ហាច ហៀក អាយុ៧០ឆ្នាំ កើតនៅភូមិអូរស្រឡៅ ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្រោយមក ហៀក បានផ្លាស់មករស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយប្រកបរបរធ្វើចម្ការ។ ហៀក មានប្រពន្ធឈ្មោះ អ៊ឹម សារឿន អាយុ៧០ឆ្នាំ និងមានកូនចំនួន៥នាក់ គឺប្រុស២នាក់ និងស្រី៣នាក់។ ហៀក មានម្តាយឈ្មោះ អឿង ឃុត ស្លាប់ ជំងឺ និងឪពុកឈ្មោះ ធៀប ហាច ស្លាប់ដោយសារតែអត់អាហារក្នុងរបបខ្មែរក្រហម។ ហៀក មានបងប្អូនបង្កើតចំនួន៤នាក់ គឺប្រុស២នាក់ និងស្រី២នាក់។
ហៀក បានរៀបរាប់ថា កាលពីខ្ញុំនៅក្មេង ខ្ញុំរៀនបានត្រឹមថ្នាក់ទី១១ក្នុងសង្គមចាស់ នៅសាលាបឋមសិក្សាអូរស្រឡៅ។ គ្រូបង្រៀនខ្ញុំឈ្មោះ គ្រូលុយ និង គ្រូប៉ុល។ នៅឆ្នាំ១៩៧២ ខ្ញុំបានឈប់រៀន។ បន្ទាប់មកឪពុកខ្ញុំបានយកខ្ញុំទៅផ្ញើជាមួយព្រះចៅអធិការវត្ត ចែង រង្សី ដើម្បីឱ្យរៀនអក្សរ និងរៀនធម៌។ ខ្ញុំនៅចាំថា ព្រះចៅអធិការវត្ត ចែង រង្សី ព្រះនាម ងុយ, គ្រូសូត្រស្ដាំព្រះនាម លី និងគ្រូសូត្រឆ្វេងព្រះនាម សូរ។ ខ្ញុំរស់នៅក្នុងវត្ត ចែង រង្សី បានរយៈពេល២ឆ្នាំ កងទ័ពរំដោះខ្មែរក្រហមបានចូលមកវាយជាមួយទាហាន លន់ នល់ នៅក្នុងភូមិអូរស្រឡៅ។ ខណៈពេលនោះ ខ្ញុំបានរត់ចេញពីវត្ត ចែង រង្សី ត្រឡប់ទៅរកឪពុកម្ដាយនៅផ្ទះវិញ។ ពេលមកដល់ផ្ទះ ឪពុកម្ដាយខ្ញុំបានរៀបចំរទេះគោដើម្បីដឹកសម្ភាររបស់របរប្រើប្រាស់ រួមទាំងកូនចៅជម្លៀសទៅកន្លែងសុវត្ថិភាពស្ថិតនៅក្នុងឃុំអន្លង់វិល ចម្ងាយប្រមាណ៦គីឡូម៉ែត្រ ពីភូមិអូរស្រឡៅ។ ឪពុកខ្ញុំបាននាំកូនចៅទៅស្នាក់នៅផ្ទះមិត្តភក្តិរបស់គាត់ឈ្មោះ ហួន ដែលជាអ្នកសម្តែងល្ខោនរឿងរាមកេរ្តិ៍។
បន្ទាប់ពីស្នាក់នៅឃុំអន្លង់វិលបានរយៈពេល២ខែ កងទ័ពខ្មែរក្រហមបានបាញ់ផ្លោងគ្រាប់ចូលមក ហេតុនេះក្រុមគ្រួសាររបស់ខ្ញុំបាននាំគ្នាជម្លៀសបន្តទៅស្នាក់នៅភូមិដំណាក់ហ្លួងរយៈពេល៥ថ្ងៃ ទើបធ្វើដំណើរទៅស្នាក់នៅភ្នំសំពៅ ក្នុងស្រុបាណន់ ខេត្តបាត់ដំបង បណ្ដោះអាសន្ន។ ពេលឪពុកខ្ញុំបររទេះគោចូលមកដល់ភ្នំសំពៅ ខ្ញុំបានឃើញទាហាន លន់ នល់ ជាច្រើននាក់យាមការពារនៅលើភ្នំសំពៅ។ បន្ទាប់ពីស្នាក់នៅភ្នំសំពៅបានកន្លះខែ កងទ័ពខ្មែរក្រហមបានបាញ់ផ្លោងគ្រាប់ និងដឹកនាំកម្លាំងចូលមកវាយជាមួយទាហាន លន់ នល់ នៅលើភ្នំសំពៅ។ នៅក្នុងអំឡុងពេលនោះ ឪពុកម្ដាយរបស់ខ្ញុំបានភៀសខ្លួនទៅរស់នៅផ្ទះបងស្រីខ្ញុំស្ថិតនៅអូរតាឃ្លួច។
នៅឆ្នាំ១៩៧៥ សង្រ្គាមបានបញ្ចប់ ប្រជាជនដែលរស់នៅភ្នំសំពៅបាននាំគ្នាចេញមកឈរត្រៀប ត្រាតាមបណ្តោយផ្លូវជាតិលេខ៥ ដើម្បីចាំទទួលស្វាគមន៍កងទ័ពរំដោះខ្មែរក្រហមដែលបានទទួលជ័យជម្នះទៅលើរបប លន់ នល់។ បន្ទាប់ពីចប់សង្រ្គាម ខ្ញុំនិងក្រុមគ្រួសារបានចាកចេញពីអូរតាឃ្លួចវិលត្រឡប់ទៅផ្ទះសម្បែងនៅភូមិអូរស្រឡៅវិញ។ ពេលចូលមកដល់ក្នុងភូមិ ខ្ញុំនិងបងៗបាននាំគ្នាដើររើសកួរស្រូវយកទៅកិនទុកដាំបាយហូប។ នៅពាក់កណ្ដាលឆ្នាំ១៩៧៥ ពេលខ្ញុំមានអាយុ១៥ឆ្នាំ ខ្មែរក្រហមបានជ្រើសរើសខ្ញុំឱ្យចូលធ្វើឈ្លបភូមិនៅតំបន់៤ ដើម្បីដើរស្ដាប់ និងលបយកការណ៍នៅតាមផ្ទះប្រជាជនមករាយការណ៍ជូនថ្នាក់លើ។ បងៗរបស់ខ្ញុំត្រូវបានខ្មែរក្រហមបំបែកចេញពីឪពុកម្ដាយឱ្យទៅធ្វើការងារនៅក្នុងកងចល័ត។ ឪពុករបស់ខ្ញុំត្រូវបានខ្មែរក្រហមប្រើទៅចាំចម្ការ រីឯម្ដាយរបស់ខ្ញុំត្រូវខ្មែរក្រហមប្រើឱ្យនៅមើលក្មេងៗនៅក្នុងសហករណ៍ ព្រោះគាត់មានវ័យចំណាស់មិនអាចធ្វើការងារធ្ងន់បាន។
ខ្ញុំនៅចាំមិនភ្លេចសំណួរប្រធានឈ្លបសួរខ្ញុំ «បើឪពុកម្ដាយជាខ្មាំង តើហ៊ានសម្លាប់ឬទេ»? ខ្ញុំបាននិយាយតបទៅកាន់គាត់វិញថា «ខ្ញុំមិនហ៊ានសម្លាប់ទេ ព្រោះគាត់ជាអ្នកមានគុណ»។ បន្ទាប់ពីខ្ញុំនិយាយរួច ខ្មែរក្រហមបានដកខ្ញុំចេញពីឈ្លបភូមិ រួចបញ្ជូនឱ្យទៅធ្វើស្រែជាមួយក្រុមយុទ្ធជននៅអូរស្តាស់ ស្ថិតនៅភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ ខ្ញុំត្រូវបានខ្មែរក្រហមបញ្ចូលទៅក្នុងកងយុទ្ធជនដែលមានសមាជិក៣០នាក់ និងត្រូវបែកចែកជា៣ក្រុមតូចៗ ដោយក្នុងមួយក្រុមមានសមាជិក១០នាក់។ នៅក្នុងក្រុមនីមួយៗ ត្រូវជ្រើសរើសមេក្រុមម្នាក់ដើម្បីគ្រប់គ្រង និងដឹកនាំសមាជិកចុះធ្វើការងារ ដូចជា ធ្វើស្រែ ជីកប្រឡាយ និងលើកទំនប់ទប់ទឹកបញ្ចូលស្រែ។ ប្រធានគ្រប់គ្រងក្រុមយុទ្ធជនមានឈ្មោះ ឈួន ដែលត្រូវជាបងប្អូនរបស់ខ្ញុំមកពីភូមិអូរស្រឡៅ។ លុះដល់រដូវច្រូវកាត់ ថា្នក់លើបានស្នើសុំកម្លាំងមួយចំនួនធំពីកន្លែងរបស់ខ្ញុំដើម្បីបញ្ជូនទៅធ្វើការងារនៅទីរួមខេត្តបាត់ដំបង។ ខ្ញុំត្រូវបង ឈួន ជ្រើសរើសនិងបញ្ជូនឱ្យទៅធ្វើការងារនៅទីរួមខេត្តបាត់ដំបង។
លុះស្អែកឡើង ខ្ញុំនិងយុទ្ធជន២៩នាក់ទៀត បាននាំគ្នាធ្វើដំណើរមករង់ចាំរថយន្តនៅតាមបណ្តោយផ្លូវជាតិលេខ៥។ មិនយូរប៉ុន្មាន ខ្ញុំឃើញខ្មែរក្រហមបើករថយន្តទ្រុងមកដឹកក្រុមរបស់ខ្ញុំ។ ខ្ញុំភ័យខ្លាំងណាស់ ព្រោះគិតថាខ្មែរក្រហមដឹកខ្ញុំយកទៅសម្លាប់។ រថយន្តចូលមកដល់ទីរួមខេត្តបាត់ដំបង ហើយអ្នកបើកបរបានដឹកក្រុមខ្ញុំយកទៅដាក់នៅវត្តពោធិ៍ក្នុង។ ខ្ញុំនិងយុទ្ធជនទាំង២៩នាក់ចុះពីលើរថយន្ត ហើយអ្នកគ្រង់គ្រងខ្មែរក្រហមនៅទីនោះបានបែងចែកយើងឱ្យទៅធ្វើការតាមកន្លែងផ្សេងៗ។ អ្នកខ្លះត្រូវបានបញ្ជូនឱ្យទៅកាប់ឫស្សី ខ្លះទៅបោចវល្លិ និងខ្លះទៀតទៅកាប់ឈើធ្វើបង្គោលរបង។ ចំណែកខ្ញុំត្រូវខ្មែរក្រហមបញ្ជូនទៅកន្លែងផលិតស្បែកជើងពីកង់ឡាន។
ខ្ញុំធ្វើការងារនៅកន្លែងផលិតស្បែកជើងមួយរយៈពេលខ្លី គណៈស្រុកបានចុះមកប្រជុំ និងបានបែងចែកកម្លាំងយុទ្ធជនឡើងវិញ។ បន្ទាប់មក ក្រុមនារី និងក្រុមយុទ្ធជនមួយចំនួន ត្រូវបានគណៈស្រុកបែងចែកឱ្យទៅរកត្រីនៅតាមទន្លេ និងខ្លះទៀតទៅកន្លែងបោចវល្លិ និងកាប់ឫស្សីវិញ។ ចំណែកខ្ញុំនិងយុទ្ធជនផ្សេងទៀត ត្រូវបានបែងចែកឱ្យទៅកាប់ឫស្សីនៅស្រុកសំឡូត ខេត្តបាត់ដំបង។ ពេលយើងធ្វើដំណើរមកដល់ស្រុកសឡូត យុទ្ធជនទាំងអស់ត្រូវបានខ្មែរក្រហមបែកចែកជាក្រុមតូចៗ ដោយក្នុងមួយក្រុមមានគ្នាចំនួន១០នាក់។ ខ្ញុំត្រូវបានអង្គការខ្មែរក្រហមជ្រើសរើសឱ្យធ្វើជាប្រធានក្រុមដើម្បីដឹកនាំកម្លាំងចុះកាប់ដើមឫស្សី។ ខ្ញុំនិងយុទ្ធជនទាំងអស់ត្រូវខ្មែរក្រហមកំណត់ក្នុងមនុស្សម្នាក់ត្រូវកាប់ឫស្សីឱ្យបានចំនួន១៥ដើមក្នុងមួយថ្ងៃ ហើយឫស្សីទាំងនោះត្រូវលួសបន្លាឱ្យស្អាត។ យុទ្ធជនដែលធ្វើរួចរាល់តាមការកំណត់របស់ខ្មែរក្រហម អាចឈប់សម្រាក ឬត្រឡប់មកកន្លែងស្នាក់នៅមុន។ ឫស្សីដែលកាប់បានភាគច្រើនត្រូវឡានមកដឹកជញ្ជូនយកទៅទីរួមខេត្តបាត់ដំបង។ ក្រោយពីខ្ញុំនៅកាប់ឫស្សីអស់ជាច្រើនខែ ខ្ញុំបានរងរបួសជើងដើរមិនរួចដោយសារត្រូវពូថៅខ្លួនឯង។ ពេលនោះខ្មែរក្រហមបញ្ជូនខ្ញុំទៅព្យាបាលនៅមន្ទីរពេទ្យព-២ ដែលមានទីតាំងនៅខាងជើងរូបសំណាកតាដំបងក្រញូង ក្រុងបាត់ដំបង។ លុះពេលខ្ញុំសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យបានរយៈពេល២ថ្ងៃ ខ្ញុំបានកើតជំងឺគ្រុនចាញ់ ហើយបានបន្តសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យព-២អស់រយៈពេលជាច្រើនខែបន្ថែមទៀត។ ខណៈពេលនោះ មានយុទ្ធជនដែលទៅកាប់ឫស្សីនៅស្រុកសំឡូតមួយចំនួនធំបានស្លាប់ដោយសារជំងឺគ្រុនចាញ់ ហើយសពយុទ្ធជនទាំងនោះត្រូវបានដឹកតាមរថយន្តឡង់រ៉ូវែទៅដុតនៅក្នុងវត្តសាក់ភិត។
បន្ទាប់ពីខ្ញុំជាសះស្បើយពីជំងឺគ្រុនចាញ់ ខ្មែរក្រហមបញ្ចូលខ្ញុំទៅក្នុងកងដឹកជញ្ជូនជើងគោក ដែលមានទីតាំងនៅពោធិ៍២ ដើម្បីដឹកជញ្ជូនត្រីងៀត ប្រហុកចេញពីទន្លេយកទៅផ្តល់ឱ្យក្រុមយុទ្ធជននៅបាក់ព្រា និងនៅព្រៃទោល។ ប្រធានគ្រប់គ្រងកងដឹកជញ្ជូនឈ្មោះ តាជ័យ។ ខ្ញុំធ្វើការងារនៅកងដឹកជញ្ជូនបានប្រហែលកន្លះឆ្នាំ តាជ័យ បានរៀបចំឱ្យខ្ញុំមានប្រពន្ធ។ ពេលនោះខ្ញុំបានជ្រើសរើសនារីកាត់ដេរម្នាក់ ប៉ុន្តែមិនទាន់បានរៀបចំពិធីទេ ស្រាប់តែកងទ័ពខ្មែរក្រហមមកពីភូមិភាគនិរតីបានចូលមកកាន់កាប់ទីរួមខេត្តបាត់ដំបង។ បន្ទាប់មក ខ្ញុំត្រូវបានកងទ័ពខ្មែរក្រហមមកពីភូមិភាគនិរតីបញ្ជូនឱ្យទៅធ្វើស្រែនៅភូមិប្រហាល ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ខ្ញុំដើររយៈពេលមួយថ្ងៃទើបមកដល់ភូមិប្រហាល ហើយកងទ័ពខ្មែរក្រហមមកពីភូមិភាគនិរតី បានប្រើខ្ញុំនិងយុទ្ធជន៤នាក់ទៀតឱ្យដើរគាស់គល់ឈើនៅក្នុងដីស្រែ។ បន្ទាប់មកទៀត កងទ័ពខ្មែរក្រហមមកពីភូមិភាគនិរតីចាប់ផ្ដើមធ្វើបាបប្រជាជន និងកងទ័ពនៅភូមិភាគពាយ័ព្យ ដោយបានបង្អត់អាហារ ប្រើឱ្យធ្វើការងារហួសកម្លាំង និងចាប់ខ្លួនយកទៅសម្លាប់។
នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានដឹកនាំកម្លាំងចូលមករំដោះខេត្តពោធិ៍សាត់។ ខ្ញុំបានរត់ចេញពីភូមិប្រហាលសំដៅទៅផ្លូវជាតិលេខ៥ ដើម្បីធ្វើដំណើរទៅរកឪពុកម្ដាយនៅខេត្តបាត់ដំបងវិញ។ ខ្ញុំបានឃើញប្រជាជន និងកងទ័ពវៀតណាមជាច្រើននាក់កំពុងតែធ្វើដំណើរតាមផ្លូវជាតិលេខ៥។ ពេលខ្ញុំធ្វើដំណើរទៅដល់ខេត្តបាត់ដំបង ខ្ញុំបានជួបបងប្រុសរបស់ខ្ញុំនៅភូមិសំរោងកោង ហើយពេលគាត់ឃើញខ្ញុំភ្លាម គាត់បានឈរយំព្រោះតែនឹកប្អូនខ្លាំងពេក។ បន្ទាប់មកបងប្រុសខ្ញុំបាននាំខ្ញុំទៅរកម្ដាយនៅដំណាក់លួង។ ពេលម្ដាយខ្ញុំឃើញខ្ញុំភ្លាម គាត់បានអង្គុយយំព្រោះគាត់គិតថា ខ្ញុំត្រូវខ្មែរក្រហមយកទៅសម្លាប់បាត់ហើយ។ ម្ដាយខ្ញុំបាននិយាយទាំងអួលដើមកមកកាន់ខ្ញុំថា «ឪពុកកូនបានស្លាប់ហើយ ដោយសារតែគ្មានអាហារហូបចុក មុនពេលកងទ័ពវៀតណាមចូលមករំដោះ»។ បន្ទាប់ពីឮម្ដាយខ្ញុំនិយាយរួច ខ្ញុំបានត្រឹមអង្គុយយំព្រោះតែអាណិតឪពុក។ ក្រោយពីជួបជុំគ្នា ក្រុមគ្រួសារខ្ញុំបាននាំគ្នាត្រឡប់មករស់នៅភូមិអូរស្រឡៅវិញ ដោយប្រកបមុខរបរធ្វើត្រីងៀត ត្រីឆ្អើរ យកទៅលក់ឱ្យប្រជាជនដែលរស់នៅក្នុងជំរំថ្មី និងជំរំចាស់។ ពេលបានលុយពីការលក់ ត្រីងៀត ត្រីឆ្អើរ ខ្ញុំបានទិញអង្ករដឹកត្រឡប់មកផ្ទះវិញ។ នៅឆ្នាំ១៩៩៧ ម្ដាយខ្ញុំបានរៀបចំពិធីរៀបការឱ្យខ្ញុំ។
នៅឆ្នាំ២០០៦ ប្អូនថ្លៃរបស់ខ្ញុំដែលជាទាហានការពារនៅព្រំដែនថ្មដា បានហៅខ្ញុំ និងប្រពន្ធខ្ញុំឱ្យមកចាប់ដីរស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ពេលខ្ញុំមកដល់តំបន់ថ្មដាដំបូងគឺឃើញមានប្រជាជន និងគ្រួសារកងទ័ពរស់នៅប្រហែល៧០គ្រួសារតែប៉ុណ្ណោះ។ បន្ទាប់មក ខ្ញុំនិងប្រពន្ធបាននាំគ្នាកាប់ឆ្ការព្រៃដើម្បីដាំដើមទុរេន និងដាំណាំផ្សេងៗ។ ក្រៅពីការងារធ្វើចម្ការ ខ្ញុំនិងប្រពន្ធ បាននាំគ្នាកាច់ដើមផ្អាវយកមកក្រងធ្វើជាអំបោសលក់ និងដើរស៊ីឈ្នួលកាត់ស្មៅ។
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ទាហានឈ្លានពានថៃបានចល័តកងទ័ព និងសព្វាវុធធុនធ្ងន់ចូលមកដល់ព្រំដែនថ្មដា។ នៅពេលឃើញសភាពការណ៍មិនស្រួល ខ្ញុំបម្រុងនាំប្រពន្ធទៅស្នាក់នៅភូមិផ្សេង ប៉ុន្តែប្រពន្ធខ្ញុំបាននិយាយថាមិនអីទេ ហេតុនេះយើងបាននាំគ្នាសម្រាកនៅផ្ទះបន្តទៀត។ លុះព្រឹកឡើង ទាហានថៃបានបាញ់គ្រាប់ផ្លោងចូលមកលើទីតាំងភូមិសាស្រ្តបន្ទាយអូរភ្លុកដំរី ដែលស្ថិតនៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំនិងប្រពន្ធបាននាំគ្នារត់ចេញពីផ្ទះទៅលាក់ខ្លួននៅតាមអណ្ដូងទឹក។ លុះដល់សភាពការណ៍ស្ងប់ស្ងាត់ ខ្ញុំ ប្រពន្ធ និងក្មួយម្នាក់ទៀត បាននាំគ្នារៀបចំអីវ៉ាន់ដាក់លើម៉ូតូជិះចេញពីភូមិដើម្បីទៅរកកន្លែងដែលមានសុវត្ថិភាព។ ពេលខ្ញុំកំពុងជិះម៉ូតូចេញពីផ្ទះបានបន្ដិច ទាហានថៃបានបាញ់ផ្លោងជាច្រើនគ្រាប់បន្ថែមទៀត។ ខណៈពេលនោះ ខ្ញុំ និងប្រពន្ធមានការភិតភ័យយ៉ាងខ្លាំង និងជិះម៉ូតូយ៉ាងលឿនសំដៅទៅផ្ទះមេភូមិ នី ដើម្បីទៅរកកន្លែងដែលមានសុវត្ថិភាព។ បន្ទាប់មកមេភូមិ នី បានដឹកនាំខ្ញុំ និងប្រជាជនផ្សេងទៀត ជម្លៀសខ្លួនចេញពីភូមិមកសម្រាកនៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ដែលមានទីតាំងនៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្ដោះអាសន្ន។ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីថៃ បានធ្វើកិច្ចចរចាពីបទឈប់បាញ់ដែលសម្របសម្រួលដោយប្រទេសម៉ាឡេស៊ី។ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីសភាពការស្ងប់ស្ងាត់ ខ្ញុំនិងប្រពន្ធបានរៀបចំរបស់របរត្រឡប់ទៅផ្ទះសម្បែងវិញ។ ពេលត្រឡប់ចូលទៅដល់ក្នុងផ្ទះ មាន់ ទា ដែលខ្ញុំចិញ្ចឹមរាប់រយក្បាលបានងាប់អស់ទៅហើយ។
នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃបានចល័តសព្វាវុធធុនធ្ងន់ និងដាក់ពង្រាយទាហាននៅព្រំដែនថ្មដាម្ដងទៀត។ ខ្ញុំនិងប្រពន្ធមិនហ៊ានសម្រាកនៅក្នុងផ្ទះទេ។ ខ្ញុំនិងប្រពន្ធបាននាំគ្នាជិះម៉ូតូចេញពីផ្ទះ ទៅសម្រាកនៅផ្ទះតា សម្បត្តិ ដែលមានទីតាំងនៅក្នុងភូមិកណ្ដាល ដើម្បីត្រៀមខ្លួនជម្លៀសទៅកន្លែងសុវត្ថិភាពពេលដែលមានការផ្ទុះអាវុធ។
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ មេភូមិបានប្រកាសថា សភាពការណ៍មិនស្រួលសូមឱ្យប្រជាជនជម្លៀសខ្លួនចេញពីភូមិជាបន្ទាន់។ ពេលនោះខ្ញុំបានជិះម៉ូតូចេញពីភូមិកណ្ដាលសំដៅទៅវត្តគិរីបុទុម្ព ហៅវត្តប្រម៉ោយ ប៉ុន្តែដោយសារទីនៅតាំងវត្តមានប្រជាជនភៀសសឹកចូលមករស់នៅច្រើន ខ្ញុំនិងប្រពន្ធបានផ្លាស់មកស្នាក់នៅសាលាវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយវិញ។ សម្រាប់អាហារហូបចុករបស់ខ្ញុំគឺហូបបានគ្រប់គ្រាន់មិនមានការខ្វះខាតទេ។ ផលវិបាកដែលខ្ញុំស្នាក់នៅជំរំជនភៀសសឹក មានដូចជា អាកាសធាតុក្ដៅ ខ្វះទឹកស្អាតផឹក និងប្រើប្រាស់។ បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ ខ្ញុំមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបានទេ ដោយសារផ្ទះរបស់ខ្ញុំជាប់តំបន់ក្រហម។ សព្វថ្ងៃ ខ្ញុំរស់នៅក្នុងមណ្ឌលជនភៀសសឹក វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ។
អត្ថបទ ៖ ចាន់ ណារិទ្ធ បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



