ទិដ្ឋភាពនៅតំបន់ព្រំដែនលើកំពូលភ្នំដងរែកស្ថិតក្នុងបន្ទាត់ក្រហម

នៅថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០២៦ ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ទទួលបានការអនុញ្ញាតពីសមត្ថកិច្ចពិនិត្យប្រចាំការនៅក្នុងតំបន់បន្ទាត់ក្រហម ឱ្យចូលទៅពិនិត្យមើលការិយាល័យមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង(អតីតផ្ទះប្រជុំតាម៉ុក លើកំពូលភ្នំដងរែក)។ ទិដ្ឋភាពនៅតាមបណ្ដោយបន្ទាត់ព្រំដែនលើភ្នំដងរែក និងភូមិឋានមួយចំនួនដែលស្ថិតនៅក្នុងបន្ទាត់ក្រហម មានសភាពស្ងាត់ជ្រងំគ្មានមនុស្សរស់នៅប្រៀបបានដូចជាទីរហោឋាន។ ភូមិឋាន ធ្លាប់តែមានមនុស្សរស់នៅលក់ដូរអូរអ៊របែរជាលែងមានមនុស្សរស់នៅ។ នៅតាមផ្លូវធ្វើដំណើរ ធ្លាប់តែមានចរាចរណ៍ចេញចូលប្រែជាគ្មានយានយន្ត ឡាន ម៉ូតូ កង់ ធ្វើដំណើរទៅវិញ។

សាលាបឋមសិក្សាស្រះឈូក រួមទាំងសាលារៀនបឋមសិក្សាអូរគ្រូញូង ត្រូវបានបិទទ្វារមិនទាន់បើកដំណើរការ​នៅឡើយទេ ដែលជាហេតុធ្វើឱ្យសិស្សានុសិស្សត្រូវផ្អាកការសិក្សារៀនសូត្ររយៈពេលយូរ។ ចំណែកឯសិស្សានុសិស្សនៅតាមអនុវិទ្យាល័យ និងវិទ្យាល័យអន្លង់វែង ថ្នាក់ដឹកនាំសាលាមិនអនុញ្ញាតឱ្យសិស្សធ្វើដំណើរចេញពីសាលានោះទេ។ ការធ្វើបែបនេះ គឺជាការការពារសុវត្ថិភាពដល់សិស្សគ្រប់រូបកំឡុងពេលព្រំដែននៅមិនទាន់ស្ងប់ស្ងាត់។ អាស្រ័យហេតុនេះហើយ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ក៏បានរំកិលសកម្មភាពថ្នាក់រៀនទៅតាមកាលវិភាគបន្តបន្ទាប់វិញ។

បន្ថែមពីនេះទៀត នៅតាមផ្ទះប្រជាពលរដ្ឋ និងទីតាំងមួយចំនួនដែលទទួលរងការប៉ះពាល់ពីការទម្លាក់គ្រាប់បែករបស់យោធាថៃ បង្កឱ្យមានសភាពខូចខាតទាំងស្រុង និងនៅមិនទាន់មានការរៀបចំបោសសម្អាតឡើងវិញនៅឡើយទេ។ ទង្វើយោធាថៃ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធស៊ីវិលកម្ពុជាជាច្រើន។ ទីតាំងអគារផ្សារអន្តរជាតិជាំ និងកាស៊ីណូ រួមទាំងផ្ទះប្រជាជននៅក្បែរនោះ ត្រូវបានឆេះខូចខាតទ្រព្យសម្បត្តិគ្មានសេសសល់។

ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានធ្វើដំណើរឡើងទៅភូមិឋាននៅលើខ្នងភ្នំដងរែក និងច្រកទ្វារអន្តរជាតិជាំ។ យើងបានឃើញទីតាំងគ្រាប់ផ្លោងជាច្រើន ដែលត្រូវបានដាក់សញ្ញាសម្គាល់រួចជាស្រេច ភាពខ្ទេចខ្ទាំនៃដំបូលផ្សារអន្តរជាតិជាំ ដំបូលនិងបង្អួចនៃកាស៊ីណូជាំ ព្រមទាំងស្លាកស្នាមនៃការឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរច្រកទ្វារអន្តរជាតិជាំ។ ទិដ្ឋភាពជាក់ស្តែងទាំងនេះត្រូវបានបង្កឡើងដោយយោធាថៃ ដែលបើកការវាយប្រហារដោយរថក្រោះនិងកាំភ្លើងផ្លោងជាច្រើនប្រភេទ បាញ់ប្រហារមករយៈពេលប្រមាណជា៦ម៉ោង ចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥កន្លងមក។

ហេតុដូច្នេះហើយ តំបន់ខ្នងភ្នំដងរែក និងច្រកទ្វារអន្តរជាតិជាំ ស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់នៅឡើយទេ ព្រោះអ្នកជំនាញនៅមិនទាន់រៀបចំបោសសម្អាតអំបែងគ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

អត្ថបទ៖ មេក វិន និង​ លី សុខឃាង មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖