នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ មានព័ត៌មានថា ប្រទេសកម្ពុជាបានទទួលយកការអញ្ជើញជាផ្លូវការពីរដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដើម្បីចូលរួម «ក្រុមប្រឹក្សាសន្តិភាព» ដែលនេះគឺជាការបង្ហាញអំពីឆន្ទៈដ៏ប្រពៃនិងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាពជាសកល។ នេះគឺជាឱកាសជាប្រវត្តិសាស្ត្រ និងជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់កម្ពុជា។ នេះគឺជាឱកាសមួយសម្រាប់ពិភពលោកក្នុងការឈ្វេងយល់អំពីគំនិតផ្តួចផ្តើមប្រកបដោយថាមពល និងយុទ្ធសាស្ត្រច្នៃ ប្រឌិតថ្មីៗ របស់រដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។ មិនតែប៉ុណ្ណោះ នេះគឺជាកិត្តិយសសម្រាប់កម្ពុជា ក្នុងការដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងចំពោះសន្តិភាពសកលលោក។
ដោយឡែកពីការលើកឡើងខាងលើ នៅមានបញ្ហាដ៏សំខាន់មួយទៀត គឺជម្លោះព្រំដែនរវាងប្រទេសថៃ និងប្រទេសកម្ពុជា ដែលកំពុងបន្តកើតមាននិងកំពុងបង្កជាផលប៉ះពាល់ដល់សន្តិភាពក្នុងតំបន់និងសកលលោក។ បញ្ហានេះ កើតមានដោយសារតែភាពព្រងើយកន្តើយ និងការបំពារបំពានរបស់ប្រទេសថៃ ទៅលើកិច្ចព្រមព្រៀងឈប់បាញ់ដែលជ្រោមជ្រែងដោយសហរដ្ឋអាមេរិក។ យោធាថៃបានកាន់កាប់តំបន់ចំនួន ១៤ទីតាំងដែលស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា ហើយសកម្មភាពនេះគឺផ្ទុយស្រឡះពីកិច្ចព្រមព្រៀងឈប់បាញ់ ដែលជ្រោមជ្រែងដោយសហរដ្ឋអាមេរិក។
ជម្លោះព្រំដែនកម្ពុជា-ថៃ និងតួនាទីរបស់សហរដ្ឋអាមេរិកចំពោះសន្តិភាពក្នុងតំបន់ និងពិភពលោក គឺជាប់ពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកតាំងពីខែវិច្ឆិកា ឆ្នាំ១៩៤៦ មកម្ល៉េះ។ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ទោះបីជាថៃបានអះអាងពី «អព្យាក្រឹតភាព» របស់ខ្លួនយ៉ាងណាក៏ដោយ រដ្ឋអាយ៉ងរបស់ខ្លួននៅទីបំផុតបានចងសម្ព័ន្ធភាពជាមួយជប៉ុន និងបានប្រកាសសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ យោធាថៃបានចូលរួមប្រយុទ្ធជាមួយជប៉ុននៅក្នុងប្រទេសភូមា ហើយថៃបានដណ្តើមយកទឹកដីកម្ពុជា (ដែលកាលនោះ ស្ថិតនៅក្រោមអាណាព្យាបាលបារាំង)។ ក្រោយសង្គ្រាមលោកលើកទី២បានបញ្ចប់ទៅ ដោយភាពភិតភ័យរបស់ភាគីថៃ រដ្ឋាភិបាលថៃត្រូវបានតម្រូវឱ្យប្រគល់ទឹកដីកម្ពុជា ដែលខ្លួនបានដណ្តើមយកពីអាណាព្យាបាលបារាំង ត្រឡប់មកឱ្យកម្ពុជាវិញ។ ជំពូកនៃប្រវត្តិសាស្ត្រនេះមានសារសំខាន់ណាស់ ព្រោះវាមានចំណុចស្រដៀងគ្នាច្រើនជាមួយនឹងបរិបទបច្ចុប្បន្ន។ ប្រទេសថៃបានដណ្តើមកាន់កាប់ យ៉ាងហោចណាស់ជាបណ្តោះអាសន្ន លើទឹកដីកម្ពុជាដោយប្រើប្រាស់កម្លាំងយោធា ដោយសកម្មភាពនេះ បានរំលោភលើស្មារតីនៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលជ្រោមជ្រែងដោយសហរដ្ឋអាមេរិក។ សកម្មភាពនេះ មិនមែនធ្វើឡើងដើម្បីផលប្រយោជន៍សន្តិភាពនោះទេ ប៉ុន្តែគឺដើម្បីមហិច្ឆតាជាតិនិយមថៃទៅវិញទេ។
ទន្ទឹមនឹងនេះដែរ ខណៈពេលដែលប្រទេសថៃត្រូវបានអញ្ជើញឱ្យចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» ពីរដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរ៉ាកុល បែរជាបន្តុះបង្អាប់គំនិតផ្តួចផ្តើមនេះថា គ្រាន់តែជារឿង «មិនសូវចាំបាច់» ផូរផង់មួយ ហើយរដ្ឋាភិបាលថ្មីរបស់ថៃអាចទទួលយកសំណើនេះបាន លុះត្រាតែក្រុមប្រឹក្សានេះអាចនាំមកនូវផលប្រយោជន៍ ប្រសើរបំផុតសម្រាប់ប្រជាជាតិថៃ។
មានចំណុចស្រដៀងគ្នាជាច្រើន រវាងឥរិយាបថរបស់រដ្ឋាភិបាលថៃនាពេលបច្ចុប្បន្ន និងនាពេលអតីតកាលដែលហាក់ដូចជាបានកន្លងទៅជាយូរមកហើយនេះ។ ក្នុងអំឡុងពេលនិងក្រោយសង្គ្រាមលោកលើកទី២ ប្រទេសថៃបានព្យាយាមជំរុញផលប្រយោជន៍ជាតិរបស់ខ្លួន ដោយធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ក្នុងតំបន់ និងពិភពលោក ហើយក្នុងអំឡុងពេលសព្វថ្ងៃនេះ ទង្វើរបស់ប្រទេសថៃក៏មិនខុសប្លែកគ្នាពីទង្វើពីអតីតកាលដែរ។ រដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ គួរតែទាមទារឱ្យប្រទេសថៃទទួលខុសត្រូវនូវអ្វីដែលខ្លួនបានយល់ស្របក្នុងកិច្ចព្រមព្រៀងឈប់បាញ់ ដូចទៅនឹងការដែលសហរដ្ឋអាមេរិក តម្រូវឱ្យភាគីថៃអនុវត្តទៅតាមការយល់ស្របរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងរដ្ឋធានីវ៉ាស៊ីនតោន ឆ្នាំ១៩៤៦។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ផ្តល់សច្ចាប័នលើក្រុមប្រឹក្សាសន្តិភាពក្នុងពិធីជាប្រវត្តិសាស្ត្រ ដែលបើកផ្លូវឆ្ពោះទៅរកក្តីសង្ឃឹម និងសេចក្តីថ្លៃថ្នូរសម្រាប់ប្រជាជនហ្គាហ្សា។ ប្រភព៖ សេតវិមាន ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦



