វេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានទទួលស្វាគមន៍សិស្សចំនួន៤នាក់នៃអនុវិទ្យាល័យត្រពាំងប្រិយ៍ មកទស្សនាពិព័រណ៍រូបថត និងសិក្សាស្វែងយល់អំពីឯកសារ និងប្រវត្តិសាស្ត្រខ្មែរក្រហម នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ វេទិកាថ្នាក់រៀននេះមានគោលបំណងលើកកម្ពស់ការអប់រំពីប្រវត្ដិសាស្ដ្រកម្ពុជាប្រជាធិបតេយ្យ និងទប់ស្កាត់អំពើប្រល័យពូជសាសន៍ នាពេលអនាគត។

ជាដំបូងសិស្សានុសិស្ស ត្រូវបានណែនាំឱ្យទស្សនាពិព័រណ៍រូបថតរួមមាន៖ ការដង្ហែរសព ឈិត ជឿន ហៅ តាម៉ុក, កម្មាភិបាលខ្មែរក្រហមរត់ភៀសខ្លួនឡើងភ្នំដងរែក, ពិធីសមាហរណកម្មរបស់កងទ័ពខ្មែរក្រហមចូលទៅក្នុងរាជរដ្ឋាភិបាលកម្ពុជានៅតំបន់អន្លង់វែង ក្នុងឆ្នាំ១៩៩៩, ការធ្វើមាតុភូមិនិវត្ដន៍របស់ប្រជាជនកម្ពុជានៅក្នុងសម័យអ៊ុនតាក់ ឆ្នាំ១៩៩២, ផែនទីវាលពិឃាតនៅកម្ពុជា (១៩៧៥-១៩៧៩) និងរូបថតមេដឹកនាំខ្មែរក្រហមចំនួន៥រូប ដែលត្រូវបានយកមកកាត់ទោសក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។

បន្ទាប់មក សិស្សានុសិស្សចូលមកអង្គុយនៅលើកៅអីជុំវិញតុវែងដើម្បីអានឯកសារចម្លើយសារ​ភាព​របស់អ្នកទោសក្នុងរបបខ្មែរក្រហម និងសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩​៧៩)។ ក្រោយពីបានអានឯកសារប្រវត្តិសាស្រ្តខ្មែរក្រហម តាមរយៈក្រុមការងារបានផ្ដល់ឱ្យ សិស្សទាំងអស់បានផ្ដើមពិភាក្សា ចែករំលែកចំណេះដឹងរបស់ខ្លួនទៅវិញទៅមកតាមការចងចាំរៀងៗខ្លួន និងចំណុចចាប់អារម្មណ៍របស់សិស្ស។ ក្នុងចំណោមសិស្សទាំង៤នាក់ មានសិស្សម្នាក់ចាប់អារម្មណ៍ខ្លាំងទៅលើឯកសារ ដែលបានបង្ហាញឱ្យឃើញថាការធ្វើទារុណកម្ម នៅក្នុងរបបខ្មែរក្រហម គឺមានភាពព្រៃផ្សៃ និងការចាប់ខ្លួនជាខ្សែ។ បន្ថែមពីនេះក្នុងចម្លើយសារភាព បាននិយាយរៀបរាប់យ៉ាងច្បាស់អំពីផែនការក្បត់ និងរឿងរ៉ាវដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម ធ្វើឱ្យអ្នកអានអាចស្រម៉ៃឃើញរូបភាពទាំងនោះ។

អន្លង់វែងគឺជាតំបន់តស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហម ដែលសេសសល់ស្លាកស្នាមសង្គ្រាម រួមមានទីតាំងប្រវត្ដិសាស្រ្ដ និងប្រភពឯកសាររស់ ដែលអ្នកនៅរស់រានមានជីវិតពីសម័យខ្មែរក្រហមនិយាយទៅកាន់មនុស្សជំនាន់ក្រោយរហូតដល់ពេលបច្ចុប្បន្ន។

តាមការសង្កេតពីបុគ្គលិកប្រចាំនៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងឃើញថា សិស្សានុសិស្សចាប់អារម្មណ៍ខ្លាំងទៅលើការធ្វើបទបង្ហាញអំពីពិព័រណ៍រូបថតមេដឹកនាំខ្មែរក្រហមចំនួនប្រាំរូប, រូបថតដង្ហែរសពតាម៉ុកនៅវត្តស្រះឈូក និងរូបថតសមាហរណកម្មបញ្ចប់សង្គ្រាមនៅអន្លង់វែងក្នុងឆ្នាំ១៩៩៩។

ចុងបញ្ចប់នៃវេទិកាថ្នាក់រៀន គឺសិស្សានុសិស្សបានបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម៖

សុខ លី ភេទស្រី អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៩ នៃអនុវិទ្យាល័យត្រពាំងប្រិយ៍ បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ខ្ញុំពិតជាសប្បាយចិត្តជាខ្លាំង ដែលបានមកចូលរួមក្នុងវេទិកាថ្នាក់រៀនក្នុងថ្ងៃនេះ។  វេទិកាថ្នាក់រៀនបានធ្វើឱ្យខ្ញុំដឹងពីប្រវត្តិចម្លើយសារភាពរបស់ សក់ម៉ាន វឿន ដែលបានឆ្លងកាត់នៅក្នុងរបបខ្មែរក្រហម។ ខ្ញុំអានដំបូង ចាប់អារម្មណ៍ទៅលើខ្សែជីវិតរស់នៅប្រចាំថ្ងៃជាមួយឪពុកម្ដាយ ធ្វើស្រែ ចិញ្ចឹមគោក្របី របស់ វឿន នៅមុនពេលសង្គ្រាម។ តាមរយៈការអានឯកសារ ខ្ញុំបានដឹងពីទុក្ខលំបាកប្រជាជនក្នុងរបបខ្មែរក្រហម។ ការសិក្សាប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ គឺពិតជាមានសារសំខាន់ណាស់សម្រាប់ខ្ញុំ ក៏ដូចជាយុវជនជំនាន់ក្រោយឱ្យបានដឹងពីផលលំបាកនៃការកើតមានរបបប្រល័យពូជសាសន៍ និងចេះរកវិធីទប់ស្កាត់កុំឱ្យកើតមានទៀត»។

ដុម ដាលីន ភេទស្រី អាយុ១៧ឆ្នាំ បានលើកឡើងថា៖ «បន្ទាប់ពីអានឯកសារចម្លើយសារភាព ទឹម ស៊ីត រួចមក ខ្ញុំបានយល់ដឹងអំពីកម្លាំងក្បត់ដែលបានស្រង់ចេញពីចម្លើយសារភាពរបស់អ្នកទោសម្នាក់ៗ ធ្វើឱ្យមានឈ្មោះកាន់តែច្រើនឡើងតាមរយៈការធ្វើទារុណកម្មសួរចម្លើយ។ ខ្ញុំចងចាំជាងគេគឺ ការរៀបចំផែនការកម្ទេចអង្គការខ្មែរក្រហម។ ចំណុចមួយទៀត ការធ្វើឱ្យមានភាពច្របូកច្របល់ បង្កើតទៅជាទំនាស់ស្មុគស្មាញ បំផ្លាញសេដ្ឋកិច្ច ទ្រព្យសម្បត្តិរបស់សមូហភាព និងបំផ្លាញកម្លាំងបដិវត្តន៍គ្រប់ផ្នែក។ ខ្ញុំយល់ថាការសិក្សាប្រវត្តិសាស្រ្ត ពិតជាមានសារសំខាន់ណាស់ដល់ការរស់នៅក្នុងសង្គមជាតិ។ ការរៀនមិនបានធ្វើឱ្យយើងខាត់បង់នោះទេ ផ្ទុយទៅវិញបានបង្កើននូវចំណេះដឹង បទពិសោធន៍ថ្មី ដល់យើងជាអ្នកសិក្សា»។

ស៊ីម ស្រីឡែន អាយុ១៥ឆ្នាំ បានយល់ឃើញថា៖ «ខ្ញុំបានសិក្សាយល់ដឹងពីជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅក្នុងរបបខ្មែរក្រហម។ ទុក្ខលំបាកជាច្រើន ដូចជា ការបង្អត់អាហារ ការបង្ខំឱ្យធ្វើការងារធ្ងន់ និងការបែកបាក់គ្រួសារ។ ទង្វើទាំងអស់នេះ បង្កឱ្យប្រជាជនរាប់សែននាក់បានស្លាប់ជាបន្តបន្ទាប់ដោយសារធ្វើការហួសកម្លាំង និងគ្មានអាហារហូបចុកគ្រប់គ្រាន់។ ខ្ញុំចាប់អារម្មណ៍ជាងគេ គឺប្រជាជនមានភាពសាមគ្គីស្នេហាជាតិ និងការទទួលបានឯករាជ្យ សុខសន្តិភាពវិញ។ ចំពោះការសិក្សារៀនពីប្រវត្តិសាស្រ្តខ្មែរក្រហម គឺសំខាន់ណាស់ចំពោះរូបខ្ញុំ និងយុវជនជំនាន់ក្រោយៗទៀត។ នៅពេលមានចំណេះដឹង ខ្ញុំអាចយកទៅបង្រៀនក្មេងៗជំនាន់ក្រោយបានបន្តទៀត ដើម្បីកុំឱ្យភ្លេចប្រវត្តិសាស្រ្តដ៏ឈឺចាប់នេះ។ ខ្ញុំនឹងខិតខំស្វែងយល់រៀនសូត្រឱ្យបានជ្រៅជ្រះ ដើម្បីមានចំណេះដឹងជួយផ្សព្វផ្សាយដល់អ្នកដទៃ ក្នុងការទប់ស្កាត់កុំឱ្យកើតមានរបបប្រល័យពូជសាសន៍កើតឡើងម្ដងទៀត។

ស៊ាន សុវណ្ណនីត ភេទស្រី អាយុ១៥ឆ្នាំ បានលើកឡើងថា៖ «បន្ទាប់ពីខ្ញុំបានអានសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) រួចមក បានធ្វើឱ្យខ្ញុំយល់ដឹងកាន់តែច្បាស់អំពីការដណ្ដើមអំណាចកាន់កាប់ទីក្រុងភ្នំពេញដោយខ្មែរក្រហមក្នុងឆ្នាំ១៩៧៥។ ការបង្កើតសហករណ៍ ដើម្បីលុបបំបាត់ទ្រព្យសម្បត្តិឯកជន។ ការសិក្សារៀនពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ គឺពិតជាល្អសម្រាប់សិស្សានុសិស្ស និងយុវជនជំនាន់ក្រោយ ដែលជាកម្លាំងកសាងប្រទេស។ បន្ថែមពីនេះ បានធ្វើឱ្យខ្ញុំគិតពិចារណាឱ្យបានត្រឹមត្រូវ។

អត្ថបទ ៖ មេក វិន បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖