វីរកងទ័ព ងៀម គង្គាត៖ «កិត្តិយសជាកូនប្រុសមិនអាចរត់ចោលជួរទេអូន បងសុខចិត្តស្លាប់ឱ្យគេគោរព មិនព្រមរស់ឱ្យគេមើលងាយទេ»

កិត្តិយសជាកូនប្រុសមិនអាចរត់ចោលជួរទេអូន បងសុខចិត្តស្លាប់ឱ្យគេគោរព មិនព្រមរស់ឱ្យគេមើលងាយទេ នេះគឺជាសម្តីប្រកបដោយសេចក្កីក្លាហាន និងមានអត្ថន័យរបស់អនុសេនីយ៍ទោ ងៀម គង្គាត ដែលបាននិយាយប្រាប់ប្រពន្ធមុនពេលពលីនៅសមរភូមិ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២៥។

អ្នកស្រី ដែង សុឃ្លោក អាយុ២៦ឆ្នាំ ត្រូវជាប្រពន្ធរបស់វីរកងទ័ព ងៀម គង្គាត សព្វថ្ងៃរស់នៅភូមិសូភី ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានរៀបរាប់រឿងរ៉ាវរបស់ប្តី និងក្រុមគ្រួសារដូចខាងក្រោម៖

ប្តីរបស់ខ្ញុំឈ្មោះ ងៀម គង្គាត ឋានន្តរសក្តិអនុសេនីយ៍ទោ អាយុ២៨ឆ្នាំ កើតនៅភូមិសូភី ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ប្តីរបស់ខ្ញុំមានឪពុកឈ្មោះ ង៉ាម ងៀម និងម្តាយ ឈ្មោះ ហង់ ប៉ឹង។ ប្តីរបស់ខ្ញុំគឺជាកូនប្រុសទី២ ក្នុងចំណោមបងប្អូនប្រុសចំនួន៥នាក់។ ប្អូនប្តីរបស់ខ្ញុំចំនួន២នាក់បានចូលបម្រើកងទ័ពដូចប្តីរបស់ខ្ញុំដែរ គឺ ប្អូនប្រុសទី៣) ឈ្មោះ ងៀម ខាន់ឈីត  និងប្អូនប្រុសទី៤) ឈ្មោះ ងៀម ពីញពីញ។ ចំណែកបងប្រុសទី១) ឈ្មោះ ងៀម ណាគីម គឺជាគ្រូបង្រៀននៅវិទ្យាល័យអង្គរជុំ ខេត្តសៀមរាប និងប្អូនប្រុសទី៥) ឈ្មោះ ងៀម យ៉ុងគី គឺជាសិស្សនៅវិទ្យាល័យកូប។

កាលពីក្មេងខ្ញុំ និងប្តីរបស់ខ្ញុំបានចូលរៀននៅសាលាបឋមសិក្សា និងអនុវិទ្យាល័យសូភី និងបានបន្តការសិក្សានៅវិទ្យាល័យកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ប្តីរបស់ខ្ញុំគឺជាសិស្សដែលខិតខំតស៊ូរៀនសូត្ររហូតប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំ២០១៧។ ចំណែកខ្ញុំបានប្រឡងជាប់បាក់ឌុប ក្នុងឆ្នាំ២០១៩ និងបានរៀនផ្នែកកាត់សក់ អ៊ុតសក់ និងតុបតែងមុខនារី។

ប្តីរបស់ខ្ញុំមានស្មារតីស្រឡាញ់ជាតិមាតុភូមិតាំងពីវ័យក្មេង និងបានសម្រេចចិត្តប្រឡងចូលរៀនផ្នែកនាយទាហានសកម្មជំនាន់ទី២១រយៈពេល៤ឆ្នាំនៅខេត្តកំពង់ស្ពឺ។ ក្រោយបញ្ចប់ការសិក្សាផ្នែកយោធានៅឆ្នាំ២០២១ ថ្នាក់ដឹកនាំអង្គភាពកងទ័ព បានចាត់តាំងប្តីរបស់ខ្ញុំឱ្យទៅបំពេញភារកិច្ចនៅក្នុងវរការពារព្រំដែនគោកលេខ៥០៣ ចំណុះយោធភូមិភាគទី៥ ប្រចាំការនៅតំបន់អូរបីជាន់ ខេត្តបន្ទាយមានជ័យ។

ខ្ញុំនិងប្តីរបស់ខ្ញុំស្គាល់គ្នា និងមាននិស្ស័យជាមួយគ្នាតាំងពីវ័យក្មេង ព្រោះយើងទាំងពីររស់នៅក្នុងភូមិជាមួយគ្នា ផ្ទះនៅក្បែរគ្នា និងរៀនសាលាជាមួយគ្នាតាំងពីបឋមសិក្សារហូតដល់ថ្នាក់វិទ្យាល័យ។ ខ្ញុំ និងប្តីរបស់ខ្ញុំបានចាប់ចិត្តស្រឡាញ់គ្នាចាប់តាំងពីខ្ញុំនៅរៀនថ្នាក់ទី៧ ចំណែកប្តីរបស់ខ្ញុំកំពុងរៀនថ្នាក់ទី៩។ នៅក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់ដែលសាលាបានរៀបចំឡើង ប្តីរបស់ខ្ញុំត្រូវបានសាលាជ្រើសរើសឱ្យធ្វើជាគ្រូបង្វឹកបាល់ទាត់ដល់រូបខ្ញុំ និងមិត្តរួមក្រុមរបស់ខ្ញុំ។ បន្ទាប់ពីពេលនោះមក យើងបានស្វែងយល់ចិត្តគ្នាអស់រយៈពេល៨ឆ្នាំ ទើបសម្រេចចិត្តរៀបការនៅក្នុងឆ្នាំ២០២៣។ ក្រោយរៀបការ យើងទាំងពីរនាក់រស់នៅប្រកបដោយសុភមង្គលរហូតទទួលបានចំណងដៃកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ឈ្មោះ គង្គាត អេណា បច្ចុប្បន្នអាយុ២ឆ្នាំ។

មុនពេលមានការប៉ះទង្គិចប្រដាប់អាវុធជាមួយទាហានថៃ ប្តីរបស់ខ្ញុំតែងតែឆ្លៀតមកជួបជុំប្រពន្ធកូន និងផ្តល់ភាពកក់ក្តៅដល់គ្រួសារ។ ចាប់តាំងពីហេតុការណ៍ទាហានថៃបាញ់សម្លាប់វីរកងទ័ពកម្ពុជាម្នាក់ដែលគ្មានអាវុធនៅក្បែរលេណដ្ឋាន ក្នុងភូមិសាស្ត្រមុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងខែឧសភា ឆ្នាំ២០២៥ សភាពការណ៍តាមព្រំដែនចាប់ផ្តើមតានតឹងខ្លាំងរហូតផ្ទុះសង្រ្គាមលើកទី១ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ពេលនោះប្តីរបស់ខ្ញុំត្រូវប្រចាំការនៅទីស្នាក់ការភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ​ រហូតដល់សភាពការណ៍ត្រឡប់មកធម្មតាវិញ ទើបប្តីរបស់ខ្ញុំបានត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព។

នៅអំឡុងពេលផ្ទុះសង្គ្រាមលើកទី២ នៅក្នុងខែធ្នូ ឆ្នាំ២០២៥ ខ្ញុំ និងកូនបានភៀសខ្លួនទៅស្នាក់នៅផ្ទះបងប្រុសនៅខេត្តសៀមរាប។ លុះដល់យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ប្តីរបស់ខ្ញុំបានទូរសព្ទប្រាប់ថាគាត់ត្រឡប់មកដល់ផ្ទះដើម្បីព្យាបាលជំងឺ។ ខណៈនោះប្តីរបស់ខ្ញុំចង់បន្តដំណើរទៅខេត្តសៀមរាបទាំងយប់ ប៉ុន្តែដោយសារគាត់អស់កម្លាំងខ្លាំងពេកដូច្នេះមិនអាចជិះម៉ូតូទៅដល់សៀមរាបឡើយ។ ខ្ញុំបានប្រាប់ប្តីរបស់ខ្ញុំឱ្យសម្រាកនៅផ្ទះ ព្រលឹមឡើងខ្ញុំនឹងធ្វើដំណើរចេញពីខេត្តសៀមរាបមកផ្ទះនៅភូមិសូភីដើម្បីមើលថែទាំគាត់។ ប្តីរបស់ខ្ញុំមានជំងឺដោយសារត្រូវផ្សែងពុលរបស់សត្រូវឈ្លានពានទឹកដី។ បន្ទាប់ពី សម្រាកព្យាបាល និងព្យួរសេរ៉ូមនៅផ្ទះបានរយៈពេលមួយថ្ងៃ ប្តីរបស់ខ្ញុំចង់ត្រឡប់ទៅអង្គភាពវិញ ប៉ុន្តែខ្ញុំសូមឱ្យគាត់នៅសម្រាកព្យាបាលជំងឺមួយរយៈសិន។ ជំងឺប្តីរបស់ខ្ញុំហាក់មិនបានធូរស្រាលឡើយ ហើយកម្លាំងកាយរបស់គាត់នៅទន់ខ្សោយដដែល។ ក្រោយពីសម្រាកព្យាបាលជំងឺរយៈពេល៣ថ្ងៃនៅផ្ទះ ប្តីរបស់ខ្ញុំបានសម្រេចចិត្តត្រឡប់ទៅសមរភូមិវិញ ព្រោះការប្រយុទ្ធគ្នាកំពុងផ្ទះឡើងខ្លាំង។ ទោះបីជាខ្ញុំខំអង្វរករយ៉ាងណាក៏ដោយ ប្តីខ្ញុំនៅតែជម្នះទៅបំពេញកាតព្វកិច្ចជាយោធាការពារទឹកដី។ ប្តីរបស់ខ្ញុំនិយាយទាំងទឹកមុខមាំថា នៅសមរភូមិមុខមានពលទាហានក្នុងអង្គភាពជាច្រើនកំពុងតែរង់ចាំគាត់។

មុនពេលប្តីរបស់ខ្ញុំចាកចេញពីផ្ទះ គាត់ហាក់បានដឹងពីជោគវាសនារបស់ខ្លួនមុនថា គាត់នឹងមិនអាចត្រឡប់មកផ្ទះវិញបានទេ ព្រោះសមរភូមិបឹងត្រកួន និងសមរភូមិជោគជ័យដែលអង្គភាពរបស់គាត់ឈរជើងកំពុងប្រយុទ្ធគ្នាយ៉ាងប្តូរផ្តាច់។ អំឡុងពេលបីថ្ងៃដែលប្ដីរបស់ខ្ញុំសម្រាកព្យាបាលជំងឺនៅផ្ទះ ប្តីរបស់ខ្ញុំមិនចង់ឱ្យខ្ញុំនិងកូនទៅណាឆ្ងាយពីគាត់ទេ គឺឱ្យនៅក្បែរគាត់រហូត ហាក់បីដូចជាការជួបជុំដើម្បីលាគ្នាជាលើកចុងក្រោយ។

នៅវេលាម៉ោង២ទៀបភ្លឺ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ប្តីរបស់ខ្ញុំបានធ្វើដំណើរចាកចេញពីផ្ទះទៅកាន់សមរភូមិ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅវិញ។ លុះដល់ម៉ោង២រសៀលថ្ងៃដដែល ខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំបំផុតថា ប្តីរបស់ខ្ញុំបានពលីជីវិតហើយ ដោយសារគ្រាប់ផ្លោងធ្លាក់ចំលេណដ្ឋានរបស់គាត់បណ្តាលឱ្យបាក់សង្កត់ពីលើគាត់។ ខ្ញុំបានទទួលដំណឹងដ៏អកុសលនេះតាមរយៈទូរសព្ទរបស់ប្រពន្ធគ្រូពេទ្យទាហានម្នាក់នៅស្រុកអូរជ្រៅ ដែលបានចុះទៅជួយសង្គ្រោះកងទ័ពរងរបួស។ លុះដល់ ម៉ោង​ប្រហែល៥ល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ទើបក្រុមគ្រូពេទ្យបានបញ្ជូនសាកសពប្តីរបស់ខ្ញុំទៅលាងសម្អាតនៅមន្ទីរពេទ្យមង្គលបុរី។ នៅម៉ោងប្រមាណ៧យប់ ថ្ងៃដដែល ក្រុមគ្រូពេទ្យបានរៀបចំដឹកសាក​សពប្តីរបស់ខ្ញុំទៅកាន់វត្តចំការខ្នុរ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំពិធីបុណ្យសពតាមប្រពៃណីសាសនា។

ប្តីរបស់ខ្ញុំមានសេចក្តីក្លាហាន ដោយសុខចិត្តលះបង់ជីវិតខ្លួនឯង សេចក្តីសុខប្រពន្ធកូន និងក្រុមគ្រួសារ ដើម្បីជាតិមាតុភូមិ។ ទោះបីប្តីរបស់ខ្ញុំដឹងមុនថាអាចនឹងមានគ្រោះថ្នាក់ ហើយប្រពន្ធកូន ឪពុកម្តាយព្យា​យាមរារាំងមិនឱ្យគាត់វិលត្រឡប់ទៅសមរភូមិវិញយ៉ាងណាក៏ដោយ ក៏គាត់នៅតែសម្រេចចិត្តចេញទៅប្រយុទ្ធតតាំងនឹងសត្រូវឈ្លានពានទឹកដី។ ប្តីរបស់ខ្ញុំបានប្រាប់ខ្ញុំថា៖ «កិត្តិយសជាកូនប្រុសមិនអាចរត់ចោលជួរទេអូន បងសុខចិត្តស្លាប់ឱ្យគេគោរព មិនព្រមរស់ឱ្យគេមើលងាយទេ»។ សម្តីចុងក្រោយដែលប្តីរបស់ខ្ញុំបានផ្តែផ្តាំខ្ញុំគឺ៖ «អូនត្រូវមើលថែខ្លួនឯង និងមើលថែកូនយើងឱ្យបានល្អ បងនឹងត្រឡប់មកនៅជាមួយអូនវិញ បងមិនអីទេ»។ ពាក្យថាបងនឹងត្រឡប់មកជួបអូនវិញនេះ បានដក់ជាប់ក្នុងចិត្តខ្ញុំជានិច្ច។

ចុងក្រោយខ្ញុំសូមគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលបានចូលរួមរំលែកទុក្ខ និងចូលរួមបុណ្យសពប្តីរបស់ខ្ញុំ ព្រមទាំងជួយឧបត្ថម្ភដល់ក្រុមគ្រួសារខ្ញុំ និងគ្រួសារវីរកងទ័ពដទៃទៀត។ ខ្ញុំសូមឱ្យបងប្អូនទាំងអស់ចងចាំនូវវីរកងទ័ពកម្ពុជាក្នុងបេះដូងជារៀងរហូត។

អត្ថបទ ៖ កែវ សុភី បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖