យោធាថៃ ខឹងសម្បារចំពោះការបាត់ទង់ជាតិមួយ

អ្នកនាំពាក្យកងទ័ពជើងទឹកថៃ លោកឧត្តមនាវីត្រី ប៉ារ៉ាច រតនាឆាយាផាន នាពេលថ្មីៗនេះ បាននិយាយថា កងទ័ពជើងទឹកភូមិន្ទថៃនឹងឆ្លើយតបដោយកម្លាំងយោធា ប្រសិនបើរកឃើញថាមានកងទ័ពកម្ពុជាបានឆ្លងចូលក្នុងទឹកដីថៃ បន្ទាប់ពីទង់ជាតិថៃមួយបានបាត់ពីដងទង់ជាតិ ក្នុងតំបន់ព្រំដែនយុទ្ធសាស្ត្ររាងក្រចកសេះ នៅភូមិផាកខាត។ សេចក្តីថ្លែងការណ៍ជាសាធារណៈដ៏ក្អេងក្អាងរបស់កងទ័ពថៃនេះ គឺមិនត្រឹមតែជារឿងដែលគួរឱ្យអស់សំណើចតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទង្វើពោរពេញទៅដោយពុតត្បុតថែមទៀតផង។ កងទ័ពថៃហាក់មើលមិនឃើញពីភាពពុតត្បុតរបស់ខ្លួន ក្នុងការទាមទារកាន់កាប់លើទីតាំងព្រំដែនជាទីសក្ការរបស់ប្រទេសដទៃ ខណៈពេលដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់លើដែនអធិបតេយ្យភាពរបស់ភាគីដែលខ្លួនកំពុងចោទប្រកាន់។ ស្ថានភាពដ៏គួរឱ្យអស់សំណើចនេះ មានសភាពកាន់តែហួសចិត្ត ដោយសារការពិតដែលថា កាលៈទេសៈបង្កទៅជាការខឹងសម្បាររបស់កងទ័ពថៃនេះ គឺគ្រាន់ផ្អែកទៅលើជំនឿរបស់ខ្លួនថាទង់ជាតិថៃមួយផ្ទាំងបានបាត់ទៅតែប៉ុណ្ណោះ។ នៅថ្ងៃនេះកងទ័ពថៃកំពុងផ្ទុះកំហឹងយ៉ាងខ្លាំង ដោយ​សារតែការបាត់ទង់ជាតិមួយ។

ថ្ងៃស្អែក ប្រហែលជាអាចមានការបាត់ដើមឈើមួយដើម ឬវត្ថុបុរាណប្លែកៗផ្សេងទៀត ចេញពីដែនអធិប​ តេយ្យភាពរបស់ថៃដែលអាចត្រូវប្រើប្រាស់ធ្វើជាលេសស្របច្បាប់ ដើម្បីបង្កឱ្យមានជម្លោះប្រដាប់អាវុធទ្រង់ ទ្រាយធំរវាងប្រទេសទាំងពីរ? ខណៈពេលដែលកងទ័ពថៃកំពុងស៊ើបអង្កេតលើកាលៈទេសៈគួរឱ្យសង្ស័យ ជុំវិញការបាត់ទង់ជាតិដ៏អាថ៌កំបាំងរបស់ខ្លួននិងកំពុងស្វែងរកលទ្ធភាពប្រើប្រាស់កម្លាំងយោធាជាការឆ្លើយ តបនោះរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តបង្ហាញនូវជំហរដ៏ម៉ឺងម៉ាត់និងមានភាពចាស់ទុំជាងមុនក្នុងការដោះ​ ស្រាយវិវាទព្រំដែនតាមរយៈវិធានការទូតដោយសន្តិវិធី។ យើងមានតែសង្ឃឹមថាភាពម៉ឺងម៉ាត់ ភាពចាស់ទុំ និងសន្តិភាព នឹងទទួលបានជ័យជម្នះជាស្ថាពរលើការសម្តែងការខឹងសម្បារខុសរឿង ក្នុងកាលៈទេសៈទាំងនេះ។

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖