ឡៃ វីរៈ អាយុ៧៣ឆ្នាំ មានស្រុកកំណើតនៅភូមិសឹង្ហលិច ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបាត់ដំបង។ បច្ចុប្បន្ន ឡៃ វីរៈ រស់នៅភូមិសឹង្ហលិច ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា៖ ខ្ញុំមានឪពុកឈ្មោះ ឡៃ សារ៉ូ ស្លាប់នៅក្នុងរបបខ្មែរក្រហម និងម្ដាយឈ្មោះ អឿ ហាច ស្លាប់នៅក្នុងឆ្នាំ២០១១។ ខ្ញុំមានបងប្អូនចំនួន៦នាក់ ក្នុងនោះមានស្រី៣នាក់ និងប្រុស៣នាក់។ បងប្អូនខ្ញុំស្លាប់ម្នាក់ ហើយខ្ញុំគឺជាកូនទីពីរនៅក្នុងគ្រួសារ។ ខ្ញុំមានប្រពន្ធឈ្មោះ ដា លាភ សព្វថ្ងៃអាយុ៦៦ឆ្នាំ។ នៅក្នុងឆ្នាំ១៩៧៣ ខ្ញុំបានឈប់រៀន បន្ទាប់ពីប្រឡងចប់ថ្នាក់ឌីប្លូម (ថ្នាក់ទី៣សង្គមចាស់) នៃវិទ្យាល័យស៊ីសុផុន។
នៅពេលខ្មែរក្រហមចូលមកដល់ក្នុងឆ្នាំ១៩៧៥ ខ្ញុំរស់នៅភូមិសឹង្ហលិច និងបានប្ដូរឈ្មោះពី ឡៃ វីរៈ មកឈ្មោះ ខុល ដើម្បីកុំឱ្យខ្មែរក្រហមដឹងពីប្រវត្តិរូប។ ពេលនោះខ្ញុំស្ថិតនៅក្នុងកងយុវជនធ្វើការងារលើកទំនប់ និងជីកប្រឡាយនៅក្នុងឃុំសឹង្ហ។
នៅឆ្នាំ១៩៧៧ ខ្ញុំបានរត់ទៅថៃ ព្រោះបានឮការនិយាយតៗគ្នាថា ក្រុមខ្មែរសេរីនៅតាមជាយដែនខ្មែរ-ថៃ។ ខ្ញុំមិនចង់រស់នៅជាមួយក្រុមខ្មែរក្រហមទេ។ ពេលរត់ទៅប្រទេសថៃ ខ្ញុំមានគ្នា៦នាក់ រួមជាមួយកំាភ្លើង៦ដើម ដែលលួចពីឈ្លបភូមិ។ ក្រុមរបស់ខ្ញុំបានធ្វើដំណើររហូតទៅដល់តាសៀវក្នុងស្រុកថ្មពួក ក៏មានទាហានសេរីកាជាតិខ្មែរ ដឹកនាំដោយ ជា រិទ្ធីឈុត នាំក្រុមរបស់ខ្ញុំទៅផ្ញើនៅជំរំទាហានអ្នកតស៊ូក្នុងភូមិសាង៉ែក្នុងប្រទេសថៃ។ ខ្ញុំរស់នៅភូមិសាង៉ែរយៈពេល៤ទៅ៥ខែ ក៏ត្រឡប់មកក្នុងស្រុកខ្មែរវិញ។ ក្រុមខ្ញុំមានគ្នាឡើងដល់១២នាក់ ប៉ុន្ដែមានកាំភ្លើងតែ៦ដើមតែប៉ុណ្ណោះ និងមានម៉ាស៊ីនថត២គ្រឿង។ ក្រុមរបស់ខ្ញុំដើរស្វែងរករណ្តៅសាកសពដែលខ្មែរក្រហមបានសម្លាប់ប្រជាជន ដើម្បីថតរូបយកទៅឱ្យ ជា រិទ្ធីឈុត នៅប្រទេសថៃ សម្រាប់ធ្វើការផ្សព្វផ្សាយដល់អន្តរជាតិ។ ក្រុមខ្ញុំទាំង១២នាក់បានធ្វើដំណើររហូតដល់ស្រុកស្វាយស៊ីសុផុន ហើយជួបជាមួយប្រជាជន ដើម្បីស្វែងរកទីតាំងឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយខ្មែរក្រហម។ ក្រុមរបស់ខ្ញុំបានស្រាវជ្រាវរយៈពេលប្រហែល១ខែ ទើបថតបានទីតាំងរណ្តៅសាកសពដែលខ្មែរក្រហមបានសម្លាប់ប្រជាជន។ បន្ទាប់មកក្រុមខ្ញុំបានត្រឡប់ទៅភូមិសាង៉ែវិញ ដើម្បីប្រគល់រូបថតឱ្យ ជា រិទ្ធីឈុត។
ក្រោយមក ជា រិទ្ធីឈុត និងខ្ញុំបានដឹកនាំកម្លាំង១៥០នាក់ចុះមកស្រុកខ្មែរ។ ក្រុមខ្ញុំបានមកស្នាក់នៅប្រាសាទស្ដុកកក់ធំ។ ពេលក្រុមខ្ញុំស្នាក់នៅប្រាសាទស្តុកកក់ធំបានរយៈពេលប្រហែល២សប្តាហ៍ ក៏មានក្រុមលោក ជា ឆៃយ៉ា និង អ៊ិន សាខន មកដល់ប្រាសាទស្តុកកក់ធំដែរ។ ជា រិទ្ធីឈុត និងខ្ញុំបានដឹកនាំកម្លាំង១៥០នាក់ មកបង្កើតជំរំណងចាន់ដែលស្ថិតនៅក្បែរបង្គោលឡាក់ព្រំដែនលេខ៤៣។ បង្គោលឡាក់ព្រំដែនលេខ៤៣ មានទីតាំងនៅជិតវត្តណងម៉ាក់មុន ហៅវត្តភូមិថ្មីរបស់ថៃ ដោយរបងវត្តណងម៉ាក់មុននៅជាប់អូរ។ ចំណែកបង្គោលឡាក់ព្រំដែនលេខ៤៣ ស្ថិតនៅខាងកើតអូរប្រហែល៥០ម៉ែត្រ។ ចំណែកជំរំចាស់ ហៅជំរំរាហូចាប់ច័ន្ទ ស្ថិតនៅចន្លោះជំរំណងចាន់ និងជំរំឫទ្ធិសែន(ជំរំ០០៧)។ ជំរំចាស់ដឹកនាំដោយលោកតា វ៉ាន់ សារ៉េន និង អង់ត្រេ អ៊ុកថុល។ ជំរំណងចាន់ ដឹកនាំដោយ ជា រិទ្ធីឈុត និងខ្ញុំ (ឡៃ វីរៈ)។ ក្រោយមកជំរំណងចាន់កាន់តែមានប្រជាជនមករស់នៅច្រើន ហើយអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានាបានរៀបចំរចនាសម្ព័ន្ធ ដូចជា សាលារៀន មន្ទីរពេទ្យ និងស្ថាប័ននានានៅក្នុងជំរំណងចាន់។
ពេលលោក គង់ ស៊ីលាស់ អតីតនាយទាហានជើងទឹកដែលធ្លាប់បានសិក្សានៅប្រទេសបារាំងធ្វើដំណើរមកដល់ជំរំណងចាន់នៅឆ្នាំ១៩៧៩ ពេលនោះក៏មានអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានាចូលមកផ្តល់អង្ករ និងស្បៀងអាហារដល់ប្រជាជននៅក្នុងជំរំណងចាន់ដែរ។ បន្ទាប់ពីរស់នៅជំរំណងចាន់បានប្រហែល២ឆ្នាំ លោក គង់ ស៊ីលាស់ បានស្លាប់ដោយសារជំងឺគ្រុនចាញ់ ទោះបីជាមានវេជ្ជបណ្ឌិតជនជាតិបារាំងជួយព្យាបាលគាត់ក៏ដោយ ក៏មិនអាចជួយសង្រ្គោះបានដែរ។ លោក គង់ ស៊ីលាស់ បានស្លាប់នៅបន្ទាយអូរឫស្សីស្រុក។
នៅឆ្នាំ១៩៨៣ កងទ័ពវៀតណាមបានវាយបែកជំរំណងចាន់។ ជំរំណងចាន់ត្រូវបានផ្លាស់មកតាំងនៅតំបន់ព្រៃចាន់ ហើយពេលនោះមានប្រជាជនមួយចំនួនធំបានចេញពីជំរំណងចាន់ទៅរស់នៅជំរំដងរែក។ បន្ទាប់មក ជំរំណងចាន់ ត្រូវបានរើចេញពីតំបន់ព្រៃចាន់ត្រឡប់មកកន្លែងដើមវិញ គឺជំរំណងចាន់ចាស់វិញ។ ចំណែកខ្ញុំបានមកបោះទីតាំងនៅអូរបីជាន់ ដែលភាគច្រើនគឺជាទាហានប៉ារ៉ា និងគ្រួសារទាហាប៉ារ៉ា។ ខ្ញុំរស់នៅជំរំអូរបីជាន់រហូតសង់បានផ្ទះ ផ្លូវ និងស្រះទឹកនៅតំបន់អូរបីជាន់។
នៅចន្លោះឆ្នាំ១៩៨៦ និងឆ្នាំ១៩៨៧ មេដឹកនាំរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរបានដក ជា រិទ្ធីឈុត ត្រឡប់មកដឹកនាំនៅខាងលើ ហើយខ្ញុំត្រូវបានតែងតាំងជាមេដឹកនាំទាំងទាហានប៉ារ៉ា និងប្រជាជននៅជំរំណងចាន់។ ខ្ញុំបានក្លាយជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹក(តំបន់៥) នៃរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ។
បន្ទាប់ពីបោះឆ្នោតសកលឆ្នាំ១៩៩៣ ទាហាននៅតំបន់ប្រតិបត្តការសឹក (តំបន់៥) ទាហាននៅតំបន់ប្រតិបត្តិការសឹក(តំបន់១)នៃរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ និងកងទ័ពនៅអង្គភាពអ-៤២ របស់រដ្ឋកម្ពុជា បានប្របាច់បញ្ចូលគ្នាបង្កើតជាកងពលលេខ១២នៃកងយោធពលខេមរភូមិន្ទ ឈរជើងនិងប្រចាំការនៅកូនដំរី ក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ មេបញ្ជាការកងពលលេខ១២ គឺ ខ្ញុំ (ឡៃ វីរៈ)។ ចំណែកមេបញ្ជាការរងកងពលលេខ១២ រួមមាន ៖ លោក ងួន ហៅ ការ៉េ និងលោក ព្រំ មរណៈ។
បើតាមខ្ញុំដឹង ដីខ្មែរនៅតាមតំបន់បង្គោលឡាក់ព្រំដែនលេខ៤៣ នៅអូរបីជាន់ទល់មុខភូមិណងម៉ាក់មុន (ភូមិថ្មី) របស់ថៃ តំបន់បង្គោលឡាក់ព្រំដែនលេខ៤២ រួមទាំងប្រាសាទស្តុកកក់ធំ និងតំបន់ព្រំដែនដទៃទៀត ត្រូវបានប្រទេសថៃលួចបង្ខិតចូលមកជ្រៅក្នុងទឹកដីខ្មែរ និងទន្ទ្រានចូលកាន់កាប់ទឹកដីខ្មែរថែមទៀត បន្ទាប់ពីទាហាននៃរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរបានប្របាច់បញ្ចូលគ្នាក្នុងកងយោធពលខេមរភូមិន្ទ និងបានចាកចេញអស់ពីតំបន់ព្រំដែនខាងលើ។
អត្ថបទ ៖ ទាវ សម្ភស្ស បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



