អនុភូមិត្រោកតូចរំឭករឿងរ៉ាវនៅពេលខ្មែរក្រហមឡើងគ្រប់គ្រងប្រទេស នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥

ខ្ញុំឈ្មោះ វ័រ សាម៉ៃ អាយុ៦៧ឆ្នាំ សព្វថ្ងៃគឺជាអនុភូមិត្រោក ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ នៅពេលខ្មែរក្រហមឡើងគ្រប់គ្រងអំណាច នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំនៅវ័យជំទង់។ ខ្មែរក្រហមចាត់តាំងខ្ញុំឱ្យចូលកងចល័ត រួចហើយបញ្ជូនទៅលើកប្រពន្ធភ្លឺសែ្រនៅឃុំក្រោលគោ និងសហករណ៍ចំណតស្នោ ក្នុងឃុំឈើទាល ស្រុកស្វាយជ្រំ។ នៅពេលលើកភ្លឺស្រែរួចរាល់ ប្រធានកងបានដកខ្ញុំឱ្យមកធ្វើស្រែនៅសហករណ៍ ភូមិអង្គឫស្សី ភូមិទួលទ្រា ក្នុងឃុំរបស់ខ្ញុំវិញ។ រៀងរាល់ថ្ងៃ ខ្ញុំត្រូវងើបម៉ោង៤ព្រឹកទៅស្ទូងឱ្យទាន់ផែនការ។ នៅពេលរសៀលថ្ងៃមួយ ប្រធានកងខ្មែរក្រហមចាត់តាំងខ្ញុំឱ្យប្រឡងប្រណាំងដកសំណាបជាមួយកងចល័តនារីមកពីភូមិដក់ពរ ដោយក្នុងម្នាក់ត្រូវដកសំណាបឱ្យបាន៥ដំប ស្មើនឹង២៥០កណ្តាប់។ បន្ទាប់ពីប្រឡងប្រណាំងដកសំណាបរួច ប្រធានកងចាត់តាំងខ្ញុំឱ្យដើរកាត់ដើមរំពាក់យកមកបកសម្បកដើម្បីក្រងធ្វើបង្គីររែកដី។ ខ្ញុំធ្វើការមិនដែលមានពេលឈប់សម្រាកទេ។ ចំណែករបបអាហារក្នុងមួយពេលខ្ញុំទទួលបានបាយស្រួយមួយកូនចាន ហូបជាមួយសម្លម្ជូរដើមចេក និងម្ជូរព្រលិតដែលភាគច្រើនមានតែទឹករាវ និងគ្មានរសជាតិឡើយ។ នៅពេលខ្វះខាតខ្លាំង ចុងភៅបានយកអង្ករដំណើបមកបបរ ចែកឱ្យខ្ញុំនិងសមាជិកកងចល័តហូបជាមួយសម្លម្ជូរ។

នៅខែមករា ឆ្នាំ១៩៧៨ ប្រធានកងបានរៀបការឱ្យខ្ញុំជាមួយប្តីដែលនៅក្នុងភូមិជាមួយគ្នា។ បន្ទាប់ពីរៀបការបានរយៈពេលមួយសប្តាហ៍ ខ្មែរក្រហមបានជម្លៀសខ្ញុំតាមរថភ្លើងទៅស្រុកបាកាន ខេត្តពោធិ៍សាត់។ ពេលខ្ញុំទៅដល់ខេត្តពោធិ៍សាត់ដំបូង ប្រធានសហករណ៍នៅទីនោះបានឱ្យខ្ញុំទៅដេកនៅផ្ទាល់នឹងដីនៅវត្ត។ ក្រោយមក ទើបខ្ញុំទៅដេកនៅក្រោមផ្ទះប្រជាជនដែលទុកចោល ព្រោះម្ចាស់ផ្ទះត្រូវខ្មែរក្រហមជម្លៀសចេញអស់ហើយ។ នៅទីនោះ ប្រធានកងបានចាត់តាំងខ្ញុំឱ្យច្រូតស្រូវ និងបោកស្រូវ។ ខ្ញុំធ្វើការបានមួយរយៈប្រធានកងបានតាមដានខ្ញុំ ព្រោះខ្ញុំគឺជាប្រជាជនជម្លៀសមកពីភូមិភាគបូព៌ាដែលជាមុខសញ្ញារបស់ខ្មែរក្រហម។ ដោយសារភ័យខ្លាចឈ្លបមកចាប់ខ្ញុំយកទៅសម្លាប់ ទើបពេលយប់ខ្ញុំលួចចេញពីកន្លែងស្នាក់នៅ ទៅសុំផ្ទះប្រជាជនក្បែរៗនោះដេក។ នៅពេលមេឃជិតភ្លឺទើបខ្ញុំត្រឡប់មកកន្លែងស្នាក់នៅវិញ ដើម្បីកុំឱ្យប្រធានកងដឹង។ ថ្ងៃមួយ ប្រធានកងបានដើរមកស្រែកហៅឈ្មោះខ្ញុំទាំងយប់ ប៉ុន្តែខ្ញុំមិនហ៊ានឆ្លើយតបឡើយ។ នៅថ្ងៃបន្ទាប់ទើបប្រធានកង ចាត់តាំងខ្ញុំឱ្យទៅកាប់ឆ្ការព្រៃនៅបឹងខ្យងដើម្បីធ្វើចម្ការ។ ខ្ញុំកាប់ឆ្ការព្រៃ និងគាស់គល់ឈើបានមួយរយៈ ប្រធានកងក៏ផ្លាស់ខ្ញុំ និងសមាជិកកងចល័តឱ្យទួលស្រូវពីសហករណ៍ទៅទុកនៅតាមទីស្នាក់ការដែលខ្មែរក្រហមកំណត់ ដោយចម្ងាយពីទីស្នាក់ការមួយទៅទីស្នាក់មួយប្រវែង១គីឡូម៉ែត្រ។ បន្ទាប់មក ទើបមានសមាជិកកងផ្សេងទៀតមកជញ្ជូនស្រូវបន្តពីទីស្នាក់ការ យកទៅលាក់ទុកនៅលើភ្នំ។ ប្រសិនបើយើងជញ្ជូនស្រូវមិនហើយ ឬនៅតាមផ្លូវយើងទម្លាក់ស្រូវចុះពីលើក្បាលដើម្បីឈប់សម្រាក ហើយប្រធានកងខ្មែរក្រហមឃើញ នឹងចោទយើងថាជាខ្មាំងមិនខាន។ ខ្ញុំខិតខំទូលស្រូវរហូតជ្រុះសក់អស់ពីក្បាល និងធ្លាក់ខ្លួនឈឺដោយកើតកញ្រ្ជិល។ ជំងឺរបស់ខ្ញុំមានអាការធ្ងន់ធ្ងរ និងមិនអាចចេញទៅធ្វើការងារបានទេ។ ខ្ញុំឈប់សម្រាករយៈពេល៣ថ្ងៃ ស្រាប់តែពេលនោះប្រុសៗនៅក្នុងសហករណ៍លួចខ្សឹបគ្នាថាកងទ័ពវៀតណាមវាយចូលមកហើយ និងបានបបួលគ្នារត់គេចខ្លួន។ ពេលឮដូច្នេះ ខ្ញុំនិងប្រជាជនជម្លៀសផ្សេងទៀតបានរត់ចេញពីកងដែលស្ថិតនៅក្នុងព្រៃសំដៅទៅរកផ្លូវជាតិ។ នៅអំឡុងពេលរត់គេចខ្លួន ខ្ញុំបានចូលទៅយកស្រូវរបស់ខ្មែរក្រហមដែលទុកនៅតាមសហករណ៍ យកមកបុករែងយកអង្ករទុកហូប។ ថ្ងៃមួយខ្ញុំបានចូលទៅយកស្រូវដែលខ្មែរក្រហមទុកនៅក្នុងចេតិយ ហើយពេលខ្ញុំទៅកៀកទើបឃើញសុទ្ធតែឆ្អឹងខ្មោចនៅលាយឡំជាមួយស្រូវ។ ខ្ញុំបានរើសឆ្អឹងខ្មោចចេញ ដោយសម្រិតយកតែស្រូវប៉ុណ្ណោះយកមកបុក។ នៅវេលាម៉ោង១០យប់ថ្ងៃមួយ អ្នករត់ភៀសខ្លួនជាមួយខ្ញុំបានរត់គេចខ្លួនអស់ នៅសល់តែខ្ញុំម្នាក់តែប៉ុណ្ណោះ ព្រោះទទួលដំណឹងថាយោធាខ្មែរក្រហមចូលមកសម្លាប់។ ខ្ញុំភិតភ័យខ្លាំងណាស់ និងបានស្រែកហៅរកអ្នកជួយ។ មួយសន្ទុះក្រោយមក ទើបប្រជាជនដែលរត់គេចខ្លួនចោលខ្ញុំ បានត្រឡប់មករកខ្ញុំវិញ។ នៅតាមផ្លូវ ខ្ញុំបានជួបយោធាខ្មែរក្រហម ហើយយោធានោះសួរខ្ញុំថា មិត្តទៅណា? ខ្ញុំបានកុហកយោធានោះថា ខ្ញុំរត់គេចខ្លួន ព្រោះមានគ្រាប់ផ្លោងធ្លាក់ចំកងរបស់ខ្ញុំ។ ខ្ញុំបានធ្វើដំណើរមកដល់ថ្នល់ជាតិហើយជួបនឹងកងទ័ពស្ម័គ្រចិត្តវៀតណាម។ ខ្ញុំបានដើរបន្តរហូតដល់ទីក្រុងភ្នំពេញ។ នៅទីនោះ រដ្ឋអំណាចបានបើកពោតសាឡីឱ្យខ្ញុំហូប បន្ទាប់មកខ្ញុំបានសុំរថយន្តកងទ័ពវៀតណាមជិះត្រឡប់មកស្រុកកំណើត នៅខេត្តស្វាយរៀង។ ដំបូងខ្ញុំមិនមានអង្ករហូប ខ្ញុំបានដើរស៊ីឈ្នូលច្រូតកាត់ដកស្ទូងឱ្យប្រជាជននៅតាមភូមិផ្សេងៗដូរយកអាហារ ហើយក្រោយមកទើបខ្ញុំបានហូបគ្រប់គ្រាន់។

អត្ថបទ ៖ សោម ប៊ុនថន ប្រធានក្រុមទស្សនាវដ្តីស្វែងរកការពិត

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖