សិក្ខាសាលាអប់រំស្តីអំពីការទប់ស្កាត់អំពើឧក្រិដ្ឋកម្មឃោរឃៅនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រៀបចំឡើងជាបីវគ្គផ្សេងគ្នាសម្រាប់ចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា និង ការិយាល័យទីប្រឹក្សាពិសេសរបស់អង្គការសហប្រជាជាតិស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍ក្រោមការគាំទ្រផ្នែកបច្ចេកទេសពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)។ សិក្ខាសាលាលើកទី១ ប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ គឺជាសិក្ខាសាលាតាមប្រព័ន្ធអនឡាញ និងមានការចូលរួមពីសិក្ខាកាមដែលជាគ្រូបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យាមកពីប្រទេសកម្ពុជា វៀតណាម និងថៃ។ សិក្ខាសាលាលើកទី២ ប្រព្រឹត្តទៅនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី៦ដល់៨ ខែធ្នូ ឆ្នាំ២០២១ គឺជាសិក្ខាសាលារយៈពេល៣ថ្ងៃ ដែលមានសិក្ខាកាមចូលរួមដោយផ្ទាល់គឺជាគ្រូបង្រៀនកម្ពុជាមកពីខេត្តត្បូងឃ្មុំ កណ្តាល និងព្រៃវែង ហើយសិក្ខាសាលាលើកទី៣ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងប្រទេសកម្ពុជា ដែលមានសិក្ខាកាមចូលរួមជាគ្រូបង្រៀនមកពីប្រទេសកម្ពុជា វៀតណាម និងថៃ។
សិក្ខាសាលានេះ មានគោលបំណងបណ្តុះបណ្តាលគ្រូបង្រៀនក្នុងតំបន់អាស៊ីអាគ្នេយ៍ឲ្យ យល់ច្បាស់អំពីនិយមន័យនៃឧក្រិដ្ឋកម្មឃោរឃៅ កត្តាគ្រោះថ្នាក់នានាដែលនាំដល់ការកកើតឧក្រិដ្ឋកម្មឃោរឃៅនិងសារសំខាន់នៃការទប់ស្កាត់ឧក្រិដ្ឋកម្ម។ លោក គ្រីស្តូហ្វ័រ ឌៀរីង គឺជាគ្រូឧទ្ទេសអន្តរជាតិ ដែលជាអ្នកធ្វើបទបង្ហាញនិងពន្យល់អំពីនិយមន័យ កត្តាគ្រោះថ្នាក់ និងវិធីទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ ដូចជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមមិនឲ្យកើតឡើង។ នៅវគ្គសិក្សានេះគ្រូឧទ្ទេសជាតិនិងអន្តរជាតិ បានបែងចែកជា៣ក្រុមឲ្យមានការពិភ្សាគ្នា ហើយក្រុមនីមួយៗបានលើកឡើងរៀងៗខ្លួនអំពីកត្តាមួយក្នុងចំណោមកត្តាទាំង៨ រួមមាន ៖ ១) ស្ថានភាពជម្លោះប្រដាប់អាវុធឬទម្រង់អស្ថិរភាពផ្សេងៗ ២) កំណត់ត្រានៃការរំលោភធ្ងន់ធ្ងរនៃសិទ្ធិមនុស្សអន្តរជាតិនិងច្បាប់ ៣) ចំណុចខ្សោយនៃរចនាសម្ព័ន្ធរដ្ឋ ៤) កត្តាជំរុញឬការលើកទឹកចិត្តដែលសមហេតុផលអាចប្រើប្រាស់អំពើហិង្សាលើក្រុមប្រជាជន ឬ បុគ្គលដែលត្រូវបានការពារ ៥) សមត្ថភាពក្នុងការប្រព្រឹត្តអំពើឃោរឃៅ ៦) នត្តិភាពនៃស្ថានសម្រាល ទី៧) កាលៈទេសៈជួយសម្រួល ឬវិធានការត្រៀម ៨) កត្តាជំរុញគ្រោះថ្នាក់ជាក់លាក់ ដែលទាំងអស់នេះជាសញ្ញា ឬអាចនាំឲ្យកើតមានអំពើឧក្រិដ្ឋកម្ម។
នៅក្នុងសិក្ខាសាលានេះ ហឹម ហ៊ុយ គឺជាអតីតកងពល៧០៣ ដែលធ្លាប់ធ្វើការនៅក្នុងមន្ទីរស-២១ ត្រូវបានអញ្ជើញឲ្យមកចែករំលែករឿងរ៉ាវរបស់ខ្លួនចាប់តាំងពីការជ្រើសរើសឲ្យចូលធ្វើទាហានខ្មែរក្រហមក្នុតំបន់រំដោះ រហូតដល់របបខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
គ្រូបង្រៀនប្រវត្តិសាស្រ្ត មកពីប្រទេសថៃបានលើកសំណួរទៅកាន់ ហឹម ហ៊ុយ ថា« ហេតុអ្វីបានជាអ្នកអាចស៊ូទ្រាំរស់មកដល់សព្វថ្ងៃនេះ? តើយុវជនបច្ចុប្បន្នត្រូវធ្វើខ្លួនយ៉ាងដូចម្ដេចដែលប្រវត្តិសាស្រ្តរបស់ខ្លួនធ្លាប់កើតមានអំពើប្រល័យពូជសាសន៍?» ហ៊ឹម ហ៊ុយ បានឆ្លើយតបថា៖ «ខ្ញុំអាចរស់ជីវិតបានដោយសារខ្ញុំស៊ូទ្រាំ ខ្ញុំគ្រាន់តែចង់រស់មិនចង់មានបុណ្យសក្ក័ទេហើយមានតែការអប់រំប៉ុណ្ណោះដែលយុវជនអាចទទួលបាន ចូលរួមចង់ចាំនិងទប់ស្កាត់»។
ចំណែកអ្នកស្រី សេក សាយ គឺជាកូនស្រីរបស់ ចាន់ គីមស្រ៊ុន អតីតជនរងគ្រោះនៅមន្ទីរស-២១ ដែលត្រូវបានសម្លាប់ជាមួយកូនស្រីមានអាយុ៥ខែ បានរៀបរាប់អំពីរឿងរ៉ាវរបស់ខ្លួនបានចង់ចាំទាក់ទងនឹងម្ដាយរបស់ខ្លួន។ សេក សាយ បានបន្តថា នៅពេលរបបខ្មែរក្រហមដួលរលំ ខ្ញុំអាចរស់នៅបានដោយសារមានស្រ្តីម្នាក់យកទៅចិញ្ចឹម។ សម វិចិត្រ គ្រូឧទ្ទេសថ្នាក់ជាតិរបស់កម្ពុជា បានលើកសំណួរថា «តើលោកស្រីមានអារម្មណ៍ធូរស្បើយទេនៅពេលបានចែករំលែករឿងរ៉ាវអំពើឃោរឃៅដែលខ្មែរក្រហម បានប្រព្រឹត្តមកលើគ្រួសាររបស់អ្នកស្រី និងប្រជាជនកម្ពុជា?។ សេក សាយ បានតបថា «ខ្ញុំនៅតែចងចាំអំពីម្ដាយរបស់ខ្ញុំបើទោះជាខ្ញុំមានកូនប្រុសស្រីដែលអាចធ្វើឲ្យខ្ញុំរីករាយក៏ដោយ។ ខ្ញុំសូមកុំឲ្យរបបឃោរឃៅនេះកើត ឡើងម្តងទៀត ហើយសូមឲ្យប្រជាជនកម្ពុជារស់នៅដោយសន្តិភាព»។
នៅក្នុងសិក្ខាសាលាលើកទី៣ គ្រូឧទ្ទេសថ្នាក់ជាតិរបស់កម្ពុជា និងគ្រូប្រវត្តិសាស្រ្តមកពីប្រទេសថៃបានធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្ម និងប្រល័យពូជសាសន៍បឹងជើងឯក, មជ្ឈមណ្ឌលឧក្រិដ្ឋកម្ម និងប្រល័យពូជសាសន៍ទួលស្លែង, សារមន្ទីរជាតិ និងបណ្ណាល័យសម្តេចម៉ែរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ សិក្ខាសាលានេះ មានការចាប់អារម្មណ៍ពីគ្រូប្រវត្តិសាស្ត្រមកពីប្រទេសថៃ វៀតណាម និងគ្រូបង្រៀនកម្ពុជាដែលភាគច្រើនលើសលុបបានយល់ដឹងពីនិយមន័យនៃអំពើឧក្រិដ្ឋឃោរឃៅ និងភាពច្បាស់លាស់ក្នុងការកំណត់ពីកត្តាគ្រោះថ្នាក់នានាដែលនាំដល់ការកកើតអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសកម្ពុជានាសម័យខ្មែរក្រហម។ សិក្ខាសាលានេះ បានផ្តល់ចំណេះដឹងដល់សិក្ខាកាមពីកត្តាគ្រោះថ្នាក់នានាដែលនាំឲ្យកកើតអំពើឧក្រិដ្ឋនៅប្រទេសកម្ពុជា អាឡឺម៉ង់ និងប្រទេសរ៉្វាន់ដាទៀតផង។ លើសពីនេះទៀត គ្រូបង្រៀនកម្ពុជាទាំងអស់ បានទទួលចំណេះដឹងថ្មីៗទាក់ទងនឹងវិធីសាស្ត្របង្រៀនថ្មីទំនើបៗ ក្នុងការពាំនាំយកទៅបង្រៀនសិស្សរបស់ខ្លួនដោយដើរតាមគោលវិធីសិស្សមជ្ឈមណ្ឌល ដើម្បីបង្កើនចំណេះដឹង និងបង្កើនការគិតគូរយ៉ាងស៊ីជម្រៅរបស់សិស្ស។
អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា
រូបថត ៖ សុភ័ក្រ្ត ភាណា/មជ្ឈមណ្ឌលឯកសារកម្ពុជា