ទស្សនកិច្ចសិក្សាអំពីសន្តិភាពនិងសិទ្ធិមនុស្សរបស់សិស្សានុសិស្សវិទ្យាល័យក្នុង ខេត្តបាត់ដំបងទៅកាន់តំបន់អន្លង់វែង

កាលពីព្រឹក​​ថ្ងៃ​ទី១១ ខែ​ធ្នូ​ ឆ្នាំ​២០២១​ ​សិស្សានុសិស្ស​ចំនួន​៩នាក់ លោកគ្រូ​និង​អ្នកគ្រូ​ចំនួន​៧នាក់ នៃ​វិទ្យាល័យ​នេតយ៉ង់ និង​វិទ្យាល័យ​សម្តេចឳ​ ព្រមទាំងមន្ត្រី​​ចំនួន​៣នាក់ ​នៃមន្ទីរ​អប់​រំ យុវជន និង​កីឡា​​ខេត្ត​បាត់​ដំបង និង​ព្រះ​សង្ឃ​ចំនួន​២អង្គ​​ បាន​ធ្វើទស្សនកិច្ចសិក្សាស្តីអំពី​សន្តិភាពនៅក្នុង​ស្រុក​អន្លង់វែង ខេត្តឧត្តរមានជ័យ ដោយមាន​​ការ​សម្រប​សម្រួល​របស់​អង្គ​ការ​វេទិកា​សេវាពលរដ្ឋ​​។​

ក្នុងដំណើរ​ទស្សនកិច្ច​នេះ​​ សិស្សានុ​សិស្ស​និង​លោក​គ្រូអ្នក​គ្រូ បាន​ធ្វើ​ដំណើរ​​​មក​ដល់​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់​វែងនៅ​លើ​ខ្នង​ភ្នំ​ដង​រែក នៅវេលាម៉ោង​៨ព្រឹក ដែល​អាកាសធាតុ​មានភាព​​ត្រជាក់​បង្គួរ​និង​ពោរពេញដោយភាពស្រស់ស្រាយ​។ ​អ្នកចូលរួម​ខ្លះ​បាន​ដើរ​តម្រង់​ទៅ​​​មើល​ពើយ​តាម៉ុក ដែល​បាន​និងកំពុងក្លាយ​ជាទីគយគន់​ ឯអ្នក​ខ្លះ​ទៀត​ក៏​ដើរ​មក​មើល​ពិព័រណ៍​រូប​ថត​ស្តីអំពី​ជីវភាព​របស់​ប្រជាជន​នៅ​ក្នុង​ស្រុក​អន្លង់​វែង និង​ពិធីផ្លូវការ​នៃ​ការ​ធ្វើ​សមា​ហរណកម្ម​នៃ​ចលនាខ្មែរក្រហម​​នៅថ្ងៃ​ទី​២៨ ​ខែ​ធ្នូ​ ឆ្នាំ​១៩៩៨ មកក្នុង​រាជរដ្ឋាភិបាល​កម្ពុជា​​វិញ​ ព្រមទាំងផ្ទាំង​រូប​ថត​របស់​តាម៉ុក​និង​ផ្ទាំង​រូប​ថត​ក្នុង​​ដំណើរ​ទស្សនកិច្ច​ប្រតិ​ភូ​ចិន​ទៀត​ផង។ ​

ក្រោយ​ពី​បាន​ដើរ​មើល​ផ្ទាំង​ពិព័រណ៍​និង​ទេស​ភាព​ដ៏​ស្រស់​ស្អាត​នៅ​ជុំ​វិញ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់​វែង​ហើយ ​សិស្សានុសិស្ស​រួម​​ទាំង​លោក​គ្រូ​អ្នក​គ្រូ​បាន​បន្ត​ចូល​ទៅ​សាល​ប្រជុំ​ ដែល​ជា​អតីត​ផ្ទះ​​កណ្តាល​របស់​ តាម៉ុក នៅលើភ្នំដងរែក​។

ជា​កិច្ច​ចាប់​ផ្ដើម ​​បណ្ឌិត​ លី​ សុខ​ឃាង​ ​នាយក​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់​ ​បាន​ណែ​នាំ​ខ្លួន និង​ក្រុម​ការងារ​​ទៅដល់​អ្នកចូលរួម​​​ ហើយ​​បន្ទាប់​មក​បានធ្វើ​បទ​​បង្ហាញ​ទាក់ទង​នឹង​​របប​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)​​។ ​បណ្ឌិត​ លី​ សុខ​ឃាង ​បាន​បង្ហាញតាម​រយៈផ្ទាំង​ស្លាយ​ឲ្យ​ឃើញ​ពី​ការ​ធ្វើ​ពល​កម្ម​ដោយ​បង្ខំ​របស់​​ខ្មែរ​ក្រហម​ទៅ​លើ​ប្រជាជន​ខ្មែរ មាន​​ដូច​ជា លើ​ក​ទំនប់​ និងជីក​ប្រឡាយ​​​។ ចំណែកផ្ទាំងស្លាយ​ខ្លះទៀត ​​រំលេច​អំពី​ប្រវត្តិ​រូប​មេដឹក​នាំ​កំពូលៗ​របស់​​ខ្មែរ​ក្រហម​ មាន​ដូច​ជា​ សាឡុត​ ស (ហៅ​ ប៉ុល​ ពត​), ឈិត ជឿន​(ហៅ​ តាម៉ុក)​ នួន ជា​, ខៀវ សំផន និង​ សុន សេន។ បន្ទាប់មក ​បណ្ឌិត​ លី​ សុខ​ឃាង ​បាន​ចាក់បញ្ចាំង​ភាពយន្ត​ឯក​សារ​មួយ​ស្តីពីស្ថាន​ភាព​​គុក​ទួល​ស្លែង​នៅ​ក្នុង​ឆ្នាំ​១៩៧៩ ដែល​ជា​គុកដ៏​អាថ៌​កំបាំង​បំផុត​ក្នុង​សម័យ​ខ្មែរ​ក្រហម​។ ភាព​យន្ត​​ឯក​សារនេះ ​​បាន​បង្ហាញទិដ្ឋ​ភាព​ដ៏​គួរ​ឲ្យ​រន្ធត់​និង​​ព្រៃ​ផ្សៃ​បំផុត​​ដែល​ខ្មែរ​ក្រហម​បាន​ធ្វើ​ទារុណ​កម្ម​​លើ​ប្រជាជន​ខ្មែរ​​។

ផ្ទាំង​ស្លាយបន្ទាប់​ ​​​បានបង្ហាញ​ប្រវត្តិសាស្រ្ត​សហគមន៍​អន្លង់​វែង ព្រមទាំង​រូបភាព​ស្តីពី​ជីវភាព​​រស់​នៅ​របស់​អតីតសមាជិក​ខ្មែរ​ក្រហម​លើ​ទឹក​ដី​អន្លង់​វែង​ រហូត​ដល់​មាន​ការធ្វើ​សមា​ហរណកម្ម​​ក្នុង​ឆ្នាំ​១៩៩៨​។ ក្នុង​ពេលជាមួយគ្នា​នេះដែរ ​វាគ្មិន​​​បាន​បង្ហាញ​ផ្ទាំង​ស្លាយអំពី​​​គម្រោង​​​សាង​សង់ដំបូលគ្រប​ពីលើ​ ទីតាំង​បូជាសព ប៉ុល​ ពត​ និង​​របង​នៅ​លើច្រាក់​ភ្នំ​ដង​រែក​ ស្ថិតនៅក្បែរមជ្ឈមណ្ឌល​សន្តិភាពអន្លង់វែង​។ ​​របងដែកនៅ​លើច្រាក​​ភ្នំ​ដង​រែកដែលនឹង​សាង​សង់នៅក្នុង​ឆ្នាំ​២០២២នេះ នឹង​​បង្កើត​ផ្លូវ​ដើរ ​និង​អាច​ជិះ​កង់​បាន​ដើម្បី​ភ្ជាប់​ទៅ​កាន់​តំបន់​ប្រវត្តិ​សាស្រ្តមួយ​កន្លែង​ទៅ​មួយ​កន្លែង​ទៀត ដូចដែលមាន​នៅក្នុង​ប្លង់គោល​សម្រាប់អភិវឌ្ឍន៍ស្រុក​អន្លង់វែង​។​

នៅក្នុងឱកាសនោះ អ្នកចូលរួមបាន​សួរសំណួរផ្សេងៗទាក់ទងនឹង​កម្មវិធីនេះ។ ​ព្រះ​តេជ​គុណ​ ពន់ មាន​សង្ឃ​ដី​កា​​ថា «​តើ​គម្រោងដ៏​ធំ​ក្នុង​ការ​​សាង​សង​ដំបូល​គ្របលើផ្នូរ​ ប៉ុល ​ពត ​និង ​ការ​ធ្វើ​របង​នៅ​ជួរ​ភ្នំ​ដង​រែក​អាច​នឹង​ត្រូវ​ប្រើ​រយៈ​ពេល​យូរ​ដល់​កម្រិត​ណា​ទើប​អាច​ទទួល​បាន​ជោគ​ជ័យ​?» ចំណែក​ ​ស៊ី​​ណា​ ដែល​ជា​គ្រូបង្រៀន​​នៅ​វិទ្យាល័យ​សម្ដេច​ឪ ​ខេត្ត​បាត់​ដំបង ​បានសួរ​​សំណួរថា​ «​ប្រ​សិនបើ​​មាន​ភ្ញៀវ​ទេស​ចរណ៍​ ឬ​ក្រុម​និស្សិត​ធ្វើ​ដំណើរ​មក​ដល់​ទី​នេះ​ហើយ​ចង់​ដាំ​កូន​ឈើ​ តើ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់​វែង​ មាន​​ដីទំនេរ​​សម្រាប់​ដាំ​កូន​ឈើ​ដែរឬទេ​? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​ពី​ឆ្លើយសំណួរ​និងពិភាក្សា​អំពី​ប្រវត្តិសាស្ត្រ​​រួច​មក​ អ្នកចូលរួម​​​បាន​បង្ហាញពី​​ការ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​ក្នុង​ការ​​ដាំ​ដើម​ឈើ ដើម្បី​បង្កើត​បាន​នូវ​ធម្ម​ជាតិ​ពណ៌បៃតង ​និង​បង្ហាញ​នូវ​​ក្ដី​ស្រឡាញ់​ធម្មជាតិ​ដ៏ស្រស់​បំព្រង​នៅ​មជ្ឈ​មណ្ឌល​សន្តិភាព​អន្លង់​វែង ​​លើ​ខ្នង​ភ្នំ​ដង​រែក​នារដូវរំហើយ​។ ​យើង​​បាន​​ថតរូប​ជុំ​គ្នាទុក​ជា​អនុស្សាវរីយ៍​ មុន​នឹង​បន្ត​ដំណើរ​ទៅ​កាន់​តំបន់​ប្រវត្តិ​សាស្ត្រ​ភ្នំ​២០០។

ដើម្បី​អាច​ឡើង​ទៅ​ដល់​ខ្នង​ភ្នំ​២០០​បាន​ អ្នកចូលរួមកម្មវិធី​ទាំង​អស់​ត្រូវជិះរថយន្ត​ធ្វើ​ដំណើរ​ឆ្លង​កាត់​អូ​រ​​ដែល​មាន​​ស្ពានឈើមួយ​​​​។ បន្ទាប់មក ​រថ​យន្ត​ទាំង​អស់បើក​​បរ​​សន្សឹម​ៗ​​លើ​ផ្លូវលំ​នៃ​​​ជម្រាល​ភ្នំដងរែក។ នៅ​​​ពាក់​កណ្ដាល​ផ្លូវ​ ​ក្រុម​ការងារ, ​​សិស្សានុសិស្ស​, លោកគ្រូ​អ្នក​គ្រូ​ រួម​ទាំងព្រះ​សង្ឃ​​ ​ត្រូវ​ចុះ​ដើរ ដោយ​សារតែ​ផ្លូវ​​ចំណោទ​ និងមាន​ដំថ្មនៅរាយ​ប៉ាយ​ដោយសារ​តែ​ភ្លៀងច្រោះ​កាលពីរដូវវស្សា ដែលទើបតែកន្លងផុត​កាលពីខែវិច្ឆិកា​។ ខណៈពេល​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ ​​​កង​កម្លាំងនៃយោធា​ភូមិ​ភាគ​៤របស់​កង​ទ័ព​ជើង​គោក ​ ​ទទួល​ស្វា​គមន៍​ពី​មួយ​ដំណាក់​ទៅ​មួយ​ដំ​ណាក់​​។ ​អស់​រយៈពេល​ប្រមាណ​ជា១៥នាទីក្រោយ​មក​​ ក្រុមការងារ, ​សិស្ស និង​លោកគ្រូ​អ្ន​ក​គ្រូ​ ព្រម​ទាំង​ព្រះ​សង្ឃ​ បាន​ធ្វើ​ដំ​ណើរ​ទៅ​ដល់​ខ្នង​ភ្នំ​២០០។ នៅ​ទីនោះ​​យើងឃើញ​ថា​មាន​​ទេស​ភាពយ៉ាង​ស្រស់​ស្អាត​ ខ្យល់​បក់​ត្រសៀកៗ និង​​ឮ​សំឡេងសត្វ​ស្លាបស្រែក​ខ្ញៀវខ្ញាបន្ត​គ្នា​មិន​ដាច់​។ ជា​ពិសេស​យើង​អាច​គយ​គន់​ទេស​ភាព​វាល​ស្រែ​ ចម្ការ ផ្លូវ និង​​ភូមិ​ឋាន​របស់​ប្រជាជន​ដែល​រស់​នៅ​ស្រុក​​អន្លង់​វែង​បាន​យ៉ាង​ច្បាស់ថែម​ទៀត​​។

នៅ​ក្នុង​ឱកាសនោះ​ដែរ​​ក៏​មាន​ការ​ចាំ​ទទួល​ស្វា​គមន៍​ និង​ការ​ធ្វើរ​​បទ​បង្ហាញ​​ ដោយ​វរ​សេនីយ៍​​ឯក​ ឯម​ វា​សនា​ មេ​បញ្ជាការរង​នៃ​កង​​ពល​តូច​​ថ្មើរ​ជើង​លេខ​៤១  និង​ជា​សមា​ជិក​ក្រុម​ការងារ​ប្រវត្តិសា​ស្រ្ត​យោ​ធា​ភូមិ​ភា​គ​៤​។ ​​វរសេនីយ៍​ឯក ឯម វាសនា​ បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ណែនាំ​​ខ្លួន​ដល់ព្រះ​តេជ​គុណ​ ​​សិស្សា​នុសិស្ស​ និង​លោកគ្រូ​អ្នក​គ្រូ​។ បន្ទាប់មក លោក​​វរសេនីយ៍​ឯក ក៏​បាន​បញ្ជាក់​​ឈ្មោះ​ថ្មី​​របស់​ភ្នំ​២០០ថា «ទី​ស្នាក់​ការ​កណ្ដាលប្រវត្តិសាស្រ្តយោ​ធា​តេជោ​ភ្នំ​២០០ អន្លង់​វែង​»។

លោក​វរសេនីយ៍​ឯក បានធ្វើ​ការ​អត្ថា​ធិ​ប្បាយ​យ៉ាង​ក្បោះ​ក្បាយ​ទាក់​ទង​នឹង​ប្រវត្តិសាស្រ្ត​យោ​ធា​ និង​​ដំណើរ​ការ​វិវត្ត​សង្គ្រាម​នៅក្នុង​​​ប្រទេស​កម្ពុជា​​ពី​ឆ្នាំ​១៩៧០​ ដល់​ឆ្នាំ​១៩៧៩។  លោក​​​វរសេនីយ៍​ឯក​ បាន​បន្ត​ថា អន្លង់​វែង​ជាតំបន់​​​ធ្វើ​សមា​ហរណ​កម្ម​ចុង​ក្រោយ​បង្អស់​​​ ក្នុង​ឆ្នាំ​១៩៩៨។​ ​សង្គ្រាម​រ៉ាំ​រ៉ៃ​នៅ​អន្លង់​វែង​​ត្រូវបាន​ផ្សះ​ផ្សា​តាម​រយៈយុទ្ធ​សាស្រ្ត​នយោ​បាយ​ឈ្នះ​ ឈ្នះ​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​​តេជោ​ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

ជា​កិច្ច​បញ្ចប់​នៃការ​សំ​ណេះ​សំណាល លោកវរសេនីយ៍​ឯក ​បាន​ធ្វើ​ការ​ថ្លៃង​អំណរ​គុណ​​ដល់​ក្រុម​ការងារ​មជ្ឈ​មណ្ឌល​សន្តិ​ភាពអន្លង់វែង ​ដែល​បាន​សម្រប​សម្រួលដំ​ណើរ​ទស្សនកិច្ច​សិក្សា​​មក​កាន់​តំបន់​ប្រវត្តិ​សាស្រ្ត​ភ្នំ​២០០នេះ​​។ ក្រោយ​មក​យើងបាន​ថត​រូប​ជុំ​គ្នានៅ​លើ​ផ្ទាំង​ថ្ម​ដ៏​ស្រស់​ស្អាត​នៅ​លើ​ភ្នំ​២០០ ​ទុក​ជា​អនុ​ស្សា​វរីយ៍ ​មុន​ពេល​ក្រុម​ទស្សនកិច្ច​សិក្សាបន្ត​​ធ្វើ​ដំ​ណើរ​ទៅ​កាន់​សារមន្ទី​រ​ផ្ទះ ​តាម៉ុក។

អត្ថបទ ៖ ហ៊ាន ពិសី និង​ មេក វិន អ្នកស្រាវជ្រាវ​នៃមជ្ឈមណ្ឌល​សន្តិភាពអន្លង់វែង

រូបថត ៖ សួត វិចិត្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា

ទស្សនកិច្ចសិក្សាអំពីសន្តិភាពនិងសិទ្ធិមនុស្សរបស់សិស្សានុសិស្សវិទ្យាល័យក្នុង ខេត្តបាត់ដំបងទៅកាន់តំបន់អន្លង់វែង កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១។ (សួត វិចិត្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)

អត្ថបទផ្សេងទៀត៖