ក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យមជ្ឈមណ្ឌលឯកសារកម្ពុជា រៀបចំលើកស្លាកសញ្ញាបង្ហាញផ្លូវ និងស្លាកឈ្មោះ «ព្រះរាជបណ្ណាល័យហ្លួងម៉ែ» នៅតាមបណ្តោយមហាវិថីព្រះសីហនុ, មហាវិថីព្រះនរោត្តម, មហាវិថីប៉ាស្ទ័រ , មហាវិថីកែនូ, មហាវិថីសម្ដេចសុធារស, មហាវិថីសុរាម្រិត, មហាវិថីព្រះអង្គយុគន្ធរ និងមហាវិថីឧកញ៉ាឈុន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវជាតិ និង អន្តរជាតិក្នុងការស្វែងរកទីតាំង «ព្រះរាជបណ្ណាល័យហ្លួងម៉ែ»។
«ព្រះរាជបណ្ណាល័យហ្លួងម៉ែ» ត្រូវបានបង្កើតឡើងជាផ្លូវការដោយមជ្ឈមណ្ឌលឯកសារកម្ពុជា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីជាព្រះរាជកិត្តិយសជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពង់បំផុសថ្វាយ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និង សុភមង្គល ដែលទ្រង់បានខិតខំយកអស់ព្រះកាយពលដើម្បី សម្ដេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ អតីតព្រះមហាវីររក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ប្រទេសជាតិកម្ពុជា និង ប្រជាជនកម្ពុជា។
«ព្រះរាជបណ្ណាល័យហ្លួងម៉ែ» ដើរតួយ៉ាងសំខាន់សម្រាប់ដាក់តាំងពិព័រណ៍ព្រះឆាយាលក្ខណ៍ និងស្នាព្រះហស្តរបស់ សម្ដេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ឯកសារស្រាវជ្រាវ ផ្សព្វផ្សាយ និង ឯកសារផ្សេងៗជាច្រើនទៀត ដែលអនុញ្ញាតឱ្យភ្ញៀវជាតិ និង អន្តរជាតិអាចចូលអាន និងសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្រ្តប្រទេសកម្ពុជា។
អត្ថបទ ៖ មីន សាណាស់ អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា