នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានចាក់បញ្ចាំងខ្សែ ភាពយន្តឯកសារ «អ្នកបង្កើតសន្តិភាព» ឱ្យសិស្សានុសិស្សចំនួន៦នាក់ មកពីវិទ្យាល័យអន្លង់វែង ដើម្បីទស្សនា។ ភាពយន្តឯកសារ «អ្នកបង្កើតសន្តិភាព» គឺជាសាច់រឿងនិងបទពិសោធន៍ របស់សិស្សចំនួន៤នាក់ រស់នៅក្នុងស្រុកអន្លង់វែង ដែលបានចាកចេញពីស្រុកកំណើតទៅសិក្សានៅទីក្រុងភ្នំពេញ ក្នុងគោលបំណងចង់ឱ្យប្រជាជនទាំងអស់រស់នៅប្រកបដោយសន្តិភាព គ្មានការគុំកួន និងការចងគំនុំរវាងគ្នានឹងគ្នា ព្រមទាំងការប្រាស្រ័យទាក់ទងល្អទៅវិញទៅមក។
ជាក់ស្ដែងនៅពេលថ្មីៗនេះ នៅពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ គឺយើងបានមើលឃើញថា កម្ពុជាបានបង្ហាញយ៉ាងច្បាស់នូវការថែរក្សាសន្តិភាព ដោយប្រកាន់ខ្ជាប់នូវការអត់ធ្មត់កម្រិតខ្ពស់ និងការដោះស្រាយជម្លោះតាមផ្លូវច្បាប់និងការទូត ទោះបីជាមានការផ្ទុះអាវុធ និងភាពតានតឹងជាបន្តបន្ទាប់នៅតាមព្រំដែន ដែលបង្កឡើងដោយភាគីថៃ។ កិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិភាពរបស់កម្ពុជានាពេលកន្លងមក គឺមានការប្រកាន់ខ្ជាប់នូវបទឈប់បាញ់អចិន្ត្រៃយ៍។ ក្រោយការប៉ះទង្គិច កម្ពុជាបានជំរុញឱ្យមានការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម និងបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីធានាសន្តិភាពយូរអង្វែង និងការពារអាយុជីវិតប្រជាពលរដ្ឋ។ យន្តការដោះស្រាយការទូត និងច្បាប់អន្តរជាតិ កម្ពុជាបានបដិសេធការដោះស្រាយដោយប្រើកម្លាំងបាយ។ ផ្ទុយទៅវិញ រដ្ឋាភិបាលបានជំរុញឱ្យភាគីថៃគោរពតាមសាលក្រម តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆ្នាំ១៩៦២ និងឆ្នាំ២០១៣ និងប្រើប្រាស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយវិវាទសមុទ្រដោយសន្តិវិធី។ ការជំរុញការងារគណៈកម្មាធិការព្រំដែនរួម (JBC) កម្ពុជាតែងតែទទូច និងប្រញាប់ប្រញាល់ឱ្យមានការបន្តវាស់វែង បោះបង្គោលព្រំដែនគោក បើទោះជាភាគីថៃព្យាយាមពន្យារពេល និងបង្កើតព្រឹត្តិការណ៍យោធានៅលើដីក្តី។ មហាកម្លាំងសាមគ្គីផ្ទៃក្នុង ប្រជាពលរដ្ឋ និងយុវជនកម្ពុជាបានរួមគ្នាបង្កើតព្រឹត្តិការណ៍ «ដើរដើម្បីសន្តិភាព» កាលពីចុងឆ្នាំ២០២៥ ដើម្បីបង្ហាញពិភពលោកថា កម្ពុជាប្រាថ្នាសន្តិសហវិជ្ជមាន និងការអភិវឌ្ឍន៍ មិនមែនសង្គ្រាមឡើយ។
ការផ្សះផ្សា និងការចងចាំឆ្លុះបញ្ចាំងពីជីវិតពិតរបស់យុវជនជំនាន់ក្រោយនៅស្រុកអន្លង់វែង ដែលជាបន្ទាយចុងក្រោយរបស់ខ្មែរក្រហម។ ប្រវត្តិសាស្ត្របង្ហាញពីការស្វែងយល់ និងការទទួលយកការពិតពីឪពុកម្តាយដែលជាអតីតកម្មាភិបាលខ្មែរក្រហម។ សារសន្តិភាព ផ្តោតលើការបង្កើតសន្តិភាព ការមិនរើសអើង និងការធ្វើសមាហរណកម្មចូលទៅក្នុងសង្គមកម្ពុជា។
ការថែរក្សាការចងចាំ និងការចូលរួមថែរក្សាសន្តិភាព គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការបង្ការមិនឱ្យជម្លោះកាលពីអតីតកាលកើតឡើងវិញ និងការកសាងសង្គមមួយដែលមានសាមគ្គីភាព។ ការចងចាំអំពីប្រវត្តិសាស្ត្រមិនមែនដើម្បីជាការសងសឹកទេ ប៉ុន្តែដើម្បីរៀនសូត្រពីកំហុសដែលបានកើតឡើងក្នុងអតីតកាល។ ហេតុដូច្នេះ ការកត់ត្រាប្រវត្តិសាស្ត្រ ការប្រមូលចងក្រងសក្ខីកម្ម បទសម្ភាសន៍របស់ជនរងគ្រោះ និងអតីតកម្មាភិបាល ដូចដែលមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងបានកំពុងធ្វើ គឺជារឿងល្អ។ ការការពារទីតាំងប្រវត្តិសាស្ត្រ និងអភិរក្សតំបន់ប្រវត្តិសាស្ត្រ (តំបន់ប្រវត្តិសាស្ត្រអន្លង់វែង) ទុកជាមេរៀនផ្ទាល់។ ការអប់រំដល់យុវជនជំនាន់ក្រោយ បញ្ជ្រាបការយល់ដឹងពីតម្លៃនៃការចងចាំទៅក្នុងកម្មវិធីសិក្សា ដើម្បីឱ្យយុវជនយល់ច្បាស់ពីឫសគល់នៃជម្លោះ។ សន្តិភាពប្រកបដោយចីរភាព ទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋាន ជាពិសេសស្រទាប់យុវជន៖ ការសន្ទនាដើម្បីការផ្សះផ្សា បង្កើតវេទិកានិយាយឆ្លងឆ្លើយដោយបើកចំហរវាងមនុស្សជំនាន់មុន និងជំនាន់ក្រោយ ដើម្បីបំបាត់ការរើសអើង និងការស្អប់ខ្ពើម។
កម្មវិធីចាក់បញ្ចាំងខ្សែភាពយន្តឯកសារ ត្រូវបានធ្វើឡើងជារៀងរាល់សប្តាហ៍ ដើម្បីផ្តល់ឱកាសឱ្យយុវជនទទួលបានចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ជាពិសេសគឺប្រវត្តិសាស្ត្រ និងជីវិតក្នុងសហគមន៍អន្លង់វែង ដែលធ្លាប់ឆ្លងកាត់អតីតកាលដ៏ជូរចត់។ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានព្យាយាមផ្សាភ្ជាប់ និងបកស្រាយអំពីជីវិត និងការវិវឌ្ឍន៍សហគមន៍របស់ខ្លួនទៅកាន់មជ្ឈដ្ឋានខាងក្រៅកាន់តែទូលំទូលាយ។ សិស្សានុ សិស្ស ទស្សនាភាពយន្តឯកសារដោយយកចិត្តទុកដាក់ និងបានកត់ត្រាទុក រួមទាំងចងចាំនូវគោលគំនិតសំខាន់ៗក្នុងខ្សែភាពយន្ត។ បន្ថែមពីនេះ សិស្សទាំងអស់មានការចាប់អារម្មណ៍ខ្លាំងលើការបង្រៀនប្រវត្តិសាស្រ្តតាមរយៈការចាក់បញ្ចាំងខ្សែភាពយន្ត ធ្វើឱ្យខ្លួនឆាប់យល់ និងបង្កើនចំណេះដឹងតាមរយៈការបានទស្សនាផ្ទាល់ភ្នែក។ ខាងក្រោមនេះជាចំណាប់អារម្មណ៍របស់សិស្សានុសិស្សក្រោយទស្សនាកុនឯកសារ «អ្នកបង្កើតសន្ដិភាព» ៖
ឃិត លីណា ភេទស្រី អាយុ១៣ឆ្នាំ មានចំណាប់អារម្មណ៍ថា ៖ «ថ្ងៃនេះ ខ្ញុំឆ្លៀតពីរៀនមកទស្សនាកុនឯកសារនៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង។ បន្ទាប់ពីបានមើលកុនឯកសារនិយាយពីយុវជនចំនួន៤នាក់ និងកុនឯកសារនិយាយពីយុវជនរស់នៅស្រុកអន្លង់វែង ខ្ញុំបានយល់ដឹងពីប្រវត្ដិសាស្រ្ដជំនាន់ ប៉ុល ពត ប្រវត្ដិសាស្រ្ដប្រទេសកម្ពុជា និងសហគមន៍របស់ខ្លួនបានកាន់តែច្រើន។ សម្រាប់ខ្ញុំជាយុវជនពិតជាចង់បានសន្ដិភាព ពីព្រោះសន្ដិភាពដើរតួនាទីសំខាន់ក្នុងការជួយប្រទេសជាតិ និងការសិក្សារៀនសូត្ររបស់យើងទាំងអស់គ្នា។ ចំណែកឯជម្លោះព្រំដែន ដែលភាគីថៃបានឈ្លានពានមកលើកម្ពុជា គឺគោលបំណងបំផ្លាញសន្ដិភាព ដើម្បីកុំឱ្យប្រទេសកម្ពុជារក្សាសន្ដិភាពតទៅមុខទៀត»។
ពៅ ពិសី ភេទស្រី អាយុ១៣ឆ្នាំ មានចំណាប់អារម្មណ៍ថា៖ «ខ្ញុំយល់ថា ដើមឡើយប្រជាជនទូទៅក្នុងសហគមន៍ដទៃទៀត មានការស្ពប់ខ្ពើមមកលើប្រជាជនក្នុងសហគមន៍អន្លង់វែង ដោយសារតែមានជាប់ពាក់ព័ន្ធនឹងខ្មែរក្រហម។ ប៉ុន្ដែបច្ចុប្បន្ន ដោយសារការយល់ដឹង និងទំនាក់ទំនងទូលំទូលាយទៅខាងក្រៅ ការស្អប់ខ្ពើមត្រូវបានលុបបំបាត់ និងទទួលស្គាល់។ សម្រាប់ខ្ញុំជាយុវជន ត្រូវខិតខំសិក្សារៀនសូត្រ និងផ្សព្វផ្សាយពីសហគមន៍របស់ខ្លួន រួមទាំងការឈ្លានពាននៅក្នុងជម្លោះតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ជាពិសេស ភាពវិជ្ជមាននៅក្នុងសហគមន៍ វប្បធម៌ និងទីតាំងប្រវត្ដិសាស្រ្ដដែលបន្សល់ទុកពីខ្មែរក្រហម។ មួយវិញទៀត ជម្លោះប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បានបង្កនូវផលលំបាកយ៉ាងខ្លាំងដល់ប្រជាជន ទាំងការរស់នៅ ការហូបចុក និងការសិក្សារៀនសូត្ររបស់សិស្ស។ ខ្ញុំគិតថា ថៃបានសាកល្បងពីភាពរឹងមាំនៃសន្ដិភាពនៅកម្ពុជា។ ប្រសិនបើយើងមិនរឹងមាំ ប្រទេសថៃនឹងឈ្លានពាន។ ខ្ញុំសំណូមពរដល់ប្រជាជនខ្មែរទាំងអស់ឱ្យចេះរួបរួមសាមគ្គីគ្នា ដើម្បីប្រទេសជាតិយើង»។
ឈុំ គីមឡាង ភេទស្រី អាយុ១៣ឆ្នាំ មានចំណាប់អារម្មណ៍ថា៖ «នៅថ្ងៃនេះ ខ្ញុំបានយល់ដឹងពីប្រវត្ដិសាស្រ្ដ និងចង់ណែនាំឱ្យអ្នកដទៃផ្សេងទៀតឱ្យស្គាល់ពីសហគមន៍អន្លង់វែងឱ្យបានច្រើន។ អំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ ខ្ញុំបានឆ្លងកាត់ការលំបាកទាំងការហូបចុក និងការស្នាក់នៅ»។
មុន ធារ៉ា ភេទស្រី អាយុ១៣ឆ្នាំ មានចំណាប់អារម្មណ៍ថា៖ « ខ្ញុំគិតថាការស្វែងយល់ពីប្រវត្ដិសាស្រ្ដអាចឱ្យយើងយល់ដឹងបានមួយកម្រិតទៀតអំពីភូមិសាស្រ្ដ និងប្រវត្ដិសាស្រ្ដរបស់ដូនតាខ្មែរយើង ជាពិសេស គឺរបប ប៉ុល ពត ឬខ្មែរក្រហមជាដើម។ ចំពោះសហគមន៍ដែលខ្ញុំរស់នៅសព្វថ្ងៃ គឺនៅមានការរើសអើងគ្នា ជាពិសេសរវាងអ្នកមាន និងអ្នកក្រ។ ខ្ញុំគិតថា ដំណោះស្រាយ គឺយើងជាយុវជនត្រូវសិក្សារៀនសូត្រ និងបង្កើតឱ្យមានចំណូល ជាពិសេស គឺបណ្ដុះឱ្យខ្លួនឯងក្លាយជាយុវជនល្អ និងមនុស្សល្អ។ ចំណែកឯការឆ្លងកាត់ជម្លោះប្រដាប់អាវុធតាមព្រំដែនរវាងកម្ពុជា-ថៃ បានបង្កក្ដីលំបាកដល់ប្រជាជន ដូចជាការហូបចុក កង្វះថវិកាក្នុងការធ្វើដំណើរ និងចំណាយប្រចាំថ្ងៃ ព្រមទាំងការសិក្សារៀនសូត្ររបស់យុវជន។ ខ្ញុំសំណូមពរឱ្យយុវជនខ្មែរយើងខិតខំប្រឹងប្រែងរៀនសូត្រ និងបោះបង់ការស្អប់ខ្ពើម និងការរើសអើងគ្នា»។
មាន សុម៉ាលី ភេទស្រី អាយុ១៣ឆ្នាំ មានចំណាប់អារម្មណ៍៖ « ខ្ញុំគិតថា កុនឯកសារដែលខ្ញុំបានទស្សនា គឺល្អព្រោះបង្ហាញអំពីការរើសអើងរបស់មនុស្សមួយចំនួនលើសហគមន៍អន្លង់វែង។ កុនឯកសារ បានបណ្ដុះឱ្យយុវជនត្រូវតែខិតខំប្រឹងប្រែង ដើម្បីកុំឱ្យអ្នកដទៃទៀតមើលងាយលើសហគមន៍អន្លង់វែងរបស់យើង និងការពារពីការឈ្លានរបស់ប្រទេសជិតខាង។ ការចងចាំរបស់ខ្ញុំចំពោះប្រវត្ដិសាស្ដ្រទាក់ទងនឹងសហគមន៍អន្លង់វែង គឺទង្វើរបស់យោធាថៃបាញ់ប្រហារមកលើជនជាតិខ្មែរ និងជួយផ្សព្វផ្សាយពីប្រវត្ដិ សាស្រ្ដរបស់ប្រទេសកម្ពុជា។ បន្ទាប់ពីការទស្សនាកុនឯកសារនេះ ខ្ញុំអាចផ្សព្វផ្សាយទៅកាន់មនុស្សជុំវិញខ្លួនអំពីប្រវត្ដិសាស្រ្ដ និងសហគមន៍អន្លង់វែង ដូចដែលខ្ញុំបានយល់ដឹងពីមុន។ ខ្ញុំគិតថា ចំពោះប្រវត្ដិសាស្រ្ដជាមួយប្រទេសជិតខាង (ថៃ) គឺឈ្លានពានកម្ពុជាយកទឹកដី។ ទោះជាយ៉ាងណា ខ្ញុំនៅតែជឿជាក់ថា កម្ពុជាអាចរក្សាបានសន្ដិភាព និងទឹកដីរបស់ខ្លួនបាន»។
ហាន់ ស្រីកា ភេទស្រី អាយុ១២ឆ្នាំ មានចំណាប់អារម្មណ៍ថា៖ « ខ្ញុំសប្បាយចិត្ដ និងយល់ដឹងពីប្រវត្ដិសាស្រ្ដខ្មែរបានច្រើន។ ដំបូងឡើយ ខ្ញុំមិនធ្លាប់ស្គាល់មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងពីមុនមកទេ។ ខ្ញុំបានចងចាំពីប្រវត្ដិសាស្រ្ដខ្មែរក្រហម និងការធ្វើបាប។ ខ្ញុំគិតថា ការផ្ចាញ់ផ្ចាលរបស់ភាគីថៃមកលើសន្ដិភាពនៅកម្ពុជាបង្កផលប៉ះពាល់ ជាពិសេស អាចធ្វើឱ្យយើងបែកបាក់សាមគ្គី។ ខ្ញុំជឿថាប្រសិនបើប្រជាជនខ្មែរគ្រប់រូបសាមគ្គីគ្នា នោះសន្ដិភាពនៅតែអាចរក្សាបាន។ ចំពោះប្រវត្ដិសាស្រ្ដ គឺមានសារសំខាន់ណាស់ ដែលអាចឱ្យយើងដឹងពីរឿងអតីតកាល ការលំបាកវេទនា និងការធ្វើទារុណកម្មក្នុងរបបខ្មែរក្រហម។ នៅពេលក្រោយទៀត ខ្ញុំចង់ស្វែងយល់បន្ថែមពីប្រវត្ដិដែលយោធាថៃព្យាយាមវាយឈ្លានពានយកដីកម្ពុជា»។
អត្ថបទ៖ សួត វិចិត្រ បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា










