ក្រុមគ្រួសារខ្ញុំជម្លៀសទៅខេត្តបាត់ដំបង បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥

ខ្ញុំឈ្មោះ ម៉ៅ ចន អាយុ៧៥ឆ្នាំ (ក្នុងឆ្នាំ២០២១) រស់នៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ កាលពីក្មេងខ្ញុំមិនបានរៀនសូត្រទេ។ ខ្ញុំនៅឃ្វាលក្របី និងជួយធ្វើការងារឪពុកម្តាយនៅផ្ទះរហូតដល់ខ្ញុំរៀបការប្តីដែលរស់នៅក្នុងភូមិជាមួយគ្នា។

នៅអំឡុងឆ្នាំ១៩៧០ ក្នុងភូមិរបស់ខ្ញុំមិនមានសុវត្ថិភាពទេ ព្រោះកងទ័ពធីវគី បានផ្លោងគ្រាប់ពីតំបន់ត្រឡោងខូស វៀតណាមខាងត្បូង ចូលមក ហើយជួនកាលកងទ័ព លន់ នល់ ដែលមានទីតាំងក្នុងក្រុងស្វាយរៀងក៏ផ្លោងគ្រាប់ចូលមកដែរ ព្រោះសង្ស័យថា មានកងកម្លាំងរំដោះខ្មែរក្រហម និងកងទ័ពវៀតកុងលាក់ខ្លួននៅក្នុងភូមិរបស់ខ្ញុំ។ នៅពេលមានគ្រាប់ផ្លោងចូលមកភូមិម្តងៗ ខ្ញុំបានរត់កាត់វាលស្រែ និងហែលឆ្លងទឹកទៅលាក់ខ្លួននៅវត្តកោះ និងវត្តសិរីសោភាដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីផ្ទះ។ ថ្ងៃមួយពេលខ្ញុំកំពុងតែដាំបាយហូបនៅវត្តសិរីសោភា ស្រាប់តែគ្រាប់ផ្លោងធ្លាក់នៅក្រោយខ្នងរបស់ខ្ញុំ ធ្វើឱ្យខ្ញុំភ័យស្លន់ស្លោ និងរត់គេចខ្លួនដោយមិនបានហូបបាយឡើយ។

នៅពេលមេដឹកនាំខ្មែរក្រហមឡើងកាន់កាប់អំណាច នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំមានកូនចំនួន៣នាក់ ដោយកូនច្បងមានអាយុ១០ឆ្នាំ និងកូនពៅទើបតែសម្រាល។ ខ្មែរក្រហមបានប្រមូលរបស់របរ ទ្រព្យសម្បត្តិរបស់ខ្ញុំ និងប្រជាជននៅក្នុងភូមិដាក់រួម ហើយចាប់ផ្តើមបែងចែកប្រជាជនឱ្យចេញទៅធ្វើការតាមកងរៀងៗខ្លួន។ ខ្មែរក្រហមមិនទាន់ជម្លៀសក្រុមគ្រួសារខ្ញុំភ្លាមៗទេ គឺចាត់តាំងឱ្យធ្វើការនៅក្នុងភូមិ ចំណែកប្តីរបស់ខ្ញុំត្រូវឈ្លបមកតាមដានរៀងរាល់យប់ព្រោះគាត់មានបងប្អូនធ្វើជាប៉ូលិស និងទាហានក្នុងសង្គមចាស់។ យប់មួយខ្ញុំបានឃើញឈ្លបខ្មែរក្រហមលបចូលមកក្រោមផ្ទះរបស់ខ្ញុំ ភ្លាមនោះខ្ញុំបានស្រែកសួរទើបឈ្លបនោះដើរចេញ។ ក្រោយមកឈ្លបខ្មែរក្រហមបានមកហៅប្តីរបស់ខ្ញុំដោយកុហកថាទៅរៀនសូត្រ ប៉ុន្តែតាមពិតយកប្តីខ្ញុំទៅសម្លាប់ចោល និងបាត់ដំណឹងរហូត។ ថ្ងៃដែលឈ្លបខ្មែរក្រហមមកហៅប្តីរបស់ខ្ញុំទៅរៀនសូត្រ ខ្ញុំមិននៅផ្ទះទេ គឺខ្ញុំចេញទៅស្ទូងនៅវាលស្រែក្បែរភូមិ។  បន្ទាប់ពីឈ្លបខ្មែរក្រហមយកប្តីខ្ញុំទៅសម្លាប់បានមួយរយៈ ប្រធានកងបានចាត់តាំងខ្ញុំឱ្យជីកស្រះនៅក្នុងឃុំបាសាក់។ ខ្ញុំជីកស្រះតាមផែនការហើយរួចរាល់ ទើបប្រធានកងផ្លាស់ខ្ញុំឱ្យទៅធ្វើការនៅការដ្ឋានជៀសឫស្សី ក្នុងឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ស្ថិតនៅឆ្ងាយពីផ្ទះ។ ចំណែកកូនរបស់ខ្ញុំដែលនៅតូចៗ ខ្ញុំត្រូវយកទៅផ្ញើនៅកងយាយៗនៅក្នុងភូមិឱ្យជួលមើលថែ។ នៅពេលល្ងាចចប់ម៉ោងការងារ ទើបខ្ញុំមកយកកូនពីកងយាយៗត្រឡប់មកដេកនៅផ្ទះក្នុងភូមិវិញ។ ចំណែករបបអាហារប្រចាំថ្ងៃ មុនដំបូងខ្មែរក្រហមបានអនុញ្ញាតឱ្យខ្ញុំដាំបាយហូបឯកជននៅផ្ទះ ហើយមិនយូរប៉ុន្មាន ប្រធានសហករណ៍ចែកអង្ករឱ្យខ្ញុំដាំបាយហូបទៅតាមចំនួនសមាជិកគ្រួសារ។ បន្ទាប់មក ប្រធានសហករណ៍ប្រាប់ខ្ញុំ និងប្រជាជនក្នុងភូមិទាំងអស់ឱ្យទៅហូបបាយរួមគ្នានៅរោងបាយសហករណ៍។ ក្នុងមួយថ្ងៃខ្ញុំទទួលបានរបបអាហារពីរពេល ហើយក្នុងមួយពេលៗទទួលបានបាយតែមួយវែកតែប៉ុណ្ណោះ។ ខ្ញុំហូបមិនឆ្អែតទេជាមួយរបបអាហារដ៏តិចតួចនោះ។

នៅឆ្នាំ១៩៧៧ ខ្មែរក្រហមជម្លៀសខ្ញុំទៅខេត្តបាត់ដំបង។ ខ្ញុំដើរចេញពីស្រុកកកំណើតជាមួយម្តាយ បងប្អូន និងកូនៗរបស់ខ្ញុំ រីឯឪពុករបស់ខ្ញុំបានស្លាប់ដោយសារជំងឺនៅក្នុងភូមិ។ ខ្ញុំនិងក្រុមគ្រួសារបានធ្វើដំណើរដោយថ្មើរជើងទៅអ្នកលឿង រួចឡើងជិះកប៉ាល់បន្តទៅឈប់នៅទីក្រុងភ្នំពេញ។ នៅទីនោះ ខ្មែរក្រហមបានចែកអាហារឱ្យខ្ញុំហូប រួចបញ្ជូនក្រុមគ្រួសារខ្ញុំទៅជិះរថភ្លើងបន្តទៀត។ ក្រុមគ្រួសារខ្ញុំបានឈប់ចំណត់រថភ្លើងនៅក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង បន្ទាប់មកប្រធានសហករណ៍នៅទីនោះបានបែងចែកសមាជិកក្រុមគ្រួសារខ្ញុំ និងប្រជាជនជម្លៀសទាំងអស់ទៅតាមក្រុម និងកង ហើយឱ្យរស់នៅ និងធ្វើការងារនៅតាមការដ្ឋានផ្សេងៗពីគ្នា។ ម្តាយរបស់ខ្ញុំគឺប្រធានសហករណ៍ចាត់តាំងឱ្យនៅកងមនុស្សចាស់ ខ្ញុំនៅកងស្រ្តីមេម៉ាយ បងប្អូនខ្ញុំនៅកងចល័ត កូនរបស់ខ្ញុំពីរនាក់នៅកងកុមារ លើកលែងតែកូនពៅរបស់ខ្ញុំដែលនៅបៅនៅឡើយ ប្រធានសហករណ៍អនុញ្ញាតឱ្យនៅជាមួយខ្ញុំ។ នៅទីនោះ ប្រធានកងស្រ្តីមេម៉ាយ ប្រើខ្ញុំឱ្យច្រូតស្រូវ រែកដី និងលើកភ្លឺស្រែ។ រាល់ពេលខ្ញុំចេញទៅធ្វើការ និងស្នាក់នៅរោងសហករណ៍ ខ្ញុំស្លៀកពាក់តែខោអាវដដែលៗ និងចាស់ៗដែលខ្ញុំយកមកពីស្រុកកំណើត និងមានបំណះស្ទើរគ្រប់កន្លែង ព្រោះប្រធានកងមិនចែកសម្លៀកបំពាក់ឱ្យខ្ញុំទេ។ ចំណែករបបអាហារ ខ្ញុំទទួលបានពីរពេលក្នុងមួយថ្ងៃ គឺពេលព្រឹក និងពេលល្ងាច។ ជាញឹកញាប់ ចុងភៅបានស្លម្ជូរដើមចេកឱ្យខ្ញុំហូប។ នៅពេលព្រឹកមុនចេញទៅការដ្ឋាន ខ្ញុំត្រូវយកកូនទៅផ្ញើនៅយាយ មិត្ត ធ្វើការនៅកងយាយៗឱ្យជួយមើលថែ រហូតដល់ល្ងាចចប់ម៉ោងធ្វើការទើបខ្ញុំត្រឡប់មកយកកូនទៅកន្លែងស្នាក់នៅវិញ ដោយពេលនោះខ្ញុំស្នាក់នៅវត្ត។ ខ្ញុំនិងប្រជាជនជម្លៀសជាច្រើនគ្រួសារ បានចងមុងដេកបន្តគ្នានៅក្នុងវត្ត ព្រោះមានមូសច្រើន។ ថ្ងៃមួយ នៅពេលខ្ញុំកំពុងលើកភ្លឺស្រែទិសដៅពីសហករណ៍របស់ខ្ញុំតម្រង់ទៅទីរួមខេត្តបាត់ដំបង មានស្រ្តីម្នាក់នៅក្នុងកងជាមួយគ្នាបានមកលួចខ្សឹបបបួលខ្ញុំរត់គេចខ្លួន ប៉ុន្តែខ្ញុំមិនទៅតាមស្រ្តីនោះទេព្រោះខ្ញុំមិនស្គាល់ផ្លូវ ម្យ៉ាងទៀតខ្ញុំខ្លាចបែកបាក់បងប្អូនដែលកំពុងរស់នៅក្នុងសហករណ៍។

ខ្ញុំធ្វើការ និងរស់នៅខេត្តបាត់ដំបងបានមួយរយៈ កូនរបស់ខ្ញុំដែលធ្វើការនៅកងកុមារបានកើតជំងឺជញ្រ្ជឹល និងមានអាការៈធ្ងន់ធ្ងរ។ នៅពេលទទួលបានដំណឹងនេះ ខ្ញុំបានសម្រេចចិត្តទៅសុំច្បាប់ពីប្រធានកងដើម្បីយកកូនរបស់ខ្ញុំទៅព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែដោយសារផ្លូវឆ្ងាយ និងត្រូវដើរកាត់ព្រៃទម្រាំដល់មន្ទីរពេទ្យទើបបណ្តាលឱ្យកូនរបស់ខ្ញុំកាន់តែខ្សោយទៅៗ។ កូនរបស់ខ្ញុំបានស្លាប់ពេលទៅដល់មន្ទីរពេទ្យ ប៉ុន្តែខ្ញុំមិនហ៊ានយំទេ ព្រោះ​ខ្លាចខ្មែរក្រហមយកខ្ញុំទៅសម្លាប់ចោល។

ខ្ញុំរស់នៅខេត្តបាត់ដំបងបានរយៈពេល១ឆ្នាំ ទើបកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាវាយចូលមកនៅដើមឆ្នាំ១៩៧៩។ ខ្ញុំត្រឡប់មកជួបម្តាយ បងប្អូន និងកូនៗរបស់ខ្ញុំដែលនៅរស់ ហើយនាំគ្នាធ្វើដំណើរដោយថ្មើរជើងត្រឡប់មកស្រុកកំណើតវិញ។ ពេលយើងធ្វើដំណើរមកដល់ខេត្តកំពង់ឆ្នាំង ម្តាយរបស់ខ្ញុំបានធ្លាក់ខ្លួនឈឺ ទើបគាត់ស្នាក់នៅជាមួយបងស្រីរបស់ខ្ញុំដែលរស់នៅទីនោះ។ ចំណែកខ្ញុំបានបន្តដំណើរពេល៣ខែ ទម្រាំមកដល់ស្រុកកំណើត។ ពេលខ្ញុំមកដល់ភូមិដំបូងគឺមានការខ្វះខាតខ្លាំងណាស់ រីឯផ្ទះសម្បែងរបស់ខ្ញុំត្រូវខ្មែរក្រហមរុះរើគ្មានសល់។ ខ្ញុំត្រូវដើរបេះបន្លែ និងរកត្រីយកទៅដូរអង្ករពីប្រជាជនយកមកដាំបាយឱ្យកូនហូប។ ក្រោយមក ខ្ញុំបានរៀបការគ្រួសារទីពីរ និងបានចូលរួមធ្វើស្រែក្នុងក្រុមប្រវាស់ដៃជាមួយរដ្ឋអំណាច។ មិនយូរប៉ុន្មាន រដ្ឋអំណាចបានបែងចែកផលស្រូវ ដីស្រែ និងគោក្របីឱ្យខ្ញុំចិញ្ចឹម និងដាំដុះនៅផ្ទះ ទើបការហូបចុករបស់ខ្ញុំបានប្រសើរឡើង។

អត្ថបទ ៖ សោម ប៊ុនថន ប្រធានក្រុមទស្សនាវដ្តីស្វែងរកការពិត

រូបថត ៖ ប​ណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖