ព្រោះតែតំបន់មជ្ឈិមបូព៌ាមានសារសំខាន់ចំពោះពាណិជ្ជកម្មសកលលោក រាល់ជម្លោះនានានៅក្នុងតំបន់នេះ បង្កឱ្យមានផលប៉ះពាល់មួយចំនួនដល់សេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជម្លោះនេះគឺជាឱកាសផ្តល់ជាមេរៀនអំពីជម្លោះដែលកើតមាននៅទីតាំងឆ្ងាយៗ ដើម្បីជាជំនួយដល់ការយល់ដឹងអំពីជម្លោះនៅក្នុងតំបន់។ ទាំងអស់នេះបញ្ជាក់ថា ពិភពលោកយើង មានការតភ្ជាប់គ្នាទៅវិញទៅមក ហើយយើងអាចមើលឃើញអំពីទំនាក់ទំនងនៃព្រឹត្តិការណ៍នានាដែលកើតឡើងនៅជុំវិញពិភពលោក។
ប្រសិនបើយើងផ្តោតទៅលើការប្រៀបធៀបរវាងជម្លោះវិញ ជម្លោះនៅតំបន់មជ្ឈិមបូព៌ាមានលក្ខណៈខុសប្លែកគ្នាទាំងស្រុងទៅលើកម្រិតយុទ្ធសាស្ត្រ និងកម្រិតប្រតិបត្តិការ ធៀបទៅនឹងជម្លោះរវាងប្រទេសថៃ និងប្រទេសកម្ពុជា។ ដូច្នេះ វាអាចបង្កឱ្យមានការភាន់ច្រឡំ ប្រសិនបើយើងព្យាយាមទាញការប្រដូចរវាងជម្លោះទាំងពីរ ពីព្រោះថាជម្លោះទាំងពីរនេះគឺមានភាពខុសប្លែកគ្នាខ្លាំងពេក។ ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែនមានន័យថា ជម្លោះទាំងពីរនេះ គ្មានភាពស្រដៀងគ្នាសោះឡើយនោះទេ លើផ្នែកយុទ្ធវិធី។
បើនិយាយអំពីអ្នកដែលនឹងមានប្រៀបក្នុងការយកឈ្នះលើសង្គ្រាមរវាងប្រទេសថៃនិងកម្ពុជា វាគឺជាការយល់ខុសម្តងទៀត ប្រសិនបើយើងសន្មតថា កម្ពុជានឹងចាញ់ ដោយសារតែបច្ចេកវិទ្យាយោធាថៃមានអានុភាពជាង ឬដោយសារកត្តាធនធានសមត្ថភាពផ្សេងៗទៀតរបស់យោធាថៃ។ ការមានប្រៀបជាងទៅលើយុទ្ធសាស្ត្រយោធា មិនគួរវាយតម្លៃដោយផ្អែកតែទៅលើផ្នែកសមត្ថភាពតែប៉ុណ្ណោះទេ ប៉ុន្តែគួរតែពិចារណាទៅលើកាលៈទេសៈជាក់ស្តែង។ ប្រទេសថៃមានសមត្ថភាពយោធាក្នុងការដាក់ពង្រាយកម្លាំងចូលមកក្នុងទឹកដីកម្ពុជា ប៉ុន្តែសមត្ថភាពក្នុងការដាក់ពង្រាយកម្លាំងគឺជាផ្នែកមួយ រីឯសមត្ថភាពក្នុងការកាន់កាប់ទឹកដីណាមួយ ឬការការពារខ្លួនក្នុងស្ថានភាពជាក់លាក់ណាមួយ គឺជាផ្នែកមួយផ្សេងទៀត។ ក្នុងន័យនេះ ការកាន់កាប់តំបន់ព្រំដែនមួយផ្នែកគឺជារឿងមួយ ប៉ុន្តែការកាន់កាប់ទឹកដីដែលមានប្រជាជនរស់នៅកុះករ ឬកន្លែងដែលខ្សែត្រៀមផ្គត់ផ្គង់កំពុងប្រឈមនឹងហានិភ័យ គឺជារឿងខុសស្រឡះពីគ្នាមួយទៀត។
ប្រទេសថៃមានសមត្ថភាពយោធាមួយផ្នែក ប៉ុន្តែសមត្ថភាពរបស់កម្លាំងយោធាតែមួយមុខ អាចក្លាយជាចំណុចខ្សោយទៅវិញក្នុងកាលៈទេសៈខុសៗគ្នា។ កងទ័ពកម្ពុជាគួរតែរួមបញ្ចូលបរិបទជុំវិញ នៅក្នុងការវាយតម្លៃ ពីព្រោះនៅក្នុងកាលៈទេសៈជាក់លាក់ណាមួយ កម្ពុជាមានប្រៀបជាងទៅលើផ្នែកយុទ្ធសាស្ត្រ ដែលបានគិតគូរយ៉ាងល្អិតល្អន់ តបទៅនឹងយោធាថៃ។ ខ្ញុំយល់ថា អ្នកយុទ្ធសាស្ត្រយោធាថៃ ក៏មិនបានមើលរំលងចំណុចនេះដែរនៅពេលរៀបចំយុទ្ធសាស្ត្រយោធារបស់ខ្លួន ដែលញ៉ាំងឱ្យមានការប្រុងប្រយ័ត្នយ៉ាងខ្ពស់។
នៅពេលយើងលើកឡើងអំពីជ័យជម្នះយោធា យើងមិនអាចផ្តោតតែទៅលើសមត្ថភាពយោធាតែឯកឯងនោះទេ។ ជួនកាល កម្លាំងយោធាដែលហាក់ដូចជាមានលក្ខណៈសាមញ្ញបំផុត ឬត្រូវបានគេវាយតម្លៃទាបបំផុត បែរទៅជាមានប្រៀបជាង លើផ្នែកយុទ្ធសាស្ត្រដែលនាំទៅរកជ័យជម្នះ លើកម្លាំងយោធាដែលមានអានុភាពខ្ពស់ទៅវិញ។ ឧទាហរណ៍ច្រើនរាប់មិនអស់បង្ហាញអំពីកាលៈទេសៈនេះ បានកើតមានរួចមកហើយនៅក្នុងប្រវត្តិសាស្ត្រ។
វាគឺជាការយល់ច្រឡំជាទូទៅដោយប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន ដែលសន្មតថាដោយសារតែកងទ័ពអាចបំផ្លិចបំផ្លាញអ្វីៗបាន នោះជ័យជម្នះផ្នែកយោធាគឺមានសារសំខាន់និងច្បាស់លាស់ ជាងជ័យជម្នះលើវិស័យការទូត វិស័យសេដ្ឋកិច្ច វិស័យព័ត៌មាន និងវិស័យដទៃទៀតនៃអំណាចជាតិ និងការប្រកួតប្រជែងជាយុទ្ធសាស្ត្រ។ ជាញឹកញាប់ ការម្នីម្នាដើម្បីសម្រេចឱ្យបានជ័យជម្នះផ្នែកយោធា បានធ្វើឱ្យមានការចុះទន់ខ្សោយ ឬការកាត់បន្ថយការយកចិត្តទុកដាក់លើវិស័យផ្សេងៗទៀតនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្រ ដែលវិស័យទាំងនោះហើយគឺជាកត្តាដែលមានអានុភាពជាក់ស្តែងពិតប្រាកដ។
ការយកចិត្តទុកដាក់របស់កម្ពុជាលើវិស័យការទូត វិស័យនយោបាយ និងវិស័យព័ត៌មាននៅក្នុងជម្លោះនេះ មិនគួរទទួលបានការរិះគន់នោះទេ ផ្ទុយទៅវិញ ការសម្រេចចិត្តនេះ គួរតែត្រូវបានលើកទឹកចិត្ត និងកោតសរសើរ ពីព្រោះវិស័យទាំងនេះ នឹងបង្កជាផលវិបាកយូរអង្វែងនិងមានឥទ្ធិពលខ្លាំងជាង ទៅលើការកំណត់ថាតើនរណាគឺជាអ្នកឈ្នះពិតប្រាកដនៅក្នុងជម្លោះនេះ បើធៀបទៅនឹងការយកចិត្តទុកដាក់របស់យោធាថៃលើការដាក់ពង្រាយគំនរបាវខ្សាច់ ទូរកុងតឺន័រ និងគម្រោងសាងសង់ឱ្យរួចតែពីដៃផ្សេងទៀតនៅតាមបណ្តោយព្រំដែន។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ អ៊ូច មករា/មជ្ឈមណ្ឌលឯកសារកម្ពុជា



