នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ សិស្សានុសិស្សថ្នាក់ទី៨ នៃវិទ្យាល័យ ហ៊ុនសែន ប្រម៉ោយ ចំនួន១០នាក់ បានមកកាន់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង ដើម្បីអានសៀវភៅ និងសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដោយក្រុមការងារបានលើកយកប្រធានបទសំខាន់មកធ្វើបទបង្ហាញ និងពិភាក្សា គឺ «ការជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហម»។ គោលបំណងនៃកិច្ចពិភាក្សាគឺមាន៣ចំណុច ៖ ទី១) ដើម្បីផ្លាស់ប្ដូរ និងចែករំលែកចំណេះដឹងប្រវត្តិសាស្រ្តរបបខ្មែរក្រហម។ ទី២) ចង់ឱ្យសិស្សានុសិស្សបានរៀនសូត្រ និងយល់ដឹងបន្ថែមអំពីរបបខ្មែរក្រហម។ ទី៣) ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងល្អរវាងក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែងជាមួយសិស្សានុសិស្សតាមរយៈការអប់រំអំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហម។
មុនពេលចាប់ផ្តើមកិច្ចពិភាក្សា ក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង ឈ្មោះ មឿន ស្រីណុច បានធ្វើការណែនាំខ្លួន ក្រុមការងារ រួចបង្ហាញពីផ្ទាំងរូបថតដែលបានតាំងនៅក្នុងការិយាល័យ, ណែនាំសៀវភៅប្រវត្តិសាស្រ្ត ឯកសារ និងខ្សែភាពយន្តទាក់ទងរបបខ្មែរក្រហមទៅកាន់សិស្សានុសិស្ស។ បន្ទាប់មក ស្រីណុច បានសួរសំណួរទៅកាន់សិស្សានុសិស្សថា តើប្អូនៗទាំងអស់គ្នាធ្លាប់បានរៀនសូត្រ និងបានដឹងរឿងរ៉ាវអ្វីខ្លះទាក់ទងនឹងរឿងរ៉ាវក្នុងរបបខ្មែរក្រហម?
ក្រោយពីទទួលបានសំណួររួចហើយ សិស្សបានឆ្លើយតបចំណុចដែលខ្លួនបានដឹង និងធ្លាប់បានរៀនសូត្រ ដូចជា៖ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ, បង្ខំឱ្យប្រជាជនធ្វើការងារគ្មានពេលសម្រាក, ប្រសិនបើលួចអាហារហូប ខ្មែរក្រហមនឹងចាប់យកទៅសម្លាប់, ខ្មែរក្រហមបានចាក់សំឡេងមេក្រូខ្លាំងៗនៅពេលសម្លាប់មនុស្ស, ខ្មែរក្រហមយកកុមារអាយុចាប់ពី១២ឆ្នាំឡើងទៅឱ្យចូលធ្វើជាយោធា, ខ្មែរក្រហមធ្វើទារុណអ្នកទោសយ៉ាងព្រៃផ្សៃនៅគុកទួលស្លែង, ខ្មែរក្រហមបានបំបែកប្តីប្រពន្ធឱ្យរស់នៅផ្សេងគ្នា និងបង្ខំឱ្យមនុស្សស្រីនិងប្រុសរៀបការ, ខ្មែរក្រហមបានធ្វើទារុណកម្មទៅលើប្រជាជន និងបង្ខំកុមារឱ្យធ្វើការងារធ្ងន់ធ្ងរ, ប្រជាជនជាច្រើនបានស្លាប់ដោយសារអត់អាហារ, ខ្មែរក្រហមបានបង្ខំប្រជាជនឱ្យស្លៀកពាក់ខោអាវពណ៌ខ្មៅ និងបង់ក្រមាពណ៌ក្រហម រីឯកុមារតូចៗត្រូវខ្មែរក្រហមយកទៅសម្លាប់ដោយបោកខ្ទប់នឹងគល់ឈើ ។
តមក ស្រីណុច លើកយកមេរៀន «ការជម្លៀសដោយបង្ខំ» នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ដើម្បីឱ្យសិស្សអាន មុននឹងធ្វើការពិភាក្សា។ បន្ទាប់មក ស្រីណុច ពន្យល់ថា គោលបំណងរួមរបស់បក្សកុម្មុយនីស្តកម្ពុជា ក្នុងការអនុវត្តបដិវត្តន៍សង្គមថ្មីឱ្យបានជោគជ័យ និងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា គឺត្រូវធ្វើតាមគោលនយោបាយ «មហាលោតផ្លោះ» និងការពារបក្សកុម្មុយនីស្តប្រឆាំងនឹង «សត្រូវផ្ទៃក្នុង និងសត្រូវខាងក្រៅ»។ វិធីសាស្រ្តដ៏ចម្បងមួយក្នុងការសម្រេចចិត្ត គឺការផ្លាស់ទីប្រជាជនពីទីក្រុង និងទីប្រជុំជនទៅកាន់ទីជនបទ។ ជួនកាល ខ្មែរក្រហមបាននិយាយសំដៅដល់ទីតាំងទាំងនោះថា គឺជាទីតាំងដកពិសោធន៍ប្រជាជនថ្មី។
គោលនយោបាយផ្លាស់ទីប្រជាជនដោយបង្ខំពីទីកន្លែងមួយទៅកាន់ទីកន្លែងដទៃទៀត ខ្មែរក្រហមពុំបានជូនដំណឹងជាមុន ហើយប្រជាជនមានសិទ្ធិបដិសេធឡើយ ដែលបង្កជាទុក្ខវេទនា និងការលំបាកលំបិនដល់ប្រជាជននិងសហគមន៍យ៉ាងខ្លាំង។ ក្នុងរយៈពេលប្រមាណជាង៤៥ខែ របបខ្មែរក្រហមបានអនុវត្តការជម្លៀសដោយបង្ខំជាច្រើនលើកច្រើនសាលើប្រជាជន ពីតំបន់មួយទៅតំបន់មួយទៀត។ ក្រុមគ្រួសារត្រូវបែកបាក់។ ប្ដីត្រូវបែកចេញពីប្រពន្ធ កូនត្រូវបំបែកចេញពីឪពុកម្ដាយ ហើយមនុស្សជាទីស្រឡាញ់ជាច្រើនបានបាត់ខ្លួន ដោយគ្មានដំណឹង។ សមាជិកនៃរបប លន់ នល់ ជាច្រើន រួមទាំង ប្រជាជនជាច្រើននាក់ផ្សេងទៀតដែលត្រូវបានសង្ស័យថាមានការគាំទ្រ ឬមានទំនាក់ទំនងជាមួយសត្រូវ ត្រូវបានចាប់ខ្លួន និងសម្លាប់។ គោលនយោបាយជម្លៀសដោយបង្ខំរបស់បក្សកុម្មុយនីស្តកម្ពុជា ប៉ុនប៉ងបំបែកសម្ព័ន្ធភាពរបស់មនុស្ស និងអង្គភាពនានា ដែលបានគ្រប់គ្រងលើជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាភាគច្រើន នៅមុនពេលបដិវត្តន៍កើតមានឡើង។ បន្ថែមពីលើរដ្ឋាភិបាល លន់ នល់ ចំណុចដែលបានលើកឡើងខាងលើរួមបញ្ចូលនូវសម្ព័ន្ធភាពគ្រួសារបែបប្រពៃណី អង្គភាពសាសនា សហគមន៍ជនជាតិដើមភាគតិច និងខ្សែរយៈនៃបញ្ញវន្ត និងអ្នកជំនួញ។ ប្រសិបបើគ្មានសម្ព័ន្ធភាពឬអង្គភាពទាំងនេះទេ ក្រុមប្រឆាំងនឹងរបបខ្មែរក្រហមអាចនឹងមានភាពលំបាកក្នុងការប្រមូលផ្ដុំគ្នាបះបោរ។ ជារួម របបខ្មែរក្រហមបង្កើតឱ្យមានការផ្លាស់ទីប្រជាជនជាបីដំណាក់កាល រួមមាន៖ ដំណាក់កាលទី១) ការផ្លាស់ទីប្រជាជនចេញពីទីក្រុងនានា ដូចជា ទីក្រុងភ្នំពេញ ក្រុងបាត់ដំបង ក្រុងសៀមរាប និង ក្រុងពីរ-បីផ្សេងទៀត ចាប់ផ្ដើមពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ដំណាក់កាលទី២) ការផ្លាស់ទីប្រជាជននៅតាមទីជនបទ ក្នុងភូមិភាគកណ្តាល ភូមិភាគនិរតី ភូមិភាគបស្ចិម ភូមិភាគបូព៌ា ចាប់តាំងពីខែកញ្ញាឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៧ ទៅកាន់ផ្នែកផ្សេងទៀត នៃប្រទេសកម្ពុជា។ ដំណាក់កាលទី៣) ការផ្លាស់ទីប្រជាជនចេញពីភូមិភាគបូព៌ា នៅក្នុងឆ្នាំ១៩៧៨ ទៅកាន់ភូមិភាគពាយ័ព្យ ដោយសារបញ្ហាជម្លោះផ្ទៃក្នុង។
ចុងបញ្ចប់នៃកិច្ចពិភាក្សា ក្រុមការងារបានស្នើឱ្យសិស្សានុសិស្សឡើងចែករំលែកអំពីចម្លើយរបស់ខ្លួនទៅកាន់មិត្តភក្តិដើម្បីធ្វើការផ្ទៀងផ្ទាត់គ្នា បន្ទាប់មកក្រុមការងារទុកពេលឱ្យសិស្សានុសិស្សសួរសំណួរ និងបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួននៅក្នុងកម្មវិធីថ្ងៃនេះ។
ភ័ក្រ ស្រីខួច ៖ បន្ទាប់ពីនាងខ្ញុំបានសិក្សា និងបានអានសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) នាងខ្ញុំបានទទួលចំណេះដឹងជាច្រើន ដូចជា ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញនិងទីប្រជុំជន ប្រជាជនជាច្រើនបានបាត់បង់ផ្ទះសម្បែង និងរបស់របរប្រើប្រាស់។ ប្រជាជនមួយចំនួនបានស្លាប់តាមផ្លូវដោយសារតែអស់កម្លាំង គ្មានទឹកផឹកគ្រប់គ្រាន់ ជាពិសេសស្រ្តីទើបតែសម្រាលកូន។ ខ្ញុំពិតជាមានចិត្តអាណិតអាសូរដល់ក្រុមគ្រួសារជនរងគ្រោះ ដែលបានបាត់បង់សមាជិកគ្រួសារនៅក្នុងរបបខ្មែរក្រហម។
អាន ម៉េងឃាង ៖ បន្ទាប់ពីខ្ញុំបានអានសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ខ្ញុំបានយល់ដឹងកាន់តែច្រើនទាក់ទងនឹងរបបខ្មែរក្រហម ដូចជា ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញឱ្យទៅធ្វើការងារនៅតាមទីជនបទ។ ការជម្លៀសប្រជាជននៅក្នុងរបបខ្មែរក្រហមមាន៣ដំណាក់កាល។
សុខ សុវណ្ណឡៃអ៊ី ៖ នាងខ្ញុំបានដឹងអំពីទុក្ខវេទនារបស់ប្រជាជនក្នុងពេលដែលត្រូវជម្លៀសដោយបង្ខំចេញពីទីក្រុងភ្នំពេញ ការធ្វើដំណើរដោយថ្មើរជើង និងតាមរថភ្លើង ការបែកបាក់ពីគ្រួសារ ការបង្ខំឱ្យធ្វើការងារហួសកម្លាំង ការវាយធ្វើបាបពីខ្មែរក្រហម និងធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃនៅក្នុងរបបខ្មែរក្រហម។ ខ្មែរក្រហមបានសម្លាប់ប្រជាជនស្លូតត្រង់ និងបានបិទសិទ្ធិសេរីភាពប្រជាជន។ ជាចុងក្រោយ ខ្ញុំពិតជាអាណិតអាសូរទៅដល់ប្រជាជនស្លូតត្រង់ដែលបានបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។
អត្ថបទ៖ មឿន ស្រីណុច បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា










