កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងមក មជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តតាកែវ បានរៀបចំវេទិកាថ្នាក់រៀនក្រោមប្រធានបទ «គោលការណ៍៨ចំណុចរបស់ខ្មែរក្រហម» និងការជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហម ដល់សិស្សានុសិស្សចំនួន២៥នាក់ មកពីវិទ្យាល័យ ជា ស៊ីម តាកែវ។ គោលបំណងសំខាន់នៃវេទិកានេះ គឺដើម្បីបង្កើនការយល់ដឹងអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ជាពិសេសស្វែងយល់ស៊ីជម្រៅពីគោលការណ៍៨ចំណុចរបស់ខ្មែរក្រហម ដែលឈានដល់ការបាត់បង់ជីវិតមនុស្សរាប់លាននាក់។
វេទិកាបានចាប់ផ្តើម ដោយលោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ និងជាគ្រូឧទ្ទេសបានសាកសួរអំពីចំណេះដឹងមូលដ្ឋានរបស់សិស្ស ទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរក្រហម។
បន្ទាប់មក លោក ផេង ពង្សរ៉ាស៊ី បានធ្វើបទបង្ហាញលើចំណុចសំខាន់ៗមួយចំនួនដូចជា ការពន្យល់ពាក្យ (ខ្មែរក្រហម និង បដិវត្តន៍) និងគោលការណ៍៨ចំណុចរបស់ខ្មែរក្រហម រួមមាន ការជម្លៀសដោយបង្ខំ, ការលុបបំបាត់ទីផ្សារ, ការលុបបំបាត់រូបិយបណ្ណ, ការផ្សឹកព្រះសង្ឃ, ការប្រហារជីវិតមេដឹកនាំ និងមន្ត្រីជំនាន់ លន់ នល់, ការបង្កើតសហករណ៍, ការបណ្តេញជនជាតិវៀតណាម, និងការបញ្ជូនទ័ពទៅព្រំដែន។
លើសពីនេះ លោក ផេង ពង្សរ៉ាស៊ី ក៏បានផ្សាភ្ជាប់ព្រឹត្តិការណ៍នៃការជម្លៀសដោយបង្ខំ ជាមួយនឹងព្រឹត្តិការណ៍នៃការភៀសខ្លួនរបស់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន ដោយបុព្វហេតុសង្គ្រាមឈ្លានពានទឹកដីពីសំណាក់យោធាថៃដែរ និងអនុញ្ញាតឱ្យសិស្សលើកជាសំណួរផ្សេងទាក់ទងនឹងប្រធានបទថ្ងៃនេះ។
បន្ទាប់ពីចប់វេទិកាថ្នាក់រៀន សិស្សបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម៖
ខ្ញុំឈ្មោះ សួន ស្រីពេជ្រ ភេទស្រី អាយុ ១៨ ឆ្នាំ ជាសិស្សមកពីវិទ្យាល័យ ជាស៊ីមតាកែវ៖
ខ្ញុំគិតថាការសិក្សាពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) បានផ្តល់នូវសារសំខាន់ជាច្រើនដូចជាឈ្វេងយល់ពីរយៈកាលនៃប្រវត្តិសាស្ត្រកម្ពុជាដ៏ខ្មៅងងឹត យល់ពីរបបផ្ដាច់ការខ្មែរក្រហម យល់ពីការបំផ្លិចបំផ្លាញការអប់រំដើម្បីផលប្រយោជន៍របស់ខ្លួន និងបានបណ្តុះបណ្តាលគោលដៅចម្បងដើម្បីអប់រំយុវជនជំនាន់ក្រោយកុំឱ្យភ្លេចពីប្រវត្តិសាស្ត្រ ហើយចូលរួមការពារសន្តិភាព និងទប់ស្កាត់កុំឱ្យអំពើប្រល័យពូជសាសន៍កើតឡើងសារជាថ្មី។ ខ្ញុំគិតថា នៅពេលប្រទេសយើងកើតមានសង្គ្រាមបែបនេះ វាបានផ្តល់ផលប៉ះពាល់ជាច្រើនដូចជា៖ ប្រទេសគ្មានការរីកចម្រើន បាត់បង់ជីវិតប្រជាជន ខូចខាតហេដ្ឋារចនាសម្ព័ន្ធ បែកបាក់គ្រួសារ និងបន្សល់នូវស្លាកស្នាមរបួសផ្លូវចិត្តធ្ងន់ធ្ងរច្រើនជំនាន់។
ខ្ញុំឈ្មោះ ថាន់ ថុនា អាយុ១៧ឆ្នាំ គឺជាសិស្សរៀននៅថ្នាក់ទី១២ មកពីវិទ្យាល័យ ជាស៊ីមតាកែវ៖
ការសិក្សាពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) បានផ្តល់សារសំខាន់ដូចជា៖ ខ្ញុំបានដឹងពីតថភាពនាសម័យនោះ និងសោកនាដកម្មរបស់ប្រជាជនកម្ពុជា, ចេះការពារមិនឱ្យកើតមានរបបខ្មែរក្រហមកើតឡើងម្តងទៀត, លើកតម្កើងសិទ្ធិសេរីភាពមនុស្សគ្រប់គ្នា, មើលឃើញពីគំរូមិនល្អ និងចងចាំជានិច្ចនូវអំពើអមនុស្សធម៌មកលើប្រជាជនកម្ពុជា និងដឹងពីមូលហេតុសំខាន់នៃការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ។ នៅពេលដែលប្រជាជនកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបខ្មែរក្រហម ប្រជាជនត្រូវបានបង្ខំឱ្យជម្លៀសចេញពីផ្ទះសម្បែង បាត់បង់ផ្ទះសំបែង បែកបាក់ពីគ្រួសារ បន្សល់ទុកនូវស្រ្តីមេម៉ាយ កុមារកំព្រា និងចាស់ជរា។ ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ និងវត្តអារាមត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ខ្មែរក្រហមបានធ្វើឱ្យមានមនុស្សស្លាប់ជាង២លាននាក់ បាត់បង់ធនធានមនុស្ស ហើយប្រទេសជាតិបាត់បង់កិតិ្តយសលើឆាកអន្តរជាតិ។ ប្រជាជនរស់នៅក្នុងភាពលំបាក ខ្វះខាតស្បៀងអាហារ និងកើតមានជំងឺផ្សេងៗ។ របបនេះបានបន្សល់ទុកនូវការចងចាំដ៏តក់ស្លុត និងភ័យខ្លាចដល់ប្រជាជនកម្ពុជារហូតមកដល់សព្វថ្ងៃ។
ក្រោយពីបានសិក្សាពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យរួច ខ្ញុំបានដឹងអំពីការដែលមានមនុស្សស្លាប់យ៉ាងរង្គាល។ ចំពោះរូបខ្ញុំផ្ទាល់ ខ្ញុំពិតជាមានអារម្មណ៍ថាតក់ស្លុត និងស្រណោះដល់បងប្អូនខ្មែរដែលបានស្លាប់នៅក្នុងរបបដ៏ឃោរឃៅ អមនុស្សធម៌គ្មានហេតុផលនេះ។ ខ្ញុំនឹងចងចាំព្រឹត្តិការណ៍ដ៏អាក្រក់ និង ការបាត់បង់មួយនេះ ហើយក្រើនរំឭកដល់អ្នកជំនាន់ក្រោយឱ្យចៀសវាង និងការពារមិនឱ្យរបបខ្មែរក្រហមកើតឡើងម្តងទៀតទេ។
ខ្ញុំឈ្មោះ សុង មករា អាយុ១៨ឆ្នាំ ជាសិស្សមកពីវិទ្យាល័យជាស៊ីមតាកែវ
ខ្ញុំគិតថាការសិក្សាពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (ពីឆ្នាំ១៩៧៥ ដល់១៩៧៩) បានផ្ដល់សារសំខាន់ជាច្រើន៖ ធ្វើឱ្យខ្ញុំបានដឹងពីសោកនាដកម្មនៅសម័យខ្មែរក្រហម បានដឹងពីជីវិតរស់នៅយ៉ាងវេទនារបស់ប្រជាជន បានដឹងពីការបំបិទសិទ្ធិសេរីភាព ធ្វើការគ្មានពេលឈប់សម្រាក និង ហូបចុកមិនបានគ្រប់គ្រាន់។ ប្រជាជនមួយចំនួនទៀត ដែលគ្រាន់តែលួចលាក់ក្ដាម ខ្យង ទុកហូបចម្អែតក្រពះសោះ ក៏ខ្មែរក្រហមហៅទៅកសាង ធ្វើទារុណកម្ម ឬឈានដល់ការសម្លាប់ដោយគ្មានក្ដីអាណិត។ ការសិក្សាពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ជួយដាស់តឿនស្មារតី ឱ្យខ្ញុំបានដឹងពីតម្លៃសន្តិភាព ជីវិតមនុស្ស និងស្ថិរភាពសង្គម។ ប្រជាជនកម្ពុជាត្រូវនាំគ្នាទប់ស្កាត់អំពើប្រល័យពូជសាសន៍ មិនត្រូវឱ្យកើតមានឡើងម្ដងទៀតទេ ព្រោះនៅពេលដែលខ្ញុំបានសិក្សាពីរបបនេះហើយ ជីវិតមនុស្សហាក់ដូចជាគ្មានតម្លៃ ព្រោះខ្មែរក្រហមចង់យកទៅសម្លាប់ពេលណាក៏បាន។ ប្រជាជនត្រូវទទួលរងនូវការឈឺចាប់ ព្រាត់ប្រាស់គ្រួសារ និង បាត់បង់សាច់ញាតិបងប្អូន។ ខ្មែរក្រហម បានបំផ្លិចបំផ្លាញសេដ្ឋកិច្ចសង្គម ស្ទើរតែទាំងស្រុង មានដូចជា សាលារៀន វត្តអារាម មន្ទីរពេទ្យ និងរូបិយប័ណ្ណ ថែមទាំងបំផ្លាញដល់វប្បធម៌ សាសនា ហើយព្រះសង្ឃត្រូវបានចាប់ផ្សឹក អ្នកប្រាជ្ញបញ្ញវន្តត្រូវបានសម្លាប់ និងបំបិទសិទ្ធិមិនឱ្យមានការគោរពប្រពៃណីទំនៀមទម្លាប់។
ទោះបីជាខ្ញុំមិនបានកើតទាន់សម័យនោះក៏ដោយ ប៉ុន្តែខ្ញុំបានដឹងតាមរយៈការសិក្សា និងបានដឹងពីចាស់ព្រឹទ្ធាចារ្យដែលរស់នៅក្នុងសហគមន៍។ ខ្ញុំពិតជាមិនចង់ឱ្យរបបនេះកើតឡើងវិញម្ដងទៀតទេ។ ទាក់ទឹងការជម្លៀសក្នុងរបបខ្មែរក្រហម មានមូលហេតុបីគឺ ទីមួយ) ខ្លាចអាមេរិកទម្លាក់គ្រាប់បែក ដោយខ្មែរក្រហមឱ្យប្រជាជនជម្លៀសត្រឹមតែ៣ថ្ងៃ និងត្រឡប់មកផ្ទះវិញ។ ទីពីរ) បោសសម្អាតទីក្រុង។ ចំពោះជនណាដែលរឹងរូសមិនព្រមចាកចេញ ត្រូវខ្មែរក្រហមចោទថាជាខ្មាំង ហើយបញ្ជូនយកទៅសម្លាប់ដោយគ្មានក្ដីអាណិត និងទីបី) ឱ្យប្រជាជនទៅយកស្បៀងអាហារនៅទីជនបទ។ ខ្មែរក្រហមប្រើលេសទាំងនេះ ដើម្បីឱ្យប្រជាជនចេញពីទីក្រុង ដោយនិយាយថា មិនអាចដឹកស្បៀងមកបានទេ ព្រោះផ្លូវ ស្ពាន ត្រូវបានកាត់ផ្ដាច់អស់ហើយ។
បើប្រៀបធៀបពីការជម្លៀសក្នុងរបបខ្មែរក្រហម និងការភៀសខ្លួនបច្ចុប្បន្នខុសគ្នាត្រង់ថា៖ ការជម្លៀសនាពេលបច្ចុប្បន្ន យើងអាចយកអ្វីៗដែលជារបស់ផ្ទាល់ខ្លួនទៅតាមបានដោយសេរី មិនមានការបង្ខិតបង្ខំ។ ជាពិសេសយើងអាចទៅជួបជុំគ្រួសារ និងមានស្បៀងអាហារគ្រប់គ្រាន់ក្នុងពេលធ្វើដំណើរ។ រីឯការជម្លៀសក្នុងរបបខ្មែរក្រហមវិញ យើងមិនអាចយករបស់របរតាមខ្លួនបានទេ ព្រោះមានការត្រួតពិនិត្យពីក្រុមខ្មែរក្រហម។ ប្រជាជនត្រូវឃ្លាតឆ្ងាយពីសាច់ញាតិបងប្អូន ព្រមទាំងត្រូវធ្វើដំណើរផ្លូវឆ្ងាយគ្មានពេលឈប់សម្រាក ជាពិសេសទទួលរងនូវការបង្ខិតបង្ខំពីក្រុមខ្មែរក្រហម។
អត្ថបទ ៖ ឈឹម សុខគា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា












