កិច្ចការការពារជាតិ ទាមទារឱ្យរដ្ឋាភិបាលមានសមត្ថភាពក្នុងការកសាងកម្លាំងទ័ពឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ហើយដើម្បីសម្រេចបានគោលដៅនេះ ច្បាប់ស្តីពីកាតព្វកិច្ចយោធាគឺពិតជាចាំបាច់។ ទោះបីជាយ៉ាងណាក៏ដោយ មូលដ្ឋានគ្រឹះដ៏សំខាន់នៃកងកម្លាំងយោធាសម្រាប់ប្រទេសជាតិមួយ មិនមែនផ្តោតត្រឹមតែទៅលើសមត្ថភាពក្នុងការកៀរគរប្រជាជនឱ្យចូលរួមបម្រើកងទ័ពតែប៉ុណ្ណោះទេ ប៉ុន្តែក៏សំដៅដល់ការកសាងនូវវិជ្ជាជីវៈយោធា សមត្ថភាព និងជំនាញដែលចាំបាច់ ក្នុងការចូលបម្រើភារកិច្ចក្នុងជួរកងទ័ពថែមទៀតផង។ ប្រវត្តិសាស្ត្រពិភពលោក អាចផ្តល់ជាឧទាហរណ៍យ៉ាងច្រើនសម្បូរបែបអំពីសមរភូមិ និងសង្គ្រាម ដែលត្រូវកំណត់ជោគជ័យ មិនមែនដោយសារតែទំហំនៃកងកម្លាំងជើងគោក និងជើងទឹកនៅក្នុងសមរភូមិនោះទេ ប៉ុន្តែគឺដោយសារវិជ្ជាជីវៈ សមត្ថភាព និងជំនាញរបស់កងកម្លាំងប្រដាប់អាវុធទៅវិញទេ។
វិជ្ជាជីវៈ សមត្ថភាព និងជំនាញ តែងត្រូវបានលើកយកមកពិពណ៌នាក្នុងរូបភាពនៃការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា។ ជាការពិតណាស់ បច្ចេកវិទ្យា ក៏ដូចជាទំហំនៃកងកម្លាំងយោធាដែរ គឺជាសមាសធាតុមួយនៅក្នុងការធ្វើសង្គ្រាម។ ប៉ុន្តែ បច្ចេកវិទ្យាតែងតែត្រូវបានផ្តល់តម្លៃខ្ពស់ជ្រុល ឬយល់ច្រឡំអំពីសមត្ថភាពរបស់វា ក្នុងការជះឥទ្ធិពលទៅលើលទ្ធផលនៃជម្លោះយោធា ឬការប្រកួតប្រជែងជាយុទ្ធសាស្ត្រ។ ទំហំកងទ័ព និងបច្ចេកវិទ្យា គឺជាកត្តាសំខាន់ក្នុងកិច្ចការការពារជាតិ ប៉ុន្តែកត្តាទាំងនេះមិនមែនជាសមាសធាតុតែមួយគត់នោះទេ ហើយតាមពិតទៅ កត្តាទាំងពីរខាងលើមិនមែនជាធាតុផ្សំសំខាន់បំផុតនោះដែរ។
វិជ្ជាជីវៈយោធា គឺជាបណ្ដុំនៃតម្លៃ បទដ្ឋាន និងឥរិយាបថរបស់កងកម្លាំងយោធា ដែលធ្វើឱ្យមន្ត្រីយោធារូបនោះមានសមត្ថភាព មានប្រសិទ្ធភាព និងមានការប្តេជ្ញាចិត្តចំពោះការប្រតិបត្តិវិន័យផ្ទាល់ខ្លួន ព្រមទាំងវប្បធម៌នៃការសិក្សារៀនសូត្រ។ កងទ័ពដែលមានវិជ្ជាជីវៈខ្ពស់ គឺជាកងទ័ពដែលកែលម្អ ពង្រឹង និងវិវត្តខ្លួនជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនាពេលអនាគត។ រីឯសមត្ថភាព សំដៅទៅលើគុណសម្បត្តិនៃជំនាញបច្ចេកទេស ចំណេះដឹងផ្នែកយុទ្ធសាស្ត្រ និងសមត្ថភាពក្នុងការកំណត់អត្តសញ្ញាណ និងគ្រប់គ្រងហានិភ័យ ដែលទទួលបានតាមរយៈការហ្វឹកហ្វឺនយ៉ាងម៉ឺងម៉ាត់។ សមត្ថភាព ទាមទារឱ្យមានការហ្វឹកហ្វឺនដោយផ្អែកទៅលើក្រឹត្យក្រមច្បាស់លាស់ និងបទពិសោធន៍ជាក់ស្តែង។ ដោយឡែក ជំនាញយោធា សំដៅលើសមត្ថភាពរបស់កងកម្លាំងយោធាក្នុងការសម្រេចបាននូវលទ្ធផលដែលចង់បាន នៅក្នុងបរិយាកាសប្រតិបត្តិការជាក់លាក់ណាមួយ។ សរុបមក វិជ្ជាជីវៈយោធា សមត្ថភាព និងជំនាញយោធា មិនត្រឹមតែជាលក្ខណៈសម្បត្តិដ៏សំខាន់របស់កងទ័ពសម័យទំនើបតែប៉ុណ្ណោះទេ ប៉ុន្តែគឺជាអ្វីដែលកំណត់ថាកងកម្លាំងយោធា នឹងមានប្រៀបក្នុងការទទួលបានជោគជ័យ ជាងកងកម្លាំងដទៃទៀត ហើយកងទ័ពសហរដ្ឋអាមេរិក គឺជាឧទាហរណ៍បញ្ជាក់យ៉ាងច្បាស់អំពីចំណុចនេះ។
កងទ័ពសហរដ្ឋអាមេរិក បានក្លាយជាកងកម្លាំងយោធាដែលខ្លាំងពូកែបំផុត នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ប៉ុន្តែកងទ័ពសហរដ្ឋអាមេរិកមិនមែនចាប់ផ្តើមឡើងដោយខ្លាំងពូកែភ្លាមៗនោះទេ។ នៅដើមដំបូងក្នុងប្រវត្តិសាស្ត្រ កងទ័ពសហរដ្ឋអាមេរិក មានលក្ខណៈទន់ខ្សោយ រាយប៉ាយ និងមានកម្រិតប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងកងកម្លាំងរបស់មហាអំណាចពិភពលោកផ្សេងទៀត ដែលមានកងទ័ពជើងគោក និងកងទ័ពជើងទឹកអចិន្ត្រៃយ៍យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងអំឡុងសតវត្សរ៍ទី ១៨ និងទី ១៩។ ក៏ប៉ុន្តែ កងទ័ពសហរដ្ឋអាមេរិកបានវិវត្តខ្លួនទៅតាមពេលវេលា ដែលនេះជាលទ្ធផលនៃតម្រូវការរបស់អាមេរិកក្នុងការមានកងទ័ពអចិន្ត្រៃយ៍ ដើម្បីគាំទ្រដល់ការបង្កើនទំនាក់ទំនងជាមួយពិភពលោក និងជាលទ្ធផលនៃការប្តេជ្ញាចិត្តក្នុងការរៀនសូត្រពីសង្គ្រាមពីមុនៗ ក៏ដូចជាមេរៀនពីអតីតកាល។
ការសិក្សាអំពីប្រវត្តិសាស្ត្រយោធា ប្រហែលជាកត្តាដ៏សំខាន់បំផុតមួយ ដែលបានជួយកំណត់រូបរាងនៃការរីកលូតលាស់ និងការផ្លាស់ប្តូរទម្រង់របស់កងទ័ពសហរដ្ឋអាមេរិកនៅក្នុងសតវត្សរ៍ទី ២០។ ប្រវត្តិសាស្ត្រយោធា គឺជាឧបករណ៍មូលដ្ឋានដ៏ចាំបាច់សម្រាប់កសាងក្រឹត្យក្រមច្បាស់លាស់សម្រាប់យោធាអាមេរិក ការអប់រំវិជ្ជាជីវៈ និងសមត្ថភាពសម្របទៅតាមរចនាសម្ព័ន្ធស្ថាប័ន។ ផ្អែកលើបទពិសោធន៍ជាមេរៀនពីយុគសម័យណាប៉ូឡេអុង សង្គ្រាមស៊ីវិល និងរាល់យុទ្ធនាការ ឬជម្លោះបន្តបន្ទាប់នីមួយៗ ដែលសហរដ្ឋអាមេរិកបានចូលរួម ឬសង្កេតការណ៍ពីចម្ងាយ ស្ថាប័នយោធាអាមេរិក បានវិវត្តខ្លួនរហូតក្លាយជាស្ថាប័នដែលកំណត់នូវបទដ្ឋានសម្រាប់ពិភពលោកទាំងមូល។
ប្រវត្តិសាស្ត្រយោធាបានក្លាយជាសមាសភាពមិនអាចខ្វះបាន ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈយោធាសម្រាប់នាយទាហាន និងពលទាហានជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដោយសារប្រវត្តិសាស្ត្រ ត្រូវបានកំណត់ថាជាមធ្យោបាយក្នុងការប្រែក្លាយបទពិសោធន៍អតីតកាល ឱ្យទៅជាការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ។ មេរៀនពីអតីតកាលបានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់យុទ្ធសាស្ត្រនាពេលអនាគត មិនត្រឹមតែក្នុងវិស័យយោធាតែប៉ុណ្ណោះទេ ក៏ប៉ុន្តែក្នុងវិស័យរដ្ឋបាលសាធារណៈ និងវិស័យផ្សេងៗទៀតនៃសង្គមថែមទៀតផង។ ប្រវត្តិសាស្ត្រ មិនមែនជាមុខវិជ្ជាដ៏គួរឱ្យធុញទ្រាន់ ដែលទុកសម្រាប់តែអ្នកប្រាជ្ញ ឬអ្នកប្រវត្តិសាស្ត្រនោះឡើយ ផ្ទុយទៅវិញ ប្រវត្តិសាស្ត្រ គឺជាសៀវភៅមគ្គុទ្ទេសក៍សម្រាប់យុទ្ធសាស្ត្រ ភាពជាដឹកនាំ និងការអភិវឌ្ឍន៍ស្ថាប័ន។ នៅសហរដ្ឋអាមេរិក ការសិក្សាប្រវត្តិសាស្ត្រ ត្រូវបានគេមើលឃើញថាជាការខិតខំប្រឹងប្រែងដើម្បីកែលម្អជាប្រចាំ និងការផ្លាស់ប្តូររូបរាងនៃក្រឹត្យក្រមច្បាស់លាស់របស់យោធា។
ការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្កើនសមត្ថភាពយោធាឱ្យកាន់តែខ្លាំងក្លាតាមរយៈច្បាប់ស្តីពីកាតព្វកិច្ចយោធានេះ គឺជាមធ្យោបាយឆ្ពោះទៅរកគោលដៅយុទ្ធសាស្ត្រដ៏សំខាន់មួយ ពោលគឺការពង្រឹងកិច្ចការការពារជាតិឱ្យកាន់តែរឹងមាំ។ ទោះបីជាយ៉ាងណាក៏ដោយ អមជាមួយនឹងសារសំខាន់នៃការកែលម្អសមត្ថភាពរបស់ប្រទេសជាតិក្នុងការកៀរគរប្រជាជន នៅមានចំណុចខ្វះខាតមួយក្នុងការអភិវឌ្ឍន៍យោធារបស់កម្ពុជា នោះគឺភាពកង្វះការប្តេជ្ញាចិត្តស្របគ្នាទៅនឹងការលើកកម្ពស់វិជ្ជាជីវៈ សមត្ថភាព និងជំនាញយោធារបស់កងកម្លាំងប្រដាប់អាវុធជាតិ។ កម្ពុជាយកសហរដ្ឋអាមេរិកជាឧទាហរណ៍ដ៏សំខាន់ ពាក់ព័ន្ធទៅនឹងវិធីសាស្ត្រដែលសហរដ្ឋអាមេរិក បានទាញយកប្រយោជន៍ពីប្រវត្តិសាស្ត្រយោធា ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ។ ការសិក្សាប្រវត្តិសាស្ត្រយោធា មិនមែនជាដំណោះស្រាយដ៏រហ័សទាន់ចិត្តក្នុងការធ្វើទំនើបកម្មយោធារបស់កម្ពុជានោះទេ។ ការសិក្សាប្រវត្តិសាស្ត្រយោធាមិនបង្កើតឱ្យមានផលចំណេញភ្លាមៗនៅក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាណាមួយឡើយ ហើយក៏មិនបង្កើតឱ្យមានឥទ្ធិពលភ្លាមៗនៅក្នុងជម្លោះបច្ចុប្បន្នណាមួយដែរ។ ផ្ទុយទៅវិញ ការសិក្សាអំពីប្រវត្តិសាស្ត្រយោធា បង្កើតនូវឱកាសសម្រាប់ការជំរុញវិស័យទាំងនេះ ឱ្យរីកចម្រើនជាជំហានៗក្នុងរយៈពេលវែង។ នាយទាហានដែលសិក្សាប្រវត្តិសាស្ត្រ នឹងមានសមត្ថភាពខ្ពស់ជាងក្នុងការកំណត់អត្តសញ្ញាណ និងគ្រប់គ្រងហានិភ័យនៅលើសមរភូមិ បើប្រៀបធៀបទៅនឹងនាយទាហានដែលមិនធ្លាប់ពិនិត្យមើលបទពិសោធន៍របស់នាយទាហានក្នុងជម្លោះពីមុនៗ។ ដូចគ្នានេះដែរ ទាហានដែលបានសិក្សាប្រវត្តិសាស្ត្រ នឹងមើលឃើញពីឱកាសយុទ្ធសាស្ត្រ ឬស្មានដឹងពីសកម្មភាពរបស់កងកម្លាំងសត្រូវក្នុងរូបភាពខុសប្លែក និងរហ័សជាងទាហានដែលមិនធ្លាប់មានចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ។ ជាចុងក្រោយ ទោះបីជាការសិក្សាប្រវត្តិសាស្ត្រ មិនអាចបង្កើតនូវវឌ្ឍនភាពបច្ចេកវិទ្យាបានភ្លាមៗក៏ដោយ ប៉ុន្តែវាគឺជាមូលដ្ឋានគ្រឹះសម្រាប់កងទ័ពក្នុងការកំណត់អត្តសញ្ញាណ ការទទួលយក និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ បច្ចេកវិទ្យាមានប្រសិទ្ធភាពទៅបាន លុះត្រាតែវាត្រូវបានប្រើប្រាស់នៅលើសមរភូមិ ហើយជារឿយៗ បច្ចេកវិទ្យាតែឯកឯង អាចនឹងមិនសូវជាមានតម្លៃ បើប្រៀបទៅនឹងប្រព័ន្ធ ក្រឹត្យក្រមច្បាស់លាស់ និងយុទ្ធសាស្ត្រដែលគាំទ្រដល់ការប្រើប្រាស់នៃបច្ចេកវិទ្យានោះ។
សន្តិសុខជាតិរបស់កម្ពុជា គឺពឹងផ្អែកលើសមត្ថភាពរបស់កម្ពុជាផ្ទាល់ ក្នុងការកៀរគរកម្លាំងយោធាឱ្យបានឆាប់រហ័សនៅខណៈពេលដែលប្រឈមទៅនឹងការគំរាមកំហែង ក៏ប៉ុន្តែការកៀរគរកម្លាំងយោធាឱ្យបានឆាប់រហ័សនេះ គ្រាន់តែជាផ្នែកមួយនៃបញ្ហាជារួមប៉ុណ្ណោះ ពោលគឺការផ្តោតទៅលើទំនើបកម្មនៃកងទ័ពកម្ពុជា។ កងទ័ពកម្ពុជាគួរតែយកប្រវត្តិសាស្ត្រយោធារបស់កងទ័ពសហរដ្ឋអាមេរិកជាគំរូ ដើម្បីធ្វើជាឧទាហរណ៍មួយស្តីពីរបៀបពង្រឹងវិជ្ជាជីវៈ សមត្ថភាព និងជំនាញនៃកងកម្លាំងរបស់ខ្លួន។ តាមរយៈមធ្យោបាយនេះ ប្រវត្តិសាស្ត្រយោធានឹងក្លាយជាគ្រឹះសម្រាប់ការបណ្តុះបណ្តាលអ្នកដឹកនាំជំនាន់ក្រោយ ការកែលម្អក្រឹត្យក្រមច្បាស់លាស់សម្រាប់យោធា និងការកសាងវប្បធម៌នៃការផ្លាស់ប្តូររូបរាងថ្មី ដែលប្រទេសជាតិត្រូវការសម្រាប់កិច្ចការការពារជាតិ។ តាមរយៈប្រវត្តិសាស្ត្រយោធា កម្ពុជានឹងមិនត្រឹមតែអាចត្រៀមលក្ខណៈបានល្អប្រសើរក្នុងការធ្វើសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺកម្ពុជានឹងអាចត្រៀមលក្ខណៈបានកាន់តែល្អ ដើម្បីចៀសវាង និងបង្ការកុំឱ្យសង្គ្រាមកើតមានឡើង។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



