ការពិតគឺជាវត្ថុដែលមិនអាចកាត់ថ្លៃបាននៅក្នុងយុគសម័យព័ត៌មាន ហើយនៅក្នុងទម្រង់ជាច្រើន ការពិតមានតម្លៃជាងមាសទៅទៀត ពីព្រោះថាការពិតគឺពិបាកស្វែងរក រក្សា និងការពារជាងលោហៈធាតុមានតម្លៃណាៗទាំងអស់។
ជម្លោះបច្ចុប្បន្នរវាងកម្ពុជានិងថៃគឺជាជម្លោះដែលកើតឡើងដោយសារការប្រកាន់យកនូវមូលដ្ឋានប្រវត្តិសាស្ត្រ និងតថភាពជាក់ស្តែងខុសពីគ្នា រវាងកងទ័ពទាំងពីរភាគីដែលកំពុងប្រឈមមុខតតាំងជាមួយគ្នា។ មិនមានអ្វីជាកំហុសទេ ទៅលើមតិខុសគ្នាជុំវិញរឿងរ៉ាវប្រវត្តិសាស្ត្រ ប៉ុន្តែបញ្ហានឹងកើតមានឡើង ប្រសិនបើប្រវត្តិសាស្ត្រលេច ក្នុងទម្រង់ជាច្រើនសណ្ឋានខុសៗគ្នា។ ទោះបីជាកម្ពុជាមានប្រៀបជាងថៃក្នុងជម្លោះបច្ចុប្បន្នទៅលើទិដ្ឋភាពប្រវត្តិសាស្ត្រ និងតថភាពជាក់ស្តែងយ៉ាងណាក្តី កម្ពុជានៅតែមានវិធីសាស្ត្រជាច្រើនដើម្បីពង្រឹងការគ្រប់គ្រងលើតថភាពទាំងអស់នោះ។
ឧទាហរណ៍គឺកម្ពុជាអាចបង្កើនការយល់ដឹងអំពីប្រវត្តិសាស្ត្រផ្ទាល់របស់កម្ពុជា ក៏ដូចជាប្រវត្តិសាស្ត្ររបស់ប្រទេសថៃ។ ទីពីរកម្ពុជាអាចផ្តួចផ្ដើមគំនិតយ៉ាងសកម្មក្នុងការប្រមែប្រមូលភស្តុតាងស្តីពីព្រឹត្តិការណ៍បច្ចុប្បន្ន និងប្រើប្រាស់ភស្តុតាងទាំងនោះ ដើម្បីជួយដល់សហគមន៍អន្តរជាតិក្នុងការយល់ដឹងអំពីអ្វីដែលកំពុងតែកើតមានឡើង។ ជាចុងក្រោយ ប្រជាជនកម្ពុជាអាចប្រើប្រាស់ប្រវត្តិសាស្ត្រឱ្យកាន់តែមានប្រសិទ្ធភាពនៅក្នុងការប្រាស្រ័យទាក់ទងទៅកាន់ពិភពលោក។
ការប្រមែប្រមូល ការអភិរក្ស និងការការពារប្រវត្តិសាស្ត្រដែលពិតប្រាកដ និងតថភាពពិតដែលកំពុងកើតមានឡើងសព្វថ្ងៃគឺមិនមែនជាការងារបន្ទាប់បន្សំឡើយ វាគឺជាសមរភូមិយុទ្ធសាស្ត្រនៅក្នុងជម្លោះដែលបានបន្តកើតមានអស់ជាច្រើនជំនាន់មកហើយ។ ជារួម ការបរាជ័យក្នុងការគ្រប់គ្រងលើការពិតនៃប្រវត្តិសាស្ត្រនេះ នឹងញ៉ាំងឱ្យរឿងរ៉ាវដដែលៗ នៅតែបន្តកើតមានឡើងទៅលើមនុស្សជំនាន់ក្រោយៗទៀតជាក់ជាមិនខាន។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



