មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានទទួលស្វាគមន៍សិស្សចំនួន៦នាក់ មកពីអនុវិទ្យាល័យត្រពាំងប្រិយ៍ ដើម្បីទស្សនាពិព័រណ៍រូបថត និងសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រខ្មែរក្រហម(១៩៧៥-១៩៧៩)។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងផ្សាភ្ជាប់រវាងសិស្សានុសិស្សទៅនឹងទិដ្ឋភាពជីវិតរបស់ប្រជាជននៅក្នុងតំបន់អន្លង់វែង តាមរយៈពិព័រណ៍រូបថតចំនួន១០០សន្លឹក ផ្ដោតលើ «ការចងចាំយុតិ្តធម៌» ដែលដាក់តាំងបង្ហាញនៅសារមន្ទីរផ្ទះតាម៉ុក។
ស្រុកអន្លង់វែង មិនត្រឹមតែជាតំបន់ភូមិសាស្ត្រដែលមានសក្ដានុពលទេសចរណ៍ធម្មជាតិនោះទេ ប៉ុន្តែវាគឺជាទីតាំង«សាក្សីរស់»នៃប្រវត្តិសាស្ត្រចុងក្រោយរបស់ក្រុមខ្មែរក្រហម។ ការរៀបចំពិព័រណ៍រូបថតនៅសារមន្ទីរផ្ទះតាម៉ុក បានក្លាយជាស្ពានចម្លងចំណេះដឹងយ៉ាងសំខាន់សម្រាប់សិស្សានុសិស្ស និងយុវជន ដើម្បីស្វែងយល់ពីឫសគល់នៃសង្គ្រាម និងតម្លៃនៃសន្តិភាព។ រូបថតនីមួយៗដែលដាក់តាំងបង្ហាញក្នុងផ្ទះតាម៉ុក មិនមែនគ្រាន់តែជាក្រដាសពណ៌សខ្មៅនោះទេ ប៉ុន្តែវាគឺជា «ភស្តុតាងដែលមិនចេះនិយាយកុហក»។ ជាក់ស្តែង សិស្សានុសិស្ស បានទស្សនាពិព័រណ៍ និងបានឃើញរូបភាពផ្ទាល់ភ្នែកអំពីសកម្មភាពរស់នៅប្រចាំថ្ងៃក្នុងសម័យសង្គ្រាម រូបថតរចនាសម្ព័ន្ធដឹកនាំ, បុគ្គលសំខាន់ៗនៃចលនាខ្មែរក្រហម, ទិដ្ឋភាពនៃការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការតស៊ូរបស់ប្រជាជន។ រូបភាពទាំងនេះជួយឱ្យសិស្សានុសិស្ស ងាយយល់ជាងការអានត្រឹមតែអត្ថបទក្នុងសៀវភៅបោះពុម្ព ដែលធ្វើឱ្យប្រវត្តិសាស្ត្រក្លាយជារូបភាពរស់រវើកក្នុងការសិក្សារបស់សិស្សានុសិស្ស។
សិស្សជាច្រើនដែលរស់នៅតំបន់អន្លង់វែង គឺជាកូនចៅរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបានឆ្លងកាត់ផ្ទាល់។ ការបង្រៀនតាមរយៈពិព័រណ៍រូបថតក្នុងសារមន្ទីរផ្ទះតាម៉ុក ជួយឱ្យសិស្ស ទទួលយកការពិត យល់ដឹងពីកំហុសឆ្គងក្នុងអតីតកាល ដើម្បីកុំឱ្យកើតឡើងជាថ្មី។ បន្ថែមពីនេះ ធ្វើឱ្យមានការ អត់ឱន ការយល់ដឹងពីប្រវត្តិសាស្ត្រជួយកាត់បន្ថយការរើសអើង និងបង្កើនការយោគយល់គ្នានៅក្នុងសង្គម។ សិស្សានុសិស្សមានមោទនភាពចំពោះតំបន់របស់ខ្លួន ដែលបានប្រែក្លាយតំបន់ដែលធ្លាប់តែល្បីខាងសង្គ្រាម ឱ្យទៅជាតំបន់ប្រវត្តិសាស្ត្រសម្រាប់សិក្សា និងទាក់ទាញទេសចរណ៍មកកម្សាន្ត។
ការផ្សាភ្ជាប់សិស្សានុសិស្ស និងយុវជនជាមួយពិព័រណ៍រូបថតនៅសារមន្ទីរផ្ទះតាម៉ុក មិនមែនជាការរំឭកភាពឈឺចាប់ទេ ប៉ុន្តែដើម្បីផ្ដល់«ការចងចាំអតីតកាល កសាងបច្ចុប្បន្ន និងតម្រង់ទិសអនាគត»។ រូបថតទាំងនោះគឺជាមេរៀនសន្តិភាពដ៏មានអំណាចបំផុត ដែលជួយឱ្យយុវជនជំនាន់ក្រោយ ក្លាយជាកម្លាំង ចលករក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ជាតិឱ្យបានរឹងមាំជានិរន្តរ៍។
ចុងបញ្ចប់នៃដំណើរទស្សនកិច្ច សិស្សានុសិស្សបានសម្ដែងនូវការយល់ឃើញផ្សេងៗគ្នា៖
ដុម ដាលីន ភេទស្រី អាយុ១៧ឆ្នាំ រៀនថ្នាក់ទី៩ នៃអនុវិទ្យាល័យត្រពាំងប្រិយ៍ បានបង្ហាញចំណាប់អារម្មណ៍ថា៖ បន្ទាប់ពីខ្ញុំបានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាពិព័រណ៍រូបថតចំនួន១០០សន្លឹករួចមក ខ្ញុំពិតជាបានយល់ដឹងច្រើន ពីរឿងរ៉ាវប្រវត្តិសាស្រ្តដែលបានកើតមានឡើងនៅក្នុងរបបខ្មែរក្រហម។ ពិព័រណ៍រូបថតនេះ បានបង្ហាញឱ្យឃើញពីសកម្មភាពធ្វើការងាររបស់ប្រជាជននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩ ៧៥-១៩៧៩) និងរូបថតប្រជាជននៅតំបន់អន្លង់វែងមួយចំនួនទៀតដែលបង្ហាញពីការធ្វើសមាហរណកម្មបញ្ចប់សង្គ្រាម រូបថតរៀបអាពាហ៍ពិពាហ៍នៅក្នុងឆ្នាំ១៩៩០។ ខ្ញុំផ្ទាល់ ធ្លាប់បានទៅទស្សនានៅ «គុកទួលស្លែង» ខ្ញុំបានឃើញរូបភាព ទីកន្លែងជាច្រើនដែលបន្សល់ទុកពីរបបខ្មែរក្រហម។ ខ្ញុំគិតថាការសិក្សារៀនសូត្រពីប្រវត្តិសាស្រ្ត គឺពិតជាល្អសម្រាប់ការចងចាំ ផ្សព្វផ្សាយ និងបង្រៀនដល់យុវជនជំនាន់ក្រោយៗទៀត។
ម៉ន សុខលី ភេទស្រី អាយុ១៦ឆ្នាំ បានលើកឡើងថា៖ ខ្ញុំពិតជាសប្បាយចិត្តក្នុងការមកចូលរួមសិក្សាពីប្រវត្តិសាស្រ្តខ្មែរក្រហមនៅថ្ងៃនេះ ពីព្រោះបានធ្វើឱ្យខ្ញុំយល់ដឹងពីផ្ទាំងរូបថតនីមួយៗដែលដាក់តាំងនៅសារមន្ទីរតាម៉ុក។ ពីមុនមក ខ្ញុំធ្លាប់បានចូលមកទស្សនានៅសារមន្ទីរផ្ទះតាម៉ុក និងពិព័រណ៍រូបថតទាំងនេះ ប៉ុន្តែខ្ញុំមិនបានយល់ដឹងអំពីសាច់រឿងនៅក្នុងរូបថតនីមួយៗដូចពេលនេះទេ ដែលមានក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានធ្វើបទបង្ហាញ និងពន្យល់ពីរូបថតនីមួយៗដល់ខ្ញុំ។ ជាការពិត ណាស់ការសិក្សាប្រវត្តិសាស្រ្តតាមរយៈរូបថត គឺបានជួយបង្កើនដល់ការចងចាំបានច្រើន ដោយសារយើងបានមើលឃើញរូបភាពជាក់ស្ដែង ដែលអាចឱ្យយើងស្រមើលស្រមៃទៅតាមរូបភាពទាំងនោះ។ ខ្ញុំចាប់អារម្មណ៍ទៅលើពិព័រណ៍រូបថត «ប្រជាជនធ្វើការនៅស្រែអំបិល» ក្នុងរបបខ្មែរក្រហម។ រូបថតនេះបានបង្ហាញអំពីការងារនៅកណ្ដាលថ្ងៃក្ដៅ គ្មានមួកពាក់សមរម្យ ដែលបានធ្វើឱ្យខ្ញុំដឹងពីទុក្ខលំបាក ភាពនឿយហត់របស់ប្រជាជននៅក្នុងរបបខ្មែរក្រហម។
សូ ស្រីពេជ្រ ភេទស្រី អាយុ១៥ឆ្នាំ បាននិយាយថា៖ បន្ទាប់ពីខ្ញុំបានទស្សនាពិព័រណ៍រូបថត និងឯកសារនៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង និងសារមន្ទីរផ្ទះតាម៉ុក ខ្ញុំពិតជាទទួលបានចំណេះដឹងបន្ថែមពីប្រវត្តិសាស្រ្តដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម។ ពិព័រណ៍រូបថតទាំងអស់ដែលដាក់តាំងនៅសារមន្ទីរផ្ទះតាម៉ុក សុទ្ធតែបានបង្ហាញឱ្យឃើញពីរបៀបរបបរស់នៅ ការធ្វើការងាររបស់ប្រជាជនខ្មែរតាំងពីរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ធ្វើសមាហរណកម្មបញ្ចប់សង្គ្រាម។ ហេតុនេះហើយ ខ្ញុំគិតថាទុក្ខលំបាក ភាពឈឺចាប់ ដែលប្រជាជនខ្មែរបានជួប យុវជនជំនាន់ក្រោយដូចជាខ្ញុំត្រូវតែដឹង ដើម្បីធ្វើយ៉ាងណាកុំឱ្យកើតមានរបបផ្ដាច់ការនេះម្ដងទៀត។ ខ្ញុំចង់ឱ្យបង្កើតក្រុមសិក្សាបែបនេះជាប្រចាំ ដើម្បីបានសិក្សាស្វែងយល់កាន់តែច្បាស់ពីប្រវត្តិសាស្រ្តដែលបានកើតឡើងកន្លងមក។
អត្ថបទ៖ មេក វិន បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា














