ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ គឺជាខួបលើកទី៥១ ចាប់តាំងពីការឡើងកាន់អំណាចនៃរបបខ្មែរក្រហមក្នុងប្រទេសកម្ពុជា។ ខ្ញុំគឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាសាក្សីជំនាញម្នាក់ នៅក្នុងតុលាការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ហើយខ្ញុំក៏ជាអ្នកតស៊ូមតិក្នុងដំណើរការស្វែងរកយុត្តិធម៌ និងរក្សាការចងចាំពីរបបខ្មែរក្រហម សូមលើកឡើងអំពីតថភាពប្រវត្តិសាស្ត្រ ៥ចំណុច ដែលយើងមិនត្រូវបំភ្លេចប្រវត្តិសាស្ត្ររបបខ្មែរក្រហម ហើយត្រូវតែដាក់បញ្ចូលមេរៀនដែលយើងទទួលបានពីរបបនេះទៅអនុវត្តក្នុងបរិបទមូលដ្ឋាន តំបន់ និងពិភពលោក។
ទីមួយ ប្រវត្តិសាស្ត្ររៀបរាប់ប្រាប់យើងនូវរឿងរ៉ាវអំពីដំណើរជីវិត ដែលរុញច្រានឱ្យយើងឈានមកដល់ស្ថានភាពបច្ចុប្បន្ន។ យើងត្រូវការប្រវត្តិសាស្ត្រ ដើម្បីបង្ហាញផ្លូវក្នុងការកែលម្អខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិរបស់យើង។ បុគ្គលម្នាក់អាចដោះស្រាយបញ្ហាអ្វីមួយបាន លុះត្រាតែបុគ្គលនោះយល់ច្បាស់ពីបញ្ហានោះ ហើយការសិក្សាអំពីប្រវត្តិសាស្ត្រគឺជាចំណុចចាប់ផ្ដើមសម្រាប់រាល់ផែនការដោះស្រាយបញ្ហាទាំងអស់។
ទីពីរ ប្រវត្តិសាស្ត្ររបបខ្មែរក្រហម បានបង្ហាញយើងនូវភាពជ្រុលនិយមបំផុតនៃសភាវៈរបស់មនុស្ស ដែលយើងចាំបាច់ត្រូវតែយល់ដឹង ដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រងសង្គម។ ស្ថាប័នបម្រើមុខងារជាមូលដ្ឋានគ្រឹះក្នុងសង្គម ចាំបាច់ត្រូវតែផ្ដល់ចំណេះដឹង បណ្តុះគំនិត និងការពារមនុស្សជាតិ ទាំងនៅក្នុងកាលៈទេសៈធម្មតា និងនៅក្នុងកាលៈទេសៈពិសេសបំផុត។ ប្រវត្តិសាស្ត្ររបបខ្មែរក្រហមគឺជាការសិក្សាអំពីសង្គមមួយដែលអាចត្រូវបានបំផ្លាញ ស្តារឱ្យរស់រានឡើងវិញ និងផ្លាស់ប្តូរទៅជាទម្រង់មួយថ្មី។
ទីបី ប្រវត្តិសាស្ត្ររបបខ្មែរក្រហមមានសារសំខាន់ ដោយសារតែប្រវត្តិសាស្ត្រនេះ បានទំលាយឱ្យឃើញពីចិត្តគំនិតរបស់មនុស្ស ទាំងផ្នែកល្អ និងផ្នែកឃោរឃៅ។ នៅពេលដែលយើងស្ដាប់ ឬអានរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម យើងនឹងរំជួលចិត្តយ៉ាងខ្លាំងចំពោះបទពិសោធន៍ជីវិតអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ យើងនឹងចាប់ផ្ដើមយល់ យ៉ាងហោចណាស់ក៏បន្តិចដែរ ថាហេតុអ្វីបានជាមនុស្សអាចប្រព្រឹត្តទង្វើដ៏ឃោរឃៅកម្រិតនេះទៅលើអ្នកដទៃ និងការដែលយើងអាចក្រោកឈរឡើងដើម្បីប្រឆាំងនឹងស្ថានភាពដ៏ខ្មៅងងឹតនេះយ៉ាងដូចម្តេច។ បទពិសោធន៍ជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានរំលេចឱ្យឃើញពីធាតុពិតនៃយើងគ្រប់ប្រាណ និងអំពីអ្វីដែលយើងអាចធ្វើបានក្នុងកម្រិតបុគ្គល ដើម្បីធានាថាប្រវត្តិសាស្ត្រដ៏ឃោរឃៅនេះ នឹងមិនកើតឡើងច្រំដែល។
ទីបួន ប្រវត្តិសាស្ត្ររបបខ្មែរក្រហម បានបំភ្លឺឱ្យយើងឃើញនូវតថភាពនយោបាយអន្តរជាតិ និងការដែលពិភពលោកនៅតែដំណើរការដោយជ្រើសយកផលប្រយោជន៍និងអំណាចជាធំ ជាជាងផ្តោតទៅលើផលប្រយោជន៍ដ៏ប្រសើរបំផុតសម្រាប់មនុស្សជាតិ។ នយោបាយ និងច្បាប់អន្តរជាតិ តែងតែវិវត្ត និងផ្លាស់ប្តូរឥតឈប់ឈរ ហើយគ្មានព្រឹត្តិការណ៍ពីរផ្សេងគ្នាឯណា ដែលមានដើមចមចេញពីកត្តាដូចគ្នាទាំងស្រុងតែមួយឡើយ។ បើតាមសម្រង់សម្ដីរបស់ លោក ម៉ាក ធ្វេន នោះថា ប្រវត្តិសាស្ត្រប្រហែលជាមិនដើរជាន់ដានចាស់ទាំងស្រុងនោះទេ ប៉ុន្តែព្រឹត្តិការណ៍នានាតែងតែកើតមានលំនាំស្រដៀងៗគ្នា។ យើងអាចចាត់ទុកប្រវត្តិសាស្ត្ររបបខ្មែរក្រហមគឺជាឯកសារយោងដើម្បីរៀបចំយុទ្ធសាស្ត្រឆ្លើយតបទៅនឹងព្រឹត្តិការណ៍បច្ចុប្បន្ន។
ជាចុងក្រោយ ប្រវត្តិសាស្ត្ររបបខ្មែរក្រហមគឺមិនត្រឹមតែជាកិច្ចខិតខំប្រឹងប្រែងសម្រាប់បម្រើដល់គោលបំណងអប់រំតែប៉ុណ្ណោះទេ ប៉ុន្តែប្រវត្តិសាស្រ្តនេះនឹងដើរតួនាទីយ៉ាងចាំបាច់ក្នុងការធានាឱ្យបាននូវយុត្តិធម៌សម្រាប់ជនរងគ្រោះនៃសម័យកាលដ៏សោកសង្រេងនេះ។ ការចងចាំគឺជាលក្ខខណ្ឌសំខាន់ដែលគាំទ្រដល់យុត្តិធម៌។ យុត្តិធម៌គ្រប់ទម្រង់ទាំងអស់គឺសុទ្ធតែផ្ដើមដំបូងឡើយចេញពីការទទួលស្គាល់នូវកាលៈទេសៈជុំវិញភាពអយុត្តិធម៌។ ការបង្រៀន ការចែករំលែក និងការសិក្សាអំពីប្រវត្តិសាស្ត្ររបបខ្មែរក្រហម គឺជាករណីយកិច្ចដ៏សំខាន់ក្នុងការអប់រំ ព្រមទាំងជាសកម្មភាពដ៏សំខាន់ដែលគាំពារដល់យុត្តិធម៌។
អនាគតរបស់ប្រទេសកម្ពុជាគឺពឹងផ្អែកទៅលើការប្ដេជ្ញាចិត្ត ក្នុងការចងចាំនូវប្រវត្តិសាស្ត្ររបស់ខ្លួន ហើយដោយសារតែតថភាពប្រវត្តិសាស្ត្រ ៥ចំណុចនេះហើយ ទើបប្រវត្តិសាស្ត្ររបបខ្មែរក្រហម មិនគួរត្រូវបំភ្លេចចោលឡើយ។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាឯកអគ្គរាជទូតអមខុទ្ទកាល័យព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



