ថ្ងៃជម្លៀស១៧ ខែមេសា ឆ្នាំ១៩៧៥ តាមការរៀបរាប់របស់ កឿក រ៉ាន អាយុ៧៦ឆ្នាំ រស់នៅក្នុងក្រុងភ្នំពេញ មុនពេលរបបខ្មែរក្រហមឡើងគ្រប់គ្រងប្រទេសកម្ពុជា

នៅពេលរបប លន់ នល់ ជិតដួលរលំ កងទ័ពរំដោះខ្មែរក្រហមបានផ្លោងគ្រាប់ចូលទីក្រុងភ្នំពេញស្ទើររាល់ថ្ងៃ។ ពេលនោះ ខ្ញុំរស់នៅជិតផ្សារដើមគរក្នុងទីក្រុងភ្នំពេញជាមួយប្តីរបស់ខ្ញុំដែលធ្វើការនៅក្រុមហ៊ុនសាងសង់ផ្ទះរបស់ជប៉ុន។ ខ្ញុំចាំថា ខ្មែរក្រហមបានផ្លោងគ្រាប់ធ្លាក់នៅម្តុំផ្សារអូរឫស្សី ដូច្នេះខ្ញុំមិនហ៊ានស្នាក់នៅផ្ទះជាន់ខាងលើដូចសព្វដងទេ ព្រោះខ្លាចគ្រាប់ផ្លោងធ្លាក់ចំ។ ថ្ងៃមួយគ្រាប់ផ្លោងបានហោះរំលងលើផ្សារអូរឡាំពិក ទៅធ្លាក់នៅផ្សារដើមគរបណ្តាលឱ្យអ្នកលក់បន្លែ អាជីវកលក់ដូរក្នុងផ្សារ ព្រមទាំងប្រជាជនរងរបួស និងស្លាប់រណូករណែលនៅនឹងកន្លែងតែម្តង។ នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់ផ្លោងនោះ ខ្ញុំ និងប្តីបានគេចខ្លួនទៅរស់នៅម្តុំស្ទឹងមានជ័យ ហើយចាប់តាំងពីពេលនោះមកទីក្រុងភ្នំពេញមិនមានសុវត្ថិភាពទៀតទេ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពរំដោះខ្មែរក្រហមបានចូលមកដល់ទីក្រុងភ្នំពេញ។ ភ្លាមៗ ខ្មែរក្រហមបានបញ្ជាខ្ញុំនិងប្តីឱ្យចាកចេញពីផ្ទះ ដោយចោទគ្រួសារខ្ញុំថា ពួកមូលធន។ ខ្ញុំប្រមែប្រមូល អីវ៉ាន់ដាក់លើកញ្ជើដើម្បីទួល ហើយដៃម្ខាងពរកូនប្រុស និងដៃម្ខាងទៀតដឹកដៃកូន ចំណែកប្តីរបស់ខ្ញុំបានរែករបស់របរដើរកាត់មកក្បាលថ្នល់ និងស្ពានព្រះមុនីវង្ស ដើម្បីឆ្លងទៅផ្លូវជាតិលេខ១សំដៅទៅស្រុកកំណើតនៅខេត្តស្វាយរៀង។ ខ្ញុំនឹកអាណោចអាធ័ម​ខ្លាំងណាស់ពេលឃើញគំនរសាក​សពដែលខ្មែរក្រហមប្រមូលពីទីក្រុងភ្នំពេញ យកមកគរចោលនៅចម្ការអំពៅមួយកន្លែងនៅក្បាលថ្នល់។ ក្នុងចំណោមសាកសពទាំងនោះគឺមួយចំនួនកងទ័ពរំដោះខ្មែរក្រហមបាញ់​សម្លាប់ចោលតែម្តង។

ខ្ញុំនិងប្តីដើររយៈពេលមួយសប្តាហ៍ទើបមកដល់វត្តស្វាយជ្រំ ក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ កម្មាភិបាលខ្មែរក្រហមនៅទីនោះ បានរឹបអូសយករបស់របរ លុយកាក់ មាសប្រាក់ដែលខ្ញុំសន្សំទុក និងបានឃាត់ខ្លួនប្តីរបស់ខ្ញុំ​ ព្រោះប្តីរបស់ខ្ញុំគឺជាអតីតសិស្សពូកែ ទទួលអាហារូបករណ៍ទៅរៀននៅប្រទេសជប៉ុន នៅក្នុងរបបសង្គមរាស្រ្ត​និយ​ម។ ពេលរៀនចប់ ប្តីរបស់ខ្ញុំបានត្រឡប់មកស្រុកខ្មែរវិញ និងធ្វើការជាមួយជនជាតិជប៉ុនរហូតមក។ ខ្ញុំដឹងថា នៅថ្ងៃនោះខ្មែរក្រហមបានអូសប្តីរបស់ខ្ញុំទៅវាយសម្លាប់ចោលនឹងគល់ឫស្សីនៅជិតកន្លែងឃាត់ខ្លួននោះតែម្តង។ ខ្ញុំអាឡោះអាល័យ និងអាណិតប្តីខ្ញុំខ្លាំងណាស់ ប៉ុន្តែខ្ញុំមិនអាចជួយជីវិតគាត់បាន។ ខ្ញុំវិលវល់ក្នុងចិត្តពេលបាត់ប្តី ព្រោះខ្ញុំនៅសល់កូនតូចតែពីរនាក់តែប៉ុណ្ណោះ។ ខណៈនោះ មានប្រជាជន ១៧ មេសា ដែលជម្លៀសមកពីទីក្រុងភ្នំពេញជាមួយគ្នា អាណិតអាសូរខ្ញុំ បានជួយរែករបស់របរដែលនៅសេសសល់បន្តមកដល់ទីរួមខេត្តស្វាយរៀង។ ឪពុករបស់ខ្ញុំបានមកទទួលខ្ញុំ និងបានសួររកប្តីរបស់ខ្ញុំ ហើយខ្ញុំបានប្រាប់គាត់ថា ប្តីរបស់ខ្ញុំត្រូវខ្មែរក្រហមចាប់ខ្លួនហើយ។ ឪពុកខ្ញុំបាននាំខ្ញុំនិងចៅៗមករស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ និងខិតខំលាក់បាំងប្រវត្តិគ្រួសារខ្ញុំមិនឱ្យនរ​ណាដឹងឡើយ។ កម្មាភិបាលខ្មែរក្រហមនៅមូលដ្ឋានបានចាត់តាំងខ្ញុំឱ្យធ្វើការនៅកងបុកស្រូវ ដោយ​សារឃើញខ្ញុំគឺជាស្រ្តីមេម៉ាយ។ ខ្ញុំបុកស្រូវក្នុងមួយថ្ងៃ៥តៅ ដើម្បីរែងយកអង្ករយកទៅដាក់នៅឃ្លាំងក្នុងភូមិ។

ខ្ញុំធ្វើការនៅក្នុងកងបុកស្រូវមិនយូរប៉ុន្មានទេ ព្រោះមានអ្នកមូលដ្ឋានដែលស្អប់និងគុំគួនខ្ញុំ បានរាយការណ៍ទៅកម្មាភិបាលខ្មែរក្រហមនៅក្នុងភូមិថា គ្រួសារខ្ញុំធ្វើការនៅទីក្រុងភ្នំពេញ និងបានរៀនសូត្រ ដែលជាគោលដៅរបស់ខ្មែរក្រហម។ មួយរយៈខ្លីក្រោយមក ខ្មែរក្រហមបានជម្លៀសខ្ញុំចេញពីភូមិមកទីក្រុងភ្នំពេញ ដើម្បីជិះរថភ្លើងបន្តឆ្ពោះទៅកាន់ខេត្តបាត់ដំបង ដែលជាកន្លែងសម្លាប់ និងលត់ដំធ្ងន់ធ្ងរបំផុត។ ខ្ញុំជិះរថភ្លើងជាមួយកូនពីរនាក់តាំងពីព្រឹក រហូតដល់យប់ដោយមិនមានអាហារហូបឡើយ។ ខ្ញុំឈប់នៅចំណតរថភ្លើងខេត្តបាត់ដំបង ហើយខ្មែរក្រហមនៅមូលដ្ឋានបាននាំខ្ញុំទៅនៅសហករណ៍កំពង់ហ។ ខ្ញុំវេទនាខ្លាំងណាស់ ព្រោះប្រធានសហករណ៍ចាត់តាំងខ្ញុំឱ្យគាស់រំលើងគល់ឈើធំៗនៅក្នុងព្រៃដោយដៃ។ បន្ទាប់មកទើបផ្លាស់ខ្ញុំទៅធ្វើការនៅកងកិនអង្ករ ដោយមានឈ្លបខ្មែរក្រហមចាំឃ្លាំមើលខ្ញុំជាប្រចាំ។ ចំណែ​កកូនរបស់ខ្ញុំដែលនៅកុមារនៅឡើយ ត្រូវបានប្រធានកងចាត់តាំងឱ្យទៅជីករណ្តៅកប់សាកសពប្រជាជនថ្មី ដែលឈ្លបខ្មែរក្រហមសម្លាប់នៅទួលអន្ទេប ហើយកូនរបស់ខ្ញុំដែលនៅតូចម្នាក់ទៀតប្រធានកងយកទៅទុកឱ្យយាយៗមើលថែនៅទួលដុប។ រយៈពេលពីរសប្តាហ៍ទើបខ្ញុំស្នើសុំប្រធានកងរបស់ខ្ញុំទៅមើលកូនតូចម្តង។ ប្រធានកងបានអនុញ្ញាត ប៉ុន្តែបានលីកាំបិតផ្គាក់ដើរតាមពីក្រោយខ្ញុំ។ ខ្ញុំឃើញកូនរបស់ខ្ញុំស្រេកឃ្លានខ្លាំងណាស់ ព្រោះមិនមានអាហារហូប។ ខ្ញុំបានជួបកូនខ្ញុំមួយភ្លែតតែប៉ុណ្ណោះ​ ក៏ប្រធានកងបានហៅខ្ញុំត្រឡប់មកជំរំវិញ។ នៅវេលាម៉ោង៣ទៀបភ្លឺ ប្រធាន​កងដាស់ខ្ញុំឱ្យក្រោកទៅជីកប្រឡាយ និងរែកដីបន្ត។ ទោះបីខ្ញុំធ្វើការហត់នឿយយ៉ាងណា ក៏ខ្ញុំមិនដែលបានអាហារហូបឆ្អែតដែរ។ នៅតំបន់ខ្ញុំរស់នៅ ប្រសិនបើនរណាហ៊ានលួចអាហារហូប ហើយឈ្លបតាមទាន់ នឹងមិនមានជីវិតរស់នៅឡើយ។ ជាក់ស្តែង ប្រពន្ធរបស់ពូ យុន បានលួចពោតចំនួន៥ផ្លែលាក់នៅក្នុងថ្នក់សំពត់យកមកដុតហូបនៅជំរំ, ឈ្មោះ យ៉េន និងប្រពន្ធដែលកំពុងពរពោះ បានយកកូនជ្រូកងាប់របស់សហករណ៍ទៅធ្វើម្ហូបហូប ត្រូវឈ្លបយកទៅសម្លាប់ចោលទាំងអស់។

ក្រោយមក ប្រធានកងបានចាត់តាំងខ្ញុំឱ្យទៅច្រូតស្បូវភ្លាំងនៅពេលថ្ងៃ ដើម្បីយកមកក្រងប្រក់ជំរំនៅពេលយប់។ អំឡុងពេលខ្ញុំដើរទៅច្រូតស្បូវភ្លាំង ខ្ញុំឃើញសាកសពដែលឈ្លបខ្មែរក្រហមសម្លាប់ដោយជាប់ចំណងដៃទៅក្រោយ និងមិនទាន់កប់នៅពាសពេញវាល។ ខ្ញុំស្គាល់សាកសពចំនួនពីរនៅស្រុកកំណើតជាមួយខ្ញុំគឺឈ្មោះ តាម៉ង់  និងឈ្មោះ ឈុំ។ តាម៉ង មិនព្រមឱ្យផ្តិលដងទឹកផឹកទៅកូនកម្មាភិបាលខ្មែរក្រហមមូលដ្ឋាន ពេលកូនកម្មាភិបាលខ្មែរក្រហមមកខ្ចីផ្តិលនោះ និងឈ្មោះ ឈុំ គឺអ្នកធ្វើត្បាលកិនស្រូវឱ្យខ្មែរក្រហម ប៉ុន្តែកិនស្រូវមិនចេញ។ ឈ្លបខ្មែរក្រហមបានសម្លាប់ប្រជាជនថ្មី ដែលជម្លៀសមកពីខេត្តស្វាយរៀងកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ខ្ញុំរស់នៅជាមួយសេចក្តីភ័យខ្លាចនិងទុក្ខព្រួយនៅសហករណ៍ក្នុងខេត្តបាត់ដំបង រហូតដល់កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមចូលមក នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទើបខ្ញុំនាំកូនត្រឡប់មករស់នៅស្រុកកំណើតនៅខេត្តស្វាយរៀងវិញ។

ទោះបីរបបខ្មែរក្រហមបានកន្លងផុតយូរឆ្នាំមកហើយក៏ដោយ ក៏រឿងរ៉ាវដែលបានកើតឡើងក្នុងរបបនេះនៅតែដិតដាមអារម្មណ៍របស់ខ្ញុំ ទោះបីខ្ញុំខំព្យាយាមបំភ្លេចក៏ដោយ។​ ខ្ញុំនៅតែចងចាំរឿងរ៉ាវជូរចត់របស់ខ្ញុំ ដែលខ្មែរក្រហមប្រើឱ្យធ្វើការងារធ្ងន់ធ្ងរ​ មិនឱ្យអាហារហូបឆ្អែត បំបែកខ្ញុំពីកូន និងយកប្តីរបស់ខ្ញុំទៅសម្លាប់។ ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយយល់ដឹងពីរបបខ្មែរក្រហ​ម និងបញ្ជៀសកុំឱ្យរបបនេះកើតឡើងម្តងទៀត។

អត្ថបទ ៖ សោម ប៊ុនថន ប្រធានក្រុមទស្សនាវដ្តីស្វែងរកការពិត

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

 

អត្ថបទផ្សេងទៀត៖

លោកអភិបាលនៃគណៈអភិបាលស្រុក និងមន្រ្តីរដ្ឋបាលស្រុក បរិច្ចាគសៀវភៅជូន «អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)» នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់សាធារណជនក្នុងការសិក្សាស្រាវជ្រាវ