អាកាសយានដ្ឋានពោធិ៍ចិនតុង៖ ហេដ្ឋារចនាសម្ព័ន្ធមួយដែលតម្កល់ការចងចាំ និងប្រកបដោយកាលានុវត្តភាព

អាកាសយានដ្ឋាន គឺជាហេដ្ឋារចនាសម្ព័ន្ធដែលមានមុខងារចម្រុះខ្ពស់ និងបង្កប់នូវអត្ថន័យជានិមិត្តរូបយ៉ាងជ្រាលជ្រៅ។ អាកាសយានដ្ឋាន គឺជាចំណងភ្ជាប់រវាងប្រជាជាតិមួយទៅកាន់ពិភពលោក។ យើងអាចសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ប្រទេសមួយបាន តាមរយៈការផ្លាស់ប្តូរនៃទីតាំងអាកាសយានដ្ឋានរបស់ប្រទេសនោះ។ នៅក្នុងទីក្រុងភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង បានឈរជាសាក្សីនៃការផ្លាស់ប្តូរនៃរបបដឹកនាំនៅក្នុង​ប្រទេសកម្ពុជា នាអំឡុងសតវត្សរ៍កន្លងទៅ ដោយរាប់​ចាប់តាំងពីសម័យអាណានិគម រហូតដល់សម័យឯករាជ្យ ឆ្លងកាត់របបប្រល័យពូជសាសន៍ ការរំដោះជាតិ រហូតមកដល់សេដ្ឋកិច្ចដ៏មមាញឹកនាពេលបច្ចុប្បន្ន។ អស់រយៈកាលកន្លងទៅនេះ ការជួសជុលកែលម្អថ្មីៗនីមួយៗនៃអាកាសយានដ្ឋានពោធិ៍ចិនតុង បានចាក់ស្រែះរួមបញ្ចូលគ្នាជាមួយនឹងស្ថាបត្យកម្ម និងទិដ្ឋភាពជុំវិញដែលបន្សល់ពីអតីតកាល រហូតដល់ពេលវេលាដែលប្រទេសកម្ពុជា បានរីកចម្រើនលើសពីសមត្ថភាពដែលអាកាសយានដ្ឋាននេះ អាចទ្រទ្រង់បានទាំងស្រុង។

កាលពីឆ្នាំមុន អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទីតាំងស្ថិតនៅចម្ងាយ ២០ គីឡូម៉ែត្រ ភាគខាងត្បូងរាជធានីភ្នំពេញ បានបើកដំណើរការ។ ដោយមានទំហំធំជាងអាកាសយានដ្ឋានពោធិ៍ចិនតុងប្រមាណជាង ៥ ដង និងត្រូវបានសាងសង់ឡើងតាមបទដ្ឋានទំនើបចុងក្រោយបំផុត អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរចនាឡើងដោយក្រុមហ៊ុន Foster + Partners តាមរចនាបថស្ថាបត្យកម្មអាកាសយានដ្ឋាន​ដ៏ល្បីល្បាញប្រចាំក្រុមហ៊ុននេះ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងរបស់ប្រទេសកម្ពុជា និងបម្រើជាវិធានវាស់វែងអំពីកម្រិតអភិវឌ្ឍន៍របស់ជាតិ ហើយនេះ ក៏គូសបញ្ជាក់អំពីការបញ្ចប់ប្រតិបត្តិការរបស់អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុងដែរ។

នៅពេលដែលត្រូវបានបញ្ចប់តួនាទីដែលបានកំណត់ទុក តើមានអ្វីកើតឡើងចំពោះសំណង់ស្ថាបត្យកម្មនៃអាកាសយានដ្ឋានពោធិ៍ចិនតុង ដែលត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់​ក្នុងការ​បម្រើដល់​តួនាទីជាក់លាក់របស់ខ្លួន? ចំពោះទីធ្លាមួយដែលតម្កល់នូវប្រវត្តិសាស្ត្រយ៉ាងច្រើនសម្បូរបែបនេះ តើអត្ថន័យរបស់អាកាសយានដ្ឋានពោធិ៍ចិតតុង អាចបន្តវិវត្តទៅមុខទៀតយ៉ាងដូចម្តេច?

សមាគមស្ថាបត្យករខ្មែរ បានរៀបចំការប្រកួតប្រជែងមួយក្រោមប្រធានបទ «ពោធិ៍ចិនតុងកើតឡើងវិញ»  ដោយអញ្ជើញស្ថាបត្យករវ័យក្មេងឱ្យមកបញ្ចេញស្នាដៃច្នៃប្រឌិតថ្មីៗ ដើម្បីស្វែងរកចម្លើយចំពោះសំណួរទាំងនេះ។ ការប្រកួតប្រជែងនេះ បានស្វែងរកគំនិតក្នុងការបំប្លែងអតីតអាកាសយានដ្ឋានភ្នំពេញចាស់នេះ ឱ្យទៅជា «ទីក្រុងអេប៉ុង» ដោយផ្ដោតសំខាន់លើភាពធន់នឹងការជន់លិចក្នុងក្រុង តំបន់លំហបៃតង និងការគ្រប់គ្រងធនធានទឹក។ ក្នុងចំណោមស្នាដៃប្រកួតប្រជែងទាំងអស់ ស្នាដៃរបស់ក្រុមស្ថាបត្យករនៃព្រះរាជបណ្ណាល័យហ្លួងម៉ែ ដែលរួមមាន លោក ទិត្យ សត្យាវង្ស, កញ្ញា លាង ចាន់ធី, កញ្ញា លឹម វណ្ណសូលីហ្សា និងលោក វន រ័ត្នវិសាល ដែលទទួលបាន​ជ័យលាភីលេខ១ស្ទួន បានបញ្ចូលនូវក្របខ័ណ្ឌបន្ថែមទៅក្នុងគម្រោងទីក្រុងអេប៉ុងនេះ។ ក្របខ័ណ្ឌទាំងនោះ មិនត្រឹមតែផ្ដល់នូវការគោរពផ្តល់តម្លៃដល់ប្រវត្តិសាស្ត្រនៃអាកាសយានដ្ឋានពោធិ៍ចិនតុងតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញនូវចក្ខុវិស័យសម្រាប់អនាគតសម្រាប់ទីតាំងនេះ និងទីក្រុងទាំងមូលថែមទៀតផង។

ក្រុមស្ថាបត្យករនៃព្រះរាជបណ្ណាល័យហ្លួងម៉ែ បានប្រើប្រាស់អគារអ្នកដំណើរ និងរោងជួសជុលយន្តហោះដែលមានស្រាប់ ដើម្បីបម្រើដល់​ពហុមុខងារផ្នែកវប្បធម៌ និងការអប់រំ ដោយប្រែក្លាយទីតាំងនេះទៅជាមជ្ឈមណ្ឌលសម្រាប់ពលរដ្ឋ សង្គម និងសេដ្ឋកិច្ច នៅចំកណ្ដាលនៃទីក្រុងភ្នំពេញ។ ចំពោះទីវាលចុះចតយន្តហោះដ៏ធំទូលាយវិញ រួមមានផ្ទៃដីក្រាលដោយបេតុង តំបន់បៃតង និងតំបន់ដីសើម ត្រូវបានរៀបចំឱ្យដំណើរការរួមគ្នាជាប្រព័ន្ធជលសាស្ត្រ ដើម្បីប្រមូល និងប្រើប្រាស់ទឹកឡើងវិញសម្រាប់ការស្រោចស្រព និងតម្រូវការផ្សេងៗក្នុងបរិវេណនោះ។ ជាពិសេស ទីតាំងនេះនឹងជួយគ្រប់គ្រងលំហូរទឹកភ្លៀង ដើម្បីកសាងភាពធន់នឹងការជន់លិចក្នុងក្រុង។ បន្ថែមលើប្រព័ន្ធប្រកបដោយប្រសិទ្ធភាពនេះ លំហបៃតងដ៏ចាំបាច់ និងមានភាពបត់បែនសម្រាប់សហគមន៍ នឹងបង្កើតបានជាខែលការពារ និងប្រព័ន្ធបញ្ចុះកម្ដៅ ប្រឆាំងនឹងការកើនឡើងនៃសីតុណ្ហភាពក្នុងតំបន់។ ផ្លូវដើរដែលត្រូវបានរៀបចំយ៉ាងហ្មត់ចត់ជុំវិញទីវាលចុះចតយន្តហោះនេះ នឹងនាំផ្លូវអ្នកថ្មើរជើងឱ្យឆ្លងកាត់ធម្មជាតិ ការដាក់តាំងស្នាដៃសិល្បៈថ្មីៗ និងស្តូបអនុស្សាវរីយ៍រំឭកដល់វីរកងទ័ពដ៏អង់អាចដែលបានធ្វើពលិកម្មដើម្បីប្រទេសជាតិ។

ទីក្រុងអេប៉ុង និងលំហសហគមន៍ដ៏រស់រវើកនេះ នឹងផ្លាស់ប្តូរមុខមាត់របស់អាកាសយានដ្ឋានពោធិ៍ចិនតុងក្នុងការបម្រើនូវមុខងារថ្មី ដោយផ្តល់និយមន័យថ្មីដល់អត្ថន័យនៃ «ពោធិ៍ចិនតុង» រួចជាស្រេចទៅហើយ។ ទោះបីជាយ៉ាងណាក៏ដោយ កេរដំណែលមួយដែលគ្រោងឡើង​សម្រាប់អនាគតនេះ គួរតែមានវិសាលភាពឆ្ងាយហួសពីពេលអ្វីដែលមានស្រាប់នាពេលបច្ចុប្បន្ន។

នៅប៉ែកអាគ្នេយ៍នៃបរិវេណអាកាសយានដ្ឋានពោធិ៍ចិនតុង ដែលហ៊ុមព័ទ្ធទៅដោយតំបន់ដីសើម និងស្ថិតនៅទល់មុខតំបន់លំនៅឋានដ៏កុះករ ក្រុមស្ថាបត្យករនៃព្រះរាជបណ្ណាល័យហ្លួងម៉ែ បានស្នើឱ្យដាក់ទីតាំង «ព្រះរាជបណ្ណាល័យហ្លួងម៉ែ» ដែលជាវិទ្យាស្ថាន-សារមន្ទីរ រចនាឡើងដោយស្ថាបត្យករដ៏ល្បីល្បាញកម្រិតពិភពលោក លោកស្រី ហ្សាហា ហាឌីដ សម្រាប់មជ្ឈមណ្ឌលឯកសារកម្ពុជា។ តាមរយៈការឆ្លុះបញ្ចាំងពីគំនិតផ្តួចផ្តើមនៃការព្យាបាលផ្លូវចិត្តតាមរយៈស្ថាបត្យកម្មរបស់មជ្ឈមណ្ឌលឯកសារ​កម្ពុជា អគារស៊ុមឈើទាំងប្រាំនៃព្រះរាជបណ្ណាល័យហ្លួងម៉ែ ត្រូវបានរចនាឡើង ដើម្បីបង្ហាញការគោរពយ៉ាងជ្រាលជ្រៅចំពោះប្រាសាទអង្គរវត្ត នឹងមានតួនាទីជា៖

  • ស្តូបអនុស្សាវរីយ៍រំឭក៖ ដើម្បីថ្វាយព្រះរាជកិត្តិយសដល់សម្ដេចម៉ែ ព្រះរាជវង្សានុវង្ស និងផ្តល់កិត្តិយសដល់ជនរងគ្រោះទាំងអស់ក្នុងរបបខ្មែរក្រហម។
  • មជ្ឈមណ្ឌលសកលលោក៖ ដើម្បីបម្រើដល់ការស្រាវជ្រាវ និងការសិក្សាអំពីអំពើប្រល័យពូជសាសន៍ និងអំពើឃោរឃៅក្នុងកម្រិតធំ។
  • បណ្ណសារឌីជីថល៖ ដើម្បីរក្សាទុកនូវរាល់កំណត់ត្រានានាស្តីពីរបបខ្មែរក្រហម។

ព្រះរាជបណ្ណាល័យហ្លួងម៉ែ នឹងបន្តនូវមរតកស្ថាបត្យកម្មនៃអាកាសយានដ្ឋានពោធិ៍ចិនតុង គិតចាប់តាំងពីសម័យស្ថាបត្យកម្មខ្មែរបែបផែនថ្មី រហូតមកដល់បច្ចុប្បន្ន។ ទម្រង់ស្ថាបត្យកម្ម និងសម្ភារសំណង់ ត្រូវបានរចនាឡើងដោយបញ្ចូលនូវប្រព័ន្ធទប់ទល់កម្ដៅ ការការពារកម្ដៅថ្ងៃ ការប្រមូលថាមពលពន្លឺព្រះអាទិត្យ និងការប្រមូលទឹកភ្លៀង ដែលធាតុទាំងអស់នេះ ត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃទីតាំងទាំងមូលយ៉ាងរលូន។ អគារនីមួយៗបំពេញមុខងារខុសៗគ្នា តែរួមគ្នាជាធ្លុងមួយក្នុងការភ្ជាប់ទំនាក់ទំនងរវាងផ្នែកផ្សេងៗ និងមនុស្សជាតិ។ រចនាសម្ព័ន្ធជាស៊ុមឈើទាំងនេះមានឫសគល់ពីដី លូតលាស់ទៅជាទម្រង់មុខកាត់អគារ និងចាក់ស្រែះចូលទៅក្នុងផ្ទៃនៃជាន់នីមួយៗ បង្កើតបានជាអង្គភាពរួមគ្នាតែមួយយ៉ាងល្អឯក។ ព្រះរាជបណ្ណាល័យហ្លួងម៉ែ គឺជាស្ថាបត្យកម្មសំយោគចេញពីអត្ថន័យនៃស្លឹកទ្រាំង ដែលធ្លាប់ប្រើសម្រាប់ចារសិលាចារឹកខ្មែរបុរាណ ដែលត្រូវបានស្គាល់ថាជា «ស្លឹករឹត»។ ក្នុងនាមជាស្នាដៃរចនាចុងក្រោយបង្អស់មួយរបស់លោកស្រី ហ្សាហា ហាឌីដ និងជារចនាសម្ព័ន្ធអគារដែលមានស៊ុមឈើដំបូងគេបង្អស់មួយរបស់ក្រុមហ៊ុននេះ វិទ្យាស្ថាន-សារមន្ទីរនេះ នឹងឈរជាគូឆ្លើយឆ្លងផ្តោះផ្តង ជាមួយនឹងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលរចនាឡើងដោយលោក ណរម៉េន ហ្វសស្ទើ ដែលបង្កើតបានជាអគារស្ថាបត្យកម្ម ជាគោលដៅទេសចរណ៍ថ្មីមួយសម្រាប់ប្រទេសកម្ពុជា។

តាមរយៈការផ្តល់ថាមពលថ្មីដល់កេរដំណែលនៃពោធិ៍ចិនតុង «ព្រះរាជបណ្ណាល័យហ្លួងម៉ែ» ដែលជាវិទ្យាស្ថាន-សារមន្ទីរ នឹងក្លាយជាកម្លាំងចលកររុញច្រានឆ្ពោះទៅកាន់អនាគត តាមរយៈការស្រាវជ្រាវយ៉ាងសកម្ម ការសិក្សារៀនសូត្រ និងការចូលរួមពីសហគមន៍។ ទន្ទឹមនឹងនេះ ព្រះរាជបណ្ណាល័យហ្លួងម៉ែ ក៏ជាឃ្លាំងតម្កល់នូវការចងចាំដើម្បីផ្ដល់កិត្តិយសដល់អតីតកាល និងបុព្វបុរស ក៏ដូចជាទីធ្លាមួយសម្រាប់ការព្យាបាលរបួសផ្លូវចិត្តថែមទៀតផង។

អត្ថបទ ៖ អ៊ាន បញ្ញាឫទ្ធិ គឺជាអ្នករចនាពហុជំនាញ ដែលធ្វើការលើវិស័យស្ថាបត្យកម្ម ការរចនាបែបទស្សនីយភាព និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ លោក បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកស្ថាបត្យកម្ម ពីសាលារចនាជាន់ខ្ពស់នៃសាកលវិទ្យាល័យ ហាវើដ។

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖