សេចក្ដីក្លាហានពិតប្រាកដគឺជាភាពស្ងៀមស្ងាត់ប្រកបដោយគុណធម៌មួយ ដែលស្ថិតនៅចន្លោះរវាងភាពខ្មាស់អៀនខ្វះការទុកចិត្ត (ភាពកំសាក) និងភាពសើៗឡេះឡោះមិនប្រុងប្រយ័ត្ន (ភាពគឃ្លើន) ។ សេចក្ដីក្លាហានពិតប្រាកដគឺជាភាពស្ងៀមស្ងាត់ ពីព្រោះវាជាលទ្ធផលកើតផុសចេញពីកម្លាំងចិត្តដែលមិនងាយទ្រុឌទ្រោម និងការតាំងចិត្តដ៏មោះមុតដែលមិនពឹងផ្អែកលើឋានៈ បុណ្យស័ក្តិ ឬក្អេងក្អាង។ សេចក្ដីក្លាហានពិតប្រាកដគឺស្ថិតនៅចន្លោះរវាងចំណុចផ្ទុយគ្នាដាច់ស្រឡះនៃធម្មជាតិរបស់មនុស្សចំនួនពីរគឺ៖ ភាពខ្មាសអៀនខ្វះការទុកចិត្ត និងភាពសើៗឡេះឡោះមិនប្រុងប្រយ័ត្ន។ ភាពខ្មាសអៀនខ្វះការទុកចិត្តគឺផ្តុំលើភាពភ័យខ្លាច ភាពអសន្តិសុខ និងការធ្លាក់ទឹកចិត្ត។ ចំណែកឯភាពសើៗឡេះឡោះមិនប្រុងប្រយ័ត្ន វាស្ថិតនៅជ្រុងម្ខាងទៀតនៃចំណុចផ្ទុយគ្នាដែលជ្រុលនិយម គឺខ្វះការប្រុងប្រយ័ត្ន ខ្វះការគិតគូរវែងឆ្ងាយ និងខ្វះការយកចិត្តទុកដាក់ចំពោះអ្នកដទៃ។ សេចក្ដីក្លាហានដែលស្ថិតនៅចន្លោះគុណភាពទាំងពីរនេះគឺជាគុណធម៌ឧត្តុង្គឧត្តមបំផុត ហេីយវាមិនមែនសម្រាប់តែកងទ័ពប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រជាជនជាទូទៅដែរ។
វីរកងទ័ពកម្ពុជានៅក្នុងវីដេអូនេះបានបង្ហាញយ៉ាងច្បាស់នូវសេចក្ដីក្លាហានពិតប្រាកដដោយគុណធម៌មួយរបស់ស្មារតីអ្នកប្រយុទ្ធ។ យើងត្រូវតែអនុវត្តឱ្យបានល្អ ដោយមិនត្រឹមតែទទួលស្គាល់សេចក្ដីក្លាហាន នឹងផ្តល់រង្វាន់ដល់វីរកងទ័ព ប៉ុន្តែថែមទាំងដល់ជនស៊ីវិលដែលបានបង្ហាញនូវសេចក្ដីក្លាហានក្នុងកាលៈទេសៈដ៏ចាំបាច់បែបនេះ និងសូម្បីតែនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រោះអ្នកទាំងនោះគឺជាគំរូសម្រាប់ប្រទេសជាតិ។
ឆាំង យុ ៖ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



