តើហេតុអ្វីបានជាពិបាកសម្រាប់ប្រទេសថៃដោយគ្រាន់តែនិយាយពាក្យថាសន្តិភាពនិងឈប់បាញ់

«ប្រជាជនកម្ពុជានិងប្រជាជនថៃមានទស្សនរួមមួយគឺចង់ដោះស្រាយជម្លោះនេះឱ្យចប់ត្រឹមជំនាន់នេះ។ ប៉ុន្តែបែរជាខុសគ្នាស្រឡះក្នុងការដោះស្រាយ។ ការប្រើកម្លាំងយោធាមិនមែនជាដំណោះស្រាយ។ វានឹងអូសបន្លាយគ្រប់ជំនាន់។ ការប្រើកម្លាំងយោធាដើម្បីដោះស្រាយគឺប្រៀបដូចជា «ទឹកក្តៅកំពុងតែពុះ»។ នៅពេលអ្នកខំប្រឹងបិទគម្របហើយថែមភ្លើង នោះនឹងធ្វើឱ្យទឹកកាន់តែពុះខ្លាំង ហៀរចេញមកក្រៅ រហូតដល់រីង។ ទីបំផុតអ្នកនឹងមិនទទួលបានអ្វីទាំងអស់។​ ប៉ុន្តែប្រសិនបើយើងបើកគម្របកំសៀវ ពន្លត់ភ្លើង ហើយទុកឱ្យទឹកត្រជាក់ នោះយើងនឹងទទួលបានទឹកឆ្អិនពិសារទាំងអស់គ្នា»។

បើទោះបីជាមានសង្រ្គាមពាក្យសម្តី​យ៉ាងខ្លាំងក្លារវាងប្រជាជនថៃនិងប្រជាជនកម្ពុជាចាប់តាំងពីមានជម្លោះព្រំដែន និងការឈ្លានពានរបស់ទាហានថៃមកលើប្រទេសកម្ពុជា ប្រជាជនកម្ពុជានិងប្រជាជនថៃមានទស្សនរួមមួយគឺចង់ដោះស្រាយជម្លោះនេះឱ្យចប់ត្រឹមជំនាន់នេះ។ ប៉ុន្តែបែរជាខុសគ្នាស្រឡះក្នុងការដោះស្រាយ។

ប្រទេសថៃព្យាយាមប្រើកម្លាំងយោធាដើម្បីឈ្លានពានប្រទេសកម្ពុជា និងបំផុសចលនាប្រជាជនថៃឱ្យគាំទ្រយុទ្ធនាការរបស់ខ្លួន ដោយយកហេតុផលមិនត្រឹមត្រូវថា នេះធ្លាប់ជាទឹកដីរបស់ថៃនិងសន្យាទាមទារយកមកវិញ។

ចំណែកប្រទេសកម្ពុជាព្យាយាមអត់ធ្មត់និងដោះស្រាយជម្លោះដោយសន្តិវិធី ហើយប្រកាន់គោលការណ៍ការពារខ្លួននិងទឹកដីគឺ៖ «បើកងទ័ពថៃមិនបាញ់កងទ័ពកម្ពុជាមុនទេ កងទ័ពកម្ពុជាមិនតបតទៅវិញទេ»។

ហេតុអ្វីបានជាពាក្យថាសន្តិភាពនិងបទឈប់បាញ់ពិបាកសម្រាប់ប្រជាជនថៃនិយាយចេញមក បើទោះបីខ្លួនបានទទួលស្គាល់ថា យោធាថៃបានឈ្លានពានប្រទេសកម្ពុជាពិតមែន?

កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ Pravit Rojanaphruk អ្នកកាសែតជើងចាស់របស់ Khaosod English បានផ្តួចផ្តើមឱ្យមានការដើរដើម្បីសន្តិភាពនៅវេលាម៉ោង៣ល្ងាច នៅទីក្រុងបាងកក។ គាត់បានសង្ឃឹមថា​ ប្រហែលមានមនុស្សច្រើននាក់ចូលរួម។ ប៉ុន្តែផ្ទុយស្រឡះ គឺមានតែប្រជាជនថៃ៦នាក់ប៉ុណ្ណោះ រួមទាំងគាត់បានបង្ហាញខ្លួននៅទីក្រុងបាងកក និង១០នាក់នៅខេត្តឈាងម៉ៃ។ មិនត្រឹមតែប៉ុណ្ណោះ គាត់ត្រូវបានរិះគន់យ៉ាងចាស់ដៃពីប្រជាជនថៃមួយចំនួនធំ។

នៅថ្ងៃទី១២​ ខែធ្នូ ឆ្នាំ២០២៥ Miss World 2025 Opal Suchata បានជំរុញឱ្យយុវជនស្វែងរកសន្តិភាព នៅក្នុងពិធីទទួលរង្វាន់ Global Leadership Achievement Award ប៉ុន្តែត្រូវបានប្រជាជនថៃរិះគន់ដូច Pravit ដែរ។

បណ្តាថ្នាក់ដឹកនាំក្នុងជួរកងទ័ពថៃ បានលើកពាក្យពេជន៍និងសម្តែងអាកប្បកិរិយាធ្វើសង្រ្គាម ឈ្លានពាន បំបាក់ បំផ្លាញ និងទាមទារយកទីតាំងមួយចំនួនពីប្រទេសកម្ពុជា រហូតដល់ថ្នាក់ហ៊ានសម្លាប់ជនស៊ីវិលស្លូតត្រង់។

នៅក្នុងការបញ្ចេញមតិលើបណ្តាញសង្គម សារព័ត៌មាន យូធ្យូប របស់ថៃ ទាក់ទិននឹងជម្លោះព្រំដែនកម្ពុជា-ថៃ គឺភាគច្រើនជាទស្សនញុះញង់និងជំរុញឱ្យកងទ័ពថៃបន្តប្រតិបត្តិការយោធា។ អ្នកទាំងនោះមិនបានគិតឬគិតតិចតួចដល់ប្រជាជនភៀសសឹកថៃដែលជាអ្នករងគ្រោះពិតប្រាកដ។

ចំណែកប្រទេសកម្ពុជានិងប្រជាជនកម្ពុជា ទាំងក្មេងទាំងចាស់ ប្រុសស្រី គ្រប់សាសនា ស្រែកហៅរកសន្តិភាពនិងធ្វើសកម្មភាពដើម្បីសន្តិភាព។

ខ្ញុំសូមសួរទៅរដ្ឋាភិបាលថៃនិងយោធាថៃថា «តើអ្នកនៅស្រមៃចង់បានទឹកដីកម្ពុជានិងរកលេសធ្វើសង្រ្គាមដល់ពេលណា? អ្នកតែងតែយកវិធីដោះស្រាយចាស់ដែលដូនតាអ្នកបានធ្វើមកលើប្រទេសកម្ពុជាចាប់តាំងពីសតវត្សរ៍ទី១៨ មកអនុវត្តលើប្រទេសកម្ពុជានៅសតវត្សរ៍ទី២១នេះទៀត? តើអ្នកគិតថា ប្រទេសកម្ពុជានៅតែបណ្តោយឱ្យអ្នកធ្វើបែបនេះទៀតឬយ៉ាងណា?

ខ្ញុំសូមសួរទៅប្រជាជនថៃថា «តើអ្នកឆ្ងល់ទេថា ប្រសិនបើទឹកដីនេះធ្លាប់ជាទឹកដីរបស់អ្នក ហេតុអ្វីបានជាប្រជាជនកម្ពុជាហៅអ្នកថាជាចោរតជំនាន់មកដល់សព្វថៃ្ងនេះ? អ្នកឮឬធ្វើមិនឮ? តើអ្នកដឹងឬធ្វើមិនដឹង?

ខ្ញុំយល់ថា ប្រសិនបើប្រទេសថៃពិតជាចង់ដោះស្រាយជម្លោះព្រំដែនត្រឹមជំនាន់នេះមែន ហើយបញ្ចប់ឱ្យបានឆាប់ នោះដំណោះស្រាយល្អសម្រាប់ប្រទេសយើងទាំងពីរគឺ៖

  • កងទ័ពថៃ ឈប់បាញ់
  • ដោះស្រាយជម្លោះដោយសន្តិវិធីនិងមានភាគីទី៣ចូលរួម ព្រោះការដោះស្រាយតែរវាងប្រទេសកម្ពុជានិងប្រទេសថៃគឺលែងមានប្រសិទ្ធភាពហើយ។
  • វិលទៅរកការអនុវត្តសេចក្តីប្រកាសរួមដែលបានធ្វើឡើងនៅទីក្រុងកូឡាឡំពួរកាលពីខែតុលា។
  • ឈប់ព្យាយាមរកលេសសង្រ្គាមទៀត

ដូច្នេះការប្រើកម្លាំងយោធាមិនងាយចប់ដើម្បីដោះស្រាយជម្លោះព្រំដែន នឹងអូសបន្លាយគ្រប់ជំនាន់។ ការប្រើកម្លាំងយោធាដើម្បីដោះស្រាយគឺប្រៀបដូចជា «ទឹកក្តៅកំពុងតែពុះ»។ នៅពេលអ្នកប្រឹងបិទគម្របហើយថែមភ្លើង នោះនឹងធ្វើឱ្យទឹកកាន់តែពុះខ្លាំង ហៀរចេញមកក្រៅ រហូតដល់រីង។ ទីបំផុតអ្នកនឹងមិនទទួលបានអ្វីទាំងអស់។​ ប៉ុន្តែប្រសិនបើយើងបើកគម្របកំសៀវ ពន្លត់ភ្លើង ហើយទុកឱ្យទឹកត្រជាក់ នោះយើងនឹងទទួលបានទឹកឆ្អិនពិសារទាំងអស់គ្នា។

អត្ថបទ ៖ សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ សេតវិមាន

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖