រក្សា សំបុក ៖ អតីតប្រធានជំរំអូរបុក

ជំរំអូរបុក គឺជាអតីតជំរំជនភៀសខ្លួនមួយក្នុងចំណោមជំរំជនភៀសខ្លួនរបស់អ្នកតស៊ូនៃរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែររបស់លោកតា សឺន សាន ដែលស្ថិតនៅក្នុងទឹកដីខ្មែរតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ។ ជំរំអូរបុក មានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ អតីតប្រធានជំរំអូរបុកបានរៀបរាប់រឿងរ៉ាវរបស់ខ្លួនដូចខាងក្រោម៖

ខ្ញុំឈ្មោះ វ៉ាន់ ធឿន ហៅ វ៉ាន់ ហន ហៅ ណៅ ប៊ុនធឿន ហៅ រក្សា សំបុក ភេទប្រុស កើតឆ្នាំច (១៩៤៦) នៅភូមិឧកញ៉ា ឃុំបសេដ្ឋ ស្រុកគងពិសី ខេត្តកំពង់ស្ពី។ សព្វថ្ងៃខ្ញុំរស់នៅភូមិកណ្តោលដុំខាងលិច ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ខ្ញុំមានឪពុកឈ្មោះ វ៉ាន់ សឺន ហៅ ណៅ សឺន ត្រូវខ្មែរក្រហមសម្លាប់នៅឆ្នាំ១៩៧៥ និងម្តាយឈ្មោះ ប៉ុម ឱ ស្លាប់ក្រោយពេលអ៊ុនតាក់ចូលមកឆ្នាំ១៩៩២។ ខ្ញុំមានបងប្អូនចំនួន៥នាក់ ក្នុងនោះមានប្រុសម្នាក់។ ឪពុកម្តាយខ្ញុំបានលែងលះគ្នាតាំងពីប្អូនស្រីខ្ញុំនៅតូច។ កាលពីក្មេងខ្ញុំចូលរៀននៅសាលាបឋមសិក្សាវត្តបសេដ្ឋ និងបន្តរៀននៅអនុវិទ្យាល័យសន្តិភាពក្រុងច្បារមន ខេត្តកំពង់ស្ពឺ រហូតដល់ថ្នាក់ទី៥ចាស់។ ខ្ញុំឈប់រៀននៅឆ្នាំ១៩៦៨ ដោយសារជីវភាពខ្វះខាត និងរៀនមិនសូវចេះ។ បន្ទាប់ពីឈប់រៀនបានមួយរយៈខ្ញុំបានផ្លាស់មករស់នៅ ធ្វើស្រែ ជាមួយឪពុកនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ នៅឆ្នាំ១៩៧០ ខ្ញុំបានចូលធ្វើទាហាន លន់ នល់ ប្រចាំនៅបន្ទាយស៊ុបខេត្តឧត្តរមានជ័យ និងបានប្តូរឈ្មោះទៅជា ណៅ ប៊ុនធឿន។ បន្ទាប់មកខ្ញុំបានផ្លាស់មកនៅក្នុងកងវរសេនាតូចលេខ១២៥ មានឈ្មោះ អ៊ុក សាដន គឺជាមេបញ្ជាការ។

ពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧២ កងវរសេនាតូចលេខ១២៥ បានផ្លាស់ទៅឈរជើងនិងប្រចាំនៅស្រុកចុងកាល់ និងបានប្រយុទ្ធជាមួយកងទ័ពវៀតកុង។ កាលនោះទាហានក្នុងកងវរសេនាតូច១២៥ បានបាក់ទ័ពរត់ខ្ចាតខ្ចាយអស់។ បន្ទាប់មកខ្ញុំបានត្រឡប់មកបន្ទាយស៊ុបឧត្តរមានជ័យ និងត្រូវថ្នាក់លើបញ្ជូនទៅរៀនយុទ្ធសាស្ត្រយោធា នៅឡាំសឺន ប្រទេសវៀតណាមរយៈពេល៣ខែ។ ពេលខ្ញុំត្រឡប់មកស៊ុបឧត្តរមានជ័យវិញ ថ្នាក់លើបានចាត់តាំងខ្ញុំជាជំនួយផ្នែកប្រេងចាក់រថយន្តទាហាននៅខេត្តឧត្តរមានជ័យ។ បន្ទាប់មកបានឡើងជាអ្នកគ្រប់គ្រង់ផ្នែកប្រេងចាក់រថយន្តទាហាននៅខេត្តឧត្តរមានជ័យ។

នៅចុងឆ្នាំ១៩៧៣ ឬ ដើមឆ្នាំ១៩៧៤ ខ្ញុំបានឈប់ធ្វើទាហាន និងរត់ទៅប៉ៃលិន ដោយសារថ្នាក់លើបានប្រព្រឹត្តិអំពើពុករលួយកឹបកេងប្រេងច្រើនពេក ធ្វើឱ្យខ្ញុំចាក់ប្រេងដល់រថយន្តទាហានមិនបានគ្រប់តាមការកំណត់។ នៅប៉ៃលិន ខ្ញុំបានធ្វើកម្មករជីកត្បូងនៅក្បែរភ្នំយ៉ាត។ នៅចុងឆ្នាំ១៩៧៤ ឪពុកខ្ញុំបានទៅប៉ៃលិន និងយកខ្ញុំត្រឡប់មករស់នៅជាមួយគាត់វិញ ពីព្រោះឈ្មោះខ្ញុំមានអ្នកផ្សេងចូលធ្វើទាហានជំនួស ដូច្នេះខ្ញុំលែងមានទោសពីការរត់ចោលជួរនេះទៀតហើយ។

នៅក្នុងខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលមកដល់ភូមិដែលខ្ញុំកំពុងរស់នៅ។ ខ្ញុំ និងឪពុកខ្ញុំត្រូវខ្មែរក្រហមជម្លៀសឱ្យទៅនៅក្នុងភូមិព្រៃធំ ឃុំសំរោង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឱ្យដឹកនាំកងចល័តនៅក្នុងភូមិព្រៃធំ។ ចំណែកឪពុកខ្ញុំត្រូវបានចាត់តាំងឱ្យធ្វើការជាមួយអ្នកភូមិផ្សេងៗទៀត។ ថ្ងៃមួយក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាប់ឪពុកខ្ញុំយកទៅដាក់ក្នុងមន្ទីរសន្តិសុខស្រុកចុងកាល់។ បើតាមអ្នកភូមិនិយាយតៗគ្នាថា ឪពុកខ្ញុំបានស្លាប់ដោយសារអត់បាយនៅក្នុងមន្ទីរសន្តិសុខស្រុកចុងកាល់។ ចំណែកខ្ញុំត្រូវយោធាខ្មែរក្រហមហៅទៅបន្ទាយ ហើយនៅពេលធ្វើដំណើរតាមផ្លូវខ្ញុំធ្វើជាច្រៀងចម្រៀងបដិវត្តន៍ បទនីរសារក្លាហានបណ្តើរដើរបណ្តើរ។ ពេលទៅដល់បន្ទាយ យោធាខ្មែរក្រហមបានឱ្យខ្ញុំដើរមើលប្រភេទកាំភ្លើងដែលព្យួរនៅតាមជញ្ជាំង។ ពេលនោះខ្ញុំធ្វើជាមិនស្គាល់ប្រភេទកាំភ្លើង និងបានហៅប្រភេទកាំភ្លើងទាំងនោះដូចជាភាសាអ្នកភូមិហៅ ប្រភេទកាំភ្លើងមួយចំនួនដូចជាកាំភ្លើងបេ៤០ ខ្ញុំហៅថាអាត្រយូងចេក កាំភ្លើង១២,៧ ខ្ញុំហៅថាអាជើងបង្កង កាំភ្លើងរ៉េប៉ាដេ ហៅថាអាបង់ត្រឡោក កាំភ្លើងអាកា៤៧ ហៅថាអាកាំភ្លើងស្វាយកោងជាដើម។ បន្ទាប់មកខ្មែរក្រហមអនុញ្ញាតឱ្យខ្ញុំត្រឡប់ទៅកងចល័តវិញ។

នៅចន្លោះខែសីហា និង ខែកញ្ញា ឆ្នាំ១៩៧៥ ខ្មែរក្រហមឱ្យខ្ញុំរៀបការជាមួយនារីប្រជាជនថ្មីម្នាក់មានឈ្មោះថា សេង ងីម។ បន្ទាប់មកខ្មែរក្រហមបានផ្លាស់ខ្ញុំមកធ្វើស្រែនៅក្នុងភូមិព្រៃធំវិញ។ នៅក្នុងខែកក្កដា ឆ្នាំ១៩៧៦ ពេលប្រពន្ធខ្ញុំទើបឆ្លងទន្លេបានប្រហែលមួយសប្តាហ៍ គណៈស្រុកចុងកាល់បានផ្តាំតាមអ្នកភូមិដែលត្រឡប់មកពីធ្វើស្រែមកប្រាប់ខ្ញុំឱ្យទៅជួសជុលម៉ាស៊ីនភ្លើង។ ពេលនោះប្រពន្ធខ្ញុំបានប្រាប់ថា បងឯងរត់ទៅទើបមានសង្ឃឹមរស់រានហាសិបភាគរយ។ ចំណែកអូន និងកូនក៏មានសង្ឃឹមថាអាចនៅរស់ហាសិបភាគរយដែរ។ នៅវេលាម៉ោង៦ល្ងាច ខ្ញុំបានដើរចេញពីភូមិព្រៃធំទៅផ្លូវ ក៏បានជួបជាមួយឈ្មោះ តុង ឈ្មោះ ឈីវ ហើយបានសួរខ្ញុំថាទៅណា? ខ្ញុំមិនទាន់ឆ្លើយផងឈ្មោះ តុង បានប្រាប់ខ្ញុំថាកុំទាន់ចេញទៅចាំឈ្មោះ តាប់ មកដល់សិន ពីព្រោះឈ្មោះ តាប់ បានស្គាល់ផ្លូវកាត់ព្រៃទៅប្រទេសថៃ។ ពេលនោះអនុប្រធានភូមិព្រៃធំបានមកដល់ និងបានផ្ញើកូនប្រុសជំទង់ម្នាក់ឱ្យធ្វើដំណើរទៅជាមួយ។ ខ្ញុំធ្វើដំណើរកាត់ព្រៃតាំងពីម៉ោង៦ល្ងាច រហូតដល់ព្រឹកឡើងបានទៅដល់ទឹកដីថៃម្តុំត្រង់តាទុំ។ នៅពេលនោះតម្រួតថៃឃុំឃាំងខ្ញុំ តុង ឈីវ និងតាប់ នៅព្រំដែនរយៈពេលប្រហែល១០ថ្ងៃ។ ចំណែកក្មេងជំទង់ដែលមកជាមួយនោះ ថៃបានបញ្ជូនទៅជំរំលំពុកមុន។ បន្ទាប់មក ខ្ញុំ តុង ឈីវ និង តាប់ ត្រូវតម្រួតថៃបញ្ជូនទៅឃុំឃាំងនៅស្រុកសង្គង ខេត្តសុរិន្ទប្រហែល១០ថ្ងៃបន្តទៀត។ ខ្ញុំ តុង ឈីវ តាប់ និងខ្មែរម្នាក់ទៀតមិនស្គាល់ឈ្មោះត្រូវបានអាជ្ញាធរថៃដាក់ក្នុងទ្រុងដឹកយកទៅកាត់ទោសនៅតុលាការខេត្តសុរិន្ទ។ នៅពេលនោះក៏មានបុរសខ្មែរសុរិន្ទម្នាក់ដើរមកខ្សឹបប្រាប់ពួកខ្ញុំថា បើតុលាការសួរអ្វីត្រូវឆ្លើយស្របទៅ កុំប្រឆាំងនឹងតុលាការ។

ចាប់ផ្ដើមបើកសវនាការ ចៅក្រមតុលាការបានសួរថា អ្នកឯងដឹងថាចូលទឹកដីថៃខុសច្បាប់អត់? ពួកខ្ញុំឆ្លើយថា បាទ! បានដឹង។ តុលាការសួរថាអ្នកឯងព្រមទទួលទោសអត់? ពួកខ្ញុំឆ្លើយថា ព្រមទទួល។ តុលាការប្រាប់ថាចូលទឹកដីថៃខុសច្បាប់ គឺមានទោសចាប់ពី៥ ទៅ១៥ឆ្នាំ។ បន្ទាប់មកតម្រួតថៃដាក់ពួកខ្ញុំចូលក្នុងទ្រុងវិញដោយតម្រួតថៃបានដាក់ខ្នោះដៃជាប់គ្នាក្នុងមួយទ្រុងមានគ្នាពីរនាក់។ ចំណែកខ្ញុំមានតែម្នាក់ឯង តម្រួតថៃដាក់ក្នុងទ្រុងមួយ តែមិនដាក់ខ្នោះទេ។ បន្ទាប់មកតម្រួតថៃបានដឹកពួកខ្ញុំទៅពន្ធនាគារខេត្តសុរិន្ទ។ ពួកខ្ញុំជាប់ពន្ធនាគារបានរយៈពេលប្រហែល២ខែ តម្រួតថៃបានមកដឹកទៅតុលាការខេត្តសុរិន្ទម្តងទៀត។ តុលាការប្រាប់ថា មានអ្នកទោសខ្មែរចូលទឹកដីថៃខុសច្បាប់ច្រើនណាស់ ដូច្នេះប្រទេសថៃមិនមានអង្ករសម្រាប់ឱ្យហូបទេ ដូច្នេះទោសរបស់ពួកខ្ញុំត្រូវព្យួរ ប៉ុន្តែតុលាការបានប្រាប់ពួកខ្ញុំថា បើសិនមានការប្រព្រឹត្តអំពើខុសច្បាប់ថៃម្តងទៀត នឹងត្រូវចាប់យកមកដាក់គុកវិញ។ តម្រួតថៃបានដឹកពួកខ្ញុំទៅដាក់នៅកន្លែងមួយ បន្ទាប់មកឡានជំរំជនភៀសខ្លួនខ្មែរនៅភូមិលំពុក (ជំរំលំពុក) ខេត្តសុរិន្ទ បានមកដឹកពួកខ្ញុំទៅរស់នៅក្នុងជំរំលំពុក។

ខ្ញុំបានទៅដល់ជំរំលំពុកនៅចុងឆ្នាំ១៩៧៦។ ជនភៀសខ្លួនរាប់រយនាក់រស់នៅក្នុងជំរំលំពុក ហើយភាគច្រើនជាអតីតទាហាន លន់ នល់ និងក្រុមគ្រួសារដែលភៀសខ្លួនចូលមកប្រទេសថៃអំឡុងពេលខ្មែរក្រហមចូលមកកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ប្រធានជំរំលំពុកមានឈ្មោះ កែវ ចាន់ អតីតទាហាន។ ចំណែកអនុប្រធានជំរំលំពុកមានឈ្មោះ គៀង សារិន អតីតទាហាន លន់ នល់នៅក្នុងកងវរសេនាតូចលេខ១២៥ ប្រចាំនៅខេត្តឧត្តរមានជ័យ។ លោក គៀង សារិន បានស្គាល់ខ្ញុំ និងអនុញ្ញាតឱ្យខ្ញុំស្នាក់នៅក្នុងអគារជាមួយគាត់។ បន្ទាប់មកនៅក្នុងជំរំលំពុកមានការជ្រើសរើសអតីតទាហានទៅរៀនយុទ្ធសាស្ត្រយោធា ដើម្បីធ្វើចលនាតស៊ូប្រឆាំងនឹងខ្មែរក្រហម។ ពេលនោះខ្ញុំបានទៅជួបអ្នកជ្រើសរើសឈ្មោះ ម៉ៅ ប៉ម ប៉ុន្តែគាត់ប្រាប់ថា លក្ខខណ្ឌនៃការជ្រើសរើស គឺអតីតទាហានដែលមានឋានន្តរស័ក្តិចាប់ពីស័ក្តិមួយឡើងទៅ។ ខ្ញុំបានប្រាប់ ម៉ៅ ប៉ម ថាចុះឈ្មោះអ្នកបម្រុងក៏បាន។ ក្រោយមកអតីតទាហាននៅក្នុងជំរំលំពុកភាគច្រើនមានបំណងភៀសខ្លួនទៅរស់នៅប្រទេសទី៣ និងមិនចង់ចូលរួមក្នុងចលនាតស៊ូបន្តទៀតឡើយ។ ម៉ៅ ប៉ម ជ្រើសរើសមនុស្សទៅរៀនមិនគ្រប់ចំនួន ក៏បញ្ចូលឈ្មោះខ្ញុំ និងអ្នកផ្សេងទៀតទៅក្នុងបញ្ជីឈ្មោះអ្នកទៅរៀនយុទ្ធសាស្ត្រនៅវត្តជិតតៈផាវន្តវិទ្យាល័យ ដែលមានទីតាំងនៅជិតអូរតាប៉ាវ។ វត្តជិតតៈផាវន្តវិទ្យាល័យ មានព្រះគ្រូចៅអធិការព្រះនាម គិទិវុទ្ធធោ ដែលធ្លាប់បានមករៀនសូត្រជាមួយ   សម្តេចសង្ឃ ជួន ណាត និងមានការជួយឧបត្ថម្ភគាំទ្រពីសំណាក់លោកសេនាប្រមុខ លន់ នល់ និងលោកជំទាវ ខេង។ ខ្ញុំនៅចាំអ្នកដែលទៅរៀនមានចំនួនប្រហែល២០នាក់ នៅក្នុងនោះខ្ញុំនៅចងចាំឈ្មោះតែ៤នាក់ដែលនៅក្នុងក្រុមរបស់ខ្ញុំគឺ៖ សំពូត, ស៊ូយ តាំ, សី លឿន និង ឈីវ។

គណៈកម្មាធិការកណ្តាលរបស់ចលនាតស៊ូរួមមាន៖ ទី១) អ៊ឹម ឈូដេត អតីតសេនានុព័ន្ធយោធានៃរបបសាធារណរដ្ឋខ្មែរប្រចាំព្រះរាជាណាចក្រថៃ។ ទី២) សេក សំអ៊ាត អតីតអភិបាលខេត្តបាត់ដំបងនៃរបបសាធារណរដ្ឋខ្មែរ។ ទី៣) អនុសេនីយ៍ឯក ម៉ក់ សារ៉ូ ទី៤) ឈ្មោះ សារុន និងទី៥) ព្រះតេជ្ជគណ មហាពេជ្រ អមៈរ៉ូ។

វគ្គបណ្តុះបណ្តាលយុទ្ធសាស្ត្រយោធានៅវត្តជិតតៈផាវន្តវិទ្យាល័យ មានរយៈពេលប្រហែល២ខែដែលបង្រៀនដោយសមាជិកគណៈកម្មាធិការចលនាតស៊ូទាំង៥រូប និងអង្គដូចខាងលើ។ បន្ទាប់ពីបញ្ចប់វគ្គរៀនសូត្រក៏មានប្រជុំពិភាក្សារកឈ្មោះចលនាតស៊ូជាផ្លូវការ។ ក្រោយពីបានពិភាក្សាគ្នារួចសមាជិកទាំងអស់ក៏សម្រេចយកឈ្មោះផ្លូវការរបស់ចលនាតស៊ូនេះថា ចលនារាជសី ដែលមានលោកសេនាប្រមុខ លន់ នល់ ជាមេដឹកនាំជាន់ខ្ពស់។ បន្ទាប់មកសិក្ខាកាមដែលបានរៀនយុទ្ធសាស្ត្រទាំង២០ត្រូវបែងចែកជា៤ក្រុម ដោយក្នុងមួយក្រុមៗ មានសមាជិក៥នាក់។ នៅចុងបញ្ចប់នៃការពិភាក្សា គណៈកម្មាធិការកណ្តាលនៃចលនារាជសី សម្រេចឱ្យសមាជិកទាំងអស់ប្តូរឈ្មោះ។ នៅក្នុងក្រុមរបស់ខ្ញុំបានប្តូរឈ្មោះដូចខាងក្រោម៖ ទី១) ខ្ញុំឈ្មោះ ណៅ ប៊ុនធឿន ត្រូវប្តូរមកឈ្មោះ រក្សា សំបុក។ ទី២) ម៉ៅ ប៉ម ត្រូវប្តូរមកឈ្មោះ ឆាយ សីលា។ ទី៣) ស៊ូយ តាំ ត្រូវប្តូរមកឈ្មោះ ឌិត សម្បត្តិ។ ទី៤) សី លឿន ត្រូវប្តូរមកឈ្មោះ សីលា ភ្នំស្រុក និង ទី៥) ឈីវ ត្រូវប្តូរមកឈ្មោះ ឆាយ សុខហេង។

បន្ទាប់មកសិក្ខាកាមទាំងអស់ត្រូវត្រឡប់មកជំរំលំពុកវិញ ដើម្បីរៀបចំយុទ្ធសាស្ត្រ និងកងកម្លាំងធ្វើសង្រ្គាមទ័ពព្រៃ ដោយក្នុងក្រុមនីមួយៗត្រូវជ្រើសរើសកម្លាំងឱ្យគ្រប់ចំនួន៤៥នាក់។ ក្នុងក្រុមនីមួយត្រូវបំពាក់អាវុធ M-16 និងម៉ាស៊ីនថតរូបគ្រប់ៗគ្នា ដើម្បីចូលមកក្នុងប្រទេសកម្ពុជាធ្វើសកម្មភាព និងថតអំពីឧក្រិដ្ឋកម្មដែលខ្មែរក្រហមបានប្រព្រឹត្តមកលើប្រជាជនកម្ពុជាយកទៅប្តឹងអន្តរជាតិ និងអង្គការសហប្រជាជាតិ។

នៅដើមឆ្នាំ១៩៧៧ រថយន្តបានដឹកក្រុមរបស់ខ្ញុំ និងពីរក្រុមទៀតមកទម្លាក់នៅស្ទឹងចាន់ក្នុងស្រុកឃុនហាន ទល់មុខតំបន់អន្លង់វែង (បច្ចុប្បន្នឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ)។ បន្ទាប់មកក្រុមខ្ញុំបានធ្វើដំណើរចូលក្នុងទឹកដីខ្មែរដោយមានទៃអង្ករសម្រាប់ហូបចន្លោះពី៧ ទៅ១០ថ្ងៃប៉ុណ្ណោះ។ ពេលធ្វើដំណើរមកដល់ព្រៃស្អាក និងតំបន់ភូមិរំចេក ស្រុកអន្លង់វែង ក៏បានជួបកងទ័ពខ្មែរក្រហម និងបានប្រយុទ្ធគ្នា ខ្មែរក្រហមបានបាញ់ បេ៤០ ធ្វើឱ្យសមាជិកក្នុងក្រុមខ្ញុំស្លាប់ម្នាក់ឈ្មោះ សំពូត និងកូនទាហាន២នាក់ត្រូវរបួសត្រូវបញ្ជូនទៅព្យាបាលនៅទឹកដីថៃវិញ។

នៅចន្លោះពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៩ ក្រុមខ្ញុំបានធ្វើប្រតិបត្តិការក្នុងតំបន់ព្រៃស្អាកនៃស្រុកអន្លង់វែង និងខេត្តសៀមរាប។ ក្រុមខ្ញុំក៏ធ្លាប់បានជួបប្រជាជនដែលរត់ភៀសខ្លួនពីរបបខ្មែរក្រហមនៅក្នុងព្រៃស្អាក និងបានអនុញ្ញាតឱ្យប្រជាជនទាំងនោះរស់នៅជាមួយក្រុមខ្ញុំដែរ។ នៅចុងឆ្នាំ១៩៧៨ ក្រុមខ្ញុំធ្លាប់ចូលទៅរំដោះអ្នកទោសប្រមាណ២០នាក់ ពីមន្ទីរសន្តិសុខមួយកន្លែងនៅក្នុងស្រុកវ៉ារិន ខេត្តសៀមរាប។ ក្រុមខ្ញុំ និងក្រុមផ្សេងទៀតក៏បានថតរូបអំពីសកម្មភាព និងអំពើឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមបានមួយចំនួន និងបញ្ជូនទៅឱ្យ អ៊ឹម ឈូដេត និងសមាជិកគណៈកម្មាធិការកណ្តាលចលនារាជសី។

នៅដើមឆ្នាំ១៩៧៩ អ៊ឹម ឈូដេត បានផ្ញើសំបុត្រមួយច្បាប់មក និងឱ្យខ្ញុំទៅជួបគាត់ និង ដៀង ដែល នៅទីក្រុងបាងកក។ ខ្ញុំនិងទាហាន២នាក់ទៀត បានធ្វើដំណើរតាំងពីព្រឹកភ្លឺស្រាងៗ រហូតម៉ោង៦ល្ងាចទើបដល់ទីក្រុងបាងកកដោយមិនបានហូបបាយឡើយ។ ពេលជួបជាមួយ អ៊ឹម ឈូដេត និង ដៀង ដែល អ្នកទាំងពីរបាននិយាយប្រាប់ខ្ញុំថា ឥឡូវចលនារាជសីយើងត្រូវប្តូរមកចូលរួមក្នុងរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (រ.ជ.រ.ប.ខ) របស់លោក សឺន សាន វិញ ពីព្រោះលោកសេនាប្រមុខ លន់ នល់ បានធ្លាក់ពិការ និងស្លាប់មួយចំហៀងខ្លួនមិនអាចធ្វើការងារកើតឡើយ។ អ៊ឹម ឈូដេត បានប្រាប់ខ្ញុំថា ពេលត្រឡប់ទៅវិញ ត្រូវធ្វើដំណើរទៅគ្រប់គ្រងនៅជំរំអ្នកតស៊ូ (ជំរំអូរបុក)។ នៅខណៈពេលនោះ ដៀង ដែល ក៏បានស្នើសុំទាហានរបស់ខ្ញុំចំនួន២កងវរសេនាតូចទៅជំរំរបស់គាត់ថែមទៀត។

ពេលត្រឡប់ចូលមកទឹកដីខ្មែរវិញ ខ្ញុំមិនបានត្រឡប់ទៅជំរំអូរបុកភ្លាមៗទេ។ នៅចុងឆ្នាំ១៩៧៩ ខ្ញុំ និងទាហានមួយចំនួនត្រូវបានកងទ័ពវៀតណាមឡោមព័ន្ធនៅតំបន់មួយក្នុងខេត្តសៀមរាប។ បន្ទាប់មកទាហាន និងអ្នកភូមិបាននាំខ្ញុំឆ្លងកាត់ពីតំបន់មួយក្នុងខេត្តសៀមរាប មកកាន់ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ និងបន្តទៅជំរំអូរបុក។ ពេលនោះខ្ញុំបានជួបជាមួយ តាមឿ ដែលជាអ្នកគ្រប់គ្រងនៅជំរំអូរបុក មុនខ្ញុំ។ តាមឿ មានប្រពន្ធជាជនជាតិថៃ និងបានទាក់ទងជាមួយអាជ្ញាធរថៃ ដើម្បីឱ្យជនភៀសខ្លួននៅជំរំអូរបុក ទៅបើកយកអង្ករដែលរដ្ឋាភិបាលចិនទុកសម្រាប់ផ្គត់ផ្គង់ដល់កងទ័ពខ្មែរក្រហមជារៀងរាល់សប្តាហ៍។

ចាប់ពីចុងឆ្នាំ១៩៧៩ នៅជំរំអូរបុក មានខ្ញុំឈ្មោះ រក្សា សំបុក ជាប្រធាន និងតា មឿ ជាអនុប្រធាន។ ជំរំអូរបុកស្ថិតនៅក្នុងទឹកដីខ្មែរ ដែលមានចម្ងាយប្រមាណ២០០ម៉ែត្រ ពីកំពូលភ្នំដែលខណ្ឌចែកទឹកដីរវាងប្រទេសកម្ពុជា និងប្រទេសថៃ (ជំរំអូរបុក ស្ថិតក្នុងភូមិសាស្ត្រភូមិពងទឹក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ)។ ជំរំអូបុកមានជនភៀសខ្លួន និងគ្រួសារកងទ័ពរស់នៅចន្លោះ ៥០០-៧០០ គ្រួសារ ស្មើ២០០០នាក់។ ជំរំអូរបុកមានកងទ័ពពីរកងវរសេនាតូចគឺ កងវរសេនាតូចលេខ១១ និងកងវរសេនាតូចលេខ១២។ កងវេសេនាតូចលេខ១១ មានប្រធានឈ្មោះ ប៉ាង គឹមហេង។ កងវរសេនាតូចលេខ១១ ជាអតីតកងទ័ពខ្មែរក្រហមដែលបានចុះចូលជាមួយទាហានថៃ និងត្រូវទាហានថៃបញ្ជាឱ្យស្លៀកពាក់ខោអាវទាហានថៃជំនួសវិញ។ កងវរសេនាតូចលេខ១១ ដែលដឹកនាំដោយ ប៉ាង គឺមហេង ធ្លាប់បានបាញ់បង្ហើរក្បាល និងរុញជនភៀសខ្លួនខ្មែរទម្លាក់តាមចម្រេះភ្នំខ្មោចនៅតំបន់ប្រាសាទព្រះវិហារ។ បន្ទាប់មកទាហានថៃបានប្រគល់ ប៉ាង គឹមហេង និងទាហានខ្មែរក្រហមទាំងអស់ឱ្យ អ៊ឹម ឈូដេត យកមកប្រចាំការនៅជំរំអូរបុក។ ចំណែកកងវរសេនាតូចលេខ១២ ជាទាហានអតីតចលនារាជសី និង ទាហានដែលជ្រើសរើសចូលថ្មី។ ប្រធានកងវរសេនាតូចលេខ១២ មានប្រធានឈ្មោះ ជីវ។

នៅក្នុងឆ្នាំ១៩៨១ ឬ១៩៨២ នៅជំរំអូរបុក មានការផ្លាស់ប្តូរររចនាសម្ព័ន្ធដឹកនាំ ដោយខ្ញុំជាប្រធានរដ្ឋបាលជំរំអូរបុក។ ចំណែក តាមឿ ជាប្រធានគ្រប់គ្រងផ្នែកទាហាន។ នៅក្នុងឆ្នាំ១៩៨៤ ឬ ឆ្នាំ១៩៨៥ កងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជា និងកងទ័ពវៀតណាមបានវាយបោសសម្អាតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាទ្រង់ទ្រាយធំ។ បន្ទាប់មកជំរំអូរបុកបានផ្លាស់ចេញពីទឹកដីខ្មែរចូលទៅនៅក្នុងជំរំសាយធូ (Site-2)ក្នុងទឹកដីថៃ។ ខ្ញុំបានគ្រង់គ្រងនៅជំរំអូរបុក នៃជំរំសាយធូរហូតដល់អង្គការសហប្រជាជាតិដឹកត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៩២។

អត្ថបទ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

 

Facebook
Twitter
LinkedIn
អត្ថបទផ្សេងទៀត៖