ប្រសិនបើថៃ ដកកម្លាំងយោធាត្រឡប់ទៅកាន់ទីតាំងឈរជើងរបស់ខ្លួនកាលពីមុនឆ្នាំ២០២៥ តើនឹងមានអ្វីកើតឡើងចំពោះរដ្ឋាភិបាលរបស់ អានុទីន?

វាគឺហាក់បីដូចជាគ្មានអ្វីជាមន្ទិលសង្ស័យនោះទេ ពីព្រោះថារដ្ឋាភិបាលរបស់លោក អានុទីន បាន​ប្រកាន់យក​វិធីសាស្ត្រ​ជាតិនិយមដោយកម្លាំងយោធា ឆ្លើយតបចំពោះជម្លោះព្រំដែន ដើម្បីក្តោបអំណាចនយោបាយរបស់ខ្លួន​ ហេតុនេះការដកកម្លាំងយោធាត្រឡប់ទៅវិញនឹងត្រូវ​ក្រុម​អភិរក្សនិយមថៃ​ ចាត់ទុកថា​ជាការក្បត់ឬការដកថយចេញពីគោលជំហរ ដែល​ផ្តល់ជា​ផលចំណេញចំពោះ​ស្មារតីជាតិនិយមថៃ។

វាគឺអាចទៅរួច​ ដែលថារដ្ឋបាលរបស់លោក អានុទីន តាមពិតគឺមានបំណងចង់​ដកកម្លាំងយោធារបស់ខ្លួនដោយសម្ងាត់ ដោយសារយល់ឃើញថាការដាក់ពង្រាយកម្លាំងយោធាទាំងនេះ ពុំ​បានបម្រើដល់​គោលបំណងយុទ្ធសាស្ត្រ​យោធា​ចាំបាច់ណាមួយឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីផ្គាប់ចិត្ត​ក្រុម​អភិរក្សនិយមថៃ រដ្ឋាបាលរបស់លោក អានុទីន ត្រូវតែបង្ហាញថាខ្លួនអាចទទួលបាន​អ្វីជាថ្នូរពីការដកកម្លាំងយោធា ដើម្បីអាចរក្សាអំណាចរបស់ខ្លួនបន្តទៀត។ វានៅតែមានភាពស្រពេចស្រពិលចំពោះអ្វីដែល​រដ្ឋាភិបាលថៃទាមទារ​ឱ្យភាគីកម្ពុជា​បំពេញតាម ប៉ុន្តែប្រហែលជាដំណោះស្រាយ ឬច្រកចេញឆ្ពោះទៅបញ្ចប់ជម្លោះនេះ អាចត្រូវសំយោគចេញពីអ្វីដែលកើតមានក្នុង​ប្រវត្តិសាស្ត្រ។

ប្រវត្តិសាស្ត្រគឺមិនមែនជាការសិក្សាអំពីអង្គហេតុដែលហួសសម័យ មិនពាក់ព័ន្ធ ឬមិនចាំបាច់នោះឡើយ។ ផ្ទុយទៅវិញ ប្រវត្តិសាស្ត្រគឺជាការសិក្សាអំពីព្រឹត្តិការណ៍ កាលៈទេសៈ រចនាសម្ព័ន្ធ និង​យុទ្ធសាស្ត្រ​ទាំងឡាយណាដែល​នៅមានប្រសិទ្ធភាព និង​បន្តជះឥទ្ធិពលចំពោះបច្ចុប្បន្នភាពរបស់យើង។ ប្រវត្តិសាស្ត្រ​ ផ្តល់ជា​ឧទាហរណ៍រាប់មិនអស់ អំពីសង្គ្រាម​ ដែលផ្ទុះឡើង​ដោយសារតែរឿងតូចតាច ជាជាង​ដោយសារតែតម្រូវការ​របស់​យោធា អមជាមួយនឹង​ផលវិបាក​ធ្ងន់ធ្ងរ បន្សល់ទុកដោយ​ភាគីមាន​អំណាចខ្ពស់ជាង ហើយដែលវាយតម្លៃខុសលើគូបដិបក្ខ​ដែលតូចទាបជាងខ្លួន។ ឧទាហរណ៍ទាំងនេះគឺជា​សក្ខីភាព​នៃ​ធម្មជាតិដែល​មិនអាចប្រមើលទុកបាននៃសង្គ្រាម ព្រមទាំងផ្តល់​ជាទស្សនយល់ឃើញចំពោះ​ជម្លោះរវាង​ថៃនិងកម្ពុជា ដោយ​មិនត្រឹមតែបង្ហាញអំពីទម្រង់នៃការវិវត្តទៅនៃជម្លោះនេះតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលេចអំពីលទ្ធផល​ដែលជម្លោះនេះ រុញច្រានទៅមុខដោយរបៀបណា ថែមទៀតផង។

នៅចុងបញ្ចប់ ការឈ្លានពានកាន់កាប់របស់ថៃមកលើ​តំបន់ព្រំដែនកម្ពុជា ប្រាកដណាស់នឹងបន្ត​អូសបន្លាយរហូតទាល់តែមាន​អន្តរាគមន៍ដោយផ្ទាល់ពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក។ ជាអកុសល ស្ថានភាព​អន្តរជាតិ កំពុងទទួលរងការប្រឈមនានា ដោយ​សារតែ​ជម្លោះផ្សេងៗក្នុងពេលតែមួយ ហើយ​វានៅតែជា​សំណួរថាតើវាមានឆន្ទៈនយោបាយ និង/ឬ អំណាចការទូត​គ្រប់គ្រាន់ ដើម្បីជំរុញឱ្យមានការដកកម្លាំងយោធាថៃចេញពីដែនអធិបតេយ្យភាព​របស់​កម្ពុជា តាមរយៈការចរចាដែរឬទេ ក្រៅពី​កិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍ដែល​សម្រេចបាន។ ខ្ញុំគិតថា នេះគឺជាជម្លោះមួយ នឹងរុញច្រានទៅកាន់លទ្ធផល ដែលអាចទៅរួចចំនួនពីរគឺ៖ លទ្ធផលមួយគឺស្ថានភាព​ព្រំដែននៅតែទ្រឹងបែបនេះរហូតដល់​ឆ្នាំ​២០២៩ឬលទ្ធផលមួយទៀតគឺជម្លោះព្រំដែននេះនឹងកើនកម្តៅ រីករាលដាលកាន់តែខ្លាំងជាងមុន។

ខ្ញុំ​មើលមិនឃើញពីលទ្ធផលអ្វីផ្សេងទៀតនោះទេ លុះត្រាតែមានអព្ភូតហេតុដ៏អស្ចារ្យអាចកើតមានឡើង។

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ តាំង រីនិត្យ/ខ្មែរថាមត៍

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖