សិស្សវិទ្យាល័យ ហ៊ុន សែន កំពង់លាវ ចង់សិក្សាពីប្រវត្តិជម្លោះព្រំដែនកម្ពុជា-ថៃ បន្ថែមលើការសិក្សាប្រវត្តិសាស្រ្តខ្មែរក្រហម

ការកើតឡើងនៃជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនរវាងកងទ័ពកម្ពុជា និងថៃ កាលពីខែកក្កដាឆ្នាំ២០២៥ កន្លងទៅ ក៏ដូចជាព្រឹត្តិការណ៍ និងការសម្រេចចិត្តលើគោលនយោបាយរបស់ថ្នាក់ដឹកនាំពាក់ព័ន្ធនឹងជម្លោះបានជំរុញឱ្យក្រុមយុវជនមានចំណាប់អារម្មណ៍កាន់តែខ្លាំងទៅលើប្រវត្តិសាស្រ្តសង្គ្រាម និងជម្លោះរបស់ប្រទេសខ្លួន បន្ថែមទៅលើការសិក្សាពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ។

ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលឯកសារកម្ពុជាបានប្តេជ្ញាគាំទ្រលើចំណាប់អារម្មណ៍ថ្មីនេះ ជាការបំពេញបន្ថែមទៅលើភារកិច្ចដែលមានស្រាប់របស់ខ្លួន ក្នុងការដឹកនាំការសិក្សាស្រាវជ្រាវលើប្រវត្តិសាស្ត្រខ្មែរក្រហម និងអំពើប្រល័យពូជសាសន៍នៅកម្ពុជា។

កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ សិស្សថ្នាក់ទី១២ មួយក្រុម ដែលមានសមាជិកចំនួន១០នាក់ មកពីវិទ្យាល័យ ហ៊ុន សែន កំពង់លាវ ស្ថិតនៅក្រុងព្រៃវែង ខេត្តព្រៃវែង បានចូលរួមវេទិកាថ្នាក់រៀនដែលត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ក្រោមប្រធានបទ «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)»។ ក្នុងវេទិកា យុវជនទាំងនេះបានទទួលចំណេះដឹងជាច្រើនទាក់ទិននឹងប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ក្រោមការបង្ហាត់បង្ហាញរបស់បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង។

នៅក្នុងបទបង្ហាញ លោក ផេង ពង្សរ៉ាស៊ី បានពន្យល់យ៉ាងក្បោះក្បាយទាក់ទងនឹងប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយខ្មែរក្រហម ដែលបានជម្លៀសប្រជាជនចេញពីទីក្រុងដោយបង្ខំ និងអនុវត្តនូវអំពើប្រល័យពូជសាសន៍ធ្វើឱ្យប្រជាជនជាង២លាននាក់បាត់បង់ជីវិត រហូតដល់ការកសាងសន្តិភាពឡើងវិញក្រោយការដួលរលំរបបខ្មែរក្រហម។

តមក លោក ផេង ពង្សរ៉ាស៊ី បានលើកឡើងអំពីជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលបានបង្កើតជាវិបត្តិជាច្រើនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដូចជា ជម្លោះប្រដាប់អាវុធដែលនាំឱ្យទាហាន និងប្រជាជនស៊ីវិលបាត់បង់ជីវិត ការភៀសខ្លួនរបស់ប្រជាជនស៊ីវិលទៅតំបន់សុវត្ថិភាព និងការខូចខាតលើប្រាសាទបូរាណខ្មែរ។

នៅក្នុងបទបង្ហាញនេះ សិស្សចូលរួមសិក្សាពីដើមហេតុនៃជម្លោះ និងការសម្រេចចិត្តនានារបស់រាជរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហា និងអន្តរាគមន៍ពីបណ្តាប្រទេសជាមិត្តទាំងឡាយរហូតដល់មានការចុះកិច្ចព្រមព្រៀងសន្តិភាពកូឡាឡំពួរ ក្នុងប្រទេសម៉ាឡេស៊ី។ នៅក្នុងឱកាសនោះ សិស្សានុសិស្សក៏ត្រូវបានសួរសំណួរត្រិះរិះទាក់ទិននឹងប្រធានបទដើម្បីជំរុញដល់ការគិតវិភាគ និងពិចារណា។

នេះគឺជាលើកទីមួយដែលប្រធានបទ «ជម្លោះព្រំដែនកម្ពុជា-ថៃ» ត្រូវបានយកមកពិភាក្សានៅក្នុងវេទិកាថ្នាក់រៀនរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ ជាការកត់សម្គាល់ សិស្សដែលបានចូលរួមបានបង្ហាញអំពីចំណាប់អារម្មណ៍ និងការយកចិត្តទុកដាក់ជាខ្លាំងលើប្រធានបទនេះ ដូចគ្នានឹងការសិក្សាពីប្រវត្តិ​សាស្រ្តកម្ពុជាប្រជាធិបតេយ្យ បើទោះបីជាសិស្សានុសិស្សបានបង្ហាញពីចំណេះដឹងមានកម្រិតមុនពេលទទួលបានការបណ្តុះបណ្តាលក៏ដោយ។

យុវជន ញ៉ែម វីហ្សា អាយុ១៧ឆ្នាំ គឺជាសិស្សដែលបានចូលរួមវគ្គសិក្សានេះបានលើកឡើងថា ក្រោយពីបានចូលរួមវេទិកាថ្នាក់រៀននៅមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ខ្ញុំយល់ថា ទាំងការសិក្សាប្រវត្តិ​សាស្រ្តខ្មែរក្រហម ក៏ដូចជាប្រវត្តិសាស្រ្តសង្គ្រាមនិងជម្លោះរបស់ប្រទេសកម្ពុជាជាមួយប្រទេសជិតខាង គឺមានសារសំខាន់ដូចគ្នា។  វីហ្សា បន្តថា៖ «ការសង្កត់ធ្ងន់ទៅលើប្រវត្តិសាស្រ្តទាំងអស់នេះ នឹងជួយយុវជនជំនាន់ក្រោយឱ្យបានដឹងពីអ្វីដែលខុស អ្វីដែលត្រូវកាលពីមុន ដែលយើងអាចយកមកប្រើប្រាស់ក្នុងជីវិតយើងរាល់ថ្ងៃ ក៏ដូចជានៅពេលដែលយើងក្លាយជាអ្នកដឹកនាំប្រទេសនៅពេលខាងមុខ»។ ជាមួយនឹងក្តីស្រមៃចង់ក្លាយជាទាហានជើងគោក យុវជន វីហ្សា បន្ថែមថា ការសិក្សាប្រវត្តិសាស្រ្តយោធានឹងជួយខ្ញុំ ច្រើននៅពេលដែលក្តីស្រមៃរបស់ខ្ញុំបានក្លាយជាការពិត អាចឱ្យខ្ញុំការពារប្រទេសជាតិបានល្អនៅថ្ងៃខាងមុខ។

ស្រដៀងគ្នានេះដែរ យុវតី សៅ ពិសី វ័យ១៧ឆ្នាំដូចគ្នា បានលើកឡើងថា «វេទិកាថ្នាក់រៀនធ្វើឱ្យនាងខ្ញុំយល់ពីសារសំខាន់នៃការរៀនប្រវត្តិសាស្ត្រសម័យទំនើប និងជំរុញទឹកចិត្តនាងខ្ញុំឱ្យតាមដានព័ត៌មានថ្មីៗអំពីជម្លោះព្រំដែន និងបញ្ហាផ្សេងៗទៀតនៅក្នុងតំបន់ និងជុំវិញពិភពលោក»។

ពិសី បាននិយាយថា៖ «នៅក្នុងជំនាន់ថ្មី យុវជនជាច្រើនមើលស្រាលមេរៀនប្រវត្តិសាស្ត្រ។ ចាប់ពីពេលនេះតទៅ ខ្ញុំជឿថាយើងត្រូវផ្តល់សារសំខាន់បន្ថែមទៀតលើមុខវិជ្ជានេះ ដើម្បីក្លាយជាជំនាន់ដ៏ល្អសម្រាប់ប្រទេសកម្ពុជា» ។

នៅចុងបញ្ចប់នៃវេទិកាថ្នាក់រៀន លោក ផេង ពង្សរ៉ាស៊ី បានផ្តែផ្តាំឱ្យសិក្ខាកាម ក្នុងនាមជាអ្នកបន្តវេន ខិតខំប្រឹងប្រែងសិក្សាប្រវត្តិសាស្ត្ររបស់ប្រទេសរបស់ខ្លួន ត្បិតការសិក្សាប្រវត្តិសាស្ត្រមិនមែនគ្រាន់តែជាការសិក្សាពីការបរិច្ឆេទនិងទីតាំងនៃព្រឹត្តិការណ៍សំខាន់ៗនោះទេ តែគឺជាការត្រិះរិះពិចារណារពីរបៀបដែលព្រឹត្តិការណ៍ទាំងនោះមានឥទ្ធិពលទៅលើបច្ចុប្បន្នកាល និងអនាគតកាលរបស់ប្រជាជាតិមួយ។លោកថ្លែងថា៖ «ប្រសិនជាយើងចេះគិតពិចារណាឱ្យបានល្អិតល្អន់ពីប្រវត្តិសាស្ត្ររបស់យើង នឹងដឹងថា អ្នកពីមុនធ្វើអ្វីត្រូវ ធ្វើអ្វីខុស ហើយមេរៀនទាំងនេះនឹងជួយឱ្យយុវជនរបស់យើងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ នៅពេលដែលខ្លួនក្លាយជាអ្នកដឹកនាំប្រទេសកម្ពុជានៅថ្ងៃខាងមុខ»។

អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖