយប្រធានសហករណ៍ដាក់អំពូលភ្លើងអគ្គិសនីបំភ្លឺដើម្បីធ្វើការរហូតដល់ម៉ោង៩យប់ទើបអនុញ្ញាតឱ្យសម្រាក។ នៅរដូវច្រូតកាត់ ខ្មែរក្រហមធ្វើលានបោកបែនយ៉ាងស្អាត និងលាបដោយអាចម៍គោអាចម៍ក្របី ហើយផលស្រូវដែលប្រមូលផលបាន ខ្មែរក្រហមដឹកយកទៅរក្សាទុកក្នុងជង្រុកស្រូវធំៗ។ សម្រាប់ក្មេងៗ ប្រធានកងថ្លឹងបាយឱ្យម្នាក់៣ខាំប៉ុណ្ណោះ ធ្វើឱ្យឪពុកម្ដាយខ្លះអាណិតកូនពេក សុខចិត្តផ្ទេរចំណែករបស់ខ្លួនឯងឱ្យទៅកូនហូប។ ម្ហូបអាហារប្រចាំថ្ងៃក្នុងរបបខ្មែរក្រហម គឺមានតែទឹកគ្រឿង និងត្រួយដំឡូង ចំណែកបាយគឺដាំលាយជាមួយគ្រាប់ពោត។
នៅក្នុងរបបខ្មែរក្រហម អង្គការបានបែងចែកប្រជាជនតាមក្រុម ដោយនៅម្ខាងមាត់ទន្លេមានក្រុម នេសាទត្រី ក្រុមដាំបន្លែ និងក្រុមចុងភៅ។ កាលនោះខ្មែរក្រហមមានវិន័យតឹងតែងខ្លាំងណាស់ ប្រសិននរណាម្នាក់ហ៊ានលួចចាប់ត្រីយកមកហូបផ្ទាល់ខ្លួន ឬធ្វើខុសនឹងគោលការណ៍ដែលថ្នាក់លើបានកំណត់ នោះនឹងត្រូវចាប់យកទៅសម្លាប់ចោលភ្លាម។ រឿងរ៉ាវដ៏រន្ធត់ និងប៉ះពាល់ផ្លូវចិត្តដែលខ្ញុំចាំមិនអាចបំភ្លេចក្នុងជីវិត គឺការបាត់ខ្លួនសមាជិកនៅក្នុងកងចល័តរបស់ខ្ញុំ។ កងចល័តខ្ញុំមានសមាជិកជិត២០នាក់ ត្រូវឈ្លបខ្មែរក្រហមចាប់ជាបន្តបន្ទាប់ និងដឹកយកទៅសម្លាប់នៅម្ដុំ «គីឡូម៉ែត្រលេខ៤» តាមផ្លូវទៅអូរពងមាន់។ ឈ្លបខ្មែរក្រហមសម្លាប់ប្រជាជនចោលក្នុងព្រៃយ៉ាងព្រៃផ្សៃ ព្រោះខ្ញុំបានឃើញសម្លៀកបំពាក់អ្នកស្លាប់គរនៅក្នុងព្រៃ។ អ្នកដែលត្រូវអង្គការយកទៅសម្លាប់ ភាគច្រើនជាអ្នកជម្លៀសមកពីទីក្រុងភ្នំពេញ និងមានឋានៈខ្ពង់ខ្ពស់ ដោយខ្មែរក្រហមចោទប្រកាន់ថាជាវណ្ណៈពុករលួយ។ ខ្មែរក្រហមបានភូតកុហកជនរងគ្រោះថា «នាំយកទៅកាប់ឆ្ការដីចម្ការ» ប៉ុន្តែតាមពិតគឺយកទៅសម្លាប់ចោល។ ប្រជាជនខ្លះដឹងខ្លួនថាឈ្លបខ្មែរក្រហមនឹងយកទៅសម្លាប់ គឺបានត្រឹមតែអង្គុយយំសោកបោកខ្លួន។ ខ្ញុំអាណិតប្រជាជនថ្មីទាំងនោះខ្លាំងណាស់។
នៅក្នុងឆ្នាំ១៩៧៧ ខ្មែរក្រហមបានហៅខ្ញុំទៅជួប និងប្រាប់ខ្ញុំថាមានយោធាម្នាក់មកស្នើខ្ញុំរៀបការ។ ដោយសារតែខ្ញុំខ្លាចខ្មែរក្រហម ខ្ញុំមិនហ៊ានប្រកែកឡើយ គឺបានយល់ព្រមរៀបការជាមួយប្ដីរបស់ខ្ញុំ។ ក្រោយមកទៀត ខ្មែរក្រហមមានផែនការជម្លៀសខ្ញុំទៅខេត្តរតនគិរីដើម្បីចិញ្ចឹមនាង សម្រាប់ត្បាញសូត្រ ប៉ុន្តែសំណាងល្អនៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមចូលមករំដោះ ដោយពេលនោះខ្ញុំកំពុងស្ថិតនៅតំបន់អូរស្វាយ។
ក្រោយថ្ងៃរំដោះភ្លាមៗ សភាពការណ៍មានភាពធូរស្រាលឡើងវិញ ហើយខ្ញុំលែងមានការភ័យខ្លាច និងលំបាកវេទនាដូចមុនទៀតហើយ។ ប្រជាជនដែលនៅសេសសល់បាននាំគ្នាវិលត្រឡប់មកផ្ទះវិញ ប្រជាជនខ្លះស្នាក់នៅតាមវត្តអារាមបណ្ដោះអាសន្ន។ ខ្ញុំបានសម្រេចចិត្តមករស់នៅភូមិអូរស្វាយ ដែលជាស្រុកកំណើតខាងប្តីរហូតមក ដោយសារនៅខាងភូមិកំណើតខ្ញុំមិនមានដីធ្លីសម្រាប់បង្កបង្កើនផល។ ក្រោយរបបខ្មែរក្រហមដួលរលំ យើងបានប្រកបមុខរបរធ្វើស្រែចម្ការ ប៉ុន្តែយើងធ្វើបាន៣ឆ្នាំទើបឈប់ ដោយសារប្ដីរបស់ខ្ញុំត្រូវចូលបម្រើការងាររដ្ឋបាល។ ប្រជាជននៅតំបន់អូរស្វាយភាគច្រើនគឺរស់ដោយសារការធ្វើស្រែចម្ការ និងនេសាទត្រីលក្ខណៈគ្រួសារ។
នៅក្នុងឆ្នាំ២០០២ ប្តីរបស់ខ្ញុំបានជាប់ឆ្នោតធ្វើជា មេឃុំនៅក្នុងបុរីអូរស្វាយ។ នៅក្នុងអាណត្តិដឹកនាំរបស់គាត់ គាត់បានខិតខំរៀបចំភូមិឃុំឱ្យមានសណ្ដាប់ធ្នាប់ល្អ ព្រមទាំងបានស្ដារ និងស្ថាបនាផ្លូវលំក្រាលគ្រួសក្រហមបានស្អាត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល។ ចំណែក ខ្ញុំសព្វថ្ងៃមានជំងឺប្រចាំកាយ ដូចជា ជំងឺលើសឈាម ឈឺក្បាល វិលមុខ ព្រមទាំងឈឺចុកចាប់តាមគន្លាក់ដៃ និងគន្លាក់ជើង ដែលធ្វើឱ្យការរស់នៅប្រចាំថ្ងៃមានការលំបាក។
អត្ថបទ ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



