វីរកងទ័ព យួន ស៊ីង បានផ្តាំផ្ញើភរិយាឱ្យមើលថែកូនៗមុនពេលពលី

វរសេនីយ៍ត្រី យួន ស៊ីង គឺជានាយទាហាននៅកងអន្តរាគមន៍ទី២ ការពារ២១០ ចំណុះបញ្ជាការដ្ឋានអង្គរក្ស នៃកងយោធពលខេមរភូមិន្ទ។ វរសេនីយ៍ត្រី យួន ស៊ីង បានពលីជីវិតក្នុងសមរភូមិទិសប្រាសាទព្រះវិហារ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៃការរំលោភឈ្លានពានពីបច្ចាមិត្ត។ អ្នកស្រី ជេញ ខុត ត្រួវជាប្រពន្ធរបស់ យួន ស៊ីង មានស្រុកកំណើតនៅភូមិសំភី ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានរៀបរាប់រឿងរ៉ាវរបស់ប្តី និងក្រុមគ្រួសារទាំងអួលដើមកដូចខាងក្រោម៖

ប្តីរបស់ខ្ញុំឈ្មោះ យួន ស៊ីង អាយុ៤១ឆ្នាំ មានទីកន្លែងកំណើតនៅភូមិក្បាលថ្នល់ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ក្រោយមក ប្តីរបស់ខ្ញុំ និងខ្ញុំបានផ្លាស់មករស់នៅភូមិរំដោះស្រែ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាមួយកូនចំនួន២នាក់ គឺកូនស្រីឈ្មោះ គិន រក្សា អាយុ១១ឆ្នាំ រៀនថ្នាក់ទី៦ និងកូនប្រុសឈ្មោះ គិន លីវ៉ា អាយុ៨ឆ្នាំ រៀនថ្នាក់ទី៣។

ប្តីរបស់ខ្ញុំមានម្ដាយឈ្មោះ សួន មេត អាយុ៧៩ឆ្នាំ និងឪពុកឈ្មោះ យ៉ោក គិន (ស្លាប់)។ ប្តីរបស់ខ្ញុំមានបងប្អូនចំនួន៨នាក់ គឺស្រី៧នាក់ និងប្រុសម្នាក់ ហើយក្នុងចំណោមនោះបានស្លាប់អស់២នាក់។ ប្តីរបស់ខ្ញុំគឺជាកូនពៅនៅក្នុងគ្រួសារ។

កាលពីក្មេងប្តីខ្ញុំរៀនបានត្រឹមថ្នាក់ទី៥ នៅសាលាបឋមសិក្សាអង្គតាផល ក្នុងឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ បន្ទាប់មកប្តីរបស់ខ្ញុំបានបួសជាព្រះសង្ឃ និងគង់នៅវត្តអង្គតាផល ក្នុងឃុំកក់បានចំនួន៣វស្សា។ នៅឆ្នាំ២០០២ ប្តីរបស់ខ្ញុំបានលាចាកសិក្ខាបទ និងចាកចេញទៅរកការងារធ្វើ។ នៅឆ្នាំ២០០៤ ប្តីរបស់ខ្ញុំបានត្រឡប់មករស់នៅជាមួយម្ដាយ និងបងប្អូននៅផ្ទះក្នុងភូមិក្បាលថ្នល់ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺវិញ។

នៅឆ្នាំ២០០៦ ប្តីរបស់ខ្ញុំបានស្ម័គ្រចិត្តចូលធ្វើកងទ័ព និងត្រូវបញ្ជូនទៅហ្វឹកហាត់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនក្រាំងចេកក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីបញ្ចប់ការហ្វឹកហ្វឺនផ្នែកយោធាកម្រិតដំបូងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនក្រាំងចេករយៈពេល៦ខែ ប្តីរបស់ខ្ញុំមានបញ្ហាសុខភាព និងមិនបានទៅហ្វឹកហាត់បន្តនៅប្រទេសវៀតណាមទេ។ ថ្នាក់ដឹកនាំមជ្ឈមណ្ឌលហ្វឹកហ្វឺនក្រាំងចេកបានសម្រេចឱ្យប្តីខ្ញុំហ្វឹកហាត់ផ្នែកកាយសម្បទានៅមជ្ឈមណ្ឌលហ្វឹកហ្វឺនក្រាំងចេកបន្តទៀត។ ពេលខ្លះប្តីរបស់ខ្ញុំត្រូវហ្វឹកហាត់ធ្ងន់ធ្ងរដោយស្ពាយសាក់កាដូដែលមានដាក់ដុំថ្ម និងដីខ្សាច់ពេញ ធ្វើដំណើរថ្មើរជើងពីមជ្ឈមណ្ឌលហ្វឹកហ្វឺនក្រាំងចេក រហូតដល់ចម្ការចេកពេជ្រនិល។

នៅឆ្នាំ២០០៧ ប្តីរបស់ខ្ញុំត្រូវបានបញ្ជូនចេញពីមជ្ឈមណ្ឌលហ្វឹកហ្វឺនក្រាំងចេកមកប្រចាំការនៅក្នុងកងអន្តរាគមន៍ទី២ ការពារ២១០ ចំណុះបញ្ជាការដ្ឋានអង្គរក្ស នៃកងយោធពលខេមរភូមិន្ទ នៅក្រុងតាខ្មៅ។

នៅឆ្នាំ២០១០ ប្ដីរបស់ខ្ញុំត្រូវបានមេបញ្ជាការបញ្ជូនឱ្យទៅឈរជើងនៅខេត្តព្រះវិហារ និងធ្វើជាគ្រូបង្វឹកខាងកាយសម្បទាដល់កងអង្គរក្ស និងមានភារកិច្ចការពារមេបញ្ជាការផ្ទាល់នៅក្នុងខេត្តព្រះវិហារ។

នៅឆ្នាំ២០១៤ ខ្ញុំបានរៀបការជាមួយប្តីរបស់ខ្ញុំ។ បន្ទាប់ពីរៀបការរួច ប្តីរបស់ខ្ញុំបាននាំខ្ញុំមករស់នៅក្នុងបន្ទាយកងអង្គរក្សប្រចាំនៅខេត្តព្រះវិហារ។ នៅពេលនោះ ខ្ញុំបានឆ្លៀតប្រកបមុខរបរលក់នំបញ្ចុក លក់នំ និងភេសជ្ជៈ។ ចំណែកប្តីរបស់ខ្ញុំមានឋានន្តរសក្តិវរសេនីយ៍ត្រីមានតួនាទីការពារមេបញ្ជាការអង្គភាពផ្ទាល់ ហើយរយៈពេល២ទៅ៣ថ្ងៃទើបមកផ្ទះម្ដង។

នៅពាក់កណ្តាលឆ្នាំ២០២៥ ប្តីរបស់ខ្ញុំត្រូវបានមេបញ្ជាការបញ្ជូនទៅឈរជើងនៅសមរភូមិទិសតំបន់ប្រាសាទព្រះវិហារ។ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ប្តីរបស់ខ្ញុំ និងកងអង្គរក្សប្រមាណ២០នាក់ ត្រូវបានមេបញ្ជាការកោះហៅមកប្រជុំជួរ។ បន្ទាប់ពីប្រជុំចប់គឺត្រូវត្រឡប់ទៅតាមលេណដ្ឋានរៀងៗខ្លួនវិញ។ លេណដ្ឋានរបស់ប្តីខ្ញុំ មានកងអង្គរក្សចំនួន៤នាក់។ ជាអកុសលនៅវេលាម៉ោង៥ទៀបភ្លឺត្រូវនឹងថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥ សត្រូវបានបាញ់ផ្លោងកាំភ្លើងធំចំនួន៣គ្រាប់ ធ្លាក់ចំលេណដ្ឋានដែលប្តីរបស់ខ្ញុំកំពុងស្នាក់នៅបណ្ដាលឱ្យប្តីរបស់ខ្ញុំ និងអង្គរក្ស៣នាក់ទៀតស្លាប់ភ្លាមៗ។

មុនពេលពលីរយៈពេលពីរបីថ្ងៃ ប្ដីរបស់ខ្ញុំបានទូរសព្ទមកខ្ញុំ និងនិយាយប្រាប់ខ្ញុំថា «បើអត់ពីបង អូនត្រូវមើលថែខ្លួនឯង អូនត្រូវតស៊ូលក់ដូរចិញ្ចឹមកូនឱ្យបានល្អ ពីព្រោះកូនយើងនៅតូចៗណាស់។ អូនកុំកើតទុក្ខខ្លាំងពេក ពីព្រោះបងជាកងទ័ពមានកាតព្វកិច្ចការពារជាតិមាតុភូមិ និងការពារសុវត្ថិភាពសម្រាប់មេបញ្ជាការ»។

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ មេបញ្ជាការប្ដីរបស់ខ្ញុំបានទូរសព្ទមកប្រាប់ខ្ញុំឱ្យកាត់ចិត្ត ព្រោះប្ដីរបស់ខ្ញុំបានពលីនៅក្នុងសមរភូមិជួរមុខ និងបានទៅកាន់សុគតិភពហើយ។ ខ្ញុំបានទទួលដំណឹងដ៏រន្ធត់នេះភ្លាម ខ្ញុំយំរហូត។ ពិធីបុណ្យសពប្តីរបស់ខ្ញុំ និងសពកងអង្គរក្ស៣នាក់ទៀតត្រូវបានប្រារព្ធឡើងនៅវត្តខ្ពបអណ្ដែត ហៅ វត្តក្របៅ នៅថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតក្នុងភូមិក្របៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ សពប្តីរបស់ខ្ញុំត្រូវបានបូជានៅថ្ងៃទី៩ ក្នុងវត្តខ្ពបអណ្តែត។ ប្តីរបស់ខ្ញុំត្រូវបានដំឡើងឋានន្តរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណៈ ដោយព្រះរាជក្រឹត្យលេខ នស/រកត/១២២៥/១៦៤៣ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។

ចាប់តាំងពីប្ដីខ្ញុំពលីរហូតមកដល់ពេលនេះ ខ្ញុំមិនទាន់អាចកាត់ចិត្តបានទេ ពីព្រោះប្ដីរបស់ខ្ញុំគឺជាមនុស្សល្អមិនដែលកោងកាចដាក់ប្រពន្ធកូនឡើយ។ ពេលនេះខ្ញុំត្រូវទទួលបន្ទុកចិញ្ចឹមកូនៗតែម្នាក់ឯង។ ទោះជាយ៉ាងខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភ និងសាងសង់ផ្ទះថ្មីសម្រាប់ខ្ញុំ និងកូនៗរស់នៅបានសមរម្យនៅស្រុកកំណើតក្នុងខេត្តកំពង់ធំ។

អត្ថបទ៖ ទាវ សម្ភស្ស បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖