លោក ខាឡេត ឃីអារី អនុប្រធានអង្គការសហប្រជាជាតិ ទទួលបន្ទុកនាយកដ្ឋានកសាងសន្តិភាព និងកិច្ចការនយោបាយប្រចាំនៅតំបន់មជ្ឈិមបូព៌ា, អាស៊ី និងប៉ាស៊ីហ្វិក, លោក ខូឌី ហ្គ្រីហ្គើ មន្ត្រីផ្នែកនយោបាយ, និងលោកស្រី ផលលីន ថេមឺស៊ីស តំណាងអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រតិភូកិត្តយស បានពិភាក្សាអំពីសន្តិភាព សិទ្ធិមនុស្ស និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជានិងនៅក្នុងប្រទេសដទៃទៀតជាមួយនឹងលោក ឆាំង យុ នៅឯបណ្ណាល័យសម្តេចម៉ែ នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជានិងជាស្ថាបនិកនៃវិទ្យាស្ថានស្លឹករឹត បានទទួលស្វាគមន៍ប្រតិភូកិត្តិយសយ៉ាងកក់ក្តៅ។
ភ្ញៀវកិត្តិយស បានចារចំណារអនុស្សាវរីយ៍ ដែលមានខ្លឹមសារដូចខាងក្រោម៖
“…សូមអរគុណដែលថែរក្សាការចងចាំឲ្យនៅរស់រវើក។…” – ខាឡេត ឃីអារី អនុប្រធានអង្គការសហប្រជាជាតិ ទទួលបន្ទុកនាយកដ្ឋានកសាងសន្តិភាព និងកិច្ចការនយោបាយប្រចាំនៅតំបន់មជ្ឈិមបូព៌ា, អាស៊ី និងប៉ាស៊ីហ្វិក”
“ការចងក្រងឯកសារគឺជាសកម្មភាពនយោបាយ។” ខ្ញុំបានរៀនសូត្រអំពីចំណុចនេះ និងមេរៀនជាច្រើនទៀតពីដំណើរទស្សនកិច្ចខ្លីមួយក្នុងថ្ងៃនេះ មកកាន់បណ្ណាល័យសម្តេចម៉ែ។ នេះពិតជាកិត្តិយសនិងសេចក្តីសោមនស្សរីករាយជាពន្លឹក ដែលទទួលបានការយល់ដឹងអំពីសារសំខាន់នៃប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា ដែលបានអភិរក្សក្នុងបណ្ណសារជាទម្រង់លាយលក្ខណ៍អក្សរ ការរៀបរាប់ដោយផ្ទាល់មាត់ និងរូបភាព និងព្រមទាំងត្រូវបានប្រមែប្រមូលចងក្រងដោយស្វិតស្វាញនិងប្រសើរ។ យ៉ាងណាក្តី ប្រវត្តិសាស្ត្រមិនស្ថិតតែនៅក្នុងអតីតកាលនោះទេ។ ប្រវត្តិសាស្ត្រកំណត់នូវអនាគត។ ហើយពិតជាចាំបាច់ណាស់ ដែលយើងត្រូវសិក្សាអំពីប្រវត្តិសាស្ត្រ ដើម្បីលូតលាស់ក្នុងបច្ចុប្បន្នកាល។ ដោយសេចក្តីដឹងគុណ។” – ផលលីន ថេមឺស៊ីស តំណាងអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា។
មជ្ឈមណ្ឌលឯកសារកម្ពុជា បង្កើតបណ្ណាល័យសម្តេចម៉ែឡើង ដោយមានការគាំទ្រពីស្ថានទូតសហរដ្ឋអាមេរិក និងទីភ្នាក់ងារសហរដ្ឋ អាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ក្នុងគោលបំណងថ្វាយព្រះកិត្តិយសជូន សម្តេចព្រះមហាក្សត្រីយ៍ ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ដែលបានលះបង់ពេញមួយព្រះជីវិតរបស់ទ្រង់ចំពោះប្រទេសកម្ពុជា, ចំពោះសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ, និងចំពោះប្រជាជនកម្ពុជា។
អត្ថបទ និង រូបថត៖ សុភ័ក្រ្ត ភាណា